ប្រមុខ​រដ្ឋ​​ស្ដី​ទី​​សម្រេច​​បញ្ចប់​​តំណែង​​មេ​​បក្ស​​ខ្មែរ​​ក្រោក​​ពី​​ឧត្ដម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​ និង​​ផ្ដល់​​យោបល់​​

លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។ (William Guang)

ប្រមុខរដ្ឋ​ស្ដីទី លោក សាយ ឈុំ បានសម្រេច​បញ្ចប់​តួនាទី​របស់​លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពី​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៅ​ថ្ងៃនេះ តែ២ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្បួន​រថយន្ត​របស់​លោក​បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​មន្ត្រី​បរិស្ថាន​ ស្ថិតនៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ក្នុង​លិខិត​នៅ​ថ្ងៃនេះ ប្រមុខរដ្ឋ​ស្ដីទី​ លោក សាយ ឈុំ បានសម្រេច​បញ្ចប់​តំណែង​មេ​បក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុ​ង ពី​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។ នៅក្នុង​ក្រុមប្រឹក្សា​នេះ មេ​បក្សនយោបាយ​រូប​នេះ មាន​ឋានៈ​ស្មើនឹង​ទេស​រដ្ឋមន្ត្រី។

លោក សាយ ឈុំ បានសម្រេច​បែបនេះ​ទៅតាម​ការ​ស្នើសុំ​ពី​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​បញ្ចប់​តំណែង​របស់​លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុ​ង កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយពី​មេ​បក្ស​ខ្មែរ​ក្រោក​រូប​នេះ និង​សហការី​របស់​លោក ប្រឈមមុខនឹង​ក្រុម​មន្ត្រី​អភិរក្ស​បរិស្ថាន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ក្នុង​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី០២ ខែឧសភា​សប្ដាហ៍​មុន មេ​បក្ស​ខ្មែរ​ក្រោក​រូប​នេះ បាន​រៀបរាប់​ថា លោក និង​សហការី​របស់​លោក បាន​ព្យាយាម​ចូលស្វែងរកការពិតរឿងបង្ខាំងប្រជាពលរដ្ឋ​នៅ​តំបន់​ស្មាច់​ដែង ស្ថិតនៅ​ក្នុង​ឃុំ​រាម ប៉ុន្តែ ក្បួន​រថយន្ត​របស់​លោក​ត្រូវ​បាន​រារាំង​ដោយ​មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ឈុត​មន្ត្រី​បរិស្ថាន និង​មួយ​ក្រុម​ទៀត​ស្លៀកពាក់​ឈុត​សន្តិសុខ​ពណ៌ខ្មៅ។

លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុ​ង បាន​អះអាង​ថា លោក​ទទួល​ដំណឹង​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ហិង្សា​បង្ខាំង​ពលរដ្ឋ​មាន​ចំនួន​ចន្លោះ​ពី ៣០ ទៅ ៥០នាក់​ នៅ​ភូមិ​ស្មាច់​ដែង។

មេ​បក្ស​រូប​នេះ បាន​ចោទ​មន្ត្រី​ពាក់ព័ន្ធ​ថា បាន​ព្យាយាម​បិទបាំង​ការពិត និង​បង្កើត​ចលនា​«អប្ប​គមន៍»នៅ​ទីនោះ។

ប៉ុន្តែ ការចោទប្រកាន់​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ច្រានចោល​កាលពី​ថ្ងៃម្សិលមិញ​នេះ ដោយ​ថា មេប​ក្ស​នយោបាយ​រូប​នេះ មិន​យល់​ពី​នី​តិ​វិធី​នៃ​ការ​បំពេញការងារ និង​មាន​ចរិ​ត«ក្រអឺតក្រទម»

ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ប្រមូលផ្ដុំ​ទៅ​ដោយ​សមាសភាព​មក​ពី​គណបក្ស​នយោបាយ​ចំនួន ១៦ ក្នុងចំណោម​បក្សនយោបាយ​ចំនួន ២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។

ឧត្ដម​ក្រុមប្រឹក្សា​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាលពីដើម​ខែកញ្ញា ឆ្នាំ២០១៨ តែ​ជាង ១ខែ​ប៉ុណ្ណោះ​ក្រោយពី​ការបោះឆ្នោត​ជាតិ​ខែកក្កដា ដែល​មាន​គណបក្ស​នយោបាយ​ចំនួន១៩ ចូលរួម​ប្រកួតប្រជែង​នឹង​គណបក្សប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល និង​ហាមឃាត់​ធ្វើនយោបាយ​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ