មន្ត្រី​ជាន់​ខ្ពស់​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ចល័ត​រថក្រោះ និង​រថ​ពាស​ដែក​ចូល​ភ្នំពេញ​

រថពាសដែក រថក្រោះ ប្រើប្រាស់ក្នុងសមយុទ្ធយោធា​នាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន កាលពីថ្ងៃទី១៥ ខែមីនា​ ដល់ថ្ងៃទី៣០ ខែមីនា នៅ​ទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ (គេហទំព័រក្រសួងការពារជាតិ)

មន្ត្រីជាន់ខ្ពស់ផ្នែកកងទ័ព​ បានឱ្យដឹងថា ​នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែកនេះ នឹងមានការចល័តរថគ្រោះ ​រថពាសដែកចំនួន ២២គ្រឿង ចូលរាជធានីភ្នំពេញ ប៉ុន្តែ ជាការចល័តគ្រឿងយុទ្ធភណ្ឌសឹកទាំងនោះចូលបន្ទាយដើមវិញប៉ុណ្ណោះ ដោយពលរដ្ឋមិនគួរព្រួយបារម្ភនោះឡើយ។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ លោក វង្ស ពិសេន បានចេញបទបញ្ជាកាលពីថ្ងៃម្សិលមិញ​ ស្តីពីការចល័តរថក្រោះ រថពាសដែក របស់កងពលតូចលេខ៧០ ឬ ង៧០។

លិខិតនេះបានបញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក ត្រូវចល័តរថក្រោះចំនួន ១០គ្រឿង និងរថពាសដែកចំនួន ១២គ្រឿង ពីសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី ក្នុងខេត្តកំពត មកទីបញ្ជាការកងពលតូចលេខ៧០ ស្ថិតនៅសង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដើម្បីវិលចូលអង្គភាពដើមវិញ។

លោក វង្ស ពិសេន ក៏បានបញ្ជាទៀតថា ការធ្វើយុទ្ធដំណើរនេះ ​ត្រូវធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមេសា ជាកំហិត ដោយត្រូវរៀបចំផែនការឱ្យបាន​ច្បាស់លាស់​ ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពផងដែរ។

បទបញ្ជាសរសេរថា៖ «នាយខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន​ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នពាក់ព័ន្ធ​ ត្រូវអនុវត្តបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់»។

អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ មានប្រសាសន៍បន្ថែមនៅថ្ងៃនេះថា ការចល័តរថក្រោះ និងរថពាសដែកជាង ២០គ្រឿងចូលបន្ទាយនៅភ្នំពេញវិញនេះ បន្ទាប់ពីគ្រឿងយុទ្ធភណ្ឌសឹកទាំងនោះបានយកទៅហ្វឹកហ្វឺន និងធ្វើសមយុទ្ធយោធានាគមាសជាមួយភាគីចិន​កាលពី​ខែមីនាចប់។

លោកបន្តថា ជាធម្មតា ការចល័តរថគ្រោះ ឬរថពាសដែកចេញ ឬចូលបន្ទាយ តែងមានការជូនដំណឹង​ដើម្បីកុំឱ្យពលរដ្ឋព្រួយបារម្ភ ហើយនេះគឺជាការចល័ត​ចូលកន្លែងដើមវិញប៉ុណ្ណោះ ​មិនពាក់ព័ន្ធ​រឿងផ្សេង ពិសេសរឿងយកកម្លាំងមកទប់ស្កាត់ពលរដ្ឋក្នុងស្ថានភាពនេះនោះឡើយ។

លោកមានប្រសាសន៍ថា៖ «តាមខ្ញុំតាមដានព័ត៌មាន​រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ​ភាគច្រើនគឺគាត់គោរពទៅតាម​ការណែនាំ​របស់ប្រមុខរដ្ឋាភិបាល​ ដោយមិនមានការព្រួយបារម្ភអំពីរឿងហ្នឹងទេ [រឿងចល័តរថក្រោះ និងរថពាសដែក]។ ភាគតិចទេ ឬស្ទើរតែគ្មានផងទេ ព្រោះការចល័តនេះវាជារឿងធម្មតា មិនមែន​យកទៅធ្វើរឿងផ្សេងនោះទេ។ អីចឹង សុំកុំឱ្យមានការភាន់ច្រឡំអី ដោយការផ្អាកមិនឱ្យប្រជាពលរដ្ឋ​ទៅស្រុកកំណើតហ្នឹង គេចៀសវាងការឆ្លងមេរោគប៉ុណ្ណឹងទេ។ យើងមិនបានហាមឃាត់បិទសិទ្ធិសេរីភាព រហូតដល់យើង​ទៅប្រើប្រាស់កម្លាំង​ហ្នុងទេ វាខុសស្រឡះហ្មង។ អីចឹង សុំកុំឱ្យមានការយល់ច្រឡំ​»។

ការបញ្ជាឱ្យរថក្រោះ រថពាសដែក ចល័តចូលបន្ទាយដើមវិញនៅភ្នំពេញនេះ ខណៈរដ្ឋាភិបាល​បានចេញបញ្ជាឱ្យ​បិទការធ្វើដំណើររបស់ពលរដ្ឋចូលក្រុងភ្នំពេញ ឬចេញពីក្រុងភ្នំពេញទៅបណ្តាខេត្តនានា និងផ្អាកការធ្វើដំណើររបស់ពលរដ្ឋ​ឆ្លងកាត់រវាងខេត្ត និងខេត្តទៀតផង ដើម្បីជាវិធានការទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ១៩។

លើសពីនេះ រដ្ឋាភិបាលកំពុងដំណើរការលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបបញ្ហាចំពោះមុខ ទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ ផងដែរ។

កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុក​របស់ខ្លួនថា ​ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា ​​ការចល័តរថក្រោះ និងរថពាសដែកចូលអង្គភាពដើមវិញ បន្ទាប់ពីយកទៅប្រើប្រាស់ក្នុងសមយុទ្ធយោធាចប់នោះ វាជារឿងធម្មតាប៉ុណ្ណោះ។

យ៉ាងនេះក្តី សង្គមស៊ីវិលរូបនេះ ចង់ឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាងនេះអំពីការចល័តគ្រឿងយុទ្ធភណ្ឌនោះ ចៀសវាងការ​យល់ច្រឡំ ដែលបង្កើតជាក្តីបារម្ភសម្រាប់ពលរដ្ឋក្នុងស្ថានភាពនេះ។

លោក យង់ គីមអេង បន្តថា៖ «រឿងដែលសំខាន់​ យើងអាចឱ្យមានប្រព័ន្ធផ្សព្វផ្សាយ​ លោកអាចជម្រាបជូន​ប្រជាពលរដ្ឋ​ឱ្យបានទូលំទូលាយពីសេចក្តីជូនដំណឹងនេះ ចៀសវាងការបកស្រាយ​ផ្សេងៗ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ និងមានការព្រួយបារម្ភ »។

សមយុទ្ធយោធា​នាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើង​​រយៈពេល​១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា​ ដល់ថ្ងៃទី៣០ ខែមីនា ដែលមានការចូលរួមពីកងទ័ពប្រទេសទាំងពីរ សរុបជាង ៣ពាន់នាក់ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។  ​

សមយុទ្ធយោធានាគមាស​ឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងស្ថិតនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

សមយុទ្ធនាគមាស ត្រូវបានធ្វើឡើងរវាងកងទ័ពកម្ពុជា-ចិន ជាលើកទី៤ហើយ ចាប់តាំពីឆ្នាំ២០១៦មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ