សមត្ថកិច្ច​​ចាប់​ខ្លួន​​បរទេស​​ពីរ​​នាក់​​ជា​មួយ​​គ្រឿង​ញៀន​៥៧​គី​ឡូ​ក្រាម​​

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគបាលជាតិ បានចាប់គ្រឿងញៀនជិត ៥៨គីឡូក្រាម និងធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនហុងកុង និងជនជាតិមីយ៉ាន់ម៉ា រួមទាំងឧបករណ៍សម្រាប់កែច្នៃមួយចំនួនទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ចាប់ខ្លួន​ជនបរទេស​ពីរ​នាក់ និង​បង្រ្កាប​បទល្មើស​កែច្នៃ ជួញដូរ​គ្រឿងញៀន និង​រឹបអូស​ថ្នាំញៀន​ប្រភេទ​អិច​ស្តា​ស៊ី​ ចំនួន ១៤ម៉ឺន​គ្រាប់ ឬស្មើ ៥៧គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិ​រិទ្ធិ ប្រាប់​ថា ការ​បង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខ័ណ្ឌ​ពោធិ​សែន​ជ័យ កាលពី​រសៀល​ថ្ងៃម្សិលមិញ។ លោក មាស វិ​រិទ្ធិ មានប្រសាសន៍​ថា បរទេស​ទាំងពីរ​នាក់​នោះជា​ប្តី​ប្រពន្ធ​នឹងគ្នា ដោយ​បុរស​ជា​ជនជាតិ​ចិន និង​ស្ត្រីជា​ជនជាតិ​ភូមា ហើយ​ពួក​គេ និង​វត្ថុ​តាង បច្ចុប្បន្ន​ស្ថិតនៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​កំពុង​ត្រួតពិនិត្យ​ករណីនេះ​ឡើងវិញ។

លោក មាស វិ​រិទ្ធិ ប្រាប់​ថា៖ «បន្ត​ទៀត​ នឹងរក​ឱ្យ​ឃើញថា តើ​អាហ្នឹង​ [គ្រឿងញៀន​] វា ​[ជនល្មើស​] ផលិត ឬមួយ​វា​យ៉ាងម៉េច វា​កែច្នៃ ដើម្បី​សន្និដ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ»។

របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បង្ហាញថា ក្នុង​ឆ្នាំ២០១៩ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បាន​ជិត ១ម៉ឺន ​(៩៨០៦​) ករណី និង​បាន​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ជិត ២ម៉ឺន ៥រយ ​(២០ ៤៨៩​) នាក់ ព្រមទាំង​រឹបអូស​គ្រឿងញៀន​បាន​ចំនួន​ជាង ៧៥០គីឡូក្រាម។

កាលពី​ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា ទោះបី​រដ្ឋាភិបាល​ខិតខំ​កសាង​ពន្ធនាគារ​យ៉ាងណា​ក៏​មិន​គ្រប់គ្រាន់​ដែរ ដោយសារ​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន មាន​ចំនួន​ច្រើន​ក្នុង១ថ្ងៃ​ៗ ស្រប​ពេល​ដែល​ពន្ធនាគារ​មួយចំនួនពេញ​ទៅ​ដោយ​អ្នកជាប់ឃុំ និង​ខ្លះទៀត​កំពុង​ចង្អៀត​ណែន។

លោក ស ខេង ផ្តល់​ជា​គំនិត​ពេលនោះ​ថា ដើម្បី​ដោះស្រាយ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺ​ធ្វើ​យ៉ាងណា ពន្លឿន​ការ​កាត់ទោស​អ្នកជាប់ឃុំ​ទាំងនោះ​ឱ្យ​បាន​ឆាប់រហ័ស ឬលើកលែងទោស​មួយចំនួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ