សារព័ត៌មានអនឡាញមួយ ត្រូវបានក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណនៅថ្ងៃនេះ ដោយថា សារព័ត៌មានមួយនេះ បានរំលោភយ៉ាង«ធ្ងន់ធ្ងរ»លើក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើកិច្ចសន្យា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់គេហទំព័រសារព័ត៌មានចក្រវាល ធីវី អនឡាញ (CKV TV Online) ដែលមានលោក ចាន់ ឫទ្ធី ជាចាងហ្វាងនៃគេហទំព័រសារព័ត៌មានអនឡាញមួយនេះ។
ក្រសួងបានអះអាងថា ម្ចាស់គេហទំព័រសារព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានខុសវិជ្ជាជីវៈសារព័ត៌មានយ៉ាង«ធ្ងន់ធ្ងរ» ដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបំពានលើកិច្ចសន្យា។
ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មាន លោក យ៉ែម ណយ បានឱ្យដឹងថា ក្រសួងបានចេញសេចក្ដីណែនាំចំនួន ២លើករួចមកហើយ ព្រមទាំងមានកិច្ចសន្យាជាលាយលក្ខណ៍ថែមទៀត ដើម្បីឱ្យផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈ ប៉ុន្តែ លោកថា សារព័ត៌មានអនឡាញមួយនេះ នៅតែបន្តផ្សាយគ្មានវិជ្ជាជីវៈដដែល។
មន្ត្រីក្រសួងព័ត៌មានរូបនេះ បន្ថែមថា ក្រសួងបានសម្រេចបែបនេះ ក្រោយពីមានមតិរិះគន់ពីបណ្ដាក្រុមអ្នកសារព័ត៌មានផ្សេងទៀត ដែលលោកថា មានការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
លោក យ៉ែម ណយ មានប្រសាសន៍ថា៖ «បើក្រសួងព័ត៌មាននៅតែឱ្យគាត់ធ្វើអ៊ីចឹង [អនុញ្ញាតឱ្យសារព័ត៌មានបន្តផ្សព្វផ្សាយ] វាខូចតម្លៃអ្នកកាសែតគេត្រឹមត្រូវ»។
ចាងហ្វាងគេហទំព័រសារព័ត៌មានចក្រវាឡ លោក ចាន់ ឫទ្ធី បានទទួលស្គាល់ថា លោកពិតជាទទួលបានការណែនាំពីក្រសួងព័ត៌មានចំនួន ២លើករួចមកហើយ។ ក្នុងកិច្ចសន្យាចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក ចាន់ ឫទ្ធី ត្រូវបានមន្ត្រីក្រសួងព័ត៌មាន លោក យ៉ែម ណយ ណែនាំលើកទីមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងមួយលើកទៀតនៅ ១៨ថ្ងៃក្រោយមក។
លោក ចាន់ ឫទ្ធី ប្រាប់ថា លោកស្នើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឱ្យផ្ដល់ឱកាសដល់លោកជាថ្មី ដើម្បីលោកបានចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានដល់សង្គម។ លោកអះអាងថា ការផ្សព្វផ្សាយរបស់លោកនាពេលកន្លងមក គឺដើម្បីជួយកែលម្អសង្គម និងជាការផ្ដល់ដំណឹងដល់ថ្នាក់ដឹកនាំ។
លោក ចាន់ ឫទ្ធី ប្រាប់ថា៖ «ប៉ុន្តែ ខ្ញុំគ្រាន់តែសំណូមពរដល់ឯកឧត្ដមរដ្ឋមន្ត្រី សូមមេត្តាជួយ ដើម្បីឱ្យខ្ញុំមានឱកាសបង្ហាញព័ត៌មានពិត ផ្សាយពិតដល់ប្រមុខដឹកនាំ ជាពិសេសប្រជាពលរដ្ឋយើងបន្តទៀត។ ខ្ញុំបាទសូមស្នើសុំឯកឧត្ដមរដ្ឋមន្ត្រី មេត្តាផ្ដល់អាជ្ញាបណ្ណដល់ខ្ញុំបាទឡើងវិញ»។
នេះគឺជាគេហទំព័រសារព័ត៌មានទីពីរហើយ ដែលត្រូវបានក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណ បន្ទាប់ពីការលុបចោលអាជ្ញាបណ្ណគេហទំព័រសារព័ត៌មានអនឡាញ TVFB ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ចាងហ្វាងគេហទំព័រសារព័ត៌មានមួយនេះកាលពីថ្ងៃទី៧ ខែមេសានេះ។
លោក យ៉ែម ណយ បានឱ្យដឹងបន្ថែមថា ក្រសួងព័ត៌មានកំពុងត្រួតពិនិត្យទៅលើអ្នកកាន់អាជ្ញាបណ្ណជិត២០០ ដែលលោកថា មិនបានដំណើរការគេហទំព័រសារព័ត៌មាននោះឡើយ ហើយបែរជាយកទៅដំណើរការជាមួយទំព័រហ្វេសប៊ុកតែប៉ុណ្ណោះ។
លោក យ៉ែម ណយ មានប្រសាសន៍បន្តថា៖ «ក្រសួងកំពុងអង្គុយចាំមើលគេហទំព័រខ្លះដែលសុំអាជ្ញាបណ្ណព័ត៌មាន ប៉ុន្តែ ពេលបានអាជ្ញាបណ្ណទៅ គាត់អត់ទៅផ្សាយក្នុងគេហទំព័រទេ។ គាត់បង្កើតតែផេក ឬអាក់ខោនផ្ទាល់ខ្លួន។ អាហ្នឹង ក្រសួងពិនិត្យឃើញជិត២០០ ហើយកំពុងលុបចោលវិញ ព្រោះគាត់សុំអាជ្ញាបណ្ណបង្កើតគេហទំព័រសារព័ត៌មានអ៊ីចឹង តែគាត់អត់ទៅបង្ហោះគេហទំព័រទេ គាត់ទៅបង្ហោះក្នុងផេកគេហទំព័រផ្ទាល់។ អាហ្នឹងវាខុស។ ឥឡូវកំពុងឆែកទៅជិត២០០អង្គភាពហើយ ក្រសួងកំពុងមានវិធានការដកហូតយកមកវិញ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី លើកឡើងថា ក្រសួងព័ត៌មានមិនគួរលុបចោលអាជ្ញាបណ្ណទាំងស្រុងរបស់សារព័ត៌មានអនឡាញមួយនេះទេ ដោយលោកថា អ្នកសារព័ត៌មានគ្រាន់តែព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាសារព័ត៌មានប៉ុណ្ណោះ។
លោក ណុប វី មានប្រសាសន៍ថា៖ «ជារួម យើងមិនគាំទ្រនូវការអនុវត្តនូវសកម្មភាព ឥរិយាបថទាំងឡាយណាដែលប្រាសចាកនឹងក្រមសីលធម៌ទេ ប៉ុន្តែ ក៏គួរតែមានតម្លាភាពនៅក្នុងការអនុវត្តនូវគោលការណ៍ ឬក៏សេចក្ដីណែនាំ ពីព្រោះកន្លងមក ខ្ញុំបានឃើញថា មានស្ថាប័នទូរទស្សន៍អីខ្លះហ្នឹង គាត់ប្រើប្រាស់ពាក្យពេចន៍ប្រមាថកាតទានច្រើនដែរហ្នឹង ហើយខ្ញុំមិនសូវជាឃើញចេញជាគោលការណ៍ណែនាំអីទៅដល់ពួកគាត់នោះទេ។ អ៊ីចឹងហើយ កន្លែងនេះ ការអនុវត្តស្មើភាពក៏គួរតែក្រសួងពិនិត្យពិចារណាឡើងវិញផងដែរ»។
របាយការណ៍ប្រចាំឆ្នាំ២០២០ របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (RSF) ដែលទើបចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញថា សន្ទស្សន៍សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះមួយលេខថែមទៀតមកនៅចំណាត់ធ្លាក់ ១៤៤ នៅឆ្នាំនេះ នៅក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់វិញ កម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជា ទាបជាងថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន លើកលែងតែសិង្ហបុរី វៀតណាម ប៊្រុយណេ និងឡាវប៉ុណ្ណោះ៕