វិភាគ​៖ តើ​រដ្ឋា​ភិបាល​ត្រូវ​មាន​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​យ៉ាង​ណា​ក្នុង​ពេល​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩​? ​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ទស្សនវិទូ​សេដ្ឋកិច្ចសេរី និង​សង្គម លោក ​Ludwig von Mises បាន​លើក​ឡើង​ថា៖ «ភាពរុងរឿងដែលបង្កើតឡើងដោយគោលនយោបាយរូបិយវត្ថុ និងឥណទាន គឺជាការបំភាន់ ហើយត្រូវបញ្ចប់ដោយវិបត្តិសេដ្ឋកិច្ច។ វាបានកើតឡើងម្តងហើយម្តងទៀតនៅក្នុងអតីតកាល ហើយវាក៏នឹងកើតឡើងនាពេលអនាគតផងដែរ»។

កូវីដ១៩ បាន​វាយ​ប្រហារ​ជា​ខ្លាំង​ដល់​ប្រទេស​នានា​ក្នុង​ពិភព​លោក ​រួម​ទាំង​មហា​អំណាច​សេដ្ឋកិច្ច​អាមេរិក​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ​មិន​ត្រឹម​តែ​បំផ្លាញ​នូវ​អាយុ​ជីវិត​របស់​មនុស្ស​នោះ​ទេ វា​ក៏​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ប្រទេស​នានា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ ងាក​មក​ក្នុង​តំបន់​អាស៊ាន​វិញ​ ប្រទេស​នានា​បាន​ចេញ​គោល​នយោបាយ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ដើម្បី​ទប់​ទល់​នឹង​​វិបត្តិ​នេះ ប្រទេស​សឹង្ហបុរី ថៃ វៀតណាម បាន​បញ្ចេញ​កញ្ចប់​លុយ​ខ្ទង់​ពាន់​លានជា​បន្តបន្ទាប់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ ក៏​ដូច​ជា​ស្ដារសេដ្ឋកិច្ច​ជាតិរបស់​ពួកគេ​ផង​ដែរ។ តើសម្រាប់​​កម្ពុជាវិញ​ ​មាន​គោល​នយោបាយយ៉ាង​ណាខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហានេះ?​

តើ​ត្រូវ​មាន​គោល​នយោបាយសេដ្ឋកិច្ច​យ៉ាងណា​ក្នុងពេល​ដែល​ប្រទេស​ប្រឈម​នឹង​វិបត្តិ​?

នាយកកម្ម​វិធី​គោល​នយោបាយ​ហិរញ្ញវត្ថុ និង​ថវិកា នៃ​វិទ្យា​ស្ថាន​ R Street នៅ​សហរដ្ឋ​អាមរិក លោក Jonathan M. Bydlak ​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ទាក់ទង​នឹង​នឹង​គោល​នយោបាយ​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដែល​មានវិបត្តិ ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថា ក្នុង​ពេល​ជួប​វិបត្តិ ​រដ្ឋ​ត្រូវ​បើក​ទទួល​ជំនួយមនុស្ស​ធម៌​ពី​បរទេស​ បង្កើត​គោល​នយោបាយ​ជួយ​សម្រាល​បន្ទុក​ពលរដ្ឋ និង​ត្រូវ​មាន​ផែន​ការ​ជាក់​លាក់​ទៅ​នឹង​ដំណោះស្រាយ​បណ្ដោះ​អាសន្ន។

លោក​បាន​សរសេរ​បន្ថែម​ថា តាម​រយៈ​ការ​ទម្លាក់​ថវិការ​ជាតិ​ជួយ​សម្រាល​បន្ទុក​ពលរដ្ឋ វា​មិន​ត្រឹម​តែ​ជួយ​សម្រាល​នូវ​បន្ទុក​ចំណាយ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​រក្សា​ដល់​ការ​ចរាចរ​សេដ្ឋកិច្ច​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ ចំពោះ​​សហគ្រាស​ធុនតូច និង​មធ្យម​ដែល​រង​គ្រោះ ​រដ្ឋ​អាច​ទម្លាក់​ជា​កញ្ចប់​ថវិកាដែល​ផ្ដល់​កម្ចីដែល​មានអត្រា​ការ​ប្រាក់ទាប​បំផុត ឬគ្មាន​ការ​ប្រាក់​​ ដល់​សហគ្រាស​ទាំង​នោះ ​ដើម្បី​បន្ត​ការងារ​ផលិត​កម្ម​របស់​ខ្លួន​បន្ត​ទៀត ក្រៅ​ពីនេះ​ ចំពោះ​​សហគ្រាស​ដែល​ប្រឈម​ស្ទើរ​តែ​បិទទ្វារនោះ​ រដ្ឋ​ត្រូវមាន​វិធាន​ការ​ជួយ​ជា​បន្ទាន់​តាម​រយៈការ​ផ្ដល់​កម្ចី​ ឬ​មូលនិធិ​ទ្រទ្រង់ជា​សម្ងាត់។

លោក​សរសេរ​ថា៖ «គំនិត​ជា​គោល​នយោបាយ​នៅ​ពេល​នេះ​គឺ​ជា​ការ​សម្រាល​បន្ទុក មិន​មែ​ន​ជា​ការ​ជំរុញ​សេដ្ឋកិច្ច​នោះ​ទេ»។

យោ​ង​តាម​ការ​វិភាគ​របស់​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ ខែមេសា​កន្លង​ទៅ ​ស្ថាប័ន​នេះ​បាន​ប្រៀបធៀប​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​កូវីដ​១៩ ដូច​ជា​សង្គ្រាម​មួយ​​ដែលប្រយុទ្ធ​ដើម្បី​រក្សា​ជីវិត​មនុស្ស​ និង​រក្សា​សេដ្ឋកិច្ច​។ ស្ថាប័ន​នេះ​លើក​ឡើង​ថា​ ការ​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច​ត្រឹម​ត្រូវ​ដែល​ធានា​ដល់​កម្ម​ករ​ពី​ការងារ​របស់​ពួកគេ ពលរដ្ឋ​មិន​បាត់បង់​ផ្ទះ​សំបែង ក្រុម​ហ៊ុន​មិន​ក្ស័យ​ធន​ ហើយ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រក្សា​នោះ​ ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មិន​ពិបាក​នោះ​ទេ​។

IMF បានឱ្យជាយោបល់ថា រដ្ឋាភិបាលត្រូវធានានូវមុខងារនៃវិស័យសំខាន់ៗដែលមានដូចជា សុខាភិបាល ផលិតកម្មអាហារ និងការចែកចាយ ហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ និងការថែរក្សាសេវា​ផ្គត់ផ្គង់ ​(ទឹក​ភ្លើង) ផ្ដល់​ធនធាន​គ្រប់គ្រាន់​ដល់​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​វិបត្តិ និង​ការ​ពារ​ការ​រំខាន​សេដ្ឋកិច្ច។

IMF បាន​លើក​ឡើង​ថា៖ «គោលនយោបាយក្នុងការគាំទ្រដល់ពលរដ្ឋ អាជីវកម្ម និងផ្នែកហិរញ្ញវត្ថុ ត្រូវ​បញ្ចូលទាំងវិធានការសាច់ប្រាក់ងាយៗ [ការផ្តល់ឥណទាន ការពន្យារពេលកាតព្វកិច្ចហិរញ្ញវត្ថុ] និងត្រូវ​ធានាពី​លទ្ធភាព​សង​បំណុល​របស់​វិស័យ​ទាំង​នោះ​ផង​ដែរ»។  

IMF បាន​ឱ្យ​ជា​ដំណោះស្រាយ​ថា ​រដ្ឋ​គួរ​តែមាន​គោល​នយោបាយ​ផ្អាក​ការ​សង​បំណុល​របស់​ពលរដ្ឋ និង​សិស្ស​និស្សិត ពន្យា​រ​ការ​បង់​ពន្ធ​ និង​មូល​និធិ​សង្គម បង្កើត​មូល​និធិ​ផ្ដល់​សម្រាប់​ពលរដ្ឋ និង​មានការធានា​ដល់​ពលរដ្ឋ​ដែល​គ្មាន​ការ​ងារ​ធ្វើ។ ស្ថាប័ននេះត្រូវ​មាន​កម្មវិធី​ជួយ​ដល់​អាជីវកម្ម តាម​រយៈ​ការ​ពន្យា​រ​ការ​សង​បំណុលធនាគារ ពន្យា​រ​ការ​ប្រមូល​ពន្ធ និង​មូល​និធិ​សង្គម ធនាគារ​កណ្ដាលត្រូវ​​ផ្ដល់​ប្រាក់​បម្រុង បើ​កការ​ទិញ​មូល​បត្រ​អាជីវកម្ម មាន​ការ​ធានាការ​ពារ​​ដល់​កម្ចី ជាង​នេះ​ទៅ​ទៀត ទម្លាក់​ប្រាក់​កម្ចីនូវការ​ប្រាក់​ទាប និង​បង្កើត​ឱ្យ​មាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ថែ​រក្សាការងារជាដើម។

ក្រៅពី​នេះ ​វិស័យ​ហិរញ្ញវត្ថុ ក៏​នឹង​ត្រូវ​​ផ្ដល់​សាច់​ប្រាក់​ងាយ​ស្រួល​សម្រាប់​អន្តរការី​ហិរញ្ញវត្ថុ មាន​ការ​ការពារ​សាច់​ប្រាក់​នៅ​លើ​ទីផ្សារ ការ​ទម្លាក់​លុយ​ឱ្យ​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប និង​មាន​ការ​ធានា​ពី​រដ្ឋាភិបាលចំពោះ​បំណុល។

ជារួម​ វិបត្តិ​សេដ្ឋកិច្ច​នីមួយ​ៗ​បាន​ធ្លាក់​បន្ទុក​ខ្លាំង​មក​លើ​រដ្ឋ​ក្នុង​ការ​ចាត់​ចែង​ដឹកនាំ ដោយ​ថា វិស័យ​នីមួយ​ៗ​ត្រូវ​ពឹង​ផ្អែក​លើ​យន្ត​ការ​របស់​រដ្ឋ​ទាំង​ស្រុង​ក្នុង​ការចាត់ចែង ដែលការចាត់ចែងគោល​នយោបាយ​ដែល​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​នឹង​អាច​ជួយ​ដល់​វិស័យ​ទាំង​នោះ​ឱ្យ​មាន​លំនឹង និង​រក្សា​សេដ្ឋកិច្ច​ជាតិ​បាន​។

ឆ្លង​តាម​ការលើក​ឡើង​​ខាង​លើ​នេះ ​យើង​អាច​ទាញ​បានថា​ ការ​បញ្ចេញ​កញ្ចប់​ថវិកាក្នុង​ទំហំ​មួយ​​ដើម្បីទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ និងមាន​​គោល​នយោបាយ​ច្បាស់​លាស់​លើ​បញ្ហា​នេះ គឺ​ជា​ការ​ចាំ​បាច់​ក្នុង​ការ​​រក្សា​ជីវភាព​ប្រជាពលរដ្ឋ​ និង​ការងារ​របស់​ពួកគេ​ ខណៈ​ត្រូវ​ជួយ​អាជីវកម្ម​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ តាមរយៈ​ការ​ពន្យារ​ការ​សង​លុយ​ធនាគារ ពន្យារ​ការ​បង់ពន្ធ មាន​ការ​ធានា និង​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​រដ្ឋ ជាង​នេះទៅ​​ទៀត ​រដ្ឋ​ក៏​ត្រូវ​ធានា​ចំពោះ​វិស័យធនាគារ​នូវ​បំណុល​របស់​ពួកគេ និង​ការពារ​កុំ​ឱ្យ​មាន​ឱនភាព​ថវិកាក្នុង​ពេល​ដែល​មាន​វិបត្តិ​នេះ​ផង​ដែរ។

ដូច​ដែល​អ្វី​ដែល​ IMF លើក​ឡើង​អ៊ីចឹង​ ដែល​ថា ​​ការ​ធានា​ដល់​កម្ម​ករ​ពី​ការងារ​ ពលរដ្ឋ​មិន​បាត់បង់​ផ្ទះ​សំបែង ក្រុម​ហ៊ុន​មិន​ក្ស័យ​ធន​ ហើយ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រក្សា​នោះ​ ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មិន​ពិបាក​នោះ​ទេ​។

គោល​នយោបាយ​សេដ្ឋកិច្ច​របស់​កម្ពុជាក្នុង​ពេល​ប្រឈម​នឹង​កូវីដ១៩

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ ទី​៧ ខែ​មេសា​កន្លង​ទៅ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ស្គាល់​ពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ដែល​កើត​ចេញ​ពី​ជំងឺ​កូវីដ​១៩​នេះ តែ​លោក​ថា អ្វី​ដែល​សំខាន់​គឺ​បញ្ហា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ជា​មុន​សិន​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​ថា៖ «យើង​ទើប​តែ​គិត​ត្រឹម​ម្សិល ​មាន​ជិត​ ១០០​រោង​ចក្រដែល​បាន​បិទទ្វារ បិទទ្វារ​ដោយ​ខ្វះវត្ថុធាតុ​ដើម និង​បិទទ្វារ​ដោយ​ខ្វះ​អ្នក​បញ្ជាទិញ ឬអ្នក​បញ្ជាទិញ​បាន​បញ្ជា​រួច​ហើយ តែ​គេ​មិន​យក​ទំនិញតាម​ការ​សន្យា។ តែ​អ្វី​ដែល​ជា​វិធាន​ការ​ហ្មត់ចត់​របស់​រដ្ឋាភិបាល​កុំ​ឱ្យ​ប្រជាជន​ខ្វះ​អង្ករ​ច្រក​ឆ្នាំង នេះ​ជា​កម្រិត​នៃ​ការ​ខិត​ខំ»។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន បាន​ឱ្យ​VOD ដឹង​តាម​សារ​អេឡិច​ត្រូនិច​តេឡេក្រាមថា ​ក្រៅពី​យន្ត​ការ​ជួយ​នេះ​ រដ្ឋាភិបាល​ក៏​មាន​វិធាន​ការ​មួយ​ចំនួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ដែល​គិត​ជា​តម្លៃ​រួម​មិន​តិច​ជាង ៤រយ​លានដុល្លារ​នោះ​ទេ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា គោល​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​មាន​៤ គឺ​ការ​បង្កើន​លុយ​សម្រាប់​ប្រឆាំង​នឹង​កូវីដ១៩ ដែល​អាច​មាន​ប្រមាណ​ ១០០លានដុល្លារ ការ​ជួយ​ដល់​ជន​រងគ្រោះ​ដើម្បី​រក្សា​លំនឹង​ជីវភាពតាម​រយៈ​គម្រោង​សាច់​ប្រាក់​ពលកម្ម និង​គម្រោង​បណ្ដុះ​បណ្ដាល​ជំនាញទន់​ដែល​មាន​មាន​ទំហំ​ប្រាក់​ប្រមាណ​ ៣០០លានដុល្លារ ការ​ធានា​ដល់​ការ​លំបាក និង​បញ្ហា​ប្រឈមរបស់​អ្នក​រក​ស៊ី បង្កើនតម្រូវ​ការ​ក្នុង​ស្រុក​ជា​ពិសេស​ទាក់ទង​នឹង​វិស័យ​កសិកម្ម ស្បៀង​អាហារ និងការ​ធានា​នូវ​សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សង្គម។ ​

លោក​សរសេរ​ថា៖ «កម្ពុជាបានដាក់ចេញនូវផែនការមេ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីត្រៀមប្រយុទ្ធនឹងជំងឺរាតត្បាតនេះរួចហើយ ក៏ដូចជាដើម្បីសម្រាលផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ចកម្ពុជា ដូចជា ការដាក់ចេញនូវវិធានការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកា នៅក្នុងក្របខណ្ឌនៃច្បាប់ថវិកាជាតិឆ្នាំ២០២០ ផែនការមេសម្រាប់ទប់ស្កាត់ ស្រាវជ្រាវរក និងឆ្លើយតបទៅនឹងការគំរាមកំហែងពីជំងឺកូវីដ-១៩។ ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងសភាពការណ៍ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការចាំបាច់បន្ទាន់ជាបន្តបន្ទាប់មួយចំនួនទៀត ដើម្បីជួយដោះស្រាយផលប៉ះពាល់ដល់គ្រប់តួអង្គ ពិសេសធុរជន និងក្រុមប្រជាជនងាយរងគ្រោះ ដើម្បីរក្សាស្ថិរភាពសង្គម លំនឹងនៃធុរកិច្ច និងលំនឹងនៃជីវភាពរស់នៅ»។

ទោះ​ជា​យ៉ាង​ណា ​សម្រាប់​អ្នក​តាម​ដាន​យល់​ថា វិធាន​ការ​ទាំង​នេះ​ហាក់​នៅ​តិច​តួច​នៅ​ឡើយ​ បើ​ធៀប​ទៅ​នឹង​ទំហំ​ដែល​​បានប្រឈម​។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី៖ «សម្រាប់​ខ្ញុំ​ៗតែង​តែ​លើក​ទឹក​ចិត្ត​នូវ​រាល់វិធាន​ការ​ទាំង​ឡាយ​ណារ​បស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ ទោះ​បី​ជា​ពេល​នេះយើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រ​លំបាក​នោះ តែ​បើ​យើង​មើល​ពី​ស្ថាន​ភាព​នៃ​តម្រូវ​ការ​នោះ​គឺ​វា​ធំ​ជាងនេះ។ ​[…] មែនទែន​ទៅ​ វា​ពិបាក​និយាយ​បន្ដិច​ ដោយ​សារ​តែ​សេដ្ឋកិច្ច​ស្រុក​យើង​វាមាន​ភាព​ផិត​ផើយ​ បាន​ព្រឹក​ទុក​​ល្ងាច​ បានល្ងាច​ទុក​ព្រឹក ដល់​អ៊ីចឹ​ងទៅ​ ដល់​ពេល​ដែល​យើង​ជួប​វិបត្តិ​កូវីដ​នេះ​ យើង​ហាក់​បី​ដូច​ជា​ពិបាក​ក្នុង​ការ​លៃ​លក ហើយ​យើង​ដឹង​ហើយ​ថា ​រដ្ឋាភិបាល​គាត់​បាន​ត្រៀម​សម្រាប់​តែ EBA ទេ ​កាល​ពី​បី​បួន​ខែ​មុន​»។

អនុសាសន៍

អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្ដោត​ និង​មាន​វិធាន​ការ​បន្ថែម​ទៀតនៅ​ពេល​នេះ​​គឺ ការ​ទម្លាក់​កញ្ចប់​លុយ​ពី​រដ្ឋ និង​វិធាន​ការ​ច្បាស់​លាស់​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ វិស័យ​ឯកជន និង​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​កំណត់​ពី​ជន​រងគ្រោះ​នៃ​វិបត្តិ សហគ្រាស​​ដែល​រង​ផល​ប៉ះពាល់ និង​ស្ថាប័ន​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​ជំនួយ ជាជាង​បណ្ដោយ​ឱ្យ​ស្ថាប័ន​ទាំង​នោះ​ដួល​រលំ​ធ្វើ​ឱ្យ​មនុស្ស​អត់​ការងារ​ធ្វើ​កាន់​តែ​ច្រើន ដែលនៅពេល​នោះ ​បន្ទុក​សង្គម​គឺ​កាន់​តែ​ធ្ងន់ធ្ងរ។

សម្រាប់​លោក​បណ្ឌិ​​ត មាស នី វិញ​ យល់​ថា ដើម្បី​ជួយ​ដល់​ការ​រក្សា​សេដ្ឋកិច្ច​ រដ្ឋាភិបាល​ត្រូវបញ្ចេញ​គោល​នយោបាយ​ឱ្យ​បាន​ច្បាស់​ពី​ការ​ចាត់​ចែង​លុយ ថា​លុយ​ទំហំ​ប៉ុន្មាន​ត្រូវ​ត្រៀម​សម្រាប់​ពលរដ្ឋ​ លុយ​ទំហំ​ប៉ុន្មាន​ត្រូវ​ត្រៀម​សម្រាប់វិស័យ​ឯកជន និង​នីតិ​វិធី​ដែល​លុយ​ទាំង​នោះ​បាន​ដល់​ដៃ​អ្នក​រង​គ្រោះផង​ដែរ។ ជា​ង​នេះ​ទៅ​ទៀត​ លោក​បន្ថែម​ថា ​វា​ដល់​ពេល​ដែល​រដ្ឋ​ត្រូវ​សម្រេច​ចិត្ត​មួយ​ដែល​ត្រូវ​បង្កើន​វិធាន​ការ​ឱ្យ​បាន​ខ្លាំង​ក្លា​ទូទាំង​ប្រទេស​ហើយ​ ដើម្បី​បញ្ចប់​​វិបត្តិ​កូវីដ​១៩ និង​ទាញ​ស្ថាន​ការ​ឱ្យ​អាច​វិល​ត្រលប់​មក​វិញ​ដូច​ដើម។

លោក​បណ្ឌិត​ មាស នី លើកឡើងថា​៖ «មួយ​គឺ​រឹត​ឱ្យ​តឹង ​ធ្វើយ៉ាង​ម៉េច​ឱ្យ​ការ​គ្រប់គ្រង​ជំងឺ​ហ្នឹង​ឆាប់​ចប់​ទៅ​វិញ​ដើម្បី​ឱ្យ​ជីវិត​មនុស្ស​ ហើយ​និង​ជីវិត​សេដ្ឋកិច្ច ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ អាហ្នឹង​វា​ឈឺ​ចាប់ ​តែ​យើង​ខាត​បង់​តិច ហើយ​យើង​ឆាប់​វិល​មក​រក​ស្ថាន​ភាព​ធម្មតា​វិញ​។ តែ​បើ​យើង​មិន​ធ្វើ​ឱ្យ​តឹង​តែ​ង​ទេ យើង​នៅ​តែ​យោគ​យល់​បណ្ដែត​បណ្ដោយ​ ហើយពលរដ្ឋ​គាត់​មិន​សូវ​គោរព​វិន័យ​ទេ ​វា​នឹង​ធ្វើ​ឱ្យ​បញ្ហា​នឹង​កើត​កាន់​តែ​រ៉ាំរ៉ៃ​តទៅ​ទៀតហើយ​យើង​ដឹង​ហើយ​ថា​ ពី​មួយខែ​ទៅ​មួយ​ខែ ​ជំងឺបើ​កាន់​តែ​រ៉ាំរ៉ៃ​ សេដ្ឋកិច្ច​វា​កាន់​តែ​ដុន​ដាប​ទៅៗ ដែល​វា​នឹង​រាលដាល​ទៅ​ដល់​រឿង​អ្វី​ផ្សេង​ទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ