មន្រ្តី​ក្រសួង​រ៉ែ​ថា តំបន់​អូរខ្វាវ​នៅ​មណ្ឌល​​គិរី​អាច​ទាញយក​មាស​បាន​ជិត​១​លាន​តម្លឹង​

អគ្គនាយក​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ​ លោក យស់ មុ​នីរ៉ាត់ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​កម្ពុជា​អាច​នឹង​មាន​រោងចក្រ​ចម្រាញ់​មាស​ដំបូង​គេ​ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ដែល​មាន​ទីតាំង​ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ដែល​អាច​ទាញ​យក​មាស​បាន​ជិត ១លាន​តម្លឹង​មាស។ 

ថ្លែង​ក្នុង​សន្និសី​ទសារ​ព័ត៌មាន​នៅ​ព្រឹក​នេះ ​អគ្គនាយក​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ​ លោក យស់ មុ​នីរ៉ាត់ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ ក្រុមហ៊ុន​មាស​អូស្ត្រាលី​មួយ​កំពុងធ្វើការ​សាងសង់​រោងចក្រ​ចម្រាញ់រ៉ែ​មាស​ខ្នាត​អន្តរជាតិ​មួយ ​នៅក្នុង​តំបន់​ជម្រករ៉ែ​ទី១ ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវ​សី​មា ខេត្តមណ្ឌលគិរី ដែល​តាម​ការវាយតម្លៃ ​នឹងអាច​ផ្ដល់​ជា​មាស​សុទ្ធ​បាន​ដល់ទៅ​ជិត ១លាន​តម្លឹង​មាស។ 

លោក​ យស់ មុ​នីរ៉ាត់ មានប្រសាសន៍​ថា៖ «ជិត ១លាន​តម្លឹង​ នៅ​ជម្រក​រ៉ែ​មាស​ទី១ នៅ​អូរខ្វាវ​ហ្នឹង ហើយ​យើង​សង្ឃឹមថា​ នៅពេល​ដែល​យើង​ចាប់ផ្ដើម​ដំណើរការ​អណ្ដូរ​រ៉ែ​ទី១ហ្នឹងហើយ តំបន់​នៅ​ជុំវិញ​ដែល​យើង​កំពុង​រុករក​ហ្នឹង​ យើង​នឹង​បាន​ទទួលជម្រករ៉ែ​ថ្មី​ៗទៀត។ ក្រោយពី​ជីក​អាហ្នឹង​អត់ នឹង​អានោះ​មក​បន្ថែម​ទៀត។ ឬមួយ​អានោះ​មិនទាន់​ជីក​អស់ ៣ ទៅ ៤ឆ្នាំក្រោយ​ មាន​រ៉ែ​ថ្មី​មក​បន្ថែម​ផលិតកម្ម​របស់​យើង​តទៅទៀត នេះ​ជា​ស្ថានភាព​ទូទៅ​នៃ​រ៉ែ​មាស​នៅ​កម្ពុជា»។

កាលពី​ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ដែល​មានឈ្មោះ Renaissance Minerals (Cambodia​) ដើម្បី​ធ្វើការ​ទាញ​យក​រយៈពេល ១៥ឆ្នាំ លើ​ផ្ទៃដី ១១,៥គីឡូម៉ែត្រ​ការ៉េ ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវ​សី​មា ខេត្តមណ្ឌលគិរី។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៣ ខែមីនា កន្លងទៅ ​ក្រុមហ៊ុន Emerald Resources NL ដែល​ជា​ក្រុមហ៊ុនមេ​របស់ Renaissance Minerals (Cambodia​) បានឱ្យ​ដឹង​ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មានតម្លៃ​ជាង ២៣០លាន​ដុល្លារ សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន MACA ថា​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់ និង​ទាញ​យក​មាស​នៅ​តំបន់​អូ​រខ្វាវ​ នឹងអាច​ដំណើរការ​បាន​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០២១ ខាងមុខ​ផង​ដែរ។ 

នាយក​គ្រប់គ្រង​ក្រុមហ៊ុន Emerald Resources លោក Morgan Hart បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖ «ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រ៉ែ​នេះ ធ្វើឡើង​ដោយ​ហ្មត់ចត់ និង​សហការ​ដំណើរការ​ជាមួយក្រុមហ៊ុន​ទាំងពីរ​ សម្រេច​ឱ្យ​បាន​តាមកាល​វិភាគ​រ៉ែ​សម្រាប់​ការ​អភិវឌ្ឍ និង​ប្រតិ​បត្ដិ​ការ​នៃ​គម្រោង​មាស​នៅ​តំបន់​អូ​រខ្វាវ។ ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រ៉ែ​នេះ ផ្តល់​ឱ្យ​យើង​នូវ​ទំនុកចិត្ត​កាន់តែ​ខ្លាំង ដើម្បី​សម្រេចគោលដៅ​របស់​យើង​ឱ្យក្លាយជា​អ្នក​ផលិត​មាស​ខ្នាត​ធំ​ដំបូងបង្អស់​នៅ​កម្ពុជា​ ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២១»។

គម្រោង​ទាញ​យក​រ៉ែ​មាស​ជាលើកដំបូង​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) ត្រូវ​គ្រោង​ធ្វើជា​លើកដំបូង​នៅ​ឆ្នាំ២០១៩ តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារ​វិញ​ដោយសារ​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិនទាន់​បញ្ចប់។

ទោះជាយ៉ាងណា​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​លោក នេត្រ ភក្ត្រា បានឱ្យ VOD ដឹង​តាម​សារ​អេឡិច​ត្រូ​និច​តេឡេក្រាម​ថា ក្រសួង​បាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​រួច​នៅ​ឆ្នាំ២០១៨មក​ម៉្លេះ។

លោក​សរសេរ​ថា៖ «គម្រោង​ដើម​លើ​ការស្រាវជ្រាវ មាន​ទំហំ​ប្រមាណ​ជិត ២ម៉ឺន​ហិ​កតា ប៉ុន្តែ​ក្រោយ​ការវាយតម្លៃ​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម ក្រសួង​សម្រេច​ផ្តល់​ជូន​ត្រឹម ១១៥០ហិ​កតា ហើយ​ផ្ទៃដី​ដែល​អាច​ធ្វើអាជីវកម្ម​បាន​មាន​ត្រឹម ៦០០ហិ​កតា​ប៉ុណ្ណោះ និង​នៅសល់​ពីនោះ​គឺ​សម្រាប់​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នា​នេះ ក្រុមហ៊ុនក៏​មាន​កាតព្វកិច្ច​បង់​ថវិកា​សម្រាប់​មូលនិធិ​បរិស្ថាន​​ផង​ដែរ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ មានប្រសាសន៍​ថា ​រាល់​ការ​វិនិយោគ​គឺ​តែង​លើក​ពី​លទ្ធផល​ដែល​រំពឹង​ទុក តែ​នៅទីបញ្ចប់​ កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​លើ​ធនធាន​ធម្មជាតិ​នេះ ដោយ​លោក​ជម្រុ​ញឱ្យ​មានការ​ពិនិត្យ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ធៀប​ទៅ​នឹង​ផល​ចំណេញ​នៃ​ការ​ទាញ​យក​នេះ​វិញ។ 

លោក​ សន ជ័យ លើកឡើង៖ «តាមពិត​ពេល​ដែលគេ​ [ក្រុមហ៊ុន​] បាន ខ្ញុំ​គិតថា ​វា​ជា​ផលប្រយោជន៍​របស់​គេ។ ចំពោះ​កម្ពុជា​យើង យើង​បានតែ​ផល​ពី​សួយសារ បានតែ​ផលប្រយោជន៍​មួយ​ដែល​ជា​ការកំណត់​រវាង​ក្រុមហ៊ុន​នឹង​រដ្ឋាភិបាល។ ហើយ​យើង​ចង់​ឃើញថា ​ផលប្រយោជន៍​នេះ​វា​បាន​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍ជាតិ។ កុំឱ្យ​ដូចជា​ការ​វិនិយោគ​ខ្លះ ដូចជា​ការ​វិនិយោគ​ផ្នែក​ថាមពល​អី​ជាដើម យើង​បានដឹង​អំពី​ទំហំ​នៃ​ការខូចខាត​ផ្នែក​បរិស្ថាន​ច្រើន តែ​នៅទីបញ្ចប់​ដូចជា​ភ្លើង​អ៊ីចឹង ភ្លើង​នៅតែ​ខ្វះខាត​នូវ​ការ​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដដែល។ អ៊ីចឹង​ ការ​វិនិយោគ​ផ្នែក​វារីអគ្គិសនី​នេះ ​ក៏​ជា​មេរៀន​សម្រាប់​ការ​វិនិយោគ​ផ្នែក​ផ្សេង​ៗទៀត​ដែល​ទាក់ទង​នឹង​ធនធាន​ធម្មជាតិ​ដែរ»។ 

បើ​តាម​អគ្គនាយក​ដ្ឋាន​រ៉ែ រហូតមកដល់​ពេលនេះ ​មិនទាន់​មាន​ក្រុមហ៊ុន​ធំ​ណាមួយ​អាច​ទាញ​យក​រ៉ែ​មាស​បាន​ពី​ក្នុង​ដី​កម្ពុជា​នៅឡើយ​ទេ ដោយសារ​បញ្ហា​បច្ចេកទេស និង​ការរៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​ក្រុមហ៊ុន​ទាំងនោះ ក្នុង​នោះ​មាន​ក្រុមហ៊ុន Mesco Gold របស់​ឥណ្ឌា ដែល​គ្រោង​នឹង​ទាញ​យក​រ៉ែ​មាស​នៅ​ឆ្នាំនេះ ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​មរណភាព​របស់​ម្ចាស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន Angkorwat cement ត្រូវ​បាន​ក្រសួង​​ដក​អាជ្ញាប័ណ្ណ​វិញ ​ក្រោយពី​មិនឃើញ​មានការ​វិវត្តន៍​ជា​វិជ្ជមាន​របស់​ក្រុមហ៊ុន​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ