អាជ្ញាធរ​ជំនាញ​បង្ក្រាប​អាល់​កុល​ក្លែង​ក្លាយ​ជិត ៦ម៉ឺនលីត្រ នៅ​ខេត្ត​កណ្តាល​ និង​ភ្នំពេញ​ ​

អាល់កុលក្លែងក្លាយចំនួនសរុប ៥៩,៤០២លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញ និងឃាត់ទុក បណ្តោះអាសន្ននៅខេត្តកណ្តាល និងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ក.ប.ប)

​មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ​បានរកឃើញ និងឃាត់ទុកនូវអាល់កុលក្លែងក្លាយ ឬមេតាណុល ចំនួនជិត ៦ម៉ឺនលីត្រ (៥៩,៤០២) ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ​

មន្ត្រីជំនាញអះអាងថា យុទ្ធនាការនេះ ក្រោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយ​ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

លើសពីនេះ បន្ទាប់ពីមានការបញ្ជាពីអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬហៅកាត់ថា ក.ប.ប ​ ​លោក ផាន អូន ​បញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ចែកចាយនូវសារធាតុអាល់កុលក្លែងក្លាយក្នុងក្របខណ្ឌទូទាំងប្រទេស។

ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឱ្យដឹងនៅថ្ងៃនេះថា ករណីបង្ក្រាបអាល់កុលក្លែងក្លាយជិត ៦ម៉ឺនលីត្រ គឺមានកិច្ចសហការរវាងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីតុលាការផងដែរ។

ប្រភពដដែលបន្តថា ទីតាំង​ដែលរកឃើញស្តុកទុកអាល់កុលក្លែងក្លាយនោះមាន ២កន្លែង គឺ ទីតាំងទី១ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងមួយទៀត ស្ថិតនៅផ្ទះ​ បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយវត្ថុតាងត្រូវរក្សាទុក​បន្តនីតិវិធី​តាមផ្លូវច្បាប់។

ទំព័រហ្វេសប៊ុក ក.ប.ប សបញ្ជាក់ថា៖ «ក្រោយការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៦៣ប៊ីដុង និង ២២៤ពុយ សរុបស្មើនឹង ៥៩,៤០២លីត្រ ត្រូវបានព្រះរាជអាជ្ញារងសម្រេចឱ្យអគ្គនាយកដ្ឋាន ក.ប.ប ធ្វើការដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត»។

​អគ្គនាយកដ្ឋាន ក.ប.ប. អះអាងថា គិតត្រឹមថ្ងៃទី៣ ខែមេសានេះ អគ្គនាយកដ្ឋាននេះបានបើកយុទ្ធនាការបង្ក្រាបអាល់កុលក្លែងក្លាយ​ សរុបបានចំនួន ៦៤,១៧៨លីត្រ មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី ប៉ុន្តែ នៅមិនទាន់បង្ហាញពីការឃាត់ខ្លួនម្ចាស់អាជីវកម្ម ឬមនុស្សពាក់ព័ន្ធករណីនេះនៅឡើយទេ។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់​គណនីហ្វេសប៊ុកចំនួន៤ ដែលផ្សព្វផ្សាយលក់ ម៉ាស អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួង។

ក្រសួងក៏បានព្រមានចាត់វិធានការច្បាប់ចំពោះគណនីហ្វេសប៊ុកទាំង៤នោះ ព្រមទាំងគណនីផ្សេងទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយ​ផលិតផលទាំងនេះ​ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលទៀតផង។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ​​ក្រសួងកំពុងចាត់វិធានការ​ចំពោះគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយលក់ម៉ាស អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួង។ អ្នកស្រីថា ការព្រមានគណនីហ្វេសប៊ុក​ទាំង៤ កាលពីថ្ងៃម្សិលមិញ ជាវិធានការធ្វើឡើងជាជំហានៗ។

អ្នកស្រីបន្ថែមថា៖ «អាហ្នឹង [ហាមឃាត់គណនីហ្វេសប៊ុក៤] យើងធ្វើបណ្តើរៗណាក្មួយ! ព្រោះអីវាមិនអាចធ្វើទាំងអស់ទៅកើត ព្រោះគ្នា [មន្ត្រី] ក៏ត្រូវចំណាយពេលដើម្បីស្រាវជ្រាវដែរ ចា៎! អីចឹង យើងធ្វើជាបឋមប៉ុណ្ណឹងសិនចុះ ប៉ុន្តែ បើមានទៀត យើងធ្វើទៀត យើងនឹងធ្វើជាបន្តបន្ទាប់»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌នៅកម្ពុជា លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី មានប្រសាសន៍ថា ​​ច្រកដែលនាំចូលអាល់កុលក្លែងក្លាយមកកម្ពុជា ​មានពីរសំខាន់នៅពេលបច្ចុប្បន្ន​ រួមមាន ការនាំចូលពីថៃ និងវៀតណាម ហើយករណីនេះអាចនឹងមានច្រើនជាង ៦ម៉ឺនលីត្រ និងអាចមានជាច្រើនកន្លែងទៀត។ ​

លោកបន្តថា អាល់កុលក្លែងក្លាយគឺត្រូវផ្សំឡើងដោយសារធាតុគីមីជាច្រើនប្រភេទ ដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ដូចជា ប៉ះពាល់ផ្លូវដង្ហើម ពងបែក និងរលាកស្បែក ជាដើម។

លោកមានប្រសាសន៍ថា៖ «វាអាឡែកហ្ស៊ីស្បែក វាទៅជាកន្ទួលក្រហម រមាស់មិនដឹងខ្លួន អាហ្នឹងទីមួយ។ ហើយទីពីរ វាចេញពងបែក ដូចអង់ត្រាក់អីចឹង។ បើថាក្មេងៗ តែងឧស្សាហ៍មកប្រាប់ម៉ែ ឱ្យជួយអេះខ្នង អេះដៃអីហ្នឹង។ អាហ្នឹង ជួនកាលមកពីអាល់កុលហ្នឹងដែរបាទ ដូចអាជំងឺរើមអីចឹង អង់ត្រាក់ហ្នឹង។ អាហ្នឹង [អាល់កុលក្លែងក្លាយ] បើបាញ់ វាប៉ះពាល់ស្បែក វាអាឡែកហ្ស៊ី និងប៉ះពាល់ផ្លូវដង្ហើមដែរ»។

ក្រសួងសុខាភិបាលឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃសុក្រនេះ អ្នកមានជំងឺកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅកម្ពុជា មានចំនួន ១១៤នាក់ ក្នុងនោះ​មានអ្នក​ជំងឺ ៣៥នាក់ហើយ ដែលត្រូវបានព្យាបាលជាសះស្បើយ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ​អំពាវនាវដល់សាធារណជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ ត្រូវចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ