សមាគម​​ផលិត​​អំបិល​បង្ហើន​​ការ​​ផលិត​​ឡើង​វិញ​ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​

រោងចក្រសិប្បកម្មផលិតអំបិលមួយកន្លែងនៅខេត្តកំពត។ (ត្រាន់ តិចសេង)

ប្រធាន​សមាគមផលិត​អំបិល​កម្ពុជា ​បញ្ជាក់​ថា​ សមាគម​កំពុង​បង្កើន​ការ​ផលិត​អំបិល​ឡើង​វិញ ដោយ​ថា​ នឹង​អាច​ធានា​បាន​នូវការ​ផ្គត់ផ្គង់​អំបិល​ក្នុង​ស្រុក​នា​ឆ្នាំ​នេះ​បាន ខណៈការនាំចូលត្រូវចំណាយច្រើន ហើយពេលនេះអំបិលនៅសល់តែ ៥ពាន់តោន។​

ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ​លោក ប៊ុន បារាំង​ មាន​ប្រសាសន៍​ប្រាប់​VOD ថា បច្ចុប្បន្ន​ សមាគម​កំពុង​បង្កើន​ការ​ផលិត​អំបិល​ក្នុង​ស្រុក​ឡើង​វិញ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក ដោយ​លោក​បញ្ជាក់​ថា ​នឹង​អាច​ធានា​ដល់​ការ​ផ្គត់​ផ្គង់​បាន​នា​ឆ្នាំ​នេះ ខណៈ​អំ​បិល​នាំ​ចូល​ដែល​នៅ​សល់​មាន​តែ​ជា​ង ៥​ពាន់​តោ​ន​ប៉ុណ្ណោះ។

លោក​ ប៊ុន បារាំង​៖ «បើ​យើង​មើល​ទៅវា​លើស​ យើង​អត់​ចាំ​បាច់​នាំ​ចូល​មក​ទេ។ ការ​នាំ​ចូល​ពី​ក្រៅវា​ខាត​យើង​ខាត​សោហ៊ុយ​ខាត​អី​ ព្រោះ​ធម្មតា​ការ​នាំ​ចូល​ពី​ក្រៅ​មក​ យើង​មិនមាន​ចំណេញ​អី​ទេ។ ការ​នាំ​ចូល​ទាល់​តែ​យើង​ខ្វះ​ខាត តែ​បើ​នៅ​នេះ​គ្រប់​គ្រាន់​ គឺ​អត់​ចាំ​បាច់​នាំ​ចូល​ទេ។ […] ឆ្នាំ​នេះ​យើង​អាច​ផលិត​បាន ​មិន​មាន​បញ្ហា​ចោទទេតាម​ការ​មើល​ទៅ​ ព្រោះ​អាកាស​ធាតុ​យើង​ឆ្នាំ​នេះ​ល្អ យើង​អាច​ផលិត​បាន [គ្រប់គ្រាន់] ផលិត​បាន​ហើយ​ អំបិល​យើង​ល្អ​ទៀត»។

កសិករ​ផលិត​អំបិល​នៅក្នុង​សង្កាត់​ត្រើយ​កោះ ក្រុងកំពត ខេត្ត​កំពត លោក ម៉ម ស៊ាប មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​អាច​ផលិត​អំបិល​បាន​ច្រើន​ជា​ងមុន​ ដោយ​សារ​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ដែល​ធ្វើ​ឱ្យ​កំហាប់​អំបិល​ខ្ពស់។ ទោះ​ជា​យ៉ាង​ណា ​លោក​ថា ការ​ផលិត​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដដែលដោយ​សារ​ខ្វះ​កម្លាំង​ពលកម្ម។

លោក ​ម៉ម ស៊ាប៖ «ឥលូវវា​ប្រឈម​ដែរ​ ព្រោះ​អី​កម្ម​ករ​ឥលូវ​ភាគ​ច្រើន​គេ​ចង់​ធ្វើ​នៅ​រោងចក្រ​អី​ទៅ ដោយ​គេ​ថា​ធ្វើ​ក្ដៅពេកអី​អញ្ចឹង​។ អញ្ចឹង​ ម្ចាស់​ស្រែ​ផលិត​មួយ​ៗ ​មិន​សូវ​មាន​កម្លាំង​កម្មករទេ​ឥលូវនេះ»។

VOD មិន​អាច​ទាក់​ទង​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្មទទួល​បន្ទុក​កិច្ច​ការ​អំបិល លោក សុន សេងហួត បាន​នោះ​ទេ។

ក្រោយ​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បាន​ធ្វើ​ឱ្យ​​​​វិស័យ​ធំៗ​មួយ​ចំនួនដូច​ជា​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​​រងគ្រោះ​នោះ កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា កន្លង​ទៅ​​ រដ្ឋាភិបាល​បាន​ទម្លាក់លុយ​ប្រមាណ ​៥០លានដុល្លារអាមេរិក​ដល់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​ដើម្បី​ផ្ដល់កម្ចី​ក្នុង​អត្រាការប្រាក់ទាប​ដល់​សិប្បកម្ម សហគ្រាសធុនតូច និង​មធ្យម យក​ទៅ​ពង្រឹង​ផលិត​កម្ម​ខ្លួន ដើម្បី​ពង្រឹង​មូល​ដ្ឋាន​ផលិត​កម្ម​ក្នុង​ស្រុក ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និង​បង្កើតការងារ​ថ្មី​ដល់​ប្រជាពលរដ្ឋ។

ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​​ពិភព​លោក​កំពុង​បារម្ភ​ពី​ជំងឺ COVID-19 ដែល​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​បិទ​ព្រំ​ដែន​របស់​ខ្លួន​នោះ ការ​ផលិត​អំបិល​ដើម្បី​ផ្គត់ផ្គង់​ទី​ផ្សារក្នុង​ស្រុក​របស់​កម្ពុជា​​គឺ​ជា​រឿង​សំខាន់ និង​ជា​ឱកាស​ដល់​សមាគមអំបិល​ផង​ដែរ​ក្នុង​ការបង្កើន​ការផលិត និង​ទទួល​នូវ​ការ​គាំទ្រ​ពី​រដ្ឋក្នុង​ពេល​នេះ។

លោក ​ថេង សាវឿន៖ «ថ្មី​ៗ ​រដ្ឋាភិបាល​បាន​ប្រកាស​នូវ​ការ​គាំទ្រ​ ឬ​ក៏​ផ្ដល់​ទុនឱ្យ​ធនាគារ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ឬ​ក៏​វិនិយោគ​លើ​ផលិតផល​ស្បៀង​អាហារ។ អ៊ីចឹង​ សហគមន៍​អំបិល​អាច​ស្នើ​សុំ​ថវិកាពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​ធ្វើ​យ៉ាង​ម៉េច​ជួយ​ដល់​ការ​ផ្គត់​ផ្គង់​ ឬ​ដោះស្រាយ​នូវ​បញ្ហា​ទាក់ទង​នឹង​ថ្លៃ​ឈ្នួល​ ហើយ​និង​ការ​ប្រមូល​កម្មករ​ចូល​មក​បំពេញ​ការងារ​ហ្នឹង។ យើង​ស្នើ​ឱ្យធនាគារ​អភិវឌ្ឍន៍​ជន​បទ​ហ្នឹង​ មេត្តា​យោគយល់​ ហើយ​ផ្ដល់​នូវ​លក្ខខណ្ឌ​ងាយ​ស្រួល​បន្ថែម​សម្រាប់​សហគមន៍​ផលិត​អំបិល​»។

កម្ពុជាត្រូវការអំបិលប្រមាណ ១០ម៉ឺនតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុង១ឆ្នាំៗ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អំបិលដែលផលិតបានកាន់តែថយចុះ និងត្រូវការនាំចូលពីក្រៅប្រទេសបន្ថែមពីប្រទេសចិន និងឥណ្ឌា។ ឆ្នាំ២០១៧ កម្ពុជាត្រូវនាំចូលប្រមាណ ៣ម៉ឺនតោន ឆ្នាំ២០១៨ ប្រមាណ ៣ម៉ឺនតោន ខណៈនៅឆ្នាំ២០១៩ នាំចូលប្រមាណ ៥ម៉ឺនតោន។

របាយការណ៍ក្រសួងឧស្សាហកម្មបង្ហាញថា បច្ចុប្បន្ន​ កម្ពុជា​មាន​កសិដ្ឋាន​ផលិត​អំបិល ៧កន្លែង​ក្នុង​ខេត្ត​កែប​ និង​កំពត​ ដោយមាន​ផ្ទៃដី​សរុប​ចំនួន ៤៦០០ហិកតា​ ក្នុង​នោះ​មាន​ក្រុម​ផលិតករ​ជាង​ ២០០នាក់​។

កាលពីឆ្នាំ២០១៨ សមាគមផលិតអំបិលកម្ពុជាក៏ប្រកាសពីបំណងរំលាយសមាគមនេះចោល ដោយសារមិនមានលទ្ធភាពផលិតអំបិលបណ្តាលមកពីមូលហេតុខ្វះកម្លាំងពលកម្ម ខ្វះឧបករណ៍បច្ចេកទេស និងបញ្ហាអាកាសធាតុជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ