លោក ហ៊ុន សែន ប្រាប់​​ឱ្យ​​ពលរដ្ឋ​​ទប់​ស្កាត់​​មិន​​ឱ្យ​​របប​​ខ្មែរ​ក្រហម​​កើត​ឡើង​​នៅ​​កម្ពុជា​​ម្តង​​ទៀត​

ការបើកពិព័រណ៌នៅសារមន្ទីរទួលស្លែង ដើម្បីអបអរខួប ៤០ឆ្នាំ នៃការបើកដំណើររបស់ខ្លួន ឆ្នាំ២០១៩។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ថា ក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​របស់​របប​ ប៉ុល ពត អស់​រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺ​បាន​ធ្វើឱ្យប្រជាពលរដ្ឋ​ស្លាប់​បាត់បង់ជីវិត​អស់​ជាច្រើន​លាន​នាក់ ហើយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​របប​នេះ​កុំឱ្យ​កើតមាន​នៅ​កម្ពុជា​ជាថ្មី​ទៀត។

សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ លោក ហ៊ុន សែន លើកឡើង​ថា ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជា​ខួប​លើក​ទី ៤៥ឆ្នាំ នៃ​ការ​ឡើង​កាន់អំណាច នៃ​របប “កម្ពុជា​ប្រជាធិបតេយ្យ​” ក្លែងក្លាយ ដែល​បន្ទាប់មក​បាន​ក្លាយទៅជា​របប “ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត” ឬហៅ​ថា “របប​ខ្មែរក្រហម​”

លោក​បន្ត​ថា ចំ​ថ្ងៃនេះ កាលពី ៤៥ឆ្នាំមុន គឺជា​ថ្ងៃ​ដែល​របប​អាវ​ខ្មៅ បាន​បង្ខំ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​ឱ្យចាកចេញ​ទៅតាម​បណ្តា​ខេត្ត និង​ជម្លៀស​ទៅកាន់​ជនបទ ដោយបង្ខំ​ឱ្យ​ធ្វើការ​ដូច​គោក្របី​ទាំងយប់​ទាំង​ថ្ងៃ​ គ្មាន​ពេលសម្រាក និង​មិនបាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ ដែល​ពលរដ្ឋ​ត្រូវ​ចង់ចាំ និង​ទប់ស្កាត់​មិន​ឱ្យ​ព្រឹត្តិ​ការណ៍​បែបនេះ​កើតឡើង​ជាថ្មី​ទៀត។

ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន សែន សរសេរ​ថា៖ «យើង​ចងចាំ​របប​ដ៏​ព្រៃផ្សៃ​នេះ ហើយ​ចូលរួម​ទប់ស្កាត់​កុំ​ឱ្យកើតឡើង​សារ​ជាថ្មី​នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជា​ថ្ងៃ​ដែល​កម្លាំង​ខ្មែរក្រហម​បាន​វាយ​យក​រាជធានី​ភ្នំពេញ ដោយ​គេ​សន្មត់​ជា​ផ្លូវការ​ថា ជា​ថ្ងៃ​មេដឹកនាំ​ខ្មែរក្រហម​ឡើង​កាន់អំណាច ​ឬដឹកនាំ​ប្រទេស ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ សា​ឡុ​ត ស ហៅ ប៉ុល ពត, នួន ជា, ខៀវ សំ​ផន, អៀង សារី និង​មនុស្សជា​ច្រើន​ទៀត។ 

របប​នេះ ត្រូវ​បាន​ដួល​រលំ​ទៅវិញ​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពី​ដឹកនាំ​ប្រទេស​បាន​រយៈពេល​ជិត ៤ឆ្នាំ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ចន្លោះ​ពី ១លាន ៧សែន​នាក់ ទៅ ២លាន ២សែន​នាក់​ បាន​ស្លាប់។ លោក នេត្រ ភក្ត្រា លើកឡើង​ថា មនុស្ស​យ៉ាងច្រើន​បាន​បាត់បង់ជីវិតក្រោម​របប​ខ្មែរក្រហម ដោយ​អំពើ​អមនុស្ស​ធម៌​ផ្សេង​ៗ ដូចជា ​ការ​ជម្លៀស​ដោយបង្ខំ ការ​ធ្វើទារុណកម្ម អំពើ​មនុស្សឃាត ការ​បង្ខំ​ឱ្យធ្វើ​ការងារ ទុរ្ភិក្ស និង​គ្មាន​ថ្នាំ​ព្យាបាល​ ជាដើម។ 

៤៥ឆ្នាំក្រោយ​មក លោក​ថា មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នកទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ទាំងនេះ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ក្នុង​តុលាការ​ខ្មែរក្រហម។

លោក​សរសេរ​ថា៖ «៤៥ឆ្នាំក្រោយ​មក មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​អ្នកទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ ​ត្រូវ​បាន​នាំខ្លួន​មក​ជំនុំជម្រះ​ក្តី​នៅចំពោះមុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ជា​តុលាការជាតិ​ ដោយមាន​ការចូលរួម​ពី​អន្តរជាតិ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ស្វែងរក​ការពិត​ជូន​ប្រជាជន​កម្ពុជា ផ្សះផ្សា​ផ្លូវចិត្ត ផ្សះផ្សា​ជាតិ និង​ការ​ចងចាំ»។

សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក កែវ ដួង មានប្រសាសន៍​ថា ដើម្បី​ចៀសវាង​កុំឱ្យ​របប​ខ្មែរក្រហម​ ឬរបប​ស្រដៀង​នេះ​ កើតឡើង​នៅ​កម្ពុជា​សារ​ជាថ្មី​ទៀត ត្រូវ​នាំ​យក​អតីត​អ្ន​កដឹ​កនាំ​ ឬអ្នកមាន​ការទទួលខុសត្រូវ​ខ្ពស់​សម័យ​នោះ ​យក​មក​កាត់ទោស​ចំពោះមុខ​ច្បាប់ ដូចដែល​សាលា​ក្តី​ខ្មែរក្រហម​បាន​ធ្វើ។ 

បន្ថែម​ពីនេះ ពង្រីក​ចំណេះដឹង​សម័យ​នោះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​យុវជន​ជំនាន់​ក្រោយ​ និង​ថ្នាក់ដឹកនាំ ដើម្បី​ចៀសវាង​ឈាន​ទៅរកដាន​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​នេះ​បន្ត​ទៀត។ លើស​ពីនេះ​ លោក​ថា ត្រូវ​ពង្រឹង​នីតិរដ្ឋ​ និង​យុត្តិធម៌​សង្គម ដោយ​ការគោរព​ច្បាប់​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ព្រមទាំង​ចៀសវាង​ភាព​ជ្រុលនិយម​ដូច​អតីត​មេដឹកនាំ​សម័យ​ខ្មែរក្រហម​ជាដើម។ 

លោក​មានប្រសាសន៍​ថា៖ «ដើម្បី​ទប់ស្កាត់​ហ្នឹង គឺ​យើង​មើលទៅ​នីតិរដ្ឋ។ មានន័យថា​ម៉េច​? មានន័យថា​អយុត្តិធម៌​សង្គមនៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង មិន​ត្រូវ​បាន​យក​ច្បាប់​យក​មក​ដោះស្រាយ​ទេ។ បញ្ហា​នៅក្នុង​សង្គម​ ឬបបញ្ហា​ទាំងអស់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង គឺ​មិន​មាន​យក​ច្បាប់​មក​ដោះស្រាយ​ទេ។ ការ​ចាប់​មនុស្ស សង្ស័យ​ថា​ក្បត់ សង្ស័យ​ថា​ប្រឆាំង សង្ស័យ​ថា​ភ្នាក់ងារ​អ្វីមួយ​ទៅ គឺ​យក​ទៅ​សួរចម្លើយ យក​ទៅ​សម្លាប់ ដោយ​មិនបាន​ឆ្លងកាត់​ប្រព័ន្ធ​តុលាការ​ត្រឹមត្រូវ​ទេ។ អីចឹង​ពាក្យ​ថា ​នីតិរដ្ឋ​ នៅក្នុង​សង្គម​សម័យ​ទំនើប​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​របប​ស្រដៀង​ហ្នឹង​កើតឡើង​ម្តង​ទៀត។ » 

សាស្ត្រា​ចារ្យ​ដដែល លើកឡើង​ថា ព្រឹត្តិ​ការណ៍ ១៧ មេសា ១៩៧៥ ដែល​ជា​ថ្ងៃកំណត់​នៃ​ការ​ឡើង​កាន់អំណាច​របស់​ក្រុម​ខ្មែរក្រហម ដោយ​ផ្លាស់​ប្តូរ​ពី​របប​ លន់ ណុល ទៅ របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ ជា​ការ​ផ្លាស់​ប្តូរ​ដោយ​សង្រ្គាម​បង្ហូរឈាម។ 

លោក​បន្ត​ថា ព្រឹត្តិ​ការណ៍ ១៧ មេសា ​នោះ ក៏​ជា​ការ​ចាប់ផ្តើម​កម្ចាត់​ចោល​នូវ​មន្ត្រី​រាជការ​របបចាស់ ឬអ្នក​ដែល​មាន​ទស្សនៈ​ប្រឆាំង​ខ្លួន​ជា​ទ្រង់ទ្រាយ​ធំ ពីសំណាក់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម។ ទាំងនេះ លោក​ថា ក៏​សុទ្ធតែ​ជា​ចំណុច​ដែល​មេដឹកនាំ និង​ពលរដ្ឋខ្មែរ​គួរចៀសវាង​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ