កម្ពុជា​​សង្ឃឹម​​ថា ទំនាក់​ទំនង​ជា​​មួយ​​អាមេរិក​នឹង​​លើក​​កម្ពស់​​កាន់​​តែ​​ខ្លាំង​​ថែម​​ទៀត​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

កម្ពុជា​សង្ឃឹម​ថា ​មិត្ត​ភាព​កម្ពុជា-អាមេរិក​ នឹង​ត្រូវ​បាន​បង្កើន​ប្រសើរឡើង​ថែម​ទៀត ក្រោយ​ពី​អាមេរិក​ផ្ញើ​សារ​អបអរ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ចុង​សប្ដាហ៍​មុន​។

ក្នុង​លិខិត​ឆ្លើយ​តប​​ចុះ​ថ្ងៃ​ទី​១៣ ខែមេសា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​អរគុណ​ចំពោះ​ការ​ការ​ជូន​ពរ​របស់​សហរដ្ឋ​អាមេរិក​ ជូន​ដល់​ប្រជាជន​កម្ពុជា ​ក្នុង​ឱកាស​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ពេល​នេះ។

ក្រសួង​ការបរទេស​បាន​សរសេរ​ថា៖ «រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ បាន​វាយ​តម្លៃ​ចំពោះ​មិត្ត​ភាព​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ទំនាក់ទំនង​ជិត​ស្និទ្ធ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​លើក​កម្ពស់​ថែម​ទៀត​ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា»។

ការ​ឆ្លើយ​តប​នេះ ​គឺ​បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក​ផ្ញើសារជូន​ពរ​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៩ ខែមេសា ដែល​មាន​អត្ថន័យ​ខុស​ពី​ឆ្នាំ​មុន។

ការ​ជូន​ពរក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២០​នេះ លោកស្រី​ MORGAN ORTAGUS អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូន​ពរ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មាន​សេចក្តី​សុខសប្បាយ និង​បាន​វាយ​តម្លៃ​ខ្ពស់​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ និង​សង្ឃឹម​ថា ​មិត្តភាពរបស់ប្រទេស​ទាំង​ពីរ​នឹងមានភាពកាន់តែជ្រាលជ្រៅរាប់ឆ្នាំទៅមុខទៀតផង​ដែរ។

ក្នុង​សារ​ជូន​ពរ​នោះ​បាន​លើក​ឡើង​ថា៖ «ឆ្នាំនេះ ពេលនេះ បង្ហាញឱ្យឃើញនូវវប្បធម៌​ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់​ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន​ នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនង​នេះ ធ្វើឱ្យ​យើងមានការតាំងចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងមាននៅចំពោះមុខយើង ហើយ​យើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅនៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត»។

ការ​ជូន​ពរ​នេះ​មាន​ភាព​ខុស​ប្លែក​ពី​ការ​ជូន​ពរ​កាល​ពី​ឆ្នាំ​២០១៩ ដោយ​នៅពេល​នោះ ​ក្រសួង​ការបរទេស​អាមេរិក​បាន​សរសេរ​យ៉ាង​ខ្លីតែ​ក្នុង​អត្ថន័យ​ជំរុញមួយ​​​ថា៖

«ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​អាមេរិក គឺផ្អែកលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​ សន្តិភាព វិបុលភាព និង​សេរីភាព។ សូម​ឱ្យ​ចំណង​មិត្ត​ភាព​នេះ​កាន់​តែ​ស៊ីជម្រៅ​នៅ​ឆ្នាំ​ខាង​មុខ​»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា យល់​ថា ​ការ​ខិត​ចូល​ជិត​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ ​ជា​ការ​បញ្ជាក់​នៃ​ការ​រក្សា​ទំនាក់ទំនង​ ៧០​ឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះគ្នា​ក្នុង​ពេល​មាន​វិបត្តិកូវីដ១៩ ​កើត​ឡើង​ក្នុង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក​បណ្ឌិត​ គិន ភា៖ «ជា​និច្ច​ជា​កាល ​ខ្ញុំ​មើល​ទៅ​ទំនាក់​ទំនង​កម្ពុជា​សហរដ្ឋ​អាមេរិក តាំង​ពី​ដើម​ទី​មក គឺ​ជា​ទំនាក់ទំនង​ផ្អែម​ល្ហែម និង​ល្វីងជូរ​ចត់​ គឺ​កម្រ​ឃើញ​ថា ​ផ្អែម​រហូត ឬ​ល្វីង​រហូត​ណាស់។ ដោយ​សារ​តែ​ទំនាក់ទំនង​នោះ ​វា​ហាក់បី​ដូចជា​ចងភ្ជាប់​ជា​មួយ​ហ្នឹង​របៀប​វារៈ​នយោបាយ​ច្រើន​ជាង។ ជា​ទូ​ទៅ​ សហដ្ឋអាមេរិក ​គាត់​មាន​របៀប​វារៈ​នយោបាយ​របស់​គាត់​ ហើយ​ប្រទេស​កម្ពុជា​វិញ​ ក៏​ស្ថិត​នៅ​ក្នុង​ជម្រើសការ​បរទេស​ដ៏​លំបាក​មួយ​ដែរ»។

លោក​ឱ្យ​ជា​យោបល់​ថា​ ដើម្បី​រក្សា​ភាព​ផ្អែមល្ហែម​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​យូរ​អង្វែង កម្ពុជា​ អាមេរិកត្រូវ​បង្ហាញ​នូវ​ភាព​ជឿទុក​ចិត្ត​រវាង​គ្នា​និង​គ្នា ដោយ​ឈរ​លើ​គោល​ការណ៍​ផល​ប្រយោជន៍​នៃ​ប្រជាជន​ទាំង​ពីរ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​៨​ ខែមេសា ក្នុង​ការ​ជួប​សំណេះ​សំណាល​រវាង​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក Mike Pompeo បានធ្វើ​អំណរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ ចំពោះ​ការ​ជួយ​របស់​ប្រទេស​ទាំង​ពីរក្នុង​ពេល​ពិភព​លោក​មាន​វិបត្តិ​កូវីដ​១៩។ នៅ​ពេល​នោះ ​លោក ​ហ៊ុន សែន ក៏​បាន​អគុណ​ចំពោះ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អាមេរិក​ Pease Corps ដែល​ត្រូវបាន​លោក ​ហ៊ុន សែន ចាត់​ទុក​ថា​ ជា​ការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ទំនាក់ទំនង​កម្ពុជា-អាមេរិក​ ត្រូវ​បាន​ប្រែ​ជា​សោះអង្គើយ​កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ ​​ក្រោយពី​រដ្ឋាភិបាលចាប់​ខ្លួន​លោក កឹម សុខា និង​​ប្រកាស​កម្ចាត់​ចលនា​បដិវត្តន៍​ពណ៌​ដែល​មាន​ការ​រៀប​ចំ​ដោយ​បរទេសចេញ​ពី​ប្រទេស​។ ក្នុង​យុទ្ធនាការ​នេះ​មាន​អង្គការ​ជាច្រើន​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ដូច​ជា​ NDI USAID Peace corps ជា​ដើម ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ​ជា​ក្រុម​គាំទ្រ​ចលនា​បដិវត្តន៍​ពណ៌ទាំង​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ