សាលា​ឧទ្ធរណ៍​​គ្រោង​​បើក​សវនា​ការ​បណ្ដឹង​​ជំទាស់​​របស់​​ក្រុម​​មេធាវី​​លោក​ កឹម​ សុខា​ នៅ​​សប្ដាហ៍​​ក្រោយ​​

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ ជួបជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន/ ១១ មករា ២០២០)

បណ្ដឹង​ជំទាស់​របស់​មេធាវី​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅ​ក្រោម​សំណុំរឿង​ចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ»នោះ នឹង​ត្រូវ​បើកសវនាការ​ជំនុំជម្រះ​នៅ​សប្ដាហ៍​ក្រោយនេះ។

ក្នុង​ដីកាកោះ​មួយ​ចុះ​ថ្ងៃទី៣០ ខែមេសា​កន្លងមក​នេះ ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក តាន់ សេ​ណា​រ៉ុង បាន​កោះហៅ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​មួយ​ នៅ​រសៀល​ថ្ងៃទី១៣ ខែឧសភា​ខាងមុខនេះ។

លោក ចាន់ ចេន សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្រុម​មេធាវី​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បានសម្រេច​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី២៥ ខែមីនា​កន្លងមក ដើម្បី​ជំទាស់​ទៅ​នឹង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ទទួលយកភស្តុតាង​បន្ថែម​ទៅតាម​សំណើ​របស់​តំណាង​អយ្យការ​ដែល​ជា​ភាគ​ីដើមបណ្ដឹង​តំណាង​រដ្ឋាភិបាល។

មេធាវី​រូប​នេះ​បញ្ជាក់​ថា ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា បានឃើញ​ភស្តុតាង​បន្ថែម​នោះ​ហើយ ដែល​ត្រូវ​បាន​បង្ហាញ​អំឡុង​ពេល​សវនាការ​កន្លងមក។ លោក​ប្រាប់​ថា ភស្តុតាង​បន្ថែម​ដែល​តំណាង​អយ្យការ​ដាក់​បន្ថែម​ទៅ​ក្នុង​សំណុំរឿង​ចោទប្រកាន់​លោក កឹម សុខា នោះ គឺជា​វីដេអូ​ខ្លី​ៗដែល​តំណាង​អយ្យការ​ទទួល​បាន​ពី​សមត្ថកិច្ច ហើយ​វីដេអូ​ទាំងនោះ​មាន​ចំនួន ៥ ឬក៏ ៦ឃ្លី​ប បង្ហាញ​លោក កឹម សុខា ថ្លែង​អំឡុង​ពេល និង​ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣។

មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ី ឆាយ)

លោក ចាន់ ចេន ប្រាប់​ថា៖ «វីដេអូ​ហ្នឹង គឺជា​វីដេអូ​ដែល​សមត្ថកិច្ច​ផ្ដល់​មក​ឱ្យ​ហ្នឹង មាន​ដូចជា ៥ ឬ ៦វីដេអូ ពាក់ព័ន្ធ​អា​រឿង​លោក កឹម សុខា ថ្លែង​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​ [ឆ្នាំ២០១៣​]»។

អ្នកស្រី ម៉េ​ង សុភារី សហ​មេធាវី​មួយ​រូប​ទៀត​ដែល​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​ថា ក្រុម​មេធាវី​មិន​ឯកភាព​ទៅ​នឹង​ប្រធាន​ចៅក្រម​​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ដែល​បានសម្រេច​ទទួលយក​ភស្តុតាង​បន្ថែម​ពី​តំណាង​អយ្យការ​នោះ​ឡើយ។

មេធាវី​រូប​នេះ បាន​ចោទសួរ​ថា ហេតុអ្វីបានជា​ត្រូវ​ទទួលយក​ភស្តុតាង​បន្ថែម បន្ទាប់ពី​តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​រួចរាល់​ហើយ​នៅ​លើ​ដីកាបញ្ជូន ដែល​បញ្ជាក់​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​កូនក្ដី​របស់​អ្នកស្រី​ហើយ​នោះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកស្រី ម៉េ​ង សុភារី និយាយ​ថា៖ «បើ​មាន​ភស្តុតាង​ថ្មី​ដែល​ត្រូវ​ដាក់​មក សួរ​ថា តើ​ការស៊ើបអង្កេត​កន្លងមក​នេះ គឺ​មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ឬយ៉ាងណា។ នេះ​ជា​សំណួរ​ដែល​យើងខ្ញុំ​ចោទសួរ»។

ក្នុង​អត្ថបទ​របស់​វី​អូ​ឌីកា​លពី​ខែមីនា​កន្លងមក ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ដែល​បាន​ដឹកនាំ​ដំណើរការ​សវនាការ​ជម្រះក្ដី​សំណុំរឿង​លោក កឹម សុខា បានសម្រេច​ទទួលយក​ភស្តុតាង​ថ្មី​ដែល​ស្នើ​ឡើង​ដោយ​តំណាង​អយ្យការ និង​ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាល នៅក្នុង​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី១១ ខែមីនា​កន្លងមក​នេះ។

ភស្តុតាង​ថ្មី​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​សវនាការ​នា​ពេលនោះ មាន​មួយ​ផ្នែក​ត្រូវ​បាន​យកចេញ​ពី​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA​) ដែល​និយាយ​អំពី​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១២ និង​វីដេអូ​បង្ហាញ​ពី​បាតុកម្ម​របស់​ក្រុម​កម្មករ​នៅ​បណ្ដោយ​ផ្លូវ​វេង ស្រេង នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣។

ក្រោយ​ចាកចេញ​ពី​បន្ទប់​សវនាការ​នៅ​ថ្ងៃទី១២ ខែមីនា អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​ច្រានចោល​នូវ​ការចោទប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​នៅក្នុង​សំណុំរឿង​«ក្បត់ជាតិ»ដែល​ចោទ​ទៅលើ​លោក កឹម សុខា។

លោក Murphy ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា រដ្ឋាភិបាល​អាមេរិក​មិន​សប្បាយចិត្ត​ដែល​បានដឹង​ថា តំណាង​អយ្យការ​បាន​ភ្ជាប់​អាមេរិក​ទៅ​នឹង​សំណុំរឿង​លោក កឹម សុខា។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក​ Patrick Murphy ថ្លែងប្រាប់អ្នកកាសែត​ បន្ទាប់ពីចូលអង្កេតសវនាការលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ឆ្នាំ២០១៧កន្លងមក ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ក្រោម​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា បាន​«រួមគំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល» នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន ​ភ្នំពេញ ប៉ុស្តិ៍ នា​ពេលនោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន បន្ទាប់ពី​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង និង​មក​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​កាលពី​ខែកញ្ញា ​ឆ្នាំ២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ