រដ្ឋា​ភិបាល​​ត្រៀម​​ជួយ​​ដល់​​វិស័យ​ SME ​ដែល​​រង​​ផល​​ប៉ះ​ពាល់​​ដោយ​សារ​​ជំងឺ​​កូ​វីដ​១៩​​

ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​ នៃ​ក្រ​សួង​ឧស្សាហក​ម្ម លោក ឈា ឡាយ​ហ៊ី ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី « គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម បាន​អះអាង​ថា រដ្ឋាភិបាល​ត្រៀម​យុទ្ធសាស្ត្រ​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ឬហៅ​កាត់​ថា SME ដោយមាន​ផែនការ​ជា​ជំ​ហាន​ៗ ដូចជា ​បង្កើត​ធនាគា​វិស័យ​នេះ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រិន ផែនការ​ទ្រទ្រង់​ដល់​សហគ្រិន​ ជាដើម។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​នេះ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​ នៃ​ក្រ​សួង​ឧស្សាហក​ម្ម លោក ឈា ឡាយ​ហ៊ី មានប្រសាសន៍​ថា ផែនការ​មួយ​ដែល​បង្កើត​ឡើង​ឱ្យ​ទាន់​សភាពការណ៍​នៃ​វិបត្តិ​កូ​វីដ១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិស័យ​នេះ គឺ​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ឬហៅថា SME Bank។

លោក​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​ដាក់ចេញ​នូវ​គោលនយោបាយ​មួយចំនួន​ទៀត ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ SME និង​បាន​រៀបចំ​ចងក្រង​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ត្រៀម​ដោះស្រាយ​លើ​វិស័យ​នេះ​ក្រោយ​ចប់​កូ​វីដ១៩។

លោក​មានប្រសាសន៍​ថា៖ «ក្នុង​កាលៈ​ទេសៈ​នេះ ឧត្តមគតិ​សេដ្ឋា​បណ្ឌិត ​[ចម ប្រសិទ្ធ​] ទេស​រដ្ឋមន្ត្រី​ លោក​បាន​ចាត់​ឱ្យ​ក្រសួង​ធ្វើការងារ​ជាមួយ​វិស័យ​ឯកជន ធ្វើការងារ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ចងក្រង​ដាក់ចេញ​ជា​អនុសាសន៍​ត្រៀម​ជាស្រេច នៅពេល​កូ​វីដ១៩ចប់ទៅ​ តើ​យើង​ត្រូវ​ជួយ​វិស័យ SME ដោយ​របៀបណា​»។

ទោះបី​យ៉ាងនេះ​ក្តី លោក ឈា ឡា​យហ៊ី នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ថា វិបត្តិ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​វិស័យ SME រង​ផល​ប៉ះពាល់​កម្រិត​ណា​នោះ​ឡើយ ដោយសារ​ខាង​លោក​គ្មាន​ស្ថិតិ​នៃ​ផល​ប៉ះពាល់​ក្នុង​ដៃ ខណៈ​ជំងឺ​កូ​វីដ១៩ បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ៤ខែ​មក​ហើយ​នោះ។

លោក​គ្រាន់តែ​បញ្ជាក់​ថា SME បែងចែក​ជា​ពីរ​វិស័យ គឺ​វិស័យ​ចំណីអាហារ និង​វិស័យ​មិនមែន​ចំណីអាហារ ដោយ​ថា វិស័យ​មិនមែន​ចំណីអាហារ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ លោក តែ តាំង​ប៉ លើកឡើង​ថា ធនាគារ SME ដែល​បាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ខែមុន គឺ​រដ្ឋាភិបាល​បាន​ផ្តល់​ទុន​ចំនួន ៥០លាន​ដុល្លារ និង​មាន​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​បន្ថែម ធ្វើ​ឱ្យ​ទុនបម្រុង​កើនឡើង​ជាង ១៥០លាន​ដុល្លារ។

លោក​ថា ទុន​ទាំងនោះ គឺ​សម្រាប់​ផ្តល់​ជា​កម្ចី​ដល់​សហគ្រិន ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ និង​ជាដើម​ទុន​បន្ថែម​ទៀត ប៉ុន្តែ​ សម្រាប់​តែ​អាជីវកម្ម​ផ្នែក​កម្មន្តសាល ឬចំណីអាហារ​ប៉ុណ្ណោះ។

លោក​មានប្រសាសន៍​ថា៖ «SME ផ្នែក​ចំណីអាហារ​ហ្នឹង​ អត់មាន​បញ្ហា​បារម្ភ​រឿង​ខ្ចី​លុយ​គេ ហើយ​ផលិត​ទៅ មិន​អាច​នាំចេញ​ទេ។ អាហ្នឹង ខ្ញុំ​ថា វា​មិនសូវ​ប៉ះពាល់​ទេ​ តែបើ​ប៉ះពាល់គឺ​ប៉ះពាល់​លើ SME ខាង​ផ្នែក​ឧស្សាហ​កម្ម​កាត់ដេរ​ឯណោះ»។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី លើកឡើង​ថា ការដែល​មិន​មាន​ទិន្នន័យពីផល​ប៉ះពាល់​លើ​វិស័យ SME ដោយសារ​ជំងឺ​កូ​វីដ១៩នេះ ក៏បាន​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយ​រដ្ឋាភិបាល​មិនបាន​ខិតខំ​ពង្រឹង​វិស័យ​នេះ​តាំងពីដើមមក។

បើ​តាម​លោក​បណ្ឌិត មាស នី វិស័យ SME ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​តាមរយៈបង្កើន​ការផលិត​ក្នុង​ស្រុក បង្កើត​ការងារ​ធ្វើ​ដល់​ពលរដ្ឋ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ ជាដើម។ ទាំងនេះ លោក​ថា ជា​បញ្ហា​អាទិភាព​ដែល​រដ្ឋាភិបាល​គប្បី​គិតគូរ​ដោះស្រាយ និង​លើកទឹកចិត្ត ឬបង្ក​ភាព​ងាយស្រួល​ដល់​សហគ្រិន​ក្នុង​វិស័យ​នេះ​ផង​ដែរ។

លោក​បន្ត​ថា៖ «អ៊ីចឹង រដ្ឋាភិបាល​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល មាន​គោលនយោបាយ​ ហើយក៏​ត្រូវ​មានការ​ប្តេជ្ញា​ក្នុង​ការអនុវត្ត​ ផ្តល់​ភាព​អនុគ្រោះ​ឱ្យ​បាន​ច្រើន​ដល់​អ្នក​ដែល​មានបំណង​បង្កើត​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ​ដើម្បី​ឱ្យ​គ្នា​ចាប់ផ្តើម​ជំនួញ​បាន​ស្រួល​ និង​ការប្រាក់​ទាប ​កុំ​ចាំតែ​រឹតក​គ្នា​យកការប្រាក់​ដូចធម្មតា​ហ្នឹង ​គឺ​ធ្វើ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ មិន​ងាយ​ឡើង​រួច​ទេ»។

បើ​តាម​លោក ឈា ឡា​យហ៊ី បញ្ជាក់​ថា SME មា​នបីប្រភេទ រួមមាន សហគ្រាស​ធុន​ល្អិត​ដែល​ជា​ប្រភេទ​សហគ្រាស​មាន​ដើមទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ក្រោម ៥ម៉ឺន​ដុល្លារ។ ដោយឡែក សហគ្រាស​ខ្នាត​តូច ឬធុន​តូច មាន​ដើមទុន​លើ​អាជីវកម្ម​របស់​ខ្លួន​ដែល​មាន​ទឹកប្រាក់​ចាប់ពី ៥ម៉ឺន​ដុល្លារ រហូតដល់ ២៥ម៉ឺន​ដុល្លារ។ 

រី​ឯសហគ្រាស​ធុន​មធ្យម ជា​ប្រភេទ​សហ​គ្រាសដែល​មាន​ដើម​ទុន​អាជីវកម្ម​ពី ២៥ម៉ឺន​ដុល្លារ រហូតដល់ ៥០ម៉ឺន​ដុល្លារ ហើយ​លើស​ពី ៥០ម៉ឺន​ដុល្លារ គេ​ចាត់ទុកថា ជា​ប្រភេទ​អាជីវកម្ម​ខ្នាត​ធំ

ជំរឿន​របស់ក្រ​សួង​ផែនការ​ ឆ្នាំ២០១១ បង្ហាញថា វិស័យ SME មាន​សហគ្រាស​ចំនួន ៥៣ម៉ឺន ចែកចេញជា ៤វិស័យ រួមមាន ​វិស័យ​កម្មន្តសាល ឬចំណីអាហារ វិស័យ​សេវាកម្ម វិស័យ​កសិកម្ម និង​ពាណិជ្ជកម្ម។

លោក​បញ្ជាក់​ថា សម្រាប់ SME លើ​វិស័យ​កម្មន្តសាល​ដែល​ស្ថិត​ក្រោម​ក្រសួង​ឧស្សាហកម្ម បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ជាង ១លាន​នាក់ ក្នុង​នោះ​សហគ្រិន​ជា​ស្រ្តី​មាន​ចំនួន​ជាង ១ម៉ឺន ៧ពាន់​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ