ឪពុក​ម្តាយ​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​ CIA FIRST ស្នើ​បញ្ចុះ​តម្លៃ​រៀន​តាម​អន​ឡាញ ​

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សដែល​រៀន​នៅ​សាលា​អន្តរជាតិ CIA FIRST (អន្តរជាតិ ស៊ី អាយ អេ ហ្វី​សត៍​) ប្រមាណ​ជា​ជិត ២០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​នាយក​សាលា​បញ្ចុះតម្លៃ​សិក្សា ៥០ភាគរយ អំឡុង​ពេល​រៀន​តាម​អន​ឡាញ។ (ហ្វេសប៊ុក Chanroeun Pa)

អាណាព្យាបាល​សិស្ស​ដែល​រៀន​នៅ​សាលា​អន្តរជាតិ CIA FIRST (អន្តរជាតិ ស៊ី អាយ អេ ហ្វី​សត៍​) ប្រមាណ​ជា​ជិត ២០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​នាយក​សាលា​បញ្ចុះតម្លៃ​សិក្សា ៥០ភាគរយ អំឡុង​ពេល​រៀន​តាម​អន​ឡាញ។

សាលា​អន្តរជាតិ CIA FIRST (អន្តរជាតិ ស៊ី អាយ អេ ហ្វី​សត៍​)។ (ជន ចាន់រ៉ែន/ ២២ មេសា ២០២០)

លោក ពេជ្យ សុភាព ដែល​អះអាង​ថា ជា​ឪពុក​សិស្ស​ម្នាក់​រៀន​នៅ​សាលា​អន្តរជាតិ CIA ស្ថិតនៅ​ផ្លូវ២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ជាច្រើន​សារ​មក​ហើយដែល​ឪពុក​ម្តាយ​របស់​សិស្ស​ស្នើសុំ​ទៅ​នាយក​សាលា​បញ្ចុះតម្លៃ​រៀន​តាម​អន​ឡាញ (Online​) ដល់​សិស្ស ៥០ភាគរយ។ ក្រោយមក នាយក​សាលា និង​គណៈកម្មការ​សាលា បាន​ជួប​ជាមួយ​ឪពុក​ម្តាយ​របស់​សិស្ស ៣ ទៅ ៤ដង​ដែរ ប៉ុន្តែ សាលា​មិនព្រម​បញ្ចុះតម្លៃ​សិក្សា​តាម​ការ​ស្នើសុំ​នោះ​ទេ ដោយ​ថា សាលា​មានលទ្ធភាព​ចុះ​ឱ្យ​សិស្ស​រៀន​ថ្នា​ក់​មតេយ្យ ២៥ភាគរយ និង​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២ ចុះ​ត្រឹម១៥ភាគរយ​តែប៉ុណ្ណោះ។

ករណីនេះ លោក​ថា ធ្វើ​ឱ្យ​ឪពុក​ម្តាយ​សិស្ស​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​នាយក​សាលា​ចុះ​តម្លៃ​ដល់​សិស្ស​ទាំងនោះ ពីព្រោះ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​កំពុង​ធ្លាក់ចុះ ខណៈ​ជំងឺ​កូ​វីដ១៩ កំពុង​រីក​រាលដាល។

លោក​និយាយ​បន្ត​ថា៖ «អ្វី​ដែល​គាត់​ចង់បាន​គឺ​កូន​តូច​ៗ ត្រឹម K3 K4 K5 ​[ថ្នា​ក់​មតេយ្យ​] ឱ្យ​គាត់​វិស្សម​កាល​ទៅ ព្រោះអី​គាត់​រៀន​អន​ឡាញ​អត់​កើត​ទេ ហើយ​បើសិនជា​កូន​រៀន Grade 1 [ថ្នាក់​ទី១​] ដល់ Grade 12 [ថ្នាក់​ទី១២​] គាត់​រៀន​ក៏​រៀន​ទៅ ដោយសារ​គាត់​រៀន​អត់​ពេញលេញ ​អញ្ចឹង​គួរតែ​គិត​យក ៥០ភាគរយ​ទៅ»។

លោក ប៉ា ចន្ទ​រឿន ដែល​មានកូន​រៀន​នៅ​សាលា CIA FIRST ដែរ បាន​និយាយ​ថា កាលពី​ម្សិលមិញ ​អ្នកដឹកនាំ​ក្រុម​តវ៉ា​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ​ឱ្យ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ ​រហូតមកដល់​ពេលនេះ ​មិនទាន់​បាន​ដំណោះស្រាយ​នៅឡើយ។ លោក ចន្ទ​រឿន ថាបើ​នាយក​សាលា​មិន​ធ្វើតាម​ការ​ស្នើសុំ​ទេ ឪពុក​ម្តាយ​សិស្សនឹង​នាំគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅមុខ​សាលា នា​ថ្ងៃ​សៅរិ៍​ចុង​សប្តាហ៍​នេះ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា៖ «យើង​ទុក​ពេល​ឱ្យ​សាលា​ពិចារណា​ដល់​ថ្ងៃសុក្រ។ បើសិនជា​ត្រឹម​ម៉ោង ១២យប់​ថ្ងៃសុក្រ មិន​មាន​ចម្លើយ​វិជ្ជមាន ពួក​យើង​នឹង​ធ្វើការ​តវ៉ា​ម្តង​ទ្រង់ទ្រាយ​ធំជាង​នេះ​ទៀត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។ បើសិនជា​មិន​មាន​ដំណោះស្រាយ​ទៀត យើង​នឹង​បន្ត​ធ្វើការ​តវ៉ា​បន្ត​ទៀត»។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុ​ក ឆា​យ៉ា​វី មានប្រសាសន៍​ថា បើ​សាលា​អន្តរជាតិ CIA មិន​រក​ដំណោះស្រាយ​រួម​ទេ នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ទាំងសងខាង។

លោកស្រី​មានប្រសាសន៍​ថា៖ «នាយក​សាលា​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ទូលាយ រួមចំណែក​ទាំងអស់គ្នា ក្នុង​ពេល​មាន​ជំងឺ​កូ​វីដ បញ្ហា​ប្រឈម​ដូចជា រឿង​សេដ្ឋកិច្ច​ក៏​ធ្លាក់ចុះ មិនថា​យើង [កម្ពុជា​] ប្រទេស​គេ​ក៏អញ្ចឹងដែរ។ បើសិនជា​យើង​ [នាយក​សាលា​] ធ្វើ​ឱ្យ​គាត់ ​[ឪពុក​ម្តាយ​] បាត់​ទំនុកចិត្ត ដូច​ថា​អត់មាន​ការយល់​យោគ ដល់ពេល​បញ្ចប់​កូ​វីដ១៩ អាច​ធ្វើ​ឱ្យ​ពួក​គេ​លែងឱ្យ​កូន​ទៅរៀន​នៅ​សាលា​ហ្នឹង»។

សេចក្តី​ជូនដំណឹង​របស់​សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វី​សត៍ ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ បាន​លើកឡើង​ថា ​កាលពី​ថ្ងៃ១៧ ខែមេសា បន្ទាប់ពី​ជំនួប​ជាមួយ​អាណាព្យាបាល​សិស្ស សាលា​បានសម្រេច​លុបចោល​អាហារូបករណ៍ ៥០ភាគរយ ​ដែល​ខ្លួន​ផ្តល់​ឱ្យ​សិស្ស​ចំនួន ២០០នាក់ ដោយ​ប្តូរ​ទៅជា​ការ​បញ្ចុះតម្លៃ​ជា​រួម ​ក្នុង​ន័យ​អនុវត្ត​ន៍ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ធុរកិច្ច។ សម្រាប់​ថ្នា​ក់​មត្តេយ្យ​ សាលា​បញ្ចុះតម្លៃ​ជូន ២៥ភាគរយ ហើយ​សម្រាប់​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២ សាលា​បញ្ចុះតម្លៃ ១៥ភាគរយ។

ក្រសួង​អប់រំ យុវជន និងកីឡា កាលពី​ថ្ងៃទី១៧ ខែមេសា​នេះ ប្រកាស​ពន្យារពេល​ចូលរៀន​វិញ​សម្រាប់​ការសិក្សា​គ្រប់​កម្រិត​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដោយ​មិនកំណត់​ពេល​រហូតដល់​មានការ​ប្រកាស​ថ្មី ដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វីដ១៩។ ក្រសួង​ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី សហការ​ជាមួយ​មាតាបិតា​សិស្ស សហការ​គ្នា​ជំរុញ​ឱ្យ​សិស្សានុសិស្ស​រៀន​ពី​ចម្ងាយ។

ក្រសួង​អប់រំ​ចេញ​បាន​ដាក់ចេញ​នូវ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី២០ ខែមេសា រហូត​តទៅ​ ដោយ​មិនទាន់​កំណត់​ថេរវេលា​បញ្ចប់​ឡើយ។ ការ​បង្រៀន​នេះ​ផ្សាយ​តាមរយៈ​ទូរទស្សន៍​ខ្សែកាប​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ទូរទស្សន៍​ជាតិ​កម្ពុជា​ទី២ TVK2 ដែល​ផ្សាយ​សាកល្បង​តាម​ប្រព័ន្ធ​ផ្កាយរណប DTV ប៉ុស្តិ៍​លេខ២២ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ យូ​ធូប​ផ្លូវការ និង​មជ្ឈមណ្ឌល​សិក្សា​អេ​ឡិច​ត្រូ​និច​របស់ក្រ​សួង​អប់រំ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ