ក្រោយពេលជំងឺកូវីដ ត្រូវបានរកឃើញនៅកម្ពុជាកាលពីខែមករាមកទល់ចុងខែមេសានេះ វាបានកើតលើពលរដ្ឋខ្មែរ និងបរទេស ចំនួន ១២២នាក់។ ក្រៅពីផលប៉ះពាល់ដល់សុខភាពមនុស្ស វាក៏បានធ្វើឱ្យកម្ពុជាជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ត្បិតមានអាជីវកម្ម សាលារៀន រោងចក្រ សហគ្រាសជាច្រើនត្រូវបានបិទទ្វារ។
ការប្រកាសបិទទ្វារ ឬព្យួរការងារ ក៏បានធ្វើឱ្យកម្មកររាប់ម៉ឺននាក់ត្រូវបាត់បង់ការងារ និងគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ពិសេសដោះស្រាយបញ្ហាវិបត្តិធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។
បញ្ហាអត់ការងារធ្វើនេះ មិនត្រឹមតែកើតឡើងសម្រាប់ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ ពលករខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស ពិសេសប្រទេសថៃរាប់ម៉ឺននាក់ ក៏កំពុងជួបបញ្ហាប្រឈមទាំងនេះដែរ ក្រោយពួកគេត្រឡប់មកកម្ពុជាកាលពីមុនបុណ្យចូលឆ្នាំថ្មី។
បញ្ហាប្រឈមទាំងនោះ ក្រុមអ្នកតាមដានសង្គមយល់ឃើញថា រដ្ឋាភិបាលគប្បីបញ្ចេញកញ្ចប់ថវិការដ្ឋជួយដល់ពួកគេទាំងនោះជាបណ្តោះអាសន្ន និងត្រូវមានផែនការរយៈពេលវែងបន្ថែមទៀត ដោយថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅតែអូសបន្លាយ ឬអាក្រក់ជាងនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងសម្រុកមកកម្ពុជាវិញ ដែលធ្វើឱ្យវិបត្តិអ្នកគ្មានការងារកាន់តែច្រើន។
មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ថ្លែងថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ កាន់តែអាក្រក់ជាងនេះ នឹងធ្វើឱ្យពលករនៅស្រុកថៃរាប់សែននាក់ នឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ហើយពួកគេនឹងនាំគ្នាសម្រុកមកកម្ពុជា ដែលធ្វើឱ្យរដ្ឋនឹងមានបន្ទុកធ្ងន់បន្ថែមទៀត។
បញ្ហាចំពោះមុខនេះ លោកថា រដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការជួយដល់ពលករ កម្មករ វិស័យឯកជន ដែលងាយរងគ្រោះ ដូចជាយន្តការស្វែងរកមូលនិធិ ឬដៃគូអភិវឌ្ឍន៍ពីក្រៅប្រទេសជាដើម។
លោកមានប្រសាសន៍ថា៖ «ជាយោបល់របស់ខ្ញុំហ្នឹង រាជរដ្ឋាភិបាលត្រូវគិតពីវិធានការចាំបាច់ និងគំនិតផ្តួចផ្តើមជាលក្ខណៈយុទ្ធសាស្ត្រជាសកល ដោយបញ្ហាអាទិភាពនោះ រដ្ឋត្រូវតែស្វែងរកមូលនិធិទីភ្នាក់ងារជំនួយកម្មវិធីអភិវឌ្ឍន៍ ឬកម្ចីពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិអីហ្នឹង។ វាសំខាន់ណាស់ ព្រោះគំនិតផ្តួចផ្តើមកម្ចីពីស្ថាប័នទាំងអស់ហ្នឹង ដើម្បីយកមកទ្រទ្រង់ រួមទាំងវិស័យឯកជន ហើយនិងផ្តល់ការគាំពារដល់ពលរដ្ឋ ពិសេសកម្មករនិយោជិតដែលបាត់បង់ការងារធ្វើហ្នឹង ដើម្បីគាត់មានលទ្ធភាពនូវការទទួលបានសេវាគាំពារពីរដ្ឋ»។
កាលពីថ្ងៃទី២២ ខែមេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ពលករមកពីក្រៅប្រទេសជាង ៨ម៉ឺន ៥ពាន់នាក់ ភាគច្រើនអាចដោះស្រាយជីវភាពគ្រួសារបានតែរយៈពេលខ្លីប៉ុណ្ណោះ។
លោកបន្ថែមថា ពលករខ្មែរទាំងនោះរំពឹងត្រឡប់ទៅធ្វើការងារនៅស្រុកថៃវិញក្រោយចប់បុណ្យចូលឆ្នាំ ប៉ុន្តែ ជារឿងពិបាក ដោយថា ប្រទេសទាំងពីរបានរឹតបន្តឹងការឆ្លងកាត់តាមព្រំដែន ពិសេសថៃកំពុងរាតត្បាតជំងឺកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមិនទាន់កំណត់ពេលបើកវិញនៅឡើយ។
ទំព័រហ្វេសប៊ុកលោកសរសេរថា៖ «បញ្ហាទេសន្តប្រវេសន៍ពាក់ព័ន្ធនឹងពលករ ដែលបានវិលត្រឡប់មកបណ្ដាប្រទេសនានា ពិសេសពលករដែលបានវិលមកពីប្រទេសថៃចូលកម្ពុជាវិញមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលគិតមកដល់ពេលនេះ មានចំនួនប្រមាណ ៨៥០០០នាក់ ដែលភាគច្រើនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ»។
លោក ស ខេង បញ្ជាក់ថា រដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចំពោះកិច្ចចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ គឺក្រុមការងារគ្រប់គ្រងថ្លៃទំនិញយុទ្ធសាស្ត្រ ក្រុមការងាររៀបចំគ្រប់គ្រងយន្តការជំនួយសង្គម ក្រុមការងាររៀបចំគោលនយោបាយថវិកា និងជំនួយសង្គម និងក្រុមបច្ចេកទេសចម្រុះដើម្បីសិក្សារៀបចំដាក់ចេញកញ្ចប់វិធានការហិរញ្ញវត្ថុ និងធនាគារ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
របាយការណ៍របស់ក្រសួងការងារធ្លាប់លើកឡើងថា ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ មានប្រមាណ ១លាន ២សែននាក់ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលថា ចំនួនពិតប្រាកដអាចមានលើសពីនេះ។
ក្រៅពីកម្មករត្រឡប់មកពីក្រៅប្រទេស កាលពីថ្ងៃ២៧ ខែមេសា អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បញ្ជាក់ថា គិតមកដល់ចុងខែមេសានេះ មានរោងចក្រចំនួនជាង ១៣០ហើយ បានព្យួរការងារ ដែលធ្វើឱ្យកម្មករប្រមាណ ១០ម៉ឺននាក់ រងផលប៉ះពាល់ ឬបាត់បង់ការងារ ប៉ុន្តែរដ្ឋធ្លាប់ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារក្នុងមួយខែ ៧០ដុល្លារ ដោយ ៣០ដុល្លារ ជាបន្ទុកថៅកែ និង៤០ដុល្លារ ជាបន្ទុករបស់រដ្ឋ។
ចំនួនពលរដ្ឋបាត់បង់ការងារធ្វើដោយសារវិបត្តិកូវីដ១៩នេះ ក៏នៅមានបុគ្គលិក កម្មករ ដែលបម្រើនៅតាមសេវាកម្សាន្ត កាស៊ីណូ ខារ៉ាអូខេ ក្លឹប រោងភាពយន្ត សណ្ឋាគារ រាប់ម៉ឺននាក់ផ្សេងទៀត។
លោក ឃុន ថារ៉ូ បន្ថែមទៀតថា សម្រាប់យុទ្ធសាស្ត្ររយៈពេលវែង គឺរដ្ឋាភិបាលត្រូវគិតគូរពីបញ្ហាសន្តិសុខស្បៀងជារឿងសំខាន់ ដោយសហការជាមួយវិស័យឯកជន វិនិយោគលើវិស័យកសិកម្ម ត្បិតកម្ពុជាមានសក្តានុពល ព្រមទាំងអាចបង្កើតការងារក្នុងស្រុកបាន និងអាចជំរុញការនាំចេញផលិតផលវិស័យនេះទៅក្រៅប្រទេសផងដែរ។
លោកមានប្រសាសន៍បន្តថា៖ «ប្រទេសកម្ពុជាយើងមានសក្តានុពលក្នុងការនាំចេញផលិតផលកសិកម្ម។ អីចឹង ប្រសិនជាយើងធានាទៅដល់វិស័យឯកជនដែលគាត់ធ្វើការងារនៅក្នុងការវិនិយោគក្នុងវិស័យកសិកម្មហ្នឹង អាចធានានូវផលិផល ផលិតភាពក្នុងស្រុក ហើយជំរុញនូវបរិយាកាសក្នុងការនាំចេញទៅបណ្តាប្រទេសមួយចំនួនដែលកំពុងមានបញ្ហាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច វិបត្តិស្បៀងអាហារហ្នឹង ខ្ញុំគិតថាអាហ្នឹង ក៏ជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាដែរ។ ទីមួយ គឺយើងអាចបំពេញតម្រូវការក្នុងស្រុក លក់ក្នុងស្រុក ហើយពលរដ្ឋគាត់មានការគាំពារពីរដ្ឋ គាត់មានលុយទិញនូវផលិតផលទំនិញកសិកម្ម ឬស្បៀងអាហារជាដើមហ្នឹង គាត់អាចធ្វើឱ្យលំហូរសេដ្ឋកិច្ចក្នុងស្រុកហ្នឹងអាចដំណើរការបាន»។
ស្រដៀងគ្នានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ឃើញថា វិធានការចំពោះមុខ រដ្ឋាភិបាលគប្បីរៀបចំកញ្ចប់ថវិកាចាត់ចែងទៅលើប្រព័ន្ធជំនួយគាំពារសង្គមដល់ពលករខ្មែរដែលត្រឡប់ពីក្រៅប្រទេស ព្រមទាំងកម្មករដែលបាត់បង់ការងារធ្វើនៅក្នុងស្រុក។
លោកបន្តថា រដ្ឋាភិបាលក៏ទើបនឹងទទួលបានជំនួយថវិកាពីបណ្តាប្រទេសផ្សេងៗ រួមទាំងសប្បុរសជនក្នុងស្រុកផង ដែលរដ្ឋអាចប្រើដើម្បីជួយពួកគាត់ជាបណ្តោះអាសន្នបាន។
លោក ថេង សាវឿន បន្តថា៖ «សម្រាប់ខ្ញុំ ការដោះស្រាយប្រព័ន្ធជំនួយសង្គម ការគាំពារសង្គមរបស់រដ្ឋ ថវិកាហ្នឹងគឺមានសារសំខាន់ណាស់ក្នុងការជួយដល់ពួកគាត់។ យើងដឹងថា មកដល់ពេលនេះ រដ្ឋទទួលបានជំនួយសង្គមប្រមាណជាង ៦០លានដុល្លារពីបណ្តាប្រទេសផ្សេងៗ រួមទាំងសប្បុរសជនក្នុងស្រុក ដោយមិនគិតពីតម្លៃសម្ភារ។ អីចឹង រដ្ឋអាចប្រើប្រាស់ថវិកាហ្នឹងជួយដល់ពួកគាត់ក្នុងរយៈពេលខ្លី»។
តាមហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតារាងឈ្មោះមន្ត្រីបរិច្ចាគប្រាក់បៀវត្ស បង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ជំនួយពីសប្បុរសជន និងការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាជការ ដើម្បីប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគកូវីដ១៩ មានចំនួនប្រមាណ ២៣លានដុល្លារ។
កាលពីថ្ងៃទី២០ ខែមេសា សហភាពអឺរ៉ុបបានអនុម័តឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លានអឺរ៉ូ ឬស្មើនឹងជាង ៦០លានដុល្លារអាមេរិក សម្រាប់ជួយដល់កម្ពុជាលើវិស័យគាំពារសង្គម និងស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ ផងដែរ។
លើសពីនេះ លោក ហ៊ុន សែន ធ្លាប់អះអាងថា រដ្ឋបានត្រៀមកញ្ចប់ថវិកាចន្លោះពី ៨០០លានដុល្លារ ទៅ ២០០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចចំពោះមុខគឺជំងឺកូវីដ១៩នេះទៀតផង ប៉ុន្តែ មកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បង្ហាញខ្ទង់ចំណាយពិតប្រាកដពាក់ព័ន្ធថវិការដ្ឋដែលត្រៀមទាំងនេះឡើយ។
លោក ថេង សាវឿន យល់ថា សម្រាប់ការដោះស្រាយរយៈពេលវែង រដ្ឋក៏ត្រូវបញ្ចេញកញ្ចប់ថវិកាជួយដល់ពលរដ្ឋជាដើមទុនបង្កើតជាមុខរបរ ឬការងារ ពិសេសផ្តោតលើវិស័យកសិកម្ម ដែលជាតម្រូវការចាំបាច់ក្នុងការផលិតស្បៀងសម្រាប់ទប់ទល់ស្ថានភាពជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវគិតគូរក្នុងរយៈពេលវែង ក្នុងការជួយដល់ពួកគាត់ព្រោះយើងមិនដឹងថា ផលប៉ះពាល់ឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩នេះ វាមានរយៈពេលប៉ុន្មានទេ។ មួយវិញទៀត គឺស្ថានភាពប្រទេសដែលគាត់ធ្វើចំណាកស្រុកទៅធ្វើការហ្នឹង គឺមានស្ថានភាពអាក្រក់ជាងយើងទៅទៀត។ អីចឹង ដំណាក់កាលនេះ គឺការជួយគាំពារទៅលើការប្រកបមុខរបរ ពិសេសលើវិស័យកសិកម្មហ្នឹងជារឿងសំខាន់។ អីចឹង រដ្ឋត្រូវមានយន្តការក្នុងការសម្របសម្រួលក្នុងការផ្តល់បច្ចេកទេស ការផ្តល់ហិរញ្ញប្បទានជាដើមទុន ក្នុងការជួយដល់កសិករ ឬពលករដែលត្រឡប់មកហ្នឹង»។
កាលពីពាក់កណ្តាលខែមេសា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើទៅរដ្ឋសភា ឱ្យជួយអនុម័តបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម សម្រាប់អនុវត្តគោលនយោបាយហិរញ្ញវត្ថុជួយធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យស្ថាប័នទាំងនោះ សម្រួលដល់ការផ្អាកការបង់រំលស់ប្រចាំខែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លី និងជួយដល់បុគ្គលិកក្នុង និងក្រៅប្រព័ន្ធទាំងអស់ដែលអត់ការងារធ្វើ ទទួលបានប្រាក់ប្រាំសែនរៀលក្នុងមួយខែ។
បន្ថែមពីនេះ គបម ក៏ស្នើឱ្យបញ្ជូនគ្រូជំនាញកសិកម្ម ៥០០នាក់ បណ្តុះបណ្តាលកសិករចំនួន ៣ម៉ឺននាក់ ឱ្យចេះដាំបន្លែ ចិញ្ចឹមសត្វ រួមទាំងផ្តល់ថវិកាដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវស្តុកទុកក្នុងតម្លៃសមរម្យ និងជួយអនុគ្រោះពន្ធដល់ក្រុមហ៊ុន និងសហគ្រាស ជាដើម៕