អ្នក​​តាម​ដាន​​សង្គម​​ថា​ ជំនួប​​រវាង​​លោក​ ហ៊ុន ​សែន ​និង​​លោក​ កឹម​ សុខា​ ជា​​ការ​​បើក​​ច្រក​​សន្ទនា​​នយោ​បាយ​​

​អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃចូលរួមរំលែកទុក្ខវិញ្ញាណក្ឋន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ដែលត្រូវម្ដាយក្មេករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ (FN)

ជំនួប​ដ៏​កម្រ​ក្រោយ​ខកខាន​ជួបគ្នា​អស់​រយៈពេល​ប្រមាណ ៤ឆ្នាំ​ រវាង​អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសា​ធារ​ណជន ដោយក្រុម​អ្នកឃ្លាំមើល​យល់ឃើញ​ថា ជំនួប​នេះ​ជា​ការ​បើកផ្លូវ​ទៅ​រកកិច្ច​សន្ទនា​នយោបាយ ដែល​នឹង​ផ្តល់​ភាព​វិជ្ជមាន​នៅ​ថ្ងៃខាងមុខ។

យោង​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល Fresh News ជំនួប​ឥត​ព្រាងទុក​មុន​ មាន​រយៈពេល​ជិត ១ម៉ោង​នោះ កើតឡើង​ក្នុង​ឱកាស​ដែល​លោក កឹម សុខា ដឹកនាំ​សហការី​ជាច្រើន​រូបទៅ​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ​មហា​ឧបាសិកា ប៊ុ​ន ស៊ាង​លី ដែល​ជា​ម្តាយក្មេក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ម្តាយ​បង្កើត​លោកស្រី ប៊ុ​ន រ៉ា​នី នា​គេហដ្ឋាន​លោក ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ​កាលពី​រសៀល​ថ្ងៃម្សិលមិញ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យ៉ង់ គិម​អេង យល់ឃើញ​ថា ជំនួប​នេះ​គឺជា​ទិដ្ឋភាព​ដ៏​ល្អ​ប្រសើរ​មួយ ដែល​នឹងអាច​បង្ហាញផ្លូវ​ជា​វិជ្ជមាន​សម្រាប់​នយោបាយ​ជាតិ​នា​ពេល​ខាងមុខ ដោយ​ផ្តើម​ចេញពី​ការយល់​គ្នា​រវាង​បុគ្គល និង​បុគ្គល​ជាមុន។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​ឃើញថា អាច​ជា​សញ្ញា​មួយ​នៃ​ការស្វែងរក​ភាពល្អ​ប្រសើរ​នៅក្នុង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ការ​ធ្វើ​ឱ្យ​មានការ​ដោះស្រាយ​ [បញ្ហា​ជាតិ​] ការ​រួបរួម​នៃ​អ្នកនយោបាយ​ដើម្បី​ផលប្រយោជន៍​ជាតិ»។

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដឹកនាំ​សហការី​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធសព​មហា​ឧបា​សិកា ​ប៊ុ​ន ស៊ាង​លី ដោយ​ផ្ទាល់ គឺ​មួយថ្ងៃ​ក្រោយពេល​ដែល​លោក​បាន​ផ្ញើ​សារ​រំលែកទុក្ខ​ទៅ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

ចំណែក​អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួនឯង​នៅ​ក្រៅប្រទេស លោក សម រង្ស៊ី ក៏បាន​បង្ហោះ​លិខិត​រំលែកទុក្ខ​សោក​ជាមួយ​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ផង​ដែរ។

លោក សម រង្ស៊ី បាន​រំឭក​ឡើងវិញ​ថា ក្រោយពី​ម្ដាយក្មេក​របស់​លោក​ទទួលមរណភាព​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន សែន បាន​ទូរសព្ទ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក ហើយ​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ា​នី ក៏បាន​ទៅ​ចូលរួម​បុណ្យសពផងដែរ។

លោក សម រង្ស៊ី បន្ថែម​ថា ទោះបីជា​ស្ថានភាព​នយោបាយ​ពេលនោះ លោក​ពុំ​អាច​វិល​មក​ចូលរួម​បុណ្យសព​ម្តាយក្មេក​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ លោក​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​សមានចិត្ត​របស់​លោក ហ៊ុន សែន និង​គ្រួសារ​របស់​លោក​ពេលនោះ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ បញ្ចេញមតិ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ភ្ជាប់​រូបថត​លោក ហ៊ុន សែន និង​លោក កឹម សុខា អង្គុយ​ជាប់គ្នា។ លោក​រៀបរាប់​ថា នេះ​អាច​ជា​ឱកាស​នៃ​ការ​ចាប់ផ្តើម​នៃ​ការសម្រប​សម្រួល​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ក្នុង​ការ​សហការ​គ្នា​កសាង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​យូរអង្វែង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌។

លោក​សរសេរ​ថា៖ «យើងខ្ញុំ​នឹង​នៅ​បន្ត​ចូលរួម​ក្នុង​ដំណើរ​កសាង​សង្គមជាតិ​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែរ»។

លោកស្រី ម៉េ​ង សុភារី សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា និង​ជា​មនុស្សម្នាក់​ដែល​បាន​អមដំណើរ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធមហា​ឧបាសិកា ប៊ុ​ន ស៊ាង​លី បាន​ប្រាប់​វី​អូ​ឌីកា​លពី​យប់មិញ​ថា ក្នុង​ជំនួប​នោះ លោក កឹម សុខា បាន​សម្ដែង​ការចូលរួម​មរណទុក្ខ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោក​ទាំងពីរ​ក៏បាន​សាកសួរ​សុខទុក្ខ​គ្នា​ទៅវិញទៅមក។

លោកស្រី​មិនបាន​ដឹង​ថា លោក​ទាំងពីរ​និយាយ​រឿង​អ្វីខ្លះ​ទៀត​នោះ​ទេ ដោយសារ​លោកស្រី​អង្គុយ​នៅ​ឆ្ងាយ​ពី​កិច្ច​សន្ទនា​របស់​អ្នក​ទាំងពីរ​ប្រមាណ ៤ម៉ែត្រ ហើយ​សំ​ឡេង​អ៊ូ​អរ​ក្នុង​ពិធីបុណ្យ​សព​ស្តាប់​មិនបាន​។

ដោយឡែក​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា លោក​មិនដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​គ្នា​រវាង​ថ្នាក់ដឹកនាំ​នយោបាយ​ទាំងពីរ​នោះ​ឡើយ។

លោក​បន្ត​ថា ចំពោះ​ការ​លើកឡើង​របស់​អ្នកវិភាគ ឬពលរដ្ឋ​ថា ស្ថានភាព​នយោបាយ​នឹង​ប្រែជា​វិជ្ជមាន​ក្រោយ​ជំ​នួបនេះ គឺជា​ការយល់ឃើញ​របស់​មនុស្ស​ម្នា​ក់ៗ​ប៉ុណ្ណោះ ប៉ុន្តែ នីតិវិធី​សំណុំរឿង​របស់​លោក កឹម សុខា ដែល​ស្ថិតនៅ​ក្នុង​ដៃ​តុលាការ​នោះ គឺ​នៅតែ​បន្ត​ដដែល។

លោក​មានប្រសាសន៍​ថា៖ «អ៊ីចឹង ការ​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​មរណទុក្ខ​របស់​លោកយាយ​មហា​ឧបាសិកា ប៊ុ​ន ស៊ាង​លី វា​គ្រាន់តែ​ជាស​ណ្តាន​ចិត្ត ហើយក៏​ជា​ការគោរព​សីលធម៌ មនោសញ្ចេតនា និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​យើង​ដែល​មាន​តាំងពីដើមមក។ ហើយ​មិន​អាចយ​កមនោ​ស​ញ្ចេ​តនា​នេះ មក​លុបបំបាត់​ចោល​នូវ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​បានទេ»។

ទោះបីជា​យ៉ាងនេះ​ក្តី អ្នកវិភាគ​នយោបាយ​មួយ​រូបគឺលោក ឯម សុវណ្ណ​រ៉ា កត់សម្គាល់​ថា គ្រានេះ​ទើបតែ​ឃើញ​ឥរិយាបថ​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​អាច​និយាយ​គ្នា​បាន ដែល​ជា​ឥរិយាបថ​ដ៏​ល្អ​មួយ​នាំទៅ​ដល់​ការ​ជជែកគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ប៉ុន្តែ សញ្ញាណ​វិជ្ជមាន​នៅ​មិនទាន់​ឃើញ​នៅឡើយ​ទេ ដរាបណា​សំណុំរឿង​លោក កឹម សុខា និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​មិនទាន់​បញ្ចប់ ហើយ​លក្ខខណ្ឌ​ទាមទារ​របស់​អឺរ៉ុប ​រដ្ឋាភិបាល​នៅ​មិនទាន់​បាន​ធ្វើតាម។

លោក​មានប្រសាសន៍​បន្ថែម៖ «ព្រោះ​មធ្យោបាយ​នៃ​ការ​ដោះស្រាយ​បញ្ហា ​គឺ​ការ​ជជែក ការ​ចរ​ចា​គ្នា។ អានេះ គឺជា​ចំណុច​ល្អ​សម្រាប់​អ្នកនយោបាយ​ដែល​ប្រឈម​ដាក់គ្នា​ហ្នឹង ឱ្យមក​ចេះ​ចរ​ចា​គ្នា ចេះ​ប្រើ​យន្តការ​ចរ​ចា ​ខ្ញុំ​គិតថា​ល្អ​ហើយ។ ប៉ុន្តែ អ្វី​ដែល​យើង​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត​នឹង​មាន​ភាព​ធូរស្បើយ​នៅ​កម្ពុជា ​ឬជាមួយ​សហគមន៍​អន្តរជាតិ យើង​ហាក់ដូចជា​មិនទាន់​ឃើញ​មាន​សញ្ញាណ​ណាមួយ​បង្ហាញ​ទេ»។ 

សព​មហា​ឧបាសិកា ប៊ុ​ន ស៊ាង​លី បាន​ទទួលមរណភាព​កាលពី​ទៀបភ្លឺ​ថ្ងៃទី៤ ខែឧសភា ហើយ​នៅ​ថ្ងៃពុធ​នេះ សព​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់​ញាតិ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ឯស្រុកកំណើត​របស់​គាត់​ ស្ថិតនៅ​ឃុំ​រកាខ្នុរ ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ