ក្រុមសង្គមស៊ីវិលចំនួន ២០១ បានជំរុញទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដូចជាការឃាត់ខ្លួន ការគំរាមកំហែង រំលោភសិទ្ធិឯកជនទៅលើតំណាងសហគមន៍ ជុំវិញការដាក់ញត្តិស្នើសុំជំនួយផ្សេងៗពីរដ្ឋាភិបាល អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
ការស្នើសុំនេះ ក្រោយពេលតំណាងសហគមន៍ ៩នាក់ ក្នុងចំណោម ១២នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួន និងសួរចម្លើយអស់រយៈពេលប្រមាណជា ១០ម៉ោង ព្រមទាំងគំរាមកំហែង អំឡុងពេលពួកគេព្យាយាមយកញត្តិដែលគាំទ្រដោយសហគមន៍១៤១ ពាក់ព័ន្ធបញ្ហាប្រឈមផ្សេងៗក្នុងអំឡុងវិបត្តិកូវីដ១៩ ដាក់នៅតាមស្ថាប័នជាតិ កាលពីថ្ងៃទី២៨ ខែមេសា។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលចំនួន ២០១ កាលពីថ្ងៃម្សិលមិញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែមេសា។
ការធ្វើទុក្ខបុកម្នេញទាំងនោះ ដូចជា ឃាត់ខ្លួន និងសួរចម្លើយពួកគាត់នូវសំណួរដដែលៗ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោង ១០យប់ ឆែកសម្ភារប្រើប្រាស់ ឆែកលើរាងកាយ គំរាមកំហែង និងបង្ខំឱ្យផ្តិតមេដៃលើកិច្ចសន្យាដែលធ្វើឡើងដោយអាជ្ញាធរថែមទៀតផង។
សេចក្តីថ្លែងការណ៍ដដែល អះអាងថា តំណាងសហគមន៍យ៉ាងតិចណាស់ ២នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានកោះហៅទៅសាកសួរ និងធ្វើទុក្ខបុកម្នេញបន្ថែមទៀត បន្ទាប់ពីអ្នកទាំងនោះត្រឡប់ទៅដល់ផ្ទះពួកគាត់នៅសហគមន៍វិញ។ ក្រុមសង្គមស៊ីវិលយល់ថា ទាំងនេះជារឿងរំលោភសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងជារឿងដែលពុំគួរកើតឡើងទៀតឡើយ។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា៖ «ការធ្វើទុក្ខបុកម្នេញនេះ ពួកគេបញ្ជាក់ថា ជារឿងអយុត្តិធម៌ និងមិនគួរកើតមានទៀតឡើយ ជាពិសេសនៅពេលដែលក្រសួងមហាផ្ទៃបានអះអាងម្ដងហើយម្ដងទៀតថា សហគមន៍មូលដ្ឋានមានសិទ្ធិក្នុងការធ្វើសកម្មភាពពេញលេញដោយគ្មានការរំខាន និងដោយផ្អែកតាមច្បាប់។»
តំណាងសហគមន៍មួយរូបមកពីខេត្តកោះកុង ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនអំឡុងពេលដាក់ញត្តិកាលពីសប្តាហ៍មុននោះ អ្នកស្រី ផាវ ញើង មានប្រសាសន៍ថា ក្នុងចំណោមមនុស្ស ៩នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនជាង ១០ម៉ោង គឺអ្នកស្រីមានភាពតឹងតែងជាងគេ សួរនាំច្រើនជាងគេ បង្ខាំងទុកនៅបន្ទប់ដាច់ពីគេ ដកទូរសព្ទ ឆែកខ្លួនប្រាណ ជាដើម។
អ្នកស្រីបញ្ជាក់ថា ញត្តិដែលគ្រោងនឹងដាក់ជូនទៅស្ថាប័នជាតិចំនួន ៥ គឺដាក់បានតែ ២ប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនសួរនាំអស់រយៈពេលប្រមាណ ១០ម៉ោង ដោយអ្នកស្រីយល់ថា ទង្វើនេះជារឿងអយុត្តិធម៌ រំលោភសិទ្ធិពួកគាត់ធ្ងន់ធ្ងរផងដែរ។
អ្នកស្រីបន្ថែមថា៖ «ហើយធ្វើអីចឹង [ឃាត់ខ្លួន] ដើម្បីអី? ខ្ញុំសំណូមពរចុងក្រោយថា សូមឱ្យរដ្ឋាភិបាល មិនត្រូវយកសិទ្ធិអំណាចរបស់ខ្លួនដែលខ្លួនទទួលបានពីប្រជាជនបោះឆ្នោតឱ្យហ្នឹង យកទៅធ្វើបាប [ពួកគាត់] ដោយមិនព្រមដោះបន្ទុកពួកខ្ញុំ បែរជាមកដាក់សម្ពាធលើពួកខ្ញុំទៅវិញ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ន អាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ហើយការឃាត់ខ្លួនពលរដ្ឋសួរនាំនោះ ធ្វើឡើងដើម្បីឱ្យអស់ភាពសង្ស័យ មិនមែនជាការរំលោភសិទ្ធិពួកគាត់ ឬមានចេតនាមើលងាយពួកគេនោះទេ។
លោកមានប្រសាសន៍ថា៖ «ហើយកាលណាធ្វើអីចឹង ដើម្បីឱ្យអស់វិសមតិសង្ស័យហ្នឹង គេតែងតែឆែកមើល ឆែកអីហ្នឹង គឺជាកិច្ចការរបស់សមត្ថកិច្ចទេ មិនមែនជារឿងមាក់ងាយ ឬមួយធ្វើហិង្សាទៅលើអ្នកដាក់ញត្តិនោះទេ។ ការដាក់ញត្តិនៅតែបន្តដាក់ៗទៅរដ្ឋសភាចំពោះសំណើអីចឹង។ អ្វីដែលចង់ជម្រាបជូន ការដោះស្រាយផលប៉ះពាល់លើកូវីដហ្នឹង គឺយើងមានរៀបចំជាវិធានរួចជាស្រេចទៅហើយ ក៏ប៉ុន្តែ វិធាននោះ យើងត្រូវមើលទៅលើភាពជាក់ស្តែង ថាតើត្រូវជួយរបៀបម៉េច»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ការជួបជុំ ឬការដាក់ញត្តិទៅកាន់រដ្ឋាភិបាលស្នើសុំដោះស្រាយបញ្ហាណាមួយ ជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងច្បាប់ ហើយរដ្ឋក៏មានកាតព្វកិច្ចពិនិត្យ និងឆ្លើយតបរាល់សេចក្តីត្រូវការរបស់ពលរដ្ឋវិញផងដែរ។ លោកបន្តថា ការឃាត់ខ្លួនតំណាងសហគមន៍ដែលជួបជុំគ្នាដាក់ញត្តិពេលនេះ ជារឿងគួរឱ្យសោកស្តាយ និងជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោក ស៊ឹង សែនករុណា បន្តថា៖ «យើងមានការសោកស្តាយមែនទែន ដែលបែរជាមានចំណាត់ការទៅលើពួកគាត់ ដែលធ្វើឱ្យពួកគាត់មានការភ័យខ្លាច។ អីចឹង វាជារូបភាពមួយដែលរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហើយ។ អីចឹង បញ្ហាទាំងអស់នេះ អាជ្ញាធរគួរតែមានការបញ្ឈប់រាល់អំពើទាំងអស់ហ្នឹង។ ផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាស្រាវជ្រាវទៅរកនូវបញ្ហាដែលពលរដ្ឋកំពុងតែប្រឈម នូវអ្វីដែលជាការចង់បានជាប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ អាហ្នុងជារឿងដែលគួរធ្វើ»។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយរាល់សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែក មាត្រា ៣៨ ចែងថា ច្បាប់ធានារ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាម្នាក់នោះឡើយ ដោយការពារអាយុជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ហើយការចោទប្រកាន់ ការចាប់ ឬឃុំខ្លួនជនណាម្នាក់ អាចធ្វើទៅបានលុះត្រាតែអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល បញ្ជាក់ថា ខ្លឹមសារញត្តិរបស់សហគមន៍កាលពីថ្ងៃទី២៨ ខែមេសានោះ បានស្នើសុំឱ្យរដ្ឋាភិបាលជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ ដូចជា សំណូមពរឱ្យរាជរដ្ឋាភិបាលជួយផ្ដល់ការគាំទ្រផ្នែកសុខាភិបាលចំពោះសហគមន៍ងាយរងគ្រោះ ការផ្អាកសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកផ្ដល់ប្រាក់កម្ចីឯកជន។
បន្ថែមពីនេះ ស្នើផ្ដល់ជំនួយសេដ្ឋកិច្ចផ្ទាល់ ដូចជា ការពន្យារពេលបង់ថ្លៃជួលសម្រាប់អ្នកក្រីក្រ និងកម្មករប្រកបរបរក្នុងវិស័យទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភប្រាក់អំឡុងពេលស្នាក់នៅផ្ទះ ជាដើម៕