កម្ពុជា​​អះអាង​​ថា យោធា​​វៀតណាម​​បោះ​តង់​​លើ​​តំបន់​​ព្រំដែន​​មិន​ទាន់​​មាន​ការ​​ឯកភាព​​គ្នា​​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា អះអាង​ថា វៀតណាម​បាន​រំលោភបំពាន​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩៥ បន្ទាប់ពី​កម្ពុជា​រក​ឃើញ​ទា​ហា​នវៀ​តណាម​បោះតង់​លើ​តំបន់​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ កម្ពុជា​មិន​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។

ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាល​ខេត្ត​នេះ បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល។ ការ​ចុះទៅ​ពិនិត្យ​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញតង់​ចំនួន ៩កន្លែង ដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។

បន្ទាប់ពី​រក​ឃើញ​នោះ ស្នងការ​ខេត្ត​កណ្ដាល និង​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន បាន​ស្នើ​ទៅ​ទាន​ហាន​វៀតណាម ឱ្យ​រុះរើ​តង់​ចំនួន ៩កន្លែង​ ចេញពី​តំបន់​ដែល​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា​ ស្ថិតនៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ចាន់ សាវឿ​ន បាន​ប្រាប់​ថា មន្ត្រី​យោធា​ព្រំដែន​វៀតណាម បាន​បោះតង់​នៅ​តំបន់​នោះ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩។ លោក​បន្ថែម​ថា លោក​មិនបាន​ដឹង​ថា តើ​ខាង​មន្ត្រី​យោធា​វៀតណាម​នឹង​បន្ត​បោះតង់​នៅ​តំបន់​នោះ​រហូតដល់​ពេលណា​នោះ​ទេ។

លោក ចាន់ សាវឿ​ន ប្រាប់​ថា៖ «គេ​បោះត​ង់​នៅពេល​ដែល​យើង​ចាប់ផ្ដើម​អនុវត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​វីដ១៩។ ខាងគេ​ធ្វើ​ដូច​យើង​ដែរ។ ការល្បាត​ វា​តួនាទី​ផ្សេងគ្នា តួនាទី​យើង​ល្បាត​នៅ​តាមផ្លូវ​របស់​យើង។ ការពិត​គេ​រឹត​បន្តឹង​ការ​ឆ្លងដែន​មែន នៅពេល​ដែល​គេ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ១៩ គេ​តឹងតែង ការ​ឆ្លងដែន​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងដែន​អ៊ីចឹង»។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង អះអាង​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ចំណុច​ដែល​មន្ត្រី​យោធា​វៀតណាម​បោះតង់​នោះ គឺជា​តំបន់​មិនទាន់​មានការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ​នៅឡើយ​ទេ ហើយ​លោក​ថា ទង្វើ​របស់​ភាគី​វៀតណាម គឺជា​ការរំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ចុះ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥។

លោក វ៉ា គឹ​មហុង ប្រាប់​ថា៖ «រឿង​ហ្នឹង យើង​មិន​អនុញ្ញាត​ឱ្យ​គេ​ធ្វើ​ដូច្នេះ​ទេ ព្រោះថា តំបន់​ហ្នឹង​មិនទាន់​ឯកភាព​គ្នា​ក្នុង​ការកំណត់​ខណ្ឌសីមាបោះបង្គោល​ក៏ដោយ ក៏​ជា​តំបន់​ដែល​យើង​រក្សាទុក​ឱ្យ​នៅ​ស្ថានភាព​ដដែល ដូចជា ការ​ឯកភាព​គ្នា​នាយក​រដ្ឋមន្រ្តី​ទាំងពីរ ចុះ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រក្សា​ស្ថានភាព​ដដែល។ ការដែល​វៀតណាម​បោះតង់​នោះ វា​ជា​ការរំលោភ​ការ​ឯកភាព​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ហើយ។ អ៊ីចឹង​ហើយ​បាន​យើង​ស្នើសុំ​ឱ្យ​រុះរើ​ដកថយ​ទៅ​ខាង​ដី​វៀតណាម​វិញ»។

លោក​បន្ត​ថា ទោះបីជា​ភាគី​វៀតណាម​បាន​បោះតង់​ចូល​តំបន់​មិនទាន់​ឯកភាព​គ្នា​ក៏​ពិតមែន លោក​ថា គណៈកម្មាធិការ​ព្រំដែន​មិន​ធ្វើ​កំណត់​ទូត​តវ៉ា​ផ្ញើ​ទៅ​ភាគី​វៀតណាម​នោះ​ទេ ប្រសិន​វៀតណាម​យល់ព្រម​រុះរើ​តង់​ចេញ​វិញ។

លោក គឹ​មហុង បន្ត​ថា៖ «ខាង​គណៈកម្មាធិការ​ព្រំដែន​មិន​ធ្វើ​អី​ទៀត​ទេ បើសិនជា​គេ​ព្រម​ទទួលស្គាល់ គេ​រុះរើ​ បានន័យ​ថា គេ​ទទួលស្គាល់​ខុសច្បាប់​ហើយ។ បើ​គេ​រុះរើ​ហើយ យើង​មិន​ចាំបាច់​ទៅ​សរសេរ​អី​ទៀត​ទេ តវ៉ា​ជា​កំណត់​ទូត​ជា​លាយលក្ខណ៍​អក្សរ​អី​ទៀត​ទេ ​ដូចជា​មិន​ចាំបាច់​ទេ។ អាហ្នឹង​ជា​សេចក្ដីសម្រេច​ខាង​ក្រសួង​ការបរទេស​ទេ ប៉ុន្តែ ខ្ញុំ​ខាង​ព្រំដែន ​ខ្ញុំ​គិតថា មិន​ធ្វើ​អី​ទៀត​ទេ ប៉ុន្តែ​ បើ​គេ​មិនព្រម​រុះរើ អាហ្នឹង​យើង​ធ្វើ​លិខិត​លាយលក្ខណ៍​អក្សរ​ខាង​ព្រំដែន ប៉ុន្តែ​ កំណត់​ទូត​ ខាង​ក្រសួង​ការ​បរ​ទេស»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មា​នប្រ​សាសន៍​ថា ក្រសួង​កំពុង​ធ្វើ​ការសិក្សា​ចំពោះ​ករណីនេះ។

លោក កុយ គួង ប្រាប់​ថា៖ «យើង​កំពុង​សិក្សា​របាយការណ៍ កំពុង​តាមដាន​សភាពការណ៍​ហ្នឹង​សិន ហើយនិង​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​សិន»។

សមាជិក​ឃ្លាំមើល​កម្ពុជា និង​ជា​អ្នក​តាមដាន​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ហៅ​ការ​មិន​សរសេរ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​ភាគី​វៀតណាម​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​សរសេរ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ប្រទេស​ដែល​បាន​រំលោភ​ចូល​អធិបតេយ្យ​កម្ពុជា លោក​ថា នៅ​ថ្ងៃខាងមុខ​ ករណីនេះ​នឹង​កើតឡើង​បន្ត​ទៀត។

លោក រ៉ុង ឈុន ប្រាប់​ថា៖ «ថ្ងៃក្រោយ​ទៅ​ ពេល​យើង​ភ្លេចខ្លួន ពេលណា​មួយ​នឹង​មាន​ចូល​បន្តបន្ទាប់​ទៀត។ បើ​នៅតែ​ស្ងៀម​យូរ​ៗ គេកាន់តែ​ចូល​ស៊ីជម្រៅ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់ឱ្យ​គណៈកម្មាធិការ​ព្រំដែន ​ឬមួយ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​កំណត់​ទូត​មួយ​ទៅដល់​រដ្ឋាភិបាល​យួន ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​ការរំលោភ​បំពាន​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា​យើង​ហ្នឹង»។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ ដោយ​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោលព្រំ​ដែន​គោក​បោះ​រួម​ចំនួន ៣១៤បង្គោល ស្មើ ៨៤ភាគរយ។ ចំណែក​ចំណុច​មិន​ឯកភាព​គ្នា​នៅ​សេសសល់ ១៦ភាគរយ​ទៀត នឹង​ធ្វើ​បន្តបន្ទាប់​ពី​ភាគី​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋាន​បំប្លែង​ពី​ខ្នាត ១/១០០,០០០ មក​ខ្នាត ១/៥០០,០០០ តាម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ