សកម្ម​ជន​បរិស្ថាន​​ថា ជន​ល្មើស​​ឆក់​ឱកាស​លួច​កាប់​​ឈើ ខណៈ​អាជ្ញាធរ​កំពុង​ប្រយុទ្ធ​នឹង​កូវីដ​១៩​

ដើមឈើជាច្រើនដើមប្រភេទឈើល្អ ត្រូវបានរកឃើញនាថ្ងៃទី០១ និងទី០២ ខែមេសា ឆ្នាំ២០២០ ដែលជនល្មើសលួចកាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ។ (Ma Chettra)

សកម្មជនការពារព្រៃឈើ បានអះអាងថា​ បទល្មើសព្រៃឈើ ពិសេសនៅតំបន់ព្រៃការពារមួយចំនួន​នៅកម្ពុជាបន្តកើតមានឡើង ខណៈអាជ្ញាធរ​កំពុងជាប់ដៃចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បណ្តាញស្នូលការពារព្រៃឡង់ខេត្តកំពង់ធំ លោក មិញ នី មានប្រសាសន៍ថា​ តាំងពី​មន្ត្រីបរិស្ថាន​បានហាមឃាត់មិនឱ្យបណ្តាញសហគមន៍ការពារព្រៃអភិរក្សមួយនេះ​ចូលល្បាតព្រៃកាលពីខែកុម្ភៈមក បទល្មើសព្រៃឈើមិនបានថយចុះឡើយ ពោលគឺនៅតែកើតមានច្រើនដដែល។

​លោក​​បារម្ភថា ​សហគមន៍ក៏មិនអាចចូលល្បាតព្រៃដូចពេលមុនបាន ហើយអាជ្ញាធររដ្ឋាភិបាល​ក៏កំពុងជាប់ដៃចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងនោះ ដែលជាឱកាសល្អសម្រាប់ជនល្មើសតែម្តង។

លោកមានប្រសាសន៍ថា៖ «រឿងតាមច្រករបៀង ស្នាក់ការមន្ត្រីឧទ្យានុរក្ស តាំងពីតំបន់អូរផ្អាវ រហូតដល់តំបន់អូរងាវ គឺនៅដដែល ឈើនៅតែដឹកចេញពីតំបន់ព្រៃឡង់ដដែល»។

សកម្មជនស្រលាញ់បរិស្ថានដែលទើបតែមកពីចូលល្បាតព្រៃព្រះរការនៅខេត្តព្រះវិហារនៅដើមខែមេសានេះ លោក សាន់ ម៉ាឡា លើកឡើងថា ការចុះល្បាតរបស់ក្រុមលោកក្នុងព្រៃដែនអភិរក្សមួយនេះរយៈពេល ២យប់មួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែ ប្រទះឃើញបទល្មើសរហូតដល់ទៅ ៥៣ករណីថ្មីបន្ថែមទៀត។

បញ្ហានេះ លោកព្រួយបារម្ភជាខ្លាំង​ ត្បិតពេលប្រទេសកំពុងជួបវិបត្តិ ឈ្មួញ ឬជនល្មើសតែងឆក់ឱកាស​ដើម្បីបំផ្លិចបំផ្លាញធនធានព្រៃឈើនៅកម្ពុជាបន្ថែមទៀត។  

លោក សាន់ ម៉ាឡា បន្តថា៖ «ដូច្នេះ វាជាឱកាសមួយសម្រាប់​ឈ្មួញឈើ និងអ្នករកស៊ីកាប់បំផ្លាញព្រៃឈើ ដោយសារស្ថានការណ៍ស្ងប់ស្ងាត់ ដោយមនុស្សផ្តោតអារម្មណ៍ខ្លាំងទៅលើវីរុសកូរ៉ូណា លែងមានការចុះល្បាត​ដូចមុនទៀត។ អីចឹងហើយបានជាពួកគាត់ [​ឈ្មួញឈើ និងអ្នករកស៊ីកាប់បំផ្លាញព្រៃឈើ] មានឱកាសច្រើន​ក្នុងការចូលព្រៃដើម្បីកាប់ឈើ»។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ឱ្យដឹងថា មុនពេលមានការផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា តំបន់ព្រៃឡង់មានក្រុមហ៊ុនកែច្នៃឈើចំនួន២ ប៉ុន្តែ នៅអំឡុងពេលមានជំងឺកូវីដ១៩ ​​​ក្រុមហ៊ុនកែច្នៃឈើ និងស្តុកទុកឈើ បានកើនឡើងចំនួន ៣បន្ថែមទៀត ហើយពួកគេនៅតែមានឱកាសនាំឈើចេញទៅលក់នៅក្រៅប្រទេសបានដដែល។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា​ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបបទល្មើសជាបន្តបន្ទាប់រៀងរាល់ថ្ងៃ​ ដូចជាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ នៅខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តក្រចេះជាដើម។

លោកបន្តថា ការងារបង្ក្រាប និងការពារធនធានធម្មជាតិ គឺគណៈកម្មការជាតិមួយនេះធ្វើឡើងគ្រប់ពេល ដោយមិនគិតថា ពេលមានជំងឺកូវីដ១៩ គ្មាននោះទេ ព្រោះមានការបែងចែកកម្លាំងធ្វើការងារច្បាស់លាស់ផងដែរ។

លោកមានប្រសាសន៍ថា៖ «គឺយើងធ្វើជាប្រចាំ [ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ] បាទ! អត់អីទេ កុំព្រួយបារម្ភ ព្រោះកម្លាំងរបស់យើង​មិនមែន​ថា​មានរឿងមួយ យើងទៅរកតែរឿងមួយទេ។ កម្លាំងរបស់យើងមានការបែងចែកតួនាទី ភារកិច្ចត្រឹមត្រូវ»។

ដោយសារក្តីបារម្ភពីវាសនាព្រៃឈើនៅកម្ពុជា ក្រុមយុវជន ព្រះសង្ឃ អង្គការសង្គមស៊ីវិល បានចេញលិខិតចំហមួយ និង​ធ្វើយុទ្ធនាការបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយជំរុញឱ្យរដ្ឋាភិបាល​បិទរោងចក្រកែច្នៃឈើទាំងអស់នៅក្នុងប្រទេស ទាំងខុសច្បាប់ និងស្របច្បាប់។

លើសពីនេះ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ​បន្តទៀត និងជំរុញឱ្យពលរដ្ឋចូលរួមការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ មានសង្ឃឹមថា យុទ្ធនាការនេះ នឹងជំរុញឱ្យមានការចូលរួម​ការពារព្រៃឈើនៅកម្ពុជាបន្ថែមទៀត។

លោកបន្តថា៖ «សម្រាប់យើង​អ្នកស្រលាញ់បរិស្ថានទាំងអស់គ្នា​ យើង​មានសង្ឃឹមខ្ពស់ ក្នុងការខិតខំ​ប្រឹងប្រែង​របស់យើង​ ដោយយើងមិនបាន​ធ្វើអ្វី​ឱ្យខុសទៅនឹងច្បាប់នៅក្នុងប្រទេស​កម្ពុជាទេ។ យើងគ្រាន់តែ​អំពាវនាវឱ្យប្រជាពលរដ្ឋ​ ក៏ដូចជា​ព្រះសង្ឃ យុវជន កងកម្លាំងប្រដាប់អាវុធ ទាហាន ប៉ូលិស ប៉េអឹម ឱ្យតែពួកគាត់មានចិត្ត​ថាស្រលាញ់សម្បត្តិជាតិ ស្រលាញ់នូវធនធានធម្មជាតិ គឺពួកគាត់នឹងចូលរួម»។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឱ្យ វី.អូ.ឌី ដឹងតាមប្រព័ន្ធតេឡេក្រាមថា ការធ្វើយុទ្ធនាការណាមួយជាសិទ្ធិរបស់ពួកគេ។ លោកបន្ថែមថា សម្រាប់ក្រសួងបរិស្ថាន នៅតែបន្តការពារ និងអភិរក្សធនធានធម្មជតិដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន ដែលមានទំហំជាង ៧លានហិកតា (៧,២លានហិកតា)។

តែយ៉ាងណា ក្រសួងទទួលស្គាល់ថា មានបទល្មើសធនធានធម្មជាតិខ្នាតតូចនៅតែកើតមាននៅតាមតំបន់ការពារធម្មជាតិនានា ប៉ុន្តែ មិនមានបទល្មើសខ្នាតធំឡើយ ហើយបទល្មើសទាំងនោះបង្កឡើងភាគច្រើនគឺ​ពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលមានមុខរបរចូលកាប់ឈើ និងបរបាញ់សត្វជាប្រពៃណីមក ព្រមទាំងត្រូវបានបង្ក្រាបដោយមន្ត្រីឧទ្យានុរក្សផងដែរ។

លោកសរសេរថា៖ «មន្ត្រីឧទ្យានុរក្សដែលបានឈរជើងនៅតាមតំបន់ការពារធម្មជាតិនានា បន្តអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សហការជាមួយសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិដែលទទួលដោយស្គាល់ក្រសួងបរិស្ថាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការលួចកាប់ឈើខុសច្បាប់ ក៏ដូចជាសកម្មភាពនៃការបរបាញ់ និងដាក់អន្ទាក់ចប់សត្វខុសច្បាប់» ។ ​

ក្រសួងបរិស្ថាន អះអាងថា ខ្លួនបាន​អនុវត្តផែនការកាត់ផ្តាច់មុខរបរពួកគាត់ពីការពឹងលើធនធានធម្មជាតិដោយបង្កើតមុខរបរថ្មី បង្កើនចំណូលជូនពលរដ្ឋតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ។

ក្រសួងបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កន្លងទៅ មន្ត្រីឧទ្យានុរក្សទាំង ១២០០នាក់ ដែលឈរជើងនៅក្នុងតំបន់ការពារធម្មជាតិ បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួនជិត ៥ពាន់ករណី (៤៧៤៦) និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការជិត ៥រយករណី(៤៨៧) ព្រមទាំងរឹបអូសរណារយន្តបានជាង ២ពាន់គ្រឿង (២៥៣១)។

យ៉ាងនេះក្តី លោក ហេង ស្រស់ អះអាងថា ដើម្បីឱ្យកិច្ចការពារព្រៃឈើមានប្រសិទ្ធភាពបន្ថែមទៀត រដ្ឋ​ត្រូវធានាលុបបំបាត់ឱ្យបាននូវអំពើពុករលួយជុំវិញតំបន់ព្រៃការពារ ត្បិតលោករកឃើញ​ថា គ្រាន់តែក្នុងតំបន់ព្រៃឡង់មួយ ជនល្មើសត្រូវបង់ប្រាក់ទៅ​មន្ត្រីដែលការពារជុំវិញតំបន់ព្រៃអភិរក្សមួយនេះ ប្រមាណ ៣ម៉ឺនដុល្លារក្នុងមួយខែ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ