រដ្ឋា​ភិបាល​នឹង​ឱ្យ​ពលរដ្ឋ​ខ្មែរ​១៥០​នាក់​ដែល​ជាប់​នៅ​​ម៉ា​ឡេ​ស៊ី​​ត្រឡប់​មក​វិញ ក្រោយ​បញ្ហា​កូវីដ​១៩​ធូរ​ស្បើយ ​

ពលរដ្ឋខ្មែរអង្គុយរងចាំនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈជើងយន្តហោះត្រលប់មកកម្ពុជាវិញ​ត្រូវបានបិទ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ (Royal Embassy of Cambodia to Malaysia)

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ​ពលរដ្ឋខ្មែរ ១៥០នាក់ ដែល​ត្រូវ​បាន​ខកខាន​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា ដើម្បី​ចូលរួម​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​អនុញ្ញាត​ឱ្យមក​កម្ពុជា​នៅពេល​ស្ថានភាព​ជំងឺ​នេះ​បាន​ប្រសើរ។ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋខ្មែរ ១៥០នាក់​ គឺ​ប្រព្រឹត្ត​ជា​ធម្មតា ក្រោម​ការ​យកចិត្ត​ទុកដាក់​ជាប្រចាំ​ពីសំណាក់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​កូឡាឡាំពួរ សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ផង ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួក​គាត់។ លោក​បន្ត​ថា រង់ចាំ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ បាន​ប្រសើរ និង​ចាំ​ការវិនិច្ឆ័យ​ពី​ក្រសួងសុខាភិបាល​ជាមុន ទើប​អនុញ្ញាត​ឱ្យ​ពលរដ្ឋខ្មែរ​ទាំងនោះ​ត្រឡប់​មក​កម្ពុជា​វិញ។ 

លោក​មានប្រសាសន៍​បន្ថែម​ថា៖ «អាស្រ័យ​ទៅ​ហ្នឹង យើង​ចាំ​មើល​ខាង​ក្រសួងសុខាភិបាល​ធ្វើតេស្ត។ រង់ចាំ​មើល​ការវាយតម្លៃ​ពី​ខាង​ក្រសួងសុខាភិបាល​សិន»។ 

កាលពី​ថ្ងៃទី៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់​ ដែល​ត្រៀម​នឹង​ចេញដំណើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះ​ឡើយ ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩ ហើយ​នាំ​ជំងឺ​មក​ឆ្លង​រាលដាល​ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស​ដូច​ករ​ណី​មុន​ៗទៀត ។ 

និស្សិត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ខក​ខានក្នុង​ការ​ត្រឡប់​មក​កម្ពុជា​ម្នាក់ លោក ស្លះ សា​ព្រី បានឱ្យ​ដឹង​ថា ​ស្ថានភាព​ពួក​គាត់ ១៥០នាក់ បច្ចុប្បន្ន​គឺ​ដោះ​ស្រាយ​រៀង​ៗខ្លួន ដោយ​ត្រឡប់ទៅ​កន្លែង​រស់នៅ​ ឬកន្លែង​ការងារ​ ឬសាលារៀន​របស់​ខ្លួន​វិញ។ 

យ៉ាងនេះ​ក្តី​ លោក​ថា ពលរដ្ឋ​ជាច្រើន​នៅតែ​ទន្ទឹងរង់ចាំ​ការ​វិលត្រឡប់​មក​ស្រុកកំណើត​ក្នុង​ពេល​ឆាប់​ៗនេះ ដោយ​ថា​ មាន​ពលរដ្ឋ​ខ្លះ​អត់មាន​ការងារ​ធ្វើ និង​មាន​ខ្លះទៀត​មិន​មាន​ថវិកា​សម្រាប់​ចាយវាយ​ជាដើម។

លោក ស្លះ សា​ព្រី បន្ត​ថា៖ «មួយទៀត ក្នុងចំណោម​អ្នកធ្វើ​ដំណើរ​ហ្នឹង គឺ​មាន​ស្ត្រី​ម្នាក់ដែល​មានផ្ទៃពោះ ហើយ​ប្តី​គាត់​ស្លាប់​ចោល។ គាត់​មានផ្ទៃពោះ​ជិត​កើត​ហើយ​អីចឹង​ណ៎ា។ គាត់​នៅ​លំបាក ហើយ​អត់មាន​លុយ​ទៀត។ អីចឹង​ខ្មែរយើង​ដែល​នៅ​ម៉ាឡេស៊ី​ហ្នឹង​បាន​រៃលុយ​គ្នា​ជួយ​គាត់​បាន​ខ្លះ»។ 

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស ​លោក កុយ គួង ដដែល​បន្ត​ថា កន្លងមក មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ជួប​ជាមួយ​ពួក​គាត់ និង​បាន​ជួយ​ជា​ស្បៀងអាហារ​ខ្លះ​ដល់​ពួក​គាត់​ផង​ដែរ។

លោក​បន្ត​ថា៖ «បាទ​! ខាង​ស្ថានទូត​យើង​បាន​ទៅ​ជួប​ពួក​គាត់​មួយចំនួន ហើយ​បាន​យក​ម្ហូប​ម្ហា និង​សម្ភារមួយចំនួន​ទៅ​ប្រគល់​ជូន​គាត់។ ហើយ​កន្លងមក​ ក៏​មាន​សប្បុរសជន​នៅ​ម៉ាឡេស៊ី​ហ្នឹង​ដែរ បាន​បរិច្ចា​គនូវ​ធនធាន​ជា​ស្បៀងអាហារ​ហ្នឹង​ទៅ​ចែក​ជូន​ពួក​គាត់​ជាបន្តបន្ទាប់​អីចឹង​ដែរ។ ហើយ​អា​រឿង​គ្នា​គាត់​ជួយគ្នា​គាត់​ អាហ្នឹង​ជា​រឿង​ល្អ​មួយ​បន្ថែម​ទៀតហើយ​បាទ»។

មន្ត្រី​សម្របសម្រួល​កម្មវិធី នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ ហៅថា ​សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា រដ្ឋាភិបាល​គប្បី​មានការ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំងនោះ​បាន​វិល​មក​កម្ពុជា​វិញ ដូច​ករណី​កម្ពុជា​បាន​ធ្វើជា​មួយ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​មួយចំនួន​ទៀត។ 

លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​អនុវត្ត​តាម​វិធាន​ក្រសួងសុខាភិបាល ដូចជា​ការ​រក​កន្លែងណា​មួយ​សមរម្យ​ដាក់​ពួក​គេ​នៅ​ដាច់ដោយឡែក ១៤ថ្ងៃ ជាជាង​ការ​បណ្តោយ​ឱ្យ​ពួក​គេ​រស់នៅ​ទីនោះ​បន្ត​ទៀត។

លោក​បន្ត​ថា៖ «ចំពោះ​ពួក​គាត់​នៅ​ណោះ អ្វី​ដែល​ខ្ញុំ​ដឹង​ហ្នឹង​ គឺ​គាត់​មាន​បញ្ហា​ប្រឈម​ទៅ​ហ្នឹង​ការ​គាំពារ​មូលដ្ឋាន​ចាំបាច់​របស់​គាត់​ប្រចាំថ្ងៃ។ អ្នកខ្លះ​អត់មាន​ការងារ​ធ្វើ អ្នកខ្លះ​ជា​និស្សិត អ្នកខ្លះ​វី​សារ​របស់​ពួក​គាត់​ផុតកំណត់។ អីចឹង​អាហ្នឹង​រដ្ឋ​ត្រូវ​មាន​វិធានការ​ជួយ​សម្របសម្រួល​ណាមួយ​ដើម្បី​ឱ្យ​គាត់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា ហើយ​នៅពេល​ពួក​គាត់​មក ​យើង​អនុវត្ត​នូវ​វិធានការ​ចាំបាច់​ដែល​ក្រសួងសុខាភិបាល ជាមួយនឹង​អង្គការសុខភាព​ពិភពលោក​បាន​ធ្វើកន្លង​មក​ហ្នឹង​ទៅ ខ្ញុំ​គិតថា ​វា​ជា​រឿង​មួយ​ដែល​ប្រសើរណាស់​ហើយ»។ 

ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ថ្ងៃនេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​មាន​ចំនួន ១២២នាក់។ ក្នុងចំណោម អ្នកជំងឺ​ទាំងនោះ មាន​អ្នកជំងឺ​ចំនួន ១១០នាក់​ហើយដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ នៅឡើយ​សល់ ១២នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ។ លើស​ពីនេះ ក្រសួង​បញ្ជាក់​ថា រយៈពេល​ជាង ១សប្តាហ៍​មក​ហើយ ដែល​កម្ពុជា​រក​មិនឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ថ្មី​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ