តុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និពន្ធនាយកនៃសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅរសៀលនេះ។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី៩ ខែមេសានេះ ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា បានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោក សុវណ្ណ រិទ្ធី ទៅឃុំនៅពន្ធនាគារភ្នំពេញ (PJ) រហូតដល់មានបទបញ្ជាថ្មី។
ការចោទប្រកាន់ និងឃុំខ្លួននេះគឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ ខែមេសាកន្លងមក បន្ទាប់ពីលោកបានសរសេរ និងចុះផ្សាយព័ត៌មានជុំវិញអន្តរាគមន៍របស់រដ្ឋាភិបាលលើអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលោកបានសរសេរថា៖ «សម្តេច ហ៊ុន សែន៖ បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
ក្រោយការចាប់ខ្លួននោះ ឪពុករបស់លោក សុវណ្ណ រិទ្ធី គឺលោក សុវណ្ណ សុខា បានចេញវីដេអូប្រមាណ ២នាទីកន្លះ សុំទោសដល់ថ្នាក់ដឹកនាំ ដោយស្នើសុំឱ្យមានការលើកលែងទោសចំពោះលោក សុវណ្ណ រិទ្ធី ចំពោះការផ្សព្វផ្សាយទាំងនេះផងដែរ។
លោកថា៖ «កូនប្រុសខ្ញុំ សុវណ្ណ រិទ្ធី មានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរដែលខ្ញុំជាឪពុកអត់បានប្រៀនប្រដៅឱ្យបានគ្រប់ជ្រុងជ្រោយ បែរជាកូនទៅធ្វើបែបនេះ។ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់! មានតែលើកម្រាមដៃដប់ដើម្បីសុំទោសដល់ថ្នាក់ដឹកនាំមេត្តាសណ្ដោសប្រណីដល់កូនប្រុសខ្ញុំផង។ »
កាលពីម្សិលមិញ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporter without Borders) បានចេញសេចក្តីប្រកាសដោយទាមទារដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងលោក សុវណ្ណ រិទ្ធី និងផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័ន TVFB វិញផងដែរ។
RSF បានដកស្រង់ប្រសាសន៍របស់ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន លោក Daniel Bastard មកចុះផ្សាយថា៖ «ការចាប់អ្នកកាសែតដាក់ពន្ធនាគារ ដោយសារការស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រី គឺវាមិនសមហេតុផលទាល់តែសោះ។ វិបត្តិកូវីដ-១៩ មិនគួរយកមកធ្វើជាលេស ដើម្បីកម្ចាត់អ្នកកាសែតដែលមិនដើរតាមខ្សែបន្ទាត់រដ្ឋាភិបាលទេ »។
ជាការឆ្លើយតប ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ការអនុវត្តលើលោក សុវណ្ណ រិទ្ធី និង TVFB គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីការពារសណ្ដាប់ធ្នាប់ សន្ដិសុខសង្គម លោកចាត់ទុកការទាមទាររបស់អង្គការនានាលើរឿងនេះ គឺជាការរំលោភនូវដែនសមត្ថកិច្ចច្បាប់របស់កម្ពុជាក្នុងការអនុវត្តច្បាប់។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ការអំពាវនាវរបស់អង្គការនានា គឺជាការរំលោភនូវការអនុវត្តនូវដែនសមត្ថកិច្ចផ្លូវច្បាប់របស់កម្ពុជា ដោយធ្វើការវិនិច្ឆ័យនូវអង្គហេតុមុនស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពិនិត្យទៅលើអង្គហេតុនេះ»។
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៩៥ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ កញ្ញា ស្រី សុធាវី យល់ថា វិធានការរបស់រដ្ឋលើលោក សុវណ្ណ រិទ្ធី និងស្ថាប័នសារព័ត៌មានរបស់លោក គឺហាក់បីដូចជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន។
កញ្ញា ស្រី សុធាវី មានប្រសាសន៍ថា៖ «ព្រោះនេះគ្រាន់តែជាការបញ្ចេញមតិ ជាការផ្សព្វផ្សាយឱ្យអ្នកទស្សនាគាត់ពិចារណាខ្លួនឯងពីអ្វីដែលពួកគាត់យល់ឃើញពីស្ថានភាពនៅក្នុងសង្គម។ ការឈានដល់ការបិទ និងឈានដល់ថា ជាបទឧក្រិដ្ឋហ្នឹង គឺហាក់បីដូចជាធ្ងន់ធ្ងរ។ វាប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលទូទៅ និងសិទ្ធិសារព័ត៌មាន»។
កញ្ញាឱ្យជាយោបល់ថា រដ្ឋាភិបាលគួរតែប្រើប្រាស់វិធានការណែនាំ បណ្ដុះបណ្ដាល ជាជាងប្រើប្រាស់វិធានការក្ដៅបែបនេះ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលបានសម្រេចឱ្យក្រសួងព័ត៌មាន ក្រសួងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ធ្វើការជាមួយគ្នាក្នុងការសហការតាមដាន សិក្សាស្រាវជ្រាវ ស្វែងរកការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
សេចក្ដីប្រកាសរួមនោះ បានកំណត់ថា ការផ្សព្វផ្សាយល្មើសច្បាប់ទាំងនោះ គឺជាការផ្សព្វផ្សាយ ឬចែករំលែក ខ្លឹមសារព័ត៌មានទាំងអស់ដែលមានចេតនាបង្កចលាចលដល់វិស័យការពារសន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណី។
របាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលចេញដោយអង្គការអ្នកកាសែតគ្មានព្រំដែន បានចាត់ថ្នាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា ១៤៣ លើ ១៨០ ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក (ឆ្នាំ២០១៧ កម្ពុជាទទួលបានចំណាត់ថ្នាក់ ១៣២)៕