អ្នក​នយោ​បាយ​ផ្ញើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ផ្តោត​លើ​ការ​ប្រឆាំង​កូវីដ​១៩​

លោក ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ)

អ្នកនយោបាយល្បីលេចធ្លោ ៣រូប ផ្ញើសារជូនពរក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីបង្ហាញពីជំហរនយោបាយរៀងៗខ្លួន តែមានចំណុចរួមគ្នាត្រង់ជំរុញឱ្យមានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាលនៅកម្ពុជាក៏ដូចជានៅលើពិភពលោក។​

សម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ​ផ្ញើរសារជូនពរ​ពលរដ្ឋតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន​ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ​ប្រសិនបើខ្មែរយើងចេះជួយគ្នា ចេះរួបរួមគ្នា គឺមិនត្រឹមតែ​អាចយកឈ្នះលើជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែ ខ្មែរក៏អាចយកឈ្នះឧបសគ្គទាំងឡាយ​ ដើម្បីប្រែក្លាយជាប្រយោជន៍ជាតិថែមទៀតផង។

ទំព័រហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «បើប្រជាពលរដ្ឋខ្មែរចេះគោរពស្រឡាញ់គ្នា ​ជួយគ្នា អត់ឱនឱ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19 ទេ បន្ទាប់ពីនេះទៅទៀត ឱ្យតែខ្មែររួបរួមគ្នា យើងនឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់ប្រជាជាតិយើងបានជាមិនខាន។​ ព្រោះអ្វីៗវាអាចកើតឡើងជួនកាលដោយសារធម្មជាតិ ឯបញ្ហាខ្លះដោយសារមនុស្សជាអ្នកបង្កើត ហើយមនុស្សក៏នឹងអាចដោះស្រាយវិញបាន គឺអាស្រ័យលើឆន្ទៈ»។

លោក កឹម សុខា បន្តថា កម្ពុជា ក៏ដូចបណ្តាប្រទេសជាច្រើននៅលើពិភពលោក បាន​កំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ (COVID-19) ធ្វើឱ្យពលដ្ឋខ្មែរទាំងអស់គ្នាមានការ​បារម្ភ មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។

ជាមួយគ្នានេះ លោកសូមឱ្យពលរដ្ឋមានភាពអត់ធ្មត់ ដោយរក្សាអនាម័យ​ និងការពារសុខភាពតាមការណែនាំរបស់សមត្ថកិច្ច។ ក៏ប៉ុន្តែ លោកជំរុញឱ្យបងប្អូនពង្រឹងស្មារតីឱ្យរឹងមាំទាំងផ្លូវកាយ​ និងផ្លូវចិត្ត ដោយជឿជាក់ថា មនុស្សលោកនឹងយកឈ្នះលើជំងឺកូវីដ១៩​ ក្នុងពេលឆាប់ៗនេះជាមិនខាន។

ដោយឡែក សម្រាប់សារជូនពរពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ​ បានជូនពរ​ជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩ ពិសេសត្រូវនាំគ្នាចូលរួមទប់ស្កាត់ប្រឆាំងនឹងជំងឺឆ្លងសាហាវមួយនេះ ។

ហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករកម្មការិនីទាំងអស់ ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹមនឹងនេះ​ សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសុខភាពអាយុជីវិតទាំងអស់គ្នា»។

សម្រាប់សារជូនពរ​របស់អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី ​ក៏បានជូនពរឱ្យបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ ចៀសឆ្ងាយផុតពីរោគាទាំងពួង ជាពិសេស ចៀសឆ្ងាយ​ពីជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងពិភពលោក។

លើសពីនេះ លោកក៏មិនភ្លេច​បួងសួងសុំឱ្យកម្ពុជាបានស្គាល់នូវលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ពិតប្រាកដនៅឆ្នាំថ្មីនេះ។

ហ្វេសប៊ុកលោក សម រង្ស៊ី សរសេរថា៖ «ចំពោះប្រទេសកម្ពុជាយើង ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក — ហើយខ្លួនខ្ញុំ និងអ្នកតស៊ូទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ និងក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យើងក៏នឹងខិតខំខ្លួនយើងទាំងអស់គ្នា ធ្វើយ៉ាងណា — ឱ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដក្នុងឆ្នាំថ្មីនេះ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា​ សារជូនពរ​​របស់អ្នកនយោបាយខ្មែរទាំងនេះ ជារឿងល្អ ប៉ុន្តែ នៅមានចំណុចខ្វះខាតជាច្រើនទៀត ពិសេសសារជូនពររបស់ថ្នាក់ដឹកនាំរដ្ឋ។

​លោកបន្តថា សារជូនពរណែនាំឱ្យមានការបង្រួបបង្រួមជាតិ សាមគ្គីជាតិ អត់អោន និងស្រលាញ់គ្នា​ ​ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ​ គប្បីចេញពីប្រមុខដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន តែម្តង ត្បិតជាមនុស្សមានអំណាច​រដ្ឋក្នុងដៃ និយាយទៅនឹងមានគេស្តាប់ច្រើន ពិសេសបង្ហាញភាពជាគំរូក្នុងស្ថានភាពប្រទេសកំពុងមានវិបត្តិដោយជំងឺកូវីដ១៩។

លោកមានប្រសាសន៍ថា៖ «គេយកឱកាសហ្នឹង ដើម្បីប្រមូលកម្លាំងជាតិយើងទាំងមូល​ ហើយក៏ពង្រឹងសាមគ្គី  ឯកភាពជាតិផងដែរ។ រួចគេមិនគិតអំពីការកេងចំណេញខាងនយោបាយ​ខាងនេះខាងណោះអីទេ គឺជាតិទាំងមូល។ ពេលអីចឹងៗហើយ ដែលនាំឱ្យប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ ឱ្យសាមគ្គីគ្នា។ អត់គិតរឿងបក្ខពួក អត់គិតចាត់ទុកគ្នាជាខ្មាំងសត្រូវអីទេ។ បាទ! »។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​ យ៉ង សាំង​កុមារ បានលើកឡើងកាលពីថ្ងៃអាទិត្យ អំពីស្ថិរភាពនយោបាយ និងឯកភាពជាតិ ពេលប្រទេសជួបវិបត្តិកូវីដ១៩ គឺត្រូវនៅលើគោលការណ៍សំខាន់ ៣ នោះគឺ ទី១ ​អ្នកនយោបាយត្រូវឯកភាពថា ជំងឺកូវីដ១៩ ទាំងបញ្ហាអាសន្នរោគ និងបញ្ហាសេដ្ឋកិច្ច ជាបញ្ហារួមរបស់ជាតិខ្មែរ។

​ដោយឡែកទី២ ត្រូវឯកភាពថា អ្នកនយោបាយ និងប្រជាពលរដ្ឋ អាចមានទស្សន:ផ្សេងគ្នាទាក់ទងទៅនឹងវិធានការ និងដំណោះស្រាយ ហើយការមានទស្សន:ផ្សេងគ្នាលើបញ្ហាជំងឺនេះជារឿងធម្មតា ដោយមិនត្រូវចាត់ទុកគ្នា​ជាសត្រូវដែលត្រូវចាប់ចង ឬស្អប់គុំកួនគ្នាទៅវិញទៅមក​នោះឡើយ។

​ចុងក្រោយ ត្រូវឯកភាពថា រាល់ការសម្រេចចិត្តលើវិធានការ និងដំណោះស្រាយទប់ទល់វិបត្តិកូវីដ១៩ ជាសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ