នៅថ្ងៃដែលសន្តិសុខក្រុមហ៊ុនឃាត់ខ្លួនលោកកាលពីខែមីនា លោក អ៊ូច ឡេង បានដើរវង្វេងផ្លូវចាស់ ដែលលោកតែងតែធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃនៅតំបន់ព្រៃឡង់។
សកម្មជនការពារព្រៃឈើរូបនេះបាននិយាយថា ជាទូទៅ លោកដឹងពីរបៀបធ្វើដំណើរតាមផ្លូវលំដែលគេត្រាយ ដើម្បីធ្វើដំណើរទៅកាន់ព្រំប្រទល់តំបន់ការពារព្រៃឡង់ ប៉ុន្តែ លោកមានការភាន់ច្រឡំ ដោយសារតែផ្លូវថ្មីដែលត្រួសត្រាយចូលជ្រៅបន្ថែមទៀតទៅក្នុងតំបន់ព្រៃក្រាស់។ នេះហើយគឺមូលហេតុដែលនាំឱ្យលោក និងសកម្មជនបីរូបផ្សេងទៀត បានជួបជាមួយសន្តិសុខក្រុមហ៊ុនកាប់ឈើដោយចៃដន្យ ដែលលោកនិយាយថា ពួកគេកំពុងធ្វើផ្លូវ។ សកម្មជនព្រៃឈើទាំងបួនរូប ត្រូវបានឃាត់ខ្លួនជាងមួយសប្តាហ៍។
លោក អ៊ូច ឡេង បាននិយាយថា ស្លាកស្នាមព្រៃឈើថ្មីៗបញ្ជាក់ថា មានសកម្មភាពកាប់ឈើថ្មីនៅតំបន់នេះ។
ស្របពេលជាមួយគ្នានោះដែរ នៅចម្ងាយរាប់រយគីឡូម៉ែត្រពីលើក្បាលរបស់លោក ផ្កាយរណបបានផ្តិតយករូបភាពដែលបង្ហាញស្លាកស្នាមកាប់ឈើយ៉ាងជ្រៅក្នុងដែនជម្រកសត្វព្រៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាអ្វីដែលអ្នកស្រាវជ្រាវសង្ស័យថា ជាច្រកសម្រាប់ក្រុមហ៊ុន Think Botech ងាយស្រួលចូលទៅដល់តំបន់សម្បូរដោយឈើកម្រ និងមានតម្លៃ។
អង្គការឃ្លាំមើលព្រៃឈើ អះអាងថា ពួកគេរកឃើញសកម្មភាពកាប់ឈើកើនឡើងនៅដែនជម្រកព្រៃឡង់ ជាពិសេសបន្ទាប់ពីក្រុមល្បាតព្រៃឈើឯករាជ្យនេះ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលល្បាតព្រៃកាលពីខែកុម្ភៈ ប៉ុន្តែ ក្រុមមន្ត្រីបានការពារការហាមឃាត់របស់ខ្លួនលើសកម្មភាពល្បាតព្រៃដែលគ្មានការចុះបញ្ជីនេះ។
លោក អ៊ូច ឡេង ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បានប្រាប់ VOD ថា៖ «យើងកំពុងល្បាតរកមើលការកាប់ឈើទ្រង់ទ្រាយធំ ដែលខុសពីការល្បាតរបស់អង្គការផ្សេងទៀត ដែលគ្រាន់តែដើរចូលក្នុងព្រៃ និងមិនល្បាតរកមើលក្រុមហ៊ុនកាប់ឈើនោះទេ»។
មន្ត្រីកម្ពុជាមួយរូប និងជាប្រធាននៃកម្មវិធីអភិរក្សព្រៃឡង់ដែលឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលអាមេរិក ក៏បានទទួលស្គាល់ផងដែរថា បានដឹងពីការកាប់ឈើដែលកំពុងកើតមាននៅដែនជម្រកសត្វព្រៃក្នុងតំបន់នេះ។
របាយការណ៍កាលពីថ្ងៃទី២១ ខែមេសា របស់សកម្មជនដែលចុះធ្វើការងារផ្ទាល់ ត្រូវបានភ្ជាប់នឹងភស្តុតាងនៃការកាប់បំផ្លាញឈើថ្មី ដែលរកឃើញដោយផ្កាយរណប និងត្រូវបានចុះផ្សាយនៅក្នុងលិខិតបើកចំហមួយទៅកាន់ភាគីពាក់ព័ន្ធដែលធ្វើការងារការពារព្រៃឡង់ ពីលោកស្រី អ៊ីដា ថេឡាដ (Ida Theilade) ជាអ្នកវិទ្យាសាស្ត្រផ្នែកការងារអភិរក្ស និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Copenhagen ដែលបានសិក្សាពីតំបន់ព្រៃឡង់អស់រយៈពេលជាងមួយទសវត្សរ៍។
លិខិតរបស់លោកស្រី ថេឡាដ បានធ្វើការប្រៀបធៀបរបាយការណ៍ស្តីពីសកម្មភាពកាប់ឈើខុសច្បាប់ពីក្រុមល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) ដែលបង្ហាញពីគល់ឈើ ឈើហុបកាប់រួចហើយ រថយន្តដឹកឈើ និងតំបន់ដែលត្រូវបានកាប់រានហើយ ទៅនឹងរូបភាពផ្កាយរណបដែលទទួលបានពីមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណកម្មការអឺរ៉ុប (European Commission`s Joint Research Centre) ។
ទិន្នន័យ និងផែនទីបង្ហាញពីការកាប់រាននាពេលថ្មីៗនៅតំបន់ភាគខាងជើង និងខាងត្បូងនៃដែនជម្រកដែលមានផ្ទៃដី ៤៣ ០០០០ហិកតា និងចំណុចដៅដែលបង្ហាញពីការកាប់បំផ្លាញព្រៃឈើ អំឡុងពេលដែលអាជ្ញាធរមានវត្តមាននៅតំបន់ព្រៃការពារ និងការរារាំងមិនឱ្យក្រុមសកម្មជនព្រៃឈើចូលក្នុងព្រៃ។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ពីរថ្ងៃបន្ទាប់ពីក្រុមមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានរារាំងសកម្មជនបរិស្ថាន និងពលរដ្ឋរាប់រយនាក់ផ្សេងទៀត មិនឱ្យចូលទៅកាន់តំបន់ការពារព្រៃឡង់ ដើម្បីរៀបចំពិធីបំបួសដើមឈើប្រចាំឆ្នាំរបស់បណ្តាញសហគមន៍ព្រៃឡង់នោះ អង្គការឃ្លាំមើលព្រៃឈើសកល (GFW) បានទទួលសញ្ញាជូនដំណឹងមុនជិត ១២០០០លើក ជាការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលប៉ុន្មានសប្តាហ៍នៅដើមឆ្នាំនេះ។
លោកស្រី ថេឡាដ បាននិយាយថា អង្គការ GFW ដែលប្រើប្រាស់ទិន្នន័យផ្កាយរណបដើម្បីរៀបចំតារាងស្តីពីការកាប់បំផ្លាញព្រៃឈើនៅទូទាំងពិភពលោក បានរាយការណ៍ថា ទទួលបានសញ្ញាជូនដំណឹងមុនប្រហែល ១០០០លើក ដែលជាសញ្ញាបង្ហាញពីការកាប់បំផ្លាញព្រៃឈើ គិតជាមធ្យមក្នុងមួយសប្តាហ៍។
លោកស្រីបានលើកឡើងក្នុងលិខិតនេះថា៖ «ការបាត់បង់ព្រៃឈើក្នុងល្បឿនលឿនបានកើតមាននៅតំបន់ដែលបណ្តាញសហគមន៍ព្រៃឡង់គ្រោងធ្វើពិធីបំបួសដើមឈើនេះ។ យើងបារម្ភថា កម្មវិធីបំបួសដើមឈើរបស់បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានហាមឃាត់ដោយសារតែរដ្ឋាភិបាលអនុញ្ញាតឱ្យមានការកាប់ឈើជ័រទឹកដែលត្រូវបានការពារនៅតំបន់នោះ»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វាគឺជាសិទ្ធិរបស់អ្នកស្រាវជ្រាវក្នុងការបញ្ចេញមតិ។
លោកបានឱ្យដឹងតាមរយៈសារជាអក្សរថា៖ «ក្រសួងបរិស្ថានធ្វើការងារយ៉ាងសកម្មជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីការពារព្រៃឡង់ រួមទាំងការល្បាតរួមជាមួយសហគមន៍នៅតំបន់ព្រៃការពារផងដែរ»។
លោកស្រី ថេឡាដ បានប្រាប់ VOD ថា រូបភាពផ្កាយរណបបានផ្តិតយករូបភាពតាំងពីដំណាច់ឆ្នាំមុនមកដល់ខែនេះ បានបង្ហាញទីតាំងកាប់ឈើស្ថិតនៅបន្ទាប់នឹងផ្លូវចូល ដែលបង្ហាញថា មានផ្លូវធំទូលាយភ្ជាប់ពីតំបន់ព្រៃការពារឆ្ពោះទៅក្រុមហ៊ុន Think Biotech ដែលកាន់កាប់ដីសម្បទានទំហំ ៣៤ ០០០ហិកតា និងមានព្រំប្រទល់ជាប់ដែនជម្រកសត្វព្រៃនៅខេត្តក្រចេះ និងស្ទឹងត្រែង។
លោក លូ ជូ ចាង (Lu Chu Chang) ជានាយកក្រុមហ៊ុន Think Biotech បានបដិសេធមិនឆ្លើយនឹងសំណួរមុនពេលអត្ថបទនេះត្រូវបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ប៉ុន្តែ លោកបានប្រាប់ VOD នៅថ្ងៃទី២៣ ថា ក្រុមហ៊ុនរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការកាប់ឈើដែលត្រូវបានរកឃើញនៅក្បែរដីសម្បទានរបស់ក្រុមហ៊ុនក្នុងខេត្តក្រចេះ និងស្ទឹងត្រែងនោះទេ។
លោក លូ ជូ ចាង បានបដិសេធថា ក្រុមហ៊ុនរបស់លោកមិនបានទិញឈើពីតំបន់ព្រៃការពារ ដោយលោកអះអាងថា ក្រុមហ៊ុននេះប្រើប្រាស់ឈើបានមកពីដីសម្បទានរបស់ខ្លួន ហើយលោកចង់ឱ្យអង្គការទាំងនោះឈប់ស្តីបន្ទោសលោកចំពោះការកាប់ឈើ ដោយសារថា រដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង់ការកាប់រានព្រៃ។
លោកបានប្រាប់អ្នកកាសែត អំឡុងបទសម្ភាសនៅការិយាល័យរបស់លោកនៅខេត្តកណ្តាលថា៖ «មន្ត្រីបរិស្ថាន នគរបាល និងអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល បានពិនិត្យមើលអ្វីៗគ្រប់យ៉ាង [លើអាជីវកម្មរបស់ខ្ញុំ] ប៉ុន្តែ ខ្ញុំមិនបានធ្វើ [ការកាប់ឈើខុសច្បាប់] ទេ។ ខ្ញុំមិនធ្វើអ្វីខុសទេ»។
លោកស្រី ជា សាំងធិតា ជានាយកម្នាក់ទៀតនៅក្រុមហ៊ុន Think Biotech និងលោក ជា ពៅ សុទ្ធតែស្ថិតនៅក្នុងក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនមួយទៀតឈ្មោះ Angkor Plywood ជាក្រុមហ៊ុនឈើហុប និងផលិតគ្រឿងសង្ហារឹម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនពីរនេះ ជុំវិញការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់កាលពីខែតុលាឆ្នាំមុន នេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែ លោក ភក្ត្រា មិនឆ្លើយនឹងសំណួររបស់ VOD អំពីក្រុមហ៊ុនទាំងនេះទេ។
លោកស្រី ថេឡាដ ជាអ្នកស្រាវជ្រាវបាននិយាយថា៖ «វាគឺជាការវិវឌ្ឍថ្មី ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Think Biotech មានឈ្មោះនៅក្នុងរបាយការណ៍ជាច្រើនឆ្នាំមកហើយថា បានជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់»។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា គម្រោងព្រៃឡង់បៃតង (Greening Prey Lang) ដែលមានរយៈពេល ៥ឆ្នាំ ជាមួយទឹកប្រាក់ ២១លានដុល្លារ និងឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក ហៅកាត់ថា USAID មិនបានចេញរបាយការណ៍ជាសាធារណៈស្តីពីសកម្មភាពកាប់ឈើដែលកំពុងកើនឡើងនេះទេ។
លោកស្រី ថេឡាដ បានសរសេរតាមអ៊ីម៉ែលដែលចែករំលែកដល់បណ្តាអ្នកកាសែតថា៖ «ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ យើងបារម្ភថា គម្រោងព្រៃឡង់បៃតងដែលមានទឹកប្រាក់រាប់លានដុល្លារនេះ មិនបានតាមដានការកាប់បំផ្លាញព្រៃឈើ ឬក៏ជ្រើសរើសមិនផ្តល់ព័ត៌មាននេះដល់សាធារណជន»។
អ្នកស្រាវជ្រាវរូបនេះបាននិយាយថា អ្នកតំណាងគម្រោងព្រៃឡង់បៃតងបានទាក់ទងទៅលោកស្រី និងស្នើសុំពិភាក្សាអំពីការរកឃើញកាលពីចុងសប្តាហ៍នេះ។
លោក ម៉ាតធូ អ៊ែដវើដសិន (Mathew Edwardsen) ប្រធានក្រុមមួយនៃគម្រោងព្រៃឡង់បៃតង បានប្រាប់ VOD កាលពីថ្ងៃទី២១ ខែមេសាថា គម្រោងរបស់អង្គការ USAID បានរកឃើញការកាប់បំផ្លាញព្រៃឈើ ជាពិសេសផ្តោតលើដើមជ័រទឹកនៅក្នុង និងក្បែរដែនជម្រកសត្វព្រៃ។ គាត់បាននិយាយថា ក្រុមកាន់គម្រោងបានបង្ហាញការរកឃើញនេះទៅរដ្ឋាភិបាល ជំនួសឱ្យការចេញផ្សាយរបាយការណ៍នេះជាសាធារណៈ ដូចដែលក្រុមអ្នកស្រាវជ្រាវ និងសកម្មជនបានធ្វើ។
លោក អ៊ែដវើដសិន បាននិយាយថា៖ «ខ្ញុំមិនចង់និយាយថា គម្រោងនេះកំពុងតែបង្កើតរបាយការណ៍សាធារណៈស្តីពីការកាប់បំផ្លាញព្រៃឈើ និងនិន្នាការនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់នោះទេ។ នោះមិនមែនជានីតិវិធីដែលយើងកំពុងអនុវត្តទេ។ អ្វីដែលយើងកំពុងព្យាយាមធ្វើ គឺការកសាងសមត្ថភាពរបស់រដ្ឋាភិបាល និងដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ»។
លោកបាននិយាយថា គម្រោងនេះបានចាប់ផ្តើមពិភាក្សាជាមួយសមាជិកបណ្តាញសហគមន៍ព្រៃឡង់ជាងមួយឆ្នាំមកហើយ ដើម្បីសម្រួលឱ្យមានការល្បាតរួមរវាងក្រុមអនុរក្សរដ្ឋាភិបាល ជាមួយសមាជិករបស់បណ្តាញសហគមន៍ព្រៃឡង់ និងសហគមន៍ផ្សេងៗទៀតនៅតំបន់ព្រៃឡង់ ដែលលោកលើកឡើងពីដំណើរការដ៏ពិបាក។
លោកបានបន្ថែមថា៖ «ដូច្នេះ សំខាន់គឺ [យើងចង់] បង្កើនចំនួនដើរល្បាត និងបង្កើនគណនេយ្យភាពនៃការល្បាត ពីព្រោះអ្នកមានសមាជិកសហគមន៍ និងអនុរក្សដែលចេញល្បាតជាមួយគ្នា ហើយថា ការនេះធ្វើឱ្យគ្រប់គ្នាមានការយល់ស្របលើអ្វីដែលពួកគេបានឃើញនៅក្នុងព្រៃ»។
លោក អៀរ សុខា ប្រធាននាយកដ្ឋានអធិការកិច្ចនៃក្រសួងបរិស្ថាន ទទួលស្គាល់ថា មានការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយតូចកំពុងកើតមាននៅតំបន់ព្រៃឡង់ ប៉ុន្តែ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត។
លោក សុខា បាននិយាយថា ក្រុមអនុរក្សរបស់រដ្ឋាភិបាលបានធ្វើការងារជាមួយសមាជិករបស់បណ្តាញសហគមន៍ព្រៃឡង់រហូតដល់ខែកុម្ភៈ ដោយធ្វើការល្បាតរួមគ្នា និងរក្សាទុកសៀវភៅកំណត់ហេតុដែលកត់ត្រាពីករណីកាប់ឈើ និងបទល្មើសព្រៃឈើផ្សេងទៀត។ លោកបាននិយាយថា ប៉ុន្តែ ក្រសួងបានបញ្ជាមន្ត្រីបរិស្ថានឱ្យធ្វើការងារតែជាមួយសហគមន៍ណាដែលបានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃតែប៉ុណ្ណោះ ដែលត្រង់ចំណុចនេះ បណ្តាញសហគមន៍ព្រៃឡង់បានបដិសេធមិនធ្វើតាម។
លោក សុខា បានប្រាប់ VOD ថា៖ «យើងទទួលស្គាល់អ្វីដែលពួកគេបានធ្វើ [ដើម្បីការពារព្រៃឈើ] ប៉ុន្តែ ក្រោយមក យើងរកឃើញថា អ្វីដែលពួកគេបានធ្វើ មិនមែនជាចេតនាលះបង់ផ្ទាល់ខ្លួននោះទេ»។
លោកបាននិយាយថា៖ «ពួកគេគឺជាអង្គការនយោបាយដែលមានការចាត់តាំង ហើយពួកគេមិនស្តាប់យើងទេ។ យើងធ្វើការងារជាមួយពួកគេ ហើយ [កត់សម្គាល់ឃើញ] នៅពេលពួកគេល្បាត នៅពេលពួកគេទទួលបានលុយពីអ្នកកាប់ឈើខុសច្បាប់ ពួកគេនឹងស្ងាត់មាត់ ប៉ុន្តែប្រសិនបើពួកគេមិនទទួលបានលុយទេ នោះពួកគេនឹងសុំឱ្យយើងជួយ [ចាប់] ហើយបន្ទាប់មក វាយប្រហារយើងវិញ»។ លោកបន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់បានចោទប្រកាន់ក្រុមអនុរក្សពីបទពុករលួយ។
លោក ឯក សុវណ្ណា ជាអ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ បានបដិសេធថា ការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលហើយបានបង្វែរការចោទប្រកាន់ថា ទទួលសំណូកនេះទៅលើក្រុមអាជ្ញាធរវិញ។
លោក សុវណ្ណា បាននិយាយថា៖ «រាល់ពេលល្បាត យើងបានល្បាតជាមួយក្រុមអនុរក្ស ដូច្នេះប្រសិនបើលោក [សុខា] ចោទប្រកាន់យើងបែបនេះ វាប្រៀបដូចជាគាត់ចោទប្រកាន់មន្ត្រីរបស់គាត់យ៉ាងដូច្នេះដែរ។ ខ្ញុំគិតថា វាគ្រាន់តែជាលេសដោះសារសម្រាប់មន្ត្រីរបស់គាត់ ពីព្រោះគ្រប់គ្នានៅទីនេះដឹងពីអ្វីដែលខ្លួនត្រូវធ្វើ»។
លោក សុវណ្ណា បាននិយាយថា លោកមានការបារម្ភច្រើនអំពីព្រៃឈើ ដោយសារតែការល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ត្រូវបានហាមឃាត់ ដោយកត់សម្គាល់ថា លោកសង្កេតឃើញត្រាក់ទ័រដែលគេប្រើដើម្បីដឹកឈើចេញចូលក្នុងព្រៃស្ទើររាល់ថ្ងៃ។
បន្ទាប់ពីពួកគាត់ត្រូវបានឃុំខ្លួនកាលពីខែមុន ខណៈពេលល្បាតនៅព្រៃឡង់ សមាជិកពីររូបនៃបណ្តាញសហគមន៍ព្រៃឡង់ លោក អ៊ូច ឡេង ដែលជាប្រធានអង្គការ Cambodia Human Rights Task Force និងសកម្មជនទី៤ដែលតាម ចោទថា ត្រូវបានវាយដំដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុន Think Biotech ត្រូវបានប្រគល់ឱ្យអាជ្ញាធរ និងបន្ទាប់មក ត្រូវបញ្ជូនបន្តទៅតុលាការខេត្ត ប៉ុន្តែ ការចោទប្រកាន់មកលើពួកគាត់ពីបទលួចបំផ្លិចបំផ្លាញ និងការចូលដោយគ្មានការអនុញ្ញាត ត្រូវបានទម្លាក់ចោលវិញ។
លោក ភក្ត្រា ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ VOD នៅពេលនោះថា បណ្តាញសហគមន៍ព្រៃឡង់ត្រូវបានហាមឃាត់មិនឱ្យរៀបចំកម្មវិធីប្រចាំឆ្នាំប្រឆាំងការកាប់ឈើខុសច្បាប់ ពីព្រោះពួកគេព្យាយាមចូល «តំបន់ស្នូល» ក្នុងព្រៃ ទីដែលមានតែមន្ត្រីអភិរក្សធម្មជាតិ ឬអ្នកស្រាវជ្រាវដែលមានលិខិតអនុញ្ញាតប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូល នេះបើតាមច្បាប់ស្តីពីតំបន់ការពារ។
ទោះបីយ៉ាងណា លោកស្រី ថេឡាដ ជាអ្នកវិទ្យាសាស្ត្រផ្នែកការងារអភិរក្ស បាននិយាយថា ព្រៃឡង់មិនដែលត្រូវបានកំណត់ច្បាស់លាស់ ហើយលោកស្រីធ្លាប់ព្រមានអំពីការលំបាកក្នុងការកំណត់តំបន់ព្រៃនេះ។
លោកស្រីបាននិយាយថា៖ «អ្វីដែលពិសេសបំផុតចំពោះព្រៃឡង់ គឺយើងមានបណ្តុំនៃប្រភេទព្រៃឈើខុសៗគ្នាចំនួនប្រាំពីរប្រភេទ»។ លោកស្រីបានពណ៌នាថា ជាស្រទាប់ព្រៃបៃតងគ្រប់រដូវកាល និងព្រៃដែលជ្រុះស្លឹកនៅរដូវរងា ដែលក្រុមអ្នកស្រាវជ្រាវបានកត់ត្រាកាលពីឆ្នាំ២០០៧។
លោកស្រីបាននិយាយបន្តថា ក្រុមអ្នកវិទ្យាសាស្ត្រ និងជីវសាស្ត្រ បានផ្តល់ជាមតិថា តំបន់ដូចជាព្រៃឡង់គួរត្រូវបានការពារជាតំបន់ធម្មជាតិ ដោយកត់សម្គាល់ថា បណ្តាញសហគមន៍ព្រៃឡង់បានធ្វើការល្បាតព្រៃទូលំទូលាយរួចហើយ ហើយថា វាស្របទៅនឹងការប្រតិបត្តិការការពារព្រៃ និងការប្រើប្រាស់ផលិតផលព្រៃឈើធម្មជាតិ និងបែបប្រពៃណីរបស់ជនជាតិដើមភាគតិចគួយ។
លោកស្រីបានបន្ថែមថា អ្វីដែលសំខាន់បំផុត៖ «គឺមិនត្រូវបែងចែក ឬបំបែកព្រៃឡង់ទៅជាតំបន់អភិរក្សជាលក្ខណៈសហគមន៍ដាច់ដោយឡែក និងជាតំបន់ព្រៃតូចផ្សេងទៀតនោះទេ»។
លោក សរ ម៉ូរី នាយកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៅអង្គការបណ្តាញយុវជនកម្ពុជា បាននិយាយថា អង្គការរបស់លោកនៅតែគាំទ្របណ្តាញសហគមន៍ព្រៃឡង់ ប៉ុន្តែ បណ្តាញទាំងពីរនេះបានសម្រេចចិត្តឈប់ចុះល្បាតផ្ទាល់ក្នុងព្រៃ ហើយផ្ទុយទៅវិញ បានប្តូរមកជាការឃ្លាំមើលព្រៃតាមរូបភាពផ្កាយរណបវិញ។
លោក សរ ម៉ូរី បានប្រាប់ VOD កាលពីខែមីនាថា ក្រសួងបានប្រាប់បណ្តាញសហគមន៍ព្រៃឡង់ឱ្យចុះបញ្ជីជាតំបន់ការពារព្រៃបែបសហគមន៍តូចៗ (CPA) មួយរយៈមកហើយ ប៉ុន្តែ អង្គការនេះមិនចង់ឱ្យគេរឹតត្បិតមកល្បាតព្រៃត្រឹមមួយផ្នែកតូច ដូចដែលធ្លាប់កើតមានលើពលរដ្ឋដែលជាសមាជិក CPA នោះទេ។
លោក ម៉ូរី បាននិយាយថា៖ «ក្រសួងបរិស្ថានព្យាយាមបង្កើតយន្តការជាច្រើន។ ពួកគេព្យាយាមបញ្ចុះបញ្ចូលសហគមន៍ឱ្យចុះបញ្ជី ប៉ុន្តែ ពួកគេមិនបានគិតដិតដល់អំពីប្រសិទ្ធភាពនៃការការពារព្រៃឈើទេ»៕
បកប្រែនិងកែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសពីគេហទំព័រVOD English