លោក ស ខេង ថា​ពលករ​មក​ពី​ក្រៅ​ប្រទេស​ជាង​៨​ម៉ឺន​នាក់ ភាគ​ច្រើន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន​រយៈ​ពេល​ខ្លី ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា ពលករ​មក​ពីក្រៅ​ប្រទេស​ជាង ៨ម៉ឺន​នាក់ ​ភាគច្រើន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ 

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​រយៈពេល​ខ្លី មធ្យម និង​វែង របស់​ពលករ​ចំណាកស្រុក ក្នុង​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (Covid​-19​) នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃម្សិលមិញ។

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូប​នេះ បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ បាន​ពិភាក្សា​ស្វែងរក​គន្លឹះ​សំ​ខាន់​ៗក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​របស់​ពលករ​ចំណាកស្រុក ក្នុង​ស្ថានភាព​នៃ​វិ​បត្ដិ​កូ​វីដ១៩ ដើម្បី​រក្សា​ស្ថិរ​ភាព សុវត្ថិភាព​សង្គម ក្នុងរយៈពេល​ខ្លី មធ្យម និង​វែង​ទៅមុខ​ទៀត។

លោក ស ខេង លើកឡើង​ថា ពលករ​មក​ពីក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ ៨ម៉ឺន ៥ពាន់​នាក់ គឺ​ភាគច្រើន​ពួក​គេ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានតែ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ ខណៈ​ពលករ​ខ្មែរ​ទាំងនោះ​រំពឹង​ត្រឡប់ទៅ​ធ្វើការងារ​នៅ​ស្រុក​ថៃ​វិញ​ក្រោយ​ចប់​បុណ្យចូលឆ្នាំ។ ប៉ុន្តែ ​ប្រទេស​ទាំងពីរ​បាន​រឹត​បន្តឹង​ការ​ឆ្លងកាត់​តាម​ព្រំដែន ពិសេស​ថៃ​កំពុង​រាត​ត្បាត​ជំ​ងឺកូ​វីដ១៩ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ រហូត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​មិនទាន់​កំណត់ពេល​បើក​វិញ​នៅឡើយ។ 

លោក​បាន​សរសេរ​ថា៖ «បញ្ហា​ទេ​សន្ត​ប្រវេសន៍​ពាក់ព័ន្ធ​នឹង​ពលករ ដែល​បាន​វិលត្រឡប់​មក​បណ្ដា​ប្រទេស​នានា ពិសេស​ពលករ​ដែល​បាន​វិល​មក​ពី​ប្រទេស​ថៃ ចូល​កម្ពុជា​វិញ​ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​គិត​មកដល់ពេលនេះ មាន​ចំនួន​ប្រមាណ ៨៥០០០នាក់ ដែល​ភាគច្រើន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ»។ 

យ៉ាងនេះ​ក្តី លោក​ថា​ រដ្ឋាភិបាល​ក៏បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ចំនួន៤ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំ​ខាន់​ៗ គឺ​ក្រុមការងារ​គ្រប់គ្រងថ្លៃ​ទំនិញ​យុទ្ធសាស្ត្រ ក្រុមការងារ​រៀបចំ​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម ក្រុមការងារ​រៀបចំ​គោលនយោបាយ​ថវិកា និង​ជំនួយ​សង្គម ​និង​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ដើម្បី​សិក្សា​រៀបចំ​ដាក់ចេញ​កញ្ចប់​វិធានការ​ហិរញ្ញវត្ថុ និង​ធនាគារ​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា សង់​ត្រា​ល់​(Central​) លោក ឃុន ថា​រ៉ូ បារម្ភ​ថា ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ កាន់តែ​អាក្រក់​ជាង​នេះ នឹង​ធ្វើ​ឱ្យ​ពលករ​នៅ​ស្រុក​ថៃ​រាប់​សែន​នាក់ ​នឹង​ជួប​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង ហើយ​ពួក​គេ​នឹង​នាំគ្នា​សម្រុក​មក​កម្ពុជា​បន្ថែម​ទៀត។

លោក​មានប្រសាសន៍​ថា៖ «ហើយ​បន្ទុក​មួយទៀត​ហ្នឹង​ នៅពេល​ពួក​គាត់​ [ពលករ​ខ្មែរ​នៅ​ថៃ​] ត្រឡប់មកវិញ​ហ្នឹង​ គាត់​មិន​មានការ​ងារ​ណា​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​សោ​ត។ ដោយឡែក​មិនដឹង​ថា ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ណា​ផ្តល់​ការ​គាំពារ​ដល់​និយោជិត​ដែល​គាត់​ត្រឡប់​មក​ហ្នឹង។ ទៅមុខ​ទៀត ​ស្ថានការណ៍​ហ្នឹង​កាន់តែ​អាក្រក់ កម្មករ​ចេះតែ​មក​ទៀត គឺ​វា​អាច​នឹង​រាប់​សែន​នាក់ បើ​តាមខ្ញុំ​គិត ​ពួក​គាត់​នឹងអាច​ត្រឡប់​មក បើសិនជា​មិន​មាន​បរិយាកាស​អនុគ្រោះ​ណា សហគ្រាស ឬក៏​វិស័យ​សេវាកម្ម​ណាដែល​អាច​ដំណើរការ​នៅ​ថៃ​ទេ ជម្រើស​មានតែ​ត្រឡប់មកវិញ​ហ្នឹងហើយ»។ 

ស្រដៀងគ្នា​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន យល់ឃើញ​ថា​ វិធានការ​ចំពោះមុខ រដ្ឋាភិបាល​គប្បី​រៀបចំ​កញ្ចប់​ថវិកា​ចាត់ចែង​ទៅលើ​ប្រព័ន្ធ​ជំនួយ​សង្គម​ ឬគាំពារ​សង្គម​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពីក្រៅ​ប្រទេស ព្រមទាំង​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​នៅក្នុង​ស្រុក ដោយ​ថា រដ្ឋាភិបាល​ក៏​ទទួល​បាន​ជំនួយ​ថវិកា​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ រួម​ទាំង​សប្បុរសជន​ក្នុង​ស្រុក​ផង ដែល​រដ្ឋ​អាច​ប្រើ​ដើម្បី​ជួយ​ពួក​គាត់​ជា​បណ្តោះអាសន្ន​បាន។ 

បន្ថែម​ពីនេះ លោក​ថា រដ្ឋ​ក៏​ត្រូវ​គិតគូរ​រក​ដំណោះស្រាយ​រយៈពេល​វែង ដោយ​ជួយ​ពលរដ្ឋ​អត់​ការងារ​ធ្វើ​ទាំងនោះ ពិសេស​លើ​វិស័យ​កសិកម្ម ដែល​ជា​តម្រូវការ​ចាំបាច់ក្នុង​ការផលិត​ស្បៀង​សម្រាប់​ទប់ទល់​ស្ថានភាព​ជំងឺ​កូ​វីដ១៩។ 

លោក​មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​ត្រូវ​គិតគូរ​ក្នុងរយៈពេល​វែង ក្នុង​ការ​ជួយ​ដល់​ពួក​គាត់​ព្រោះ​យើង​មិនដឹង​ថា ​ផល​ប៉ះពាល់​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ១៩នេះ វា​មាន​រយៈពេល​ប៉ុន្មាន​ទេ។ មួយវិញទៀត​ គឺ​ស្ថានភាព​ប្រទេស​ដែល​គាត់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ហ្នឹង គឺ​មាន​ស្ថានភាព​អាក្រក់​ជាង​យើង​ទៅទៀត។ អីចឹង​ ដំណាក់កាល​នេះ គឺ​ការ​ជួយ​គាំពារ​ទៅលើ​ការ​ប្រកបមុខរបរ ពិសេស​លើ​វិស័យ​កសិកម្ម​ហ្នឹង​ជា​រឿង​សំខាន់។ អីចឹង ​រដ្ឋ​ត្រូវ​មាន​យន្តការ​ក្នុង​ការសម្រប​សម្រួល​ក្នុង​ការ​ផ្តល់​បច្ចេកទេស ការ​ផ្តល់​ហិរញ្ញប្បទាន​ជាដើម​ទុន ក្នុង​ការ​ជួយ​ដល់​កសិករ ឬពលករ​ដែល​ត្រឡប់​មក​ហ្នឹង»។ 

របាយការណ៍​របស់ក្រ​សួង​ការងារ​ធ្លាប់​លើកឡើង​ថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​ថៃ​ មាន​ប្រមាណ ១លាន ២សែន​នាក់ ប៉ុន្តែ​ មន្ត្រី​សង្គម​ស៊ីវិល​ថា ​ចំនួនពិត​ប្រាកដ​អាច​មាន​លើស​ពីនេះ។ 

កាលពី​ថ្ងៃទី១៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា ជំនួយ​ថវិកា​បាន​ពី​សប្បុរសជន​ដែល​បាន​ចូលរួម​សម្រាប់​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​ទឹកប្រាក់​ជាង ១៣លាន​ដុល្លារ ​(១៣ ៥៩៧ ២៩៥​)។ ជំនួយ​នេះ​មិនទាន់​គិត​ពី​ជំនួយ​ជា​សម្ភារ និង​ជំនួយ​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​មន្ត្រី​រាជការ​ផ្សេងទៀត​នៅឡើយ។ 

កាលពី​ថ្ងៃទី២០ ខែមេសា សហភាព​អឺរ៉ុប​បាន​អនុម័ត​ឱ្យបង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ៥៦លាន​អឺ​រ៉ូ ឬស្មើនឹង ៦០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​គាំពារ​សង្គម និង​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ