លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​អង្ករ​ស និង​ស្រូវ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី​ បានប្រកាសដាក់កំហិតផ្អាកការនាំអង្ករ.ស និងស្រូវ ចេញទៅក្រៅប្រទេសត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ ដោយលើសពីថ្ងៃនេះ ​នឹងមិនអនុញ្ញាតឱ្យមានការនាំចេញស្រូវ និងអង្ករ.សទៅលក់នៅក្រៅប្រទេសទៀតឡើយ។​

ថ្លែងក្នុងពិធីសន្និសីទកាសែតនៅវិមានរដ្ឋសភានៅព្រឹកនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា ​ការទុករយៈពេល១សប្តាហ៍នេះ ដើម្បីឱ្យពលរដ្ឋ និងឈ្មួញទិញស្រូវគាត់បាន​បញ្ចេញស្រូវរបស់ពួកគាត់ដែលទិញបម្រុងនឹងយកទៅលក់នៅវៀតណាម ឬថៃ ឱ្យអស់ ក្រៅពីនោះ នឹងមិនអនុញ្ញាតឱ្យមានការនាំចេញទៀតឡើយ។

លោកបន្ថែមថា ដោយឡែក ប្រភេទអង្ករលេខ១ ឬប្រភេទអង្ករក្រអូប ដែលកម្ពុជានាំទៅលក់នៅអឺរ៉ុប នៅអនុញ្ញាតឱ្យនាំចេញធម្មតា។

លោកថា វិធានការបិទការនាំអង្ករ.ស និងស្រូវ ចេញទៅលក់ក្រៅប្រទេសនេះ ​ដើម្បីជាយន្តការរក្សាស្បៀង​ទុកក្នុងប្រទេសឱ្យបានច្រើន​ ទប់ទល់ស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ហើយរដ្ឋនឹងបញ្ចេញថវិកាជួយដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពលរដ្ឋក្នុងតម្លៃសមរម្យសម្រាប់ស្តុកទុក ប៉ុន្តែ លោកមិនបានបញ្ជាក់​ពីទំហំទឹកប្រាក់ដែលរដ្ឋនឹងបញ្ចេញជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅឡើយទេ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «រដ្ឋត្រូវផ្តល់ទុន​ទៅម៉ាស៊ីនកិនស្រូវ ទិញស្រូវយកមករក្សាទុក​ ដើម្បីជាការបម្រុងរបស់រដ្ឋនៅក្នុងដំណាក់កាលណាមួយ រហូតដល់មានបទបញ្ជាជាថ្មី។ យើងត្រូវតែរក្សាស្បៀងនៅក្នុងស្រុកយើង ហើយស្បៀងនេះ ខ្ញុំមិនសំដៅទៅលើ​ដំឡូងមី ទៅលើពោត ទៅលើសណ្តែកទេ គឺទៅលើអង្ករតែម្តង។ ហើយអង្ករនេះ សំដៅតែទៅលើអង្ករ.ស និងស្រូវតែប៉ុណ្ណោះ ប៉ុន្តែ អង្ករក្រអូបរបស់យើង ដែលចុះកុងត្រានាំចេញទៅសហភាពអឺរ៉ុប និងប្រទេសមួយចំនួន​ ហើយដែលវាមានបរិមាណមិនច្រើន​ គឺសូមឱ្យបន្តការនាំចេញ »។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ សម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល​ពេលនេះ ត្បិតជាពេលដែលរដ្ឋាភិបាលនៅលើពិភពលោកកំពុងយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្បៀងដល់ពលរដ្ឋ​ជាសំខាន់ ដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ រួមទាំងកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «តាមពិតទៅ សម្រាប់អង្ករហូបចុក មិនខ្វះទេ ដោយសារយើងជាប្រទេសនាំចេញ​។ អីចឹង​ រដ្ឋាភិបាល​គាត់មានភាពប្រយ័ត្នប្រយែង​ក្នុងការបម្រុងទុកស្បៀង ខ្លាចយើងមិនបានគិត​តែនាំចេញៗ អាប្រភេទស្រូវផង អាប្រភេទអង្ករ.សធម្មតាផង ដោយយើងមិនបានគិត​ដែលនាំចេញជ្រុលទៅអាចធ្វើឱ្យខ្វះ។ អីចឹង វិធានការទប់ [ការនាំចេញស្រូវ និងអង្ករ.ស] ហ្នឹងល្អមែនទែន ដើម្បីក្តាប់ឱ្យបាននូវបញ្ហាសន្តិសុខស្បៀង»​។

ស្រដៀងគ្នានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សាទរចំពោះវិធានការ​រក្សាទុកស្រូវ និងអង្ករ.ស សម្រាប់ប្រើប្រាស់ក្នុងស្រុកដោយផ្អាកការនាំចេញក្នុងស្ថានភាពនេះ ដោយថា សន្តិសុខស្បៀង​គឺជារឿងចាំបាច់សម្រាប់ពលរដ្ឋ។

លើសពីនេះ លោកថា រដ្ឋគប្បីផ្តល់ជាកញ្ចប់ថវិកា ​និងផ្តល់អ្នកជំនាញបច្ចេកទេសបង្រៀនពលរដ្ឋអំពីការដាំបន្លែ ចិញ្ចឹមសត្វ ត្រី ជាដើម ​ដើម្បី​បង្កើនការផលិតស្បៀងសម្រាប់ប្រើប្រាស់ក្នុងស្រុកបន្ថែមទៀត។

លោក ថេង សាវឿន ក៏ចង់ឃើញរដ្ឋមានយន្តការតាមដាន​ការអនុវត្តរបស់ឈ្មួញ ឬម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្ទាប់ពីទទួលបានកញ្ចប់ថវិកាពីរដ្ឋ ដើម្បីធានាភាពត្រឹមត្រូវ ជៀសវាងការកេងចំណេញពីលើពលរដ្ឋក្នុងស្ថានភាពនេះ។

លោកមានប្រសាសន៍ថា៖ «ត្រឹមត្រូវហើយ! ការទម្លាក់លុយពីរដ្ឋ ទាល់តែមានយន្តការតាមដានត្រួតពិនិត្យ ជៀសវាងមានជនឱកាសនិយម​លួចកេងចំណេញ ឬលួចទម្លាក់តម្លៃស្រូវរបស់ប្រជាពលរដ្ឋ ខណៈទុនរដ្ឋបានផ្តល់ជាច្រើន​សម្រាប់​កសិករ។ ប៉ុន្តែ បែរជាមានការកេងប្រវ័ញ្ចលើលុយអីហ្នឹង ក៏ជាហេតុផលដែលរដ្ឋាភិបាលត្រូវមានយន្តការតាមដានអីចឹងហើយ»។

លោក ហ៊ុន ឡាក់ បញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញស្រូវ​ទៅលក់ក្រៅប្រទេសជាង ៩លានតោន ហើយលោកថា សម្រាប់តម្រូវការ​ប្រើប្រាស់ ឬហូបចុកក្នុងស្រុកវិញ ​ក្នុងមួយឆ្នាំមានតម្រូវការប្រមាណជាង ២លានតោន។ ​

ដោយឡែក បញ្ហាអង្ករវិញ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិមានចំនួនជាង ១សែនតោន(១៣៦ ៤៩៩)។ ​ចំនួននេះ មានការកើនឡើងជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ