បទ​​យក​ការណ៍​៖ ឥស្លាម​​សាសនិក​​ស្ដាយ​​ដែល​​មិន​បាន​​ជុំ​គ្នា​​ធ្វើ​បុណ្យ​​រ៉ា​ម៉ា​ដន​ តែ​ថា​​ការ​ទប់​ស្កាត់​​កូ​វីដ​១៩​សំខាន់​​ជាង​​

ភាពស្ងប់ស្ងាត់នៃវិហារឥស្លាម អាល់សាកាល់ភ្នំពេញ ក្នុងអំឡុងបុណ្យរ៉ាម៉ាដន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

នេះ​ជា​វិហារ​ឥស្លាម​បឹង​កក់​អាល់​សា​កាល់​ដ៏​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​រៀងរាល់​ឆ្នាំ​វិហារ​នេះ​ធ្លាប់តែ​ជា​កន្លែង​ជួបជុំ​សាសនិក​ឥស្លាម​ដ៏​ធំ​នៅ​ថ្ងៃបុណ្យ​រ៉ា​ម៉ា​ដន។ តែ​វិបត្តិ​កូ​វីដ១៩ នៅ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​សាសនិក​ឥស្លាម​សម្រេច​ផ្អាក​ការ​ជួបជុំ​ក្នុង​ពិធីបុណ្យ​នេះ ដែល​មានន័យថា​គ្មាន​ការ​ជុំគ្នា​ថ្វាយបង្គំ គ្មាន​ការ​ជុំគ្នា​ស្រាយ​បួស​នៅ​ទីនេះ​នោះ​ទេ។ 

ក្នុង​លិខិត​ចុះ​ថ្ងៃទី២០ ខែមេសា ចាងហ្វាង​នៃ​គណៈ​សាសនា​ឥស្លាម​នៅ​កម្ពុជា ​លោក សុះ កំ​រ៉ី បាន​លើកឡើង​ថា ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដន​ឆ្នាំនេះ​ លោក​បាន​ស្នើ​ដល់​សាសនិក​ឥស្លាម​ទាំងអស់​ឱ្យធ្វើ​ការថ្វាយបង្គំ​ព្រះ និង​ស្រាយ​បួស​នៅផ្ទះ​រៀងខ្លួន ​ដោយ​មិន​ឱ្យ​មានការ​ប្រមូលផ្ដុំ​តាម​វិហារ មិន​ឱ្យ​មានការ​ប្រមូលផ្ដុំ​សាសនិក រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា និង​ចូលរួម​អនាម័យ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ 

លោក​សរសេរ​ថា ៖ «ពិតមែន​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង ហាក់​មាន​សភាព​ធូរស្រាល ប៉ុន្តែ​ យើង​មិន​ត្រូវ​ភ្លេចខ្លួន និង​ធ្វេស​ប្រហែស​មើលស្រាល​ជំងឺ​នេះ​ឡើយ គឺ​យើង​ត្រូវតែ​រួមគ្នា​ប្រយុទ្ធ បន្ត​ទប់ស្កាត់​ថែមទៀត រហូត​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នៅពេល​ខាងមុខ»។ 

ក្រោយ​ការប្រកាស​នេះ សាសនិក​ឥស្លាម​បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ តែ​ជាមួយគ្នា​នោះ​ ពួក​គេ​ក៏បាន​លើកឡើង​ផង​ដែរ​ថា ​ការចូលរួម​ការពារ​ការ​រីក​រាល​ដាលនៃ​ជំងឺ​កូ​វីដ១៩ និង​គោរព​តាម​ការណែនាំ​របស់​រដ្ឋ ​គឺ​វា​សំខាន់​ជាង។ 

ភាពស្ងប់ស្ងាត់នៃវិហារឥស្លាម អាល់សាកាល់ភ្នំពេញ ក្នុងអំឡុងបុណ្យរ៉ាម៉ាដន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

អាជីវករ​លក់​ភេសជ្ជៈនៅមុខ​វិហារ​ឥស្លាម​អាល់​សា​កាល់​ ស្ត្រី​ខ្មែរឥស្លាម​ម្នាក់​ឈ្មោះ ម៉ារី ម៉ូ​ហា​ម៉ាត់ បានឱ្យ VOD ដឹង​ថា ​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ​គឺជា​ពិធី​ពិសិដ្ឋ និង​ការ​ជួបជុំ​នៃ​ឥស្លាមសាសនិក​ទាំងអស់​ ដើម្បី​បង្ហាញ​នូវ​ការ​សាមគ្គី​នៃ​សាសនា​នេះ។

អ្នកស្រី​រៀបរាប់​ថា​ ជា​រៀងរាល់​ឆ្នាំ​ ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ទាំង​ខ្មែរឥស្លាម និង​ឥស្លាម​ជា​បរទេស​មិន​តិច​ពាន់​នាក់​នោះ​ទេ​ដែល​មក​បួងសួង​ថ្វាយបង្គំ​ព្រះ​ក្នុង​វិហារ​នេះ។ 

អ្នកស្រី​រៀបរាប់​ថា៖ «ព្រោះ​ក្នុង​មួយឆ្នាំ​ យើង​បាន​ជួបគ្នា​តែមួយ​ខែ​ហ្នឹង​ទេ មក​ធ្វើបុណ្យ​ មក​សំ​យ៉ាង​តា​រ៉​វ៉េះ​ (មានន័យថា​ម៉េច​?) អី ក្នុង​មួយ​ខែ​ហ្នឹង​ សប្បាយ​មិនដឹង​ថា​យក​អី​មកប្រៀប​បានទេ សប្បាយ​នឹង​ធ្វើបុណ្យ​ មិនមែន​ត្រឹមតែ​សប្បាយ​នឹង​ជួបជុំគ្នា​ទេ សប្បាយ​នឹង​ធ្វើបុណ្យ​តែម្ដង។ ដល់​ឆ្នាំនេះ​ ដល់​កូ​វី​ដ​ហ្នឹង​មក​ទៅ ​ដូច​ថា​ មានចិត្ត​ថា​មិន​សប្បាយ ដូច​ថា​យើង​បាន​ធ្វើ​ [បុណ្យ​] ដែរ តែ​មិន​សប្បាយ​ដូចដែល​យើង​ជួបជុំគ្នា បាន​ថា​អ្នក​នៅ​ឆ្ងាយ​អី​ យើង​មក​ជុំគ្នា​ទាំងអស់​គឺ​សប្បាយ​ ហើយ​ដល់​ឥលូវ អ្នក​ឆ្ងាយ​ក៏​មិនបាន​ជួប​ អ្នក​ជិត​ក៏​មិនបាន​ជួប ​បែកខ្ញែក​អស់​រលើង»។

កំពុង​បោស​សំរាម​សម្អាត​វិហារ​ឥស្លាម​មុខដាច់ ក្នុង​ភូមិ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សី​កែវ លោក ម៉ាន ឡះ អាយុ ៥៨ឆ្នាំ​ បាន​រៀបរាប់​ថា ពុំ​មាន​ទៀត​ទេ​ការ​ប្រមូលផ្ដុំ​គ្នា​នៅ​វិហារ​ដើម្បី​ថ្វាយបង្គំ និង​ស្រាយ​បួស​ពេលល្ងាច ដោយ​ថា​ ជា​ការ​ចួល​រួម​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិបាល។

លោក​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​ខកខាន​មិនបាន​ជុំគ្នា​នៃ​សាសនិក​ឥស្លាម​នេះ តែថា​ ការគោរព​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​គឺ​សំខាន់​ជាង ដើម្បី​ការពារ​ការ​ចម្លង ក៏ដូចជា​ថែរក្សា​សុខភាព​ប្រជាជន។ 

លោក៖ «រាល់​ឆ្នាំ ​មក​មនុស្ស​ពេញ​ណែន​ៗវិហារ ហើយ​ឆ្នាំនេះ​មានរឿង​ឈឺថ្កាត់​ឆ្លង​មេរោគ​ហ្នឹង។ តែ​ធ្វើ​ម៉េច​ យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​កុំឱ្យ​វា​មាន​មេរោគ​ឆ្លង​រាលដាល​ស្អី​អញ្ចឹង​ណា។ ក្នុង​ភូមិ​នេះ​ គ្មាន​អ្នកណា​កើត​ទេ​! តែ​អ្វី​ដែល​ខ្ញុំ​ខ្លាច​គឺ​ខ្លាច​តែ​អ្នក​មក​ពីក្រៅ​ស្រុក​វិញ​ទេ មក​ពី​ថៃ មក​ពី​អី​មក​ យើង​មើល​មិនដឹង តែបើ​នៅក្នុង​ភូមិ​នេះ​គឺ​យើង​ដឹង​ហើយ​ថា ​គ្មាន​អ្នកណា​ចេញទៅ​ណា​ទេ។ គ្រាន់តែ​ថា​ យើង​ប្រយ័ត្ន​ការពារ​ដែរ ដូច​ថា​ដើរ​ផ្សារ​អី​ បងប្អូន​មក​ពីណា​មក​ប៉ះពាល់​យើង​អត់​ដឹង»។ 

នេះ​ជា​ការសូត្រ​ប្រកាស​ពី​ពេលវេលា​នៃ​ការថ្វាយបង្គំ​របស់​សាសនិក​ឥស្លាម។ ជាទូទៅ ​ក្នុង​បុណ្យ​រ៉ា​ម៉ា​ដន​ ឥស្លាមសាសនិក​ត្រូវ​ថ្វាយបង្គំ​ព្រះ​ចំនួន ៥ដង ពេលព្រឹក​ម៉ោង ៤​:២៨នាទី រសៀល​ម៉ោង ១២​:០០ ម៉ោង ៣​:០៦នាទី ល្ងាច​ម៉ោង ៦​:១៥នាទី និង​ម៉ោង ៧​:២០នាទី។

ថ្នាក់ដឹកនាំ​តាម​ភូមិ​ផ្នែក​សាសនា​ឥស្លាម ហា​កឹម លី ម៉ា​ត់​ណូ មានប្រសាសន៍​ថា សាសនា​ឥស្លាម​មាន​ជំនឿ​ថា ​ការថ្វាយបង្គំ​ព្រះ​នៅ​វិហារ​គឺ​ទទួល​បានបុណ្យ​ច្រើនជាង​នៅផ្ទះ ដោយសារ​នៅ​វិហារ​គឺជា​កន្លែង​ស្ងប់ស្ងាត់​ និង​ធ្វើ​ឱ្យ​ចិត្ត​មនុស្ស​នឹងនរ។ ទោះជាយ៉ាងណា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ដើម្បី​ចូលរួម​តាម​ការណែនាំ​របស់​រដ្ឋាភិបាល សាសនិក​ឥស្លាម​គ្រប់រូប​ត្រូវតែ​ធ្វើ​ប្រតិបត្តិ​គោរព​ដល់​ព្រះ និង​ប្រារព្ធ​បុណ្យ​រ៉ា​ម៉ា​ដន​តាម​ផ្ទះ​រៀងខ្លួន។ 

លោក​មានប្រសាសន៍​ថា៖ «សូម្បីតែ​ការ​ប្រមូលផ្ដុំ​ថ្វាយបង្គំ​ក្នុង​ផ្ទះ ​យើង​ថ្វាយបង្គំ ២ ទៅ ៣នាក់ ក៏​មិន​ជុំគ្នា​ដែរ យើង​ធ្វើតាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ​ដើម្បី​រក្សា​ជីវិត​របស់​យើង។ ខ្លួនប្រាណ​របស់​យើង បើ​យើង​អត់​ចេះ​គិត​ទេ ​គឺ​ខ្លួនឯង​ទេ​ដែល​មាន​គ្រោះថ្នាក់ គ្មាន​អ្នកណា​ទទួលខុសត្រូវ ខ្លួនឯង​ហើយ​ជា​អ្នកទទួល​ខុសត្រូវ វា​ឆ្លង​ប្រពន្ធ ​ឆ្លង​ទៅ​កូន​ទៅ ​អ្នកណា​ទៅ​ដឹង​! មិនមែន​តែខ្លួន​មួយ​យើង​ឯណា តែ​ឆ្លង​ដល់​ខ្លួន​យើង ប្រពន្ធកូន​យើង​ណា​ដែល​ស្និទ្ធស្នាល​ វា​ឆ្លង​ដល់ហើយ។ អ៊ីចឹង ​អ្វី​ដែល​រដ្ឋាភិបាល​បង្ការ​មក ​គឺជា​ការត្រឹមត្រូវ​ ហើយ​យើងខ្ញុំ​ជា​ឥស្លាម​ទាំងអស់ គោរព​តាម​ទាំងអស់ ​អត់​ជា​មាន​ជំទាស់​ទេ»។ 

លោក​បន្ថែម​ថា៖ «ធម្មតា ​ការ​ជួបជុំគ្នា​វា​សប្បាយ​ណាស់​! មហាម៉ាត់​ ថាម៉េច​? គាត់​ថា ​កាលណា​យើង​ឧស្សាហ៍​ធ្វើការ​ជប់លៀង​ជួបជុំគ្នា​ច្រើន ​ដើម្បី​មាន​ភាព​សំណេះសំណាល និយាយ​គ្នា​ទៅ​ជួបគ្នា​មានគំនិត​ច្រើន។ ប៉ុន្តែ​ ធ្វើ​យ៉ាងម៉េច​បើ​អា​មេរោគ​ហ្នឹង​កើតឡើង យើង​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ។ ការ​សោកស្ដាយ​វា​ស្ដាយ​ហើយ ​តែ​ការសំខាន់​យើង​រក្សា​ជីវិត​យើង​សិន​ កាលណា​ជីវិត​យើង​មាន​រស់ ​ថ្ងៃណាមួយ​អា​ជំងឺ​ហ្នឹង​វា​ស្ងប់ស្ងាត់​ នៅ​ថ្ងៃណាមួយយើង​នឹង​បាន​ជួបគ្នា​ដដែល»។ 

វិបត្តិ​កូ​វីដ១៩ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពិធី​សាសនា​ដ៏​ធំ និង​ពិសិដ្ឋ​របស់​ឥស្លាម​ប៉ុណ្ណោះទេ សូម្បីតែ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ ក៏​រដ្ឋាភិបាល​សម្រេច​មិន​ឱ្យ​មានការ​ឈប់សម្រាក​ផង​ដែរ ដើម្បី​បញ្ចៀស​នូវ​ការ​ជួបជុំ​នានា បង្ការ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​កូ​វីដ១៩។ 

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៧ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​ លោក ម៉ម ប៊ុនហេង មានប្រសាសន៍​ថា ទោះបី​ក្នុងរយៈពេល២សប្ដាហ៍​ចុងក្រោយ​នេះ ​កម្ពុជា​រក​មិនឃើញ​មានការ​ឆ្លង​នៃ​ជំងឺ​កូ​វីដ១៩ថ្មី​ក្ដី តែ​ហានិភ័យ​នៃ​ការ​ចម្លង​គឺ​មាន​ខ្ពស់​ដដែល ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង និង​ស្ដាប់​តាម​ការណែនាំ​របស់​រដ្ឋាភិបាល។ 

លោក​ ម៉ម ប៊ុ​នហេង លើកឡើង​ថា៖ «ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សុំ​មេត្តា​កុំ​យល់​ច្រលំ​ថា ​ប្រទេស​កម្ពុជា​អស់​មានការ​រាតត្បាត​ដោយ​វីរុស​កូ​វីដ១៩ឱ្យ​សោះ។ ហើយ​ត្រូវតែ​នាំគ្នា​ទប់ស្កាត់​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​បន្ត​ទៀត»។

រ៉ា​ម៉ា​ដន គឺជា​ខែ​ដ៏​ពិសិដ្ឋ​ប្រចាំឆ្នាំ​នៃ​វប្បធម៌​ឥស្លាម។ សាសនិក​ឥស្លាម​ជឿ​ថា ក្នុង​ខែ​ដ៏​ពិសិដ្ឋ​នេះ​ហើយដែល​ព្រះ​អាល់​ឡះ​បាន​ផ្ដល់​ជំពូក​ដំបូង​នៃ​គម្ពី​គូ​រ៉ា​ន់​ដល់​ព្យាការី មហាម៉ាត់។ ក្នុងអំឡុងពេល​បុណ្យ​រ៉ា​ម៉ា​ដន​ សាសនិក​ឥស្លាម​ត្រូវ​តម​អាហារ និង​ទឹក​ ចាប់ពី​ពេលព្រឹក​រហូតដល់​ថ្ងៃលិច ជួបជុំគ្នា​ថ្វាយបង្គំ និង​ស្រាយ​បួស​នៅ​តាម​វិហារ ធ្វើអំណោយ​ដល់គ្នា ដើរ​សួរសុខទុក្ខ និង​សុំ​ខមាទោស​ពី​អ្នក​រស់នៅ​ក្នុង​ភូមិ​ ជាដើម។ ទោះជាយ៉ាងណា ​ដោយសារ​វិបត្តិ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ការ​ប្រារព្ធ​នេះ មានការ​ប្រែប្រួល​ខ្លះ​នៅ​តាម​ប្រទេស​នានា​ដែល​កាន់សាសនា​ឥស្លាម។ 

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ២១ ខែមេសា ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម​កម្ពុជា​ លោក អូ​ស្មាន់ ហាស្សាន់ បាន​ថ្លែង​ថា ​មិន​ត្រឹមតែ​ឥស្លាម​នៅ​កម្ពុជា​នោះ​ទេ​ដែល​សម្រេច​មិន​ឱ្យ​មានការ​ជួបជុំ​នៅក្នុង​វិហារ ប្រទេស​ឥស្លាម​ធំៗ​ដែល​មាន​ដូចជា ​អារ៉ាប់​ប៊ី​សា​អូឌីត ជាដើម​ ក៏​សម្រេច​មិន​ឱ្យ​មានការ​ជួបជុំ​ដោយ​បារម្ភ​ពី​ជំងឺ​កូ​វីដ១៩នេះ​ដូចគ្នា។ លោក​មានប្រសាសន៍​បន្ថែម​ថា ច្បាប់​ឥស្លាម​មានការ​បត់បែន ដោយ​ថា​ សាសនិក​អាច​មិនទៅ​ថ្វាយបង្គំ​នៅ​វិហារ​បាន ដោយមាន​ហេតុផល​សមរម្យ​ដែល​អាច​ទទួលយក​បាន។ 

លោក អូ​ស្មាន់ ហាស្សាន់ មានប្រសាសន៍​ថា៖ «សាសនិក​ឥស្លាម​ក៏​មានច្បាប់​ឥស្លាម​មួយ ដែល​ដាស់តឿន​ដល់​បងប្អូន​ឥស្លាម​ថា ជន​ឥស្លាម​ត្រូវការ​ពារ​សុវត្ថិភាព​ខ្លួនឯង។ ជន​ណាក៏ដោយ​ដែល​បណ្ដាល​ឱ្យ​ខ្លួន​ទៅ​ស្លាប់ ដោយ​មិន​ការពារ​នោះ​ ក៏​នឹង​ទទួល​នូវ​អំពើបាប​ដែរ។ ហើយ​អ្នក​ដែល​ចម្លង​ [មេរោគ​] ដោយចេតនា​ដល់​អ្នកដទៃ​ដោយ​មិន​គោរព​នោះ ​ក៏​នឹង​ទទួល​នូវ​អំពើបាប​ដែរ។ ដូច្នេះ ​ការ​ការពារ​នេះ ​គឺ១ តាមច្បាប់​សាសនា​របស់​ឥស្លាម​ក៏​ត្រឹមត្រូវ ទីពីរ​គឺ​យើង​ត្រូវ​គោរព​មេដឹកនាំ ព្រោះថា ​ឥស្លាមបានឱ្យ​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់​ត្រូវ​គោរព​ទៅតាម​មេដឹកនាំ គឺ​មាន​មេដឹកនាំ​ដែល​ហៅថា Kalifa បន្ទាប់ពី Kalifa មក​ គឺ​មាន​មេដឹកនាំ​តំណាង​ឱ្យ​ឥស្លាម​ជាមុ​ខទី​តំណាង​ឱ្យ​ឥស្លាម ដូចជា​លោក​មេដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម ហើយ​បើ​ប្រទេស​គឺ​ត្រូវ​មាន​មេដឹកនាំ​ប្រទេស ដូច្នេះ​ ឥស្លាម​ត្រូវ​គោរព​នូវ​មេដឹកនាំ​ប្រទេស ហើយនិង​មេដឹកនាំ​របស់​ខ្លួន»។ 

ក្នុង​ការ​បួងសួង​ទៅ​ព្រះ​អាល់​ឡះ​ឆ្នាំនេះ សាសនិក​ឥស្លាម​កម្ពុជា​មាន​សេចក្ដីប្រាថ្នា​មួយ​គឺ​សុំ​ឱ្យ​ជំងឺ​កូ​វីដ១៩ សាបរលាប​ចេញពី​ភពផែន​ដី និង​នាំមក​នូវ​ភាព​រីក​ចម្រើន​ដល់​មនុស្សលោក​ជា​បន្ត​ទៀត។ 

ហា​កឹម លី ម៉ា​ត់​ណូ មានប្រសាសន៍​ថា៖ «សូម​ឱ្យ​ឥទ្ធិពល​នៃ​ខែ​រ៉ា​ម៉ា​ដន​ សូម​ឱ្យ​គ្របដណ្ដប់​លើ​ជំងឺ​ចង្រៃ ​[កូ​វីដ១៩​] សូម​ឱ្យ​បាត់​រលត់​ចេញពី​ពិភពលោក ជាពិសេស​នៅ​កម្ពុជា​ សូម​ឱ្យ​វារ​លាយ​សាបសូន្យ​ទៅ ជាពិសេស​នៅក្នុង​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់​ កុំឱ្យ​ជួបប្រទះ​នូវ​រឿង​នេះ​ សូម​ឱ្យ​វា [កូ​វីដ១៩​] ចៀស​ផុត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ