កម្ពុជា​​កំពុង​​សិក្សា​​របាយ​ការណ៍​​មុន​នឹង​​ធ្វើ​​កំណត់​​ទូត​​តវ៉ា​​ទៅ​​ភាគី​​វៀតណាម​ ជុំវិញ​​ការ​​បោះ​តង់​​លើ​​តំបន់​​មិន​ទាន់​​ឯក​ភាព​​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា អះអាង​ថា គណៈកម្មាធិការ​នេះ កំពុង​ពិនិត្យ​លើ​របាយការណ៍​សមត្ថកិច្ច​ជាមុន​សិន មុននឹង​ធ្វើ​កំណត់​ទូត​តវ៉ា​ជាមួយ​ភាគី​វៀតណាម បន្ទាប់ពី​កម្ពុជា​រក​ឃើញ​ទាហាន​វៀតណាម​បោះតង់​លើ​តំបន់​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា នគរបាល​ខេត្ត​នេះ បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​នៅ​ស្រុក​កោះធំ។ ការ​ចុះទៅ​ពិនិត្យ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ទាហាន​វៀតណាម​បោះតង់​ចំនួន ៩កន្លែងនៅ​លើ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាម​ថា ក្រសួង​កំពុង​រង់ចាំ​របាយការណ៍​វាយតម្លៃ​របស់​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា។

លោក កុយ គួង ប្រាប់​ថា៖ «ពេលនេះ ក្រសួង​កំពុង​រង់ចាំ​របាយការណ៍​វាយតម្លៃ​របស់​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា»។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង អះអាង​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​បញ្ជូន​របាយការណ៍​អំពី​បញ្ហា​នេះ​កាលពី​ម្សិលមិញ។ លោក​បន្ត​ថា ខាង​គណៈកម្មាធិការ​កំពុង​ពិនិត្យ​ឱ្យ​បាន​ច្បាស់ មុននឹង​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​ភាគី​វៀតណាម។

លោក វ៉ា គឹ​មហុង ប្រាប់​ថា៖ «យើង​កំពុង​អង្គុយ​មើល អង្គុយ​ធ្វើ​កិច្ចការ​ហ្នឹង។ យូរ​! យើង​ថា​មិនបានទេ ព្រោះ​យើង​ធ្វើ​កិច្ចការ​ហ្នឹង វា​ច្រើន ត្រូវការ​យក​យា​មកា​រអីហ្នឹង ខ្ញុំ​មិន​បន្ទោស​ខេត្ត​ទេ។ យើង​ត្រូវ​យក​យាម​ការ​អី​ឱ្យ​ប្រាកដ​ប្រជា ច្បាស់​នៅ​ត្រង់​ណាៗ​អី ​បាន​យើង​សរសេរ​លិខិតតវ៉ា​គេ»។

នៅពេល​អ្នកសារព័ត៌មាន​វី​អូ​ឌី​សួរ​ថា តើ​មកដល់​ថ្ងៃនេះ វៀតណាម​រុះរើ​តង់​ទាំងនោះ​អស់ហើយ​ឬនៅ​នោះ លោក វ៉ា គឹ​មហុង សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ទេ ដោយ​លោក​ប្រាប់​ឱ្យទៅ​សួរ​អាជ្ញាធរ​ខេត្ត​កណ្ដាល​វិញ។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​ថា ភាគី​វៀតណាម​មិនទាន់​រុះរើ​តង់​ដែល​បាន​បោះ​នោះ​នៅឡើយ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ធ្វើ​លិខិត​ដាក់​ទៅ​ភាគី​វៀតណាម​កា​លពីមិ្ស​លមិញ ដើម្បី​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញ ដោយ​មិន​ត្រូវ​រង់ចាំ​ទាល់តែ​ចប់​កូវីដ១៩នោះ​ទេ។

លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​ថា៖ «នៅ​ម្ដុំ​ក្អម​សំណ គាត់​ក៏​រើ​ទៅ​ក្នុង​បន្តិច តាមរយៈ​ដែល​កម្លាំង​យើង​ទៅ​ប្រាប់​ផ្ទាល់ ប៉ុន្តែ រើ​ជា​រួម​តែម្ដង គឺ​នៅទេ ប៉ុន្តែ យើង​បាន​ធ្វើ​លិខិត​រដ្ឋបាល​ជម្រាប​ទៅ​ខាង​ខេត្ត​អាងយ៉ាង ​[វៀតណាម​] ហើយ​ថា សូម​ឱ្យ​មាន​វិធានការ​រុះរើ​ ព្រោះ​រឿង​នេះ យើង​អត់​ទាន់បាន​ជជែក​ពិភាក្សា​គ្នា​ទេ ព្រោះ​រាល់​កិច្ចការ​ទាំងអស់​មុននឹង​យើង​ធ្វើ​កិច្ចការ​អី​មួយ​ពាក់ព័ន្ធ​នឹង​ព្រំដែន​រវាង​គ្នា​ហ្នឹង យើង​តែងតែមាន​ការ​ជូនដំណឹង​គ្នា​ទៅវិញទៅមក ហើយ​ប្រកាន់​លើ​កិច្ចការ​ច្បាប់​នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នឹងគ្នា»។

លោក គង់ សោភ័ណ្ឌ បន្ត​ថា អាជ្ញាធរ​បាន​ពង្រឹង​ការ​ចុះ​ល្បាត​នៅ​ទីតាំង​នោះ បើ​ទោះបីជា​វៀតណាម​បោះតង់​នៅ​តំបន់​នោះ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩ក៏ដោយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាលពី​ម្សិលមិញ​នេះ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​លុបចោល​នូវ​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​សន្ធិសញ្ញា​ឆ្នាំ២០១៩ ដែល​បាន​បំពេញ​ខ្លឹមសារ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ដោយក្រុម​ប្រឹក្សា​នេះ​ថា ជា​សន្ធិសញ្ញា​ខុសច្បាប់ ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​ផ្ទុយ​មាត្រា២ និង​មាត្រា៥៥ នៃ​រដ្ឋ​ធម្ម​នុញ្ញា​របស់​កម្ពុជា។

សមាជិក​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អ្នក​តាមដាន​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ជំរុញ​ទៅ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំឱ្យ​ភាគី​វៀតណាម​រំលោភ​ចូល​អធិបតេយ្យ​កម្ពុជា​ទៀត។ ក្រៅពី​ធ្វើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម​ហើយ លោក​ថា កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​មួយទៀត ដាក់​ទៅ​សហគមន៍​អន្តរជាតិ​ឱ្យ​ដឹង​លឺ​ចំពោះរឿងនេះ។

លោក រ៉ុង ឈុន ប្រាប់​ថា៖ «យើង​ធ្វើ​លិខិត​មួយ​ដាក់​ទៅ​ជូន​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជម្រាប​អាជ្ញាធរ​យួន​រំលោភបំពាន​ឈ្លានពាន​មក​លើ​អធិបតេយ្យ​ដែនដី​នៃ​កម្ពុជា​យើង។ បើ​យើង​ដាក់​លិខិត​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ អាហ្នឹង យើង​មាន​ភាពរឹងមាំ​ជាង ដើម្បី​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​ជួយ​ដឹង​លឺ ហើយ​ជូយ​ធ្វើអន្តរាគមន៍ទៅលើ​ការរំលោភ​បំពាន​ពីសំណាក់​អាជ្ញាធរ​យួន​មក​លើ​កម្ពុជា»។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ ដោយ​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោលព្រំ​ដែន​គោក​បោះ​រួម​ចំនួន ៣១៤បង្គោល ស្មើនឹង ៨៤ភាគរយ។ ចំណែក​ចំណុច​មិន​ឯកភាព​គ្នា​នៅ​សេសសល់ ១៦ភាគរយ​ទៀត នឹង​បោះ​បន្ត បន្ទាប់​ពី​ភាគី​បារាំង​ផ្តល់​ផែនទី​មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ