ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​ចាប់​​មេ​ខ្យល់​​ដែល​​នាំ​​ពលរដ្ឋ​​ឆ្លង​ដែន​​ខុស​ច្បាប់​​ទៅ​​ប្រទេស​ជិត​ខាង​​

ពលករខ្មែរ​ដែលបាន​នាំគ្នាធ្វើ​ចំណាក​ស្រុក​ខុសច្បាប់​ចូល​ប្រទេស​ថៃ​ ដេីម្បី​ស្វែង​រក​ការងារ​ធ្វើ​​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ការ​ពារ​ព្រំដែន​ ស្ថិត​ក្នុង​ស្រុក​អារញ្ញ​យ៉ាប្រាថេត​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ធ្វើ​ការ​ឃាត់​ខ្លួន​ នៅ​ថ្ងៃ​សៅរ៍​ ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ពលករ​នៅ​ស្រុក​ថៃ លោក ប្រាក់ ភក្ត្រា)

ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​មេខ្យល់​ដែល​នាំ​ពលរដ្ឋខ្មែរ​ឆ្លងដែន​ទៅ​ប្រទេសជិតខាង ដើម្បី​ជួយការ​ពារ​សុវត្ថិភាព​ពលករ​ខ្មែរ និង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ក្នុង​លិខិត​ចុះផ្សាយ​កាលពី​ម្សិលមិញ​​ ក្រសួងមហាផ្ទៃលើកឡើង​ថា នា​ពេល​ថ្មី​ៗនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេសជិតខាង ខណៈ​ដែល​ប្រទេសជិតខាង​ទាំងនោះ កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ករណីនេះ ក្រសួងមហាផ្ទៃ​បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន សហការ​គ្នា​ទប់ស្កាត់ និង​ស្រាវជ្រាវ​រក ឬចាប់​មេខ្យល់ ដែល​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរឱ្យ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​របៀង​នានា​ទៅ​ប្រទេសជិតខាង ដើម្បី​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ រួម​ទាំង​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​ផង​ដែរ។

បន្ថែម​ពីនេះ ក្រសួងមហាផ្ទៃ​ថា បើ​ករណី​សមត្ថកិច្ច​ប្រទេសជិតខាង​ចាប់ ឬឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នោះ រដ្ឋបាល​ខេត្ត​នៅ​តំបន់​នោះ ត្រូវ​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ប្រទេសជិតខាង​ដែល​ជាប់​ព្រំប្រទល់​គ្នា​ឱ្យបាន​ឆាប់ ដើម្បី​ស្នើ​សុំ​ឱ្យបញ្ជូ​នពល​រដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ហើយ​ពលរដ្ឋ​ទាំងនោះ​ត្រូវ​ទុក​ត្រួតពិនិត្យ​សុខភាព ១៤ថ្ងៃ មុននឹង​ដឹកជញ្ជូន​ពួក​គេ​ទៅ​លំនៅឋាន​វិញ។

ក្រសួងមហាផ្ទៃ​ក៏​ជំរុញ​ទៅ​សមត្ថកិច្ច ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន កុំ​ឱ្យធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង​ក្នុងអំឡុងពេល​នេះ​ដាច់ខាត និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល ក្រសួងសុខាភិបាល ទើបវិធានការ​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍​ថា កន្លងមក​ មាន​មេខ្យល់​មួយចំនួន​បំផុស​ព័ត៌មាន​មិន​ពិត​ថា ប្រទេស​ថៃ​បើក​ច្រក​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​រក​ការងារ​ធ្វើវិញ​ដូចដើម។ ករណីនេះ លោកស្រី​ថា ជា​ការ​បំភ្លៃ​ខុស​ពីការ​ពិត ហើយ​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ព្រំដែន ស្រាវជ្រាវ​ចាប់​មេខ្យល់ និង​អ្នកឃុបឃិត​គ្នា ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់។

លោកស្រី ជូ ប៊ុ​នអេង ប្រាប់​ថា៖ «មុនដំបូង​ គាត់​ [អាជ្ញាធរ​ខ្លះ​] យល់ថា គាត់​អាណិត​ប្រជាពលរដ្ឋ គឺ​គាត់​ចង់​ឱ្យចេញទៅ ដើម្បី​បានការ​ងារ​ធ្វើ ហើយ​បាន​លុយ​ខ្លះ​ដាក់​ហោប៉ៅ​គាត់ ប៉ុន្តែ គាត់​ភ្លេច​ថា គាត់​កំពុង​ធ្វើបាប​ប្រជាពលរដ្ឋ ហើយ​គាត់​ចូលក្នុង​ការ​ឃុបឃិតជាមួយ​ជន​ទុច្ចរិត​[មេខ្យល់​] ហើយ​ប្រសិនជា​នៅតែ​មាន​អ្នក​ព្យាយាម​បោក​ប្រជាពលរដ្ឋ យ៉ាងហោចណាស់​ក៏​គាត់​មានទោស​ឆបោក​ដែរ ហើយ​បើ​គាត់​នាំចេញ​ទៅទៀត ចូលក្នុង​ទោស​គេ​ហៅថា ​ជួញដូរ​មនុស្ស​ឆ្លងដែន បានន័យ​ថា ​គាត់​នាំចេញ​មិន​ស្របច្បាប់ គេ​មាន​ចែង​ក្នុង​ច្បាប់»។

មន្ដ្រី​កម្មវិធី​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សង់​ត្រា​ល់ លោក ឌី ថេ​ហូ​យ៉ា មានប្រសាសន៍​ថា ដើមចម​ដែល​នាំឱ្យមាន​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​តាម​ច្រករបៀង​ខុសច្បាប់​ទៅ​ប្រទេសជិតខាង​បាន ទំនងជា​មានការ​ឃុបឃិតជាមួយ​អាជ្ញាធរ​នៅ​តំបន់​នោះ។ ករណីនេះ លោក​ថា ដើម្បី​ស្វែង​រកា​រពិត និង​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការអនុវត្ត​ច្បាប់ ក្រសួង​ត្រូវ​ស្រាវជ្រាវ​ឱ្យច្បាស់លាស់ មុននឹង​ដាក់ទោស​ទណ្ឌ​លើ​មេខ្យល់ និង​អាជ្ញាធរ​ថ្នា​ក់​ក្រោ​មជាដើម។

លោក ឌី ថេ​ហូ​យ៉ា និយាយ​ថា៖ «មិនបាច់​និយាយឱ្យ​ចំ​ ក៏​យល់​ដែរ​ថា វា​ជាប់ពាក់ព័ន្ធ​គ្នា ផលប្រយោជន៍​រវាង​មេខ្យល់ រវាង​អ្នកមាន​តួនាទី​នៅក្នុង​ការគ្រប់គ្រង​ច្រករបៀង​ទាំងអស់ បើ​ពួក​គេ​មិន​ឱ្យចូល ក៏​អត់​ចែក​លុយ​គ្នា ក៏​វា​មិន​អាច​ធ្វើ​ចឹង​បាន​ដែរ នៅពេល​មន្ត្រី​ថ្នាក់ក្រោម​ប្រព្រឹត្ត​បទល្មើស​ដាក់ទោស​ទណ្ឌ​ម៉េច មើល​អាហ្នឹង​[ច្បាប់​]ទៅ ហើយ​អ្នកណា​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ជួញ​ដូរ​មនុស្ស​ហ្នឹង​ទៅ ​ទោះបីជា​មន្ត្រី​ [រដ្ឋាភិបាល​តាម​ព្រំដែន​] ក៏ដោយ»។

លោក ប្រាក់ ភក្ត្រា អះអាង​ថា លោក​ជា​ពលករ​នៅ​ស្រុក​ថៃ។ លោក​បានឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ចាប់តាំងពី​ចុងខែ​មេសា មកដល់​ថ្ងៃទី៩ ខែឧសភា មាន​ពលរដ្ឋខ្មែរ​ជាង ១០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ខេត្ត​ស្រះ​កែវ បាន​ចាប់ខ្លួន និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។លោក​បន្ត​ថា ការ​ចាប់ខ្លួន​នោះ ដោយសារ​ពលរដ្ឋខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ក្នុង​បំណង​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

កាលពី​ថ្ងៃទី២២ ខែមេសា រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ថៃ​មុន​ពេល​បុណ្យចូលឆ្នាំ មាន​ចំនួន​ជិត ១០ម៉ឺន​នាក់ (៨៥០០០​)។

លោក​អះអាង​ថា ក្នុងចំណោម​ពលករ​ជិត ១០ម៉ឺន​នាក់​នោះ ភាគច្រើន​ពួក​គេ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានតែ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ពួក​គេ​រំពឹង​ត្រឡប់ទៅ​ធ្វើការងារ​នៅ​ស្រុក​ថៃ​វិញ ក្រោយ​ចប់​បុណ្យចូលឆ្នាំ។ ប៉ុន្តែ ប្រទេស​ទាំងពីរ​បន្ត​រឹត​បន្តឹង​ការ​ឆ្លងកាត់​តាម​ព្រំដែន​នៅឡើយ ដោយ​មិនទាន់​កំណត់ពេល​បើក​វិញ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ