ផ្តើម​ចេញ​ពី​ជន​ភៀស​ខ្លួន​​រហូត​​ក្លាយ​​ជា​​គ្រូ​បង្វឹក​ បុរស​កម្ពុជា​ម្នាក់​​​រក​ឃើញ​គោល​ដៅ​​ជីវិត​​នៅ​លើ​​ផ្ទៃ​ទឹក​

លោក Kenji Kuraki (ទីពីរ​រាប់​ពី​ឆ្វេង) ជាមួយ​ក្រុម​អុំ​ទូក​របស់​លោក​នៅ​លើ​ផ្ទៃ​បឹង​ Sagami ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។ (Kantaro Suzuki)

បឹងសាហ្គាមិ ប្រទេសជប៉ុន: ចាប់តាំងពី​ពេល​លោកចូល​សិក្សា​ដំបូង​ លោក កេនជិ គូរ៉ាគិ នឹកឃើញកាលដែល​មិត្តរួម​ថ្នាក់​​បដិសេធមិនរាប់អាន ប្រើពាក្យ​ប្រមាថ​ ហើយ​ថែមទាំងត្រូ​វគ្រូទទួលបន្ទុកថ្នាក់រើសអើង​។ ការ​គំរាម​ធ្វើ​បាប ​គឺបណ្តាលមកពី​ការ​រើស​អើង​​ចំពោះ​លោក​ និង​អត្តសញ្ញាណពិត​របស់​លោក។

លោក គូរ៉ាគិ មានឈ្មោះ​ដើម រឹម រ៉េត កើត​នៅ​ឆ្នាំ​១៩៨២ ​នៅ​ជំរុំ​ជនភៀសខ្លួន​ខាវអ៊ីដាង​ នៅប្រទេសថៃ​។ លោក​បាន​ធ្វើ​អន្តោ​ប្រវេសន៍​ទៅ​កាន់​ប្រទេសជប៉ុន​ជា​មួយ​ឱពុកម្តាយ​របស់​លោក​តាំងពីពេលលោកមាន​អាយុ ​៤​ឆ្នាំម្ល៉េះ។ នៅពេល​បាន​អាយុ ​៥​ឆ្នាំ​ ជើង​ឆ្វេង​របស់​លោក​មិន​អាចកំរើក​បាន​ដោយសារតែជំងឺគ្រុនស្វិតដៃជើង​ នេះបើតាម​ការ​បញ្ជាក់របស់​លោក។

លោក Kenji Kuraki កាល​ពី​កុមារភាព និង​ឪពុក​របស់​គាត់ លោក រឿន រឹម នៅ​ប្រទេស​ជប៉ុន។ (ផ្ដល់​ដោយ Kenji Kuraki)

ក្នុងឋានៈ​ជា​ជនអន្តោប្រវេសន៍​ និង​ជា​មនុស្សដែល​មាន​ពិការភាព​ក្នុង​សង្គម​ជប៉ុន លោក គូរ៉ាគិ និយាយថា លោក​ហាក់ដូចជា​មាន «ពិការភាព​ទ្វេដង»

លោក គូរ៉ាគិ បាន​និយាយថា៖ «​មិត្តរួម​ថ្នាក់​ខ្ញុំ​ចំអន់​ខ្ញុំ​ ដោយ​សារតែ​ខ្ញុំ​គឺជា​កូន​របស់​ជនភៀសខ្លួន​កម្ពុជា​។ ខ្ញុំចង់តបតវិញ ប៉ុន្តែ ​ខ្ញុំ​មិន​អាច​តាម​ទាន់​​ទេ នៅពេលពួកគេ​រត់​ចេញទៅអស់»

ប៉ុន្តែ ​ក្នុង​វ័យជំទង់ដែល​ធំធាត់នៅទីក្រុងអៃកាវ៉ា (​Aikawa) ដោយ​​​ធ្វើ​ដំណើរតាម​រថយន្ត​​ប្រហែល​ពីរ​ម៉ោង​ពី​ទីក្រុង​តូក្យូនោះ​ លោក គូរ៉ាគិ យល់​ថា ​សកម្មភាព​កីឡា​មួយប្រភេទ​​ដែល​អាចជួយ​ប្រែក្លាយ​ឆាកជីវិត​របស់​លោកបាន​​នោះ គឺប្រ​ភេទ​​កីឡាទូកអុំ​។ កីឡា​ប្រភេទ​នេះ ថែមទាំង​បាន​ជួយ​ឱ្យលោកទទួលបាន​សញ្ជាតិ​ជាពលរដ្ឋជប៉ុន​ផងដែរ។

លោក Kenji Kuraki (ឆ្វេង) និង​មិត្ត​រួម​ក្រុម​របស់​លោក​ កាន់​ច្រវារ​អុំ​ទូក​ព្រម​គ្នា​អំឡុង​កម្មវិធី​ប្រណាំង​អុំ​ទូក​វិទ្យាល័យ​មួយ។ (រូបថត​ផ្ដល់​ដោយ Kenji Kuraki)

លោក គូរ៉ាគិ វ័យ ៣៨​ឆ្នាំ​ គឺជា​អតីត​កីឡាករ​អុំទូក​ជនពិការ​ក្នុងក្រុមជម្រើស​ជាតិ​ជប៉ុន​។ សព្វថ្ងៃ​ លោក​គឺជា​គ្រូបង្វឹកក្រុម​កីឡាករ​អុំទូក​វ័យក្មេង​ដែល​ខ្សោយ​បញ្ញាស្មារតី​ ហើយលោកបាន​លើកទឹកចិត្ត​ពួកគេ​ឱ្យបន្ត​ក្តី​សុបិន​របស់ខ្លួន ដូចដែល​លោក​ធ្លាប់​បាន​ធ្វើ​​កាល​ពី​អតីត​កាល​ មិន​ថាមាន​ការ​លំបាកនៅចំពោះមុខ​យ៉ាងណា​ក៏​ដោយ។

មហិច្ឆតារបស់​លោក​ក្នុងវិស័យកីឡា​ប្រភេទនេះ ​បាន​ជួយ​លោក​យក​ឈ្នះ​អា​រម្មណ៍​ឯកោនៅលើ​ទឹកដី​ទី​២​របស់ខ្លួន​ ហើយ​ទីបំផុត​ ​លោក​ទទួល​បាន​មេ​ដាយ​មាសអំឡុង​កម្មវិធីប្រកួតកីឡាករ All Japan Masters Regatta កាលពីឆ្នាំ​២០១៦។

ជាមួយនឹង​ទឹកមុខ​រីករាយ​​ ខណៈ​ក្រុម​កីឡាករ​របស់​លោក​ហ្វឹក​ហាត់នៅ​បឹងសាហ្គាមិ កាល​ពីខែ​កុម្ភៈ លោក គូរ៉ាគិ បាន​និយាយថា៖

«ខ្ញុំតែ​ងតែ​មាន​ទំនុកចិត្ត​នៅពេលណាខ្ញុំ​អុំទូក​នៅលើ​ផ្ទៃទឹក។ ប្រហែលជា​ដោយសារខ្ញុំ​ភ្លេច​គិត​ដល់​ស្ថានភាពជើង​ឆ្វេង​របស់​ខ្ញុំ​ ខណៈ​កំពុង​អុំទូក​នោះ»

ការចងចាំបទចម្រៀងក្នុងកាសែត

ឪពុកម្តាយ​របស់លោក គូរ៉ាគិ បាន​ចាកចេញ​ពីប្រទេសកម្ពុជា បន្ទាប់ពីការ​ដួលរលំ​របបខ្មែរក្រហម​កាល​ពីឆ្នាំ​១៩៧៩​។ ពួកគាត់​ និង​កូនប្រុស​ម្នាក់​នេះ​ ស្ថិតក្នុងចំណោម​ជនភៀសខ្លួនប្រហែល​ ១,៣លាននាក់ដែល​​បាត់​បង់ទីជម្រក​ដោយ​សារសង្គ្រាម​នៅ​ឥណ្ឌូចិន​ និង​បាន​ទៅ​តាំងទីលំនៅ​ក្នុ​ងបណ្តាប្រទេសនានា ដូចជា​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និង​កាណាដា​ កាល​ពីចុងទសវត្សរ៍​ឆ្នាំ​១៩៧០ ​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ នេះបើ​តាម​ទីស្នាក់ការ​ជំនួយ​ជនភៀសខ្លួន​ជប៉ុន។

លោក Kenji Kuraki លេង​ក្នុង​សួន​កម្សាន្ត​មួយ​កាល​ពី​កុមារ។ (ផ្ដល់​ដោយ Kenji Kuraki)

រដ្ឋាភិបាល​ជប៉ុន​បាន​ទទួល​យក​ជនភៀសខ្លួន ១១,០០០នាក់​ពី​ប្រទេសកម្ពុជា វៀតណាម និង​ឡាវ រហូតដល់​ឆ្នាំ​២០០៥ ដែលក្នុងនោះមាន​ប្រជាជនកម្ពុជា​ ១,៣៥៧​នាក់​ ដែលជា​ចំណែក​ដ៏តូច​មួយ​ក្នុងចំណោម​ប្រជាជនជប៉ុនចំនួ​ន​​ ១២៦លាន​នាក់​។

លោក គូរ៉ាគិ បាន​និយាយថា លោក​បាន​សិក្សាពីប្រវត្តិសាស្ត្រ​របស់​ប្រ​ទេសកម្ពុជា​នៅពេល​លោក​ពេញវ័យ​។ លោកស្ទើរតែ​មិនអាចនិយាយភាសាខ្មែរបាន ប៉ុន្តែ ​លោក​នឹកឃើញ​អនុស្សាវរីយ៍​វ័យ​កុមារ​​​​ នៅ​ពេល​លោ​ក​បានទស្សនារឿង The Killing Fields ឬ «វាល​ពិឃាត»។ លោក​បាន​និយាយថា លោកនៅតែអាច​ចងចាំ​​រូបភាព​នៃ​សាកសព​ដែល​គេ​ទុក​ចោល​នៅ​ក្រៅ​ជំរុំជនភៀសខ្លួន ទីដែលលោក​បាន​កើត​នៅ​ក្បែរ​ក្រុងប៉ោយប៉ែត។         

លោក​ក៏ចងចាំផងដែរបទចម្រៀងក្នុងកាសែត​ម៉ាញ៉េ​ដែលឪពុកម្តាយ​របស់លោកធ្លាប់ចាក់ស្តាប់នៅផ្ទះក្នុងប្រទេសជប៉ុន​ ដែល​ចាប់ផ្តើម​ដោយ​សំឡេងបញ្ឆេះ​រថយន្ត​ ហើយបន្ទាប់មក​បាន​លាយបញ្ចូល​ជាមួយ​សំឡេងអ្នក​ច្រៀង​។ 

លោក គូរ៉ាគិ និយាយជាភាសាជប៉ុនយ៉ាងស្ទាត់ជំនាញ​ថា៖ «​ឪពុកម្តាយ​របស់ខ្ញុំ​ចូលចិត្ត​ស្តាប់​ចម្រៀងភាសាខ្មែរ ដោយសារចម្រៀងនោះជួយលើកទឹកចិត្ត​ និង​ស្មារតី​របស់ពួកគាត់។ ចម្រៀងនេះនៅតែ​ដក់​ក្នុងចិត្ត​របស់​ខ្ញុំ»

លោក​សារភាពថា៖ «​ប៉ុន្តែ ​ខ្ញុំ​នៅមិនទាន់ដឹងពី​អត្ថន័យ​ពិតប្រាកដ​នៃបទចម្រៀងទាំង​នោះ​​នៅឡើយ​ទេ​ ពីព្រោះ​ខ្ញុំមិនយល់​ភាសាខ្មែរច្បាស់»

លោក គូរាគិ និយាយថា ឆាកជីវិត​របស់​លោកប្រហែលជា​លំបាកជាងនេះ ប្រសិនបើឪពុកម្តាយ​របស់​លោក​រស់នៅក្នុងប្រទេសកម្ពុជា​ ប៉ុន្តែ​ លោកនៅតែ​សង្ឃឹមថា នឹង​ធ្វើ​អ្វីមួយតបស្នង​ដល់​​​​ប្រទេសកំណើតវិញនៅថ្ងៃណាមួយ។

លោកបាន​និយាយថា៖ «ខ្ញុំ​ប្រហែលជា​ជួប​នូវឆាកជីវិត​លំបាក​ជាងនេះ ដោយសារតែ​ជើង​ស្វិតម្ខាង។ នៅពេលនេះ ខ្ញុំ​សប្បាយចិត្ត​ជាមួយ​ក្រុម​គ្រួសារនៅទីនេះ [ ក្នុងប្រទេសជប៉ុន ] ប៉ុន្តែ​ ខ្ញុំចង់​ចូល​រួម​ចំណែក​អ្វីមួយ​ដល់ប្រទេសកម្ពុជា​ផងដែរ»

ទោះបីជា​យ៉ាងណា ឆាកជីវិតវ័យកុមាររបស់​លោកនៅក្នុង​ប្រទេស​ជប៉ុន ​ក៏មិនងាយស្រួល​ប៉ុន្មានដែរ។ 

កាលនៅសិក្សាថ្នាក់បឋម​ លោក គូរ៉ាគិ ត្រូវ​បាន​គេចោទថា បាន​វាយ​ទៅលើ​សិស្សស្រីជាមិត្តរួមថ្នាក់។ លោកបដិសេធ​ការចោទប្រកាន់នេះ ប៉ុន្តែ ​គ្រូបង្រៀន​របស់​លោក​មិន​ជឿលោកទេ ហើយ​បង្ខំឱ្យលោកឈរនៅ​នឹង​មួយ​កន្លែង ស្របពេលជជីកសួរលោក​ចំពោះអ្វីដែលលោកអះអាងជាច្រើន​ម៉ោងផងដែរ។ លោក គូរ៉ាគិ និយាយថា ទីបំផុតលោកសុខចិត្ត​ទទួល​យក​ការ​ស្តីបន្ទោស​ ទាំង​រូប​លោក​មិន​បានវាយ​សិស្សស្រីរូប​នោះ ដោយ​សារតែ​ជើង​ឆ្វេង​របស់​លោក​មាន​សភាពឈឺចាប់ខ្លាំងពេក។​

លោក គូរ៉ាគិ បាន​រំឭកពី​អ្វីដែល​គ្រូបង្រៀន​របស់​លោកបាន​និយាយមក​កាន់​លោកថា៖ «អ្នក​តែងតែភូតកុហក ពីព្រោះអ្នក​ឯងជា​ជនបរទេស»

ក្រោយមក ​ក្នុងវ័យ​១៥​ឆ្នាំ លោកបាន​ចូល​រួមជាមួយ​ក្លឹបកីឡាករទូកអុំ​របស់​វិទ្យាល័យ​ដែល​លោកសិក្សា។​ ចំពោះលោក គូរ៉ាគិ រឿងនេះវាមិន​នៅ​ត្រឹម​ជា​សកម្មភាព​ហ្វឹកហាត់​ក្រោយ​ទំនេរពីការ​សិក្សា​នោះទេ។

ស្របពេល​ដែល​ក្លឹបកីឡា​ផ្សេងទៀត​មិន​ទទួល​យក​រូប​លោក​ធ្វើ​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុងក្រុម​ដោយសារតែ​ពិការភាពនោះ ក្នុងក្លឹប​ទូកអុំនេះ លោក​អាចប្រកួត​ប្រជែង​ជា​មួយកីឡាករ​រូបណាក៏បាន។ ពី​មួយថ្ងៃទៅមួយថ្ងៃ លោកបាន​ពង្រឹងជំនាញ​គ្រប់​គ្រាន់​ ដើម្បីប្រកួត​ប្រជែង​នៅកម្រិត​ថ្នាក់​ជាតិ​ជាមួយ​សិស្ស​ដែល​មាន​កាយ​សម្បទាពេញ​លេញ។​

ការលើកច្រវាស្រុះគ្នា​ជាមួយ​នឹងកីឡាករ​អុំទូកផ្សេងទៀត​បានជួយលោក គូរ៉ាគិ បំភ្លេច​​នូវការ​​ធ្វើ​បាប​ដែល​លោកធ្លាប់ជួប និង​ធ្វើ​ឱ្យលោកកាន់តែ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។​

លោកបាន​និយាយថា៖ «​មិនត្រូវ​បោះបង់ក្តីសុបិនទេ។ នោះគឺជា​អ្វីដែល​ខ្ញុំ​បាន​រៀនសូត្រពី​ការអុំទូក»

ការ​ស្វែង​រក​ប្រទេសតំណាងឱ្យ

នៅពេល​គណៈកម្មាធិការ​កីឡាប៉ារ៉ាឡាំពិកអន្តរជាតិ​ប្រកាសថា ការប្រ​ណាំងទូកប៉ារ៉ាឡាំពិក​នឹង​បង្ហាញមុខ​លើកដំបូង​នៅព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០០៨ ក្នុងទីក្រុងប៉េកាំងនោះ លោក គូរ៉ាគិ ស្ថិត​ក្នុង​វ័យ​ក្មេងនៅ​ឡើយ។

លោកប្តេជ្ញាថា នឹង​ចូលរួម​ក្នុងព្រឹត្តិការណ៍​ប្រកួតនេះ ប៉ុន្តែ​ ក្រោយមក ដោយសារតែ​លោកមិនទាន់​ទទួលបាន​សញ្ជាតិ​ វាបានក្លាយជា​ឧបសគ្គថ្មីមួយ​ទៀត​សម្រាប់លោក។ ដោយសង្ឃឹមថា លោក​អាចតំណាងឱ្យប្រទេសកម្ពុជា​ លោក គូរ៉ាគិ​ បាន​ទៅ​សាកសួរ​ស្ថានទូតកម្ពុជា​នៅទីក្រុងតូក្យូ​ ដោយ​ស្នើឱ្យពួកគេ​ជួយ​លោក​ឱ្យទទួល​បាន​សញ្ជាតិ​ជាពលរដ្ឋនៃប្រទេសកំណើត​របស់​ឪពុកម្តាយ​លោក ដែល​លោក​មិនធ្លាប់​បាន​ទៅលេងរហូត​មកទល់ពេលនេះ។

លោកបាន​រំលឹកថា៖ «ខ្ញុំចង់​ក្លាយ​ជា​អត្តពលិកជម្រើស​ជាតិ​កម្ពុជា​ ដើម្បី​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។ នៅ​​ក្នុង​​វ័យ​ ២៥ឆ្នាំ មានមន្ត្រីជាន់​ខ្ពស់ម្នាក់បាន​ប្រាប់ខ្ញុំថា ស្ថានទូតមិនអាចជួយ​ខ្ញុំបានទេ ដោយសារតែ​ឪពុកម្តាយ​របស់​ខ្ញុំគឺជា​ជនភៀសខ្លួន​កម្ពុជា»

អ្នកស្រី មីហូ ជា​ភរិយា​របស់​លោក គូរ៉ាគិ និយាយថា អ្ន​កស្រីរង់ចាំនៅខាងក្រៅ​ស្ថានទូត ដោយរំពឹងថា ស្វាមីរបស់​អ្នក​ស្រី និង​លោកឪពុកក្មេក រឿន រឹម នឹង​ត្រឡប់​មកវិញ​ជាមួយ​នឹង​ដំណឹង​ល្អ។

អ្នក​ស្រី មីហូ បាននិយាយថា៖ «​លោក​ពិតជា​ខកចិត្ត​។ ខ្ញុំមិនអាចស្វែង​រក​ពាក្យ​អ្វីមក​ថ្លែង​បាន»

លោក​បាក់ទឹកចិត្ត​ ប៉ុន្តែ​ ប្តេជ្ញា​បន្តការ​ប្រកួត​ប្រជែង​ លោក គូរ៉ាគិ សម្រេចចិត្ត​ចូល​សញ្ជាតិ​ជប៉ុន​ ស្របពេល​លោក​ហ្វឹកហាត់តែម្នាក់ឯង ឬជាមួយ​មិត្ត​រួម​ថ្នាក់​ចាស់​របស់​លោក។ កាលពីឆ្នាំ​២០១៣ លោក​បាន​ក្លាយ​ជា​ពលរដ្ឋជប៉ុន​។ បីឆ្នាំ​ក្រោយ​មក​ លោក​បាន​ចូល​រួម​ជាមួយក្រុម​ប្រណាំងទូកប៉ារ៉ាឡាំពិក​ជម្រើស​ជាតិ​ជប៉ុន។

លោក Kenji Kuraki (ឆ្វេង) និង​មិត្ត​ភក្តិ​ក្នុង​ក្រុម​អុំ​ទូក​ប្រណាំង​របស់​លោក។ (ផ្ដល់​ដោយ Kenji Kuraki)

ប៉ុន្តែ ​ដល់​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡាប៉ារ៉ាឡាំពិក​នៅទីក្រុងរីយ៉ូឆ្នាំ​២០១៦​នោះ លោក គូរ៉ាគិ​ បាន​ឈាន​ចូលវ័យ ​៣៤​ឆ្នាំ​ទៅ​ហើយ​ ហើយ​ក្រុម​របស់​លោកមិន​បានជាប់សម្រាប់ការ​ប្រកួត​នោះទេ។ លោកក៏សម្រេចចិត្ត​ចូល​និវត្តពីការ​ប្រ​កួត​នៅដើម​ឆ្នាំ​២០១៨ ដោយសារស្ថានភាព​ជើង​ឆ្វេងរបស់​លោក​កាន់តែយ៉ាប់​យឺន។

បន្ទាប់ពី​ការ​ចូលនិវត្តពី​កីឡាករ​ប្រណាំង​ទូក លោក​បាន​បង្កើត​ក្រុម​ឯកជន​មួយ​សម្រាប់​អ្នក​ដែលមានពិការភាព។

លោក​បាន​និយាយអំពី​ក្រុម​របស់​លោក​ដែលមានកីឡាករអុំទូកប្រហែល ៣០​នាក់ថា៖ «​ខ្ញុំចង់​បង្កើត​បរិយាកាស ​ទីដែលគ្រប់គ្នា​ពេញចិត្ត​នឹង​ភាព​សម្បូរ​បែប​ ហើយ​នរណាក៏អាច​ធ្វើ​បាន​»។

លោក ជុន កាស្តូ្រ ជាសមាជិកក្នុងក្រុម​អុំទូក​របស់​លោក គូរ៉ាគិ និយាយថា លោក គូរ៉ាគិ គឺជា​គ្រូបង្វឹក​ដ៏ល្អ ដែល​យល់ពីអារម្មណ៍​ក្រុម​មនុស្សដែលគេមិនសូវ​ឱ្យតម្លៃ​។

លោក កាស្ត្រូ បាននិយាយអំពី​គ្រូបង្វឹក​រូបនេះថា៖ «លោក គូរ៉ាគិ មើលទៅ​ហាក់ដូចជា​កាច ប៉ុន្តែ ​ទឹកចិត្ត​របស់គាត់ល្អណាស់»។

កាល​ពីដើម​ឆ្នាំ​នេះ អ្នក​អុំទូក ៦រូប​ផ្សេងទៀត​នៃក្រុម​របស់​លោក គូរ៉ាគិ បានហ្វឹកហាត់ត្រៀម​សម្រាប់ការ​ប្រកួត​ប៉ារ៉ាឡាំពិកឆ្នាំ២០២០ ក្នុងទីក្រុងតូក្យូ​ ដែលគ្រោង​ចាប់ផ្តើម​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

លោក Kenji Kantaro (ទីពីររាប់ពីឆ្វេង) និងមិត្តភ័ក្ដិរួមក្រុមទូកអុំប្រណាំង នៅលើផ្ទៃបឹង Sagami ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។ (Kantaro Suzuki)

ប៉ុន្តែ ​កាលពីសប្តាហ៍​មុន ស្របពេលករណីឆ្លងជំងឺកូវីដ១៩​បន្តកើន​ឡើង​ចំពេល​មាន​ការ​រីករាលទូទាំងពិភព​លោក​ ប្រទេសជប៉ុន ​និង​គណៈកម្មាធិការអន្តរជាតិ​រៀបចំការប្រកួត​កីឡាប៉ារ៉ាឡាំពិក​ បាន​ប្រកាសថា ការប្រកួត​ប៉ារ៉ាឡាំពិក​ឆ្នាំ​២០២០ នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​ក្រោយ។

បន្ទាប់ពី​សម្រេចចិត្ត​ពន្យារព្រឹត្តិការណ៍ប្រកួតកីឡានេះ និងមានដំណើរ​ការ​ជ្រើស​រើស​ឡើងវិញហើយ​ថា តើ​នរណានឹង​មាន​សិទ្ធិ​ចូលរួម​ប្រកួត​នៅមិនទាន់ច្បាស់​នៅឡើយ​ទេ។ លោក គូរ៉ាគិ និយាយថា លោកចង់​ឱ្យកីឡាករ​ទូកអុំរបស់​លោក​នៅ​រក្សា​ភាពវិជ្ជមាន​ និង​បោះជំហាន​ឆ្ពោះទៅរក​គោលដៅរបស់ខ្លួន​​ដូចរូបលោកធ្លាប់ធ្វើ​កន្លងមក។

គ្រូបង្វឹក​រូបនេះ​និយាយថា៖ «​ពួកគេ​ប្រាកដជា​មានអារម្មណ៍​ខូច​ចិត្ត ប៉ុន្តែ ពួកគេ​ត្រូវ​តែ​រក្សា​ស្មារតី និង​កម្លាំង​កាយ​សម្រាប់​ការ​ប្រកួតឆ្នាំ​ក្រោយ»

មុន​ពេល​កម្មវិធីប្រកួត​ប៉ារ៉ាឡាំពិក​ក្រុងតូក្យូ​ត្រូវ​បាន​ផ្អាក​ លោក គូរ៉ាគិ បាន​កំណត់​គោលដៅ​ផ្ទាល់ខ្លួន​នៅ​ក្រៅ​សង្វៀន​ប្រកួត​អុំទូក​នេះរួចហើយ ​គឺ​ការ​ស្វែង​យល់​ឱ្យបាន​ច្រើន​ជាងនេះអំពី​ឫសគល់​ប្រជាជនកម្ពុជា​ និង​ចែក​រំលែកជាមួយ​​កូនៗទាំង​បី​របស់​លោក។

លោក​និយាយថា៖ «​ខ្ញុំ​ចង់​ទៅលេងប្រទេសកម្ពុជា​ជាមួយ​កូនៗ​របស់​ខ្ញុំ ហើយ​ប្រាប់ពួកគេថា នេះគឺជា​ប្រទេសកំណើត​របស់​ពុក»


(អត្ថ​បទប្រែសម្រួលពីភាសាអង់គ្លេស)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ