សង្គម​​ស៊ីវិល​​ថា​ ពលរដ្ឋ​ខ្មែរ​​មួយ​ចំនួន​​សម្រុក​​ទៅ​​ធ្វើ​ការងារ​​នៅ​ប្រទេស​​ថៃ​​ទាំង​​ប្រថុយ​ប្រថាន​​ដោយ​សារ​​គ្មាន​​ជម្រើស​​

ពលករខ្មែរ​ដែលបាន​នាំគ្នាធ្វើ​ចំណាក​ស្រុក​ខុសច្បាប់​ចូល​ប្រទេស​ថៃ​ ដេីម្បី​ស្វែង​រក​ការងារ​ធ្វើ​​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ការ​ពារ​ព្រំដែន​ ស្ថិត​ក្នុង​ស្រុក​អារញ្ញ​យ៉ាប្រាថេត​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ធ្វើ​ការ​ឃាត់​ខ្លួន​ នៅ​ថ្ងៃ​សៅរ៍​ ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ពលករ​នៅ​ស្រុក​ថៃ លោក ប្រាក់ ភក្ត្រា)

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា ពលរដ្ឋខ្មែរ​មួយចំនួន​បាន​ចាប់ផ្តើម​សម្រុក​វិលត្រឡប់​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​វិញ ហើយ​មាន​មួយចំនួន​ទៀត បាន​ទៅ​ដោយ​ខុសច្បាប់ និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដោយសារ​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង។

ការ​លើកឡើង​នេះ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​ការ​សម្រុក​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន ឬខុសច្បាប់​ពីសំណាក់​ពលរដ្ឋខ្មែរ​មួយចំនួន បើ​ទោះបីជា​ភាគី​កម្ពុជា​-ថៃ កំពុង​បន្ត​រឹត​បន្តឹង​ការ​ចេញចូល​តាម​ព្រំដែន ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ក្តី។ 

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា ពលរដ្ឋខ្មែរ​មួយចំនួន​បាន​ត្រឡប់ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​វិញដោយ​លួចលាក់ ឬខុសច្បាប់ ដោយសារ​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង គ្មាន​ការងារ​ក្នុង​ស្រុក​ធ្វើ និង​គ្មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ពិសេស​គ្មាន​ប្រាក់​ដោះស្រាយ​បំណុល​តែម្តង។ 

លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា៖ «ហ្នឹងហើយ​ ជា​ការពិត​ហើយ​នៅត្រង់​ហ្នឹង បញ្ហា​នៅត្រង់​ហ្នឹងហើយ ​[គាត់​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន ដោយសារ​គ្មាន​ជម្រើស​] ទីមួយ ​បើសិន​គាត់​គ្មាន​ការងារ ហើយ​ទទួល​បានការ​ឧបត្ថម្ភ​ ឬការ​គាំពារ​អី​ពី​រដ្ឋាភិបាល ប្រហែលជា​គាត់​មិនជា​ប្រថុយប្រថាន​ប៉ុន្មាន​ទេ ហើយរឿង​ដែល​សំខាន់​បំផុត គឺ​រឿង​បំណុល​ហ្នឹងហើយ​ដែល​ពិបាក​នឹងគេចវេស។ គាត់​មានតែ​សម្រេចចិត្ត​ទៅ​រក​ការងារ​ធ្វើ​អ៊ីចឹង​ទេ»។ 

លោក​មិនដឹង​ប្រាកដ​ពី​ចំនួន​ពលរដ្ឋខ្មែរ​ដែល​ចេញទៅ​ថៃ និង​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​នោះ​ទេ។ 

មន្ត្រី​សង្គម​ស៊ីវិល​ដដែល ឱ្យ​ដឹង​ថា​ ការ​វិលត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​វិញ​នេះ ចាប់ផ្តើម​កើតឡើង​ក្រោយពេល​បុណ្យចូលឆ្នាំ​ថ្មី​ចប់ ដោយ​ពួក​គេ​ទាំងនោះ​បាន​ត្រឡប់​មក​កម្ពុជា​កាលពីមុន​ពេល​បុណ្យចូលឆ្នាំ អំឡុង​ពេល​ប្រទេស​ទាំងពីរ​ប្រកាស​បិទ​ព្រំដែន ដោយសារ​វិបត្តិ​កូវីដ១៩។

វី.អូ.ឌី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ​នៅ​ថ្ងៃនេះ។

ប៉ុន្តែ អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​អះអាង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​នេះ ដោយ​ទទួលស្គាល់​ថា ពិតជា​មាន​ពលរដ្ឋខ្មែរ​មួយចំនួន បាន​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​ប្រាកដ​មែន ហើយក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ផង​ដែរ ប៉ុន្តែ លោក​ថា មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​របស់​ពលរដ្ឋ​ទាំងនោះ ដោយសារ​ពួក​គេ​ចាញ់បោក​ការ​អូសទាញ​ពី​មេខ្យល់ ឬអ្នក​ស្វែងរក​កម្លាំង​ពលកម្ម​នៅ​ស្រុក​ថៃ ក្នុង​ខេត្ត​ជាប់​កម្ពុជា។ 

លោក ងួន រតនៈ បន្ត​ថា៖ «ប្រហែលជា​អ្នក​ត្រូវការ​កម្លាំង​ពលកម្ម​ក្បែរ​ព្រំដែន​ហ្នឹង​ត្រូវការ។ ឧបមា​ថា​ បម្រើការ​ងារ​នៅក្នុង​ចម្ការ។ រដូវ​នេះ ​រដូវ​បេះ​ផ្លែឈើ រដូវ​ដាក់ជី​ថ្នាំ កាត់​ស្មៅ ឬក៏​បាចទឹក។ល។ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ណាស់។ នៅ​ជាប់​ខេត្ត​ជាប់​ព្រំដែន​ មាន​ខេត្ត​ច័ន្ទ​បុរី ខេត្ត​ស្រះ​កែវហ្នឹង​ ត្រូវការ​កម្លាំង​ពលកម្ម​បែបនេះ​ណាស់ បែប​កម្លាំង​ជា​កម្លាំងបាយ។ អីចឹង ​ប្រហែលជា​មាន​អ្នក​បង្ក​លក្ខណៈ​បែបហ្នឹង។ មាន​ទៅ ប៉ុន្តែ​ នៅពេល​សមត្ថកិច្ច​គេ​ឃើញ​ គេ​ក៏​ហៅ​យើង​ទៅ​យក​មកវិញ»។

ពលរដ្ឋខ្មែរ​មួយ​រូប​ដែល​អះអាង​ថា​ ខ្លួន​ជា​ពលករ​នៅ​ស្រុក​ថៃ លោក ប្រាក់ ភក្ត្រា បានឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ចាប់តាំងពី​ចុងខែ​មេសា មកដល់​ថ្ងៃទី៩ ខែឧសភា មាន​ពលរដ្ឋខ្មែរ​ជាង ១រយ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃខេត្ត​ស្រះ​កែវ បាន​ចាប់ខ្លួន និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​បន្ត​ថា ការ​ចាប់ខ្លួន​នោះ ដោយសារ​ពលរដ្ឋខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់ ក្នុង​បំណង​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ 

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ក្នុង​ការ​ឆ្លងដែន​ខុសច្បាប់​នោះ ​ពលករ​ខ្មែរ​ម្នាក់ត្រូវ​ចំណាយ​ប្រាក់​ឱ្យ​មេខ្យល់ ២០០០បាត ​ឬជាង ២០ម៉ឺន​រៀល ដោយមាន​រថយន្ត​ខាង​ថៃ​ចាំ​ដឹក​ពួក​គេ​យក​ទៅ​ដាក់​កន្លែង​ធ្វើការ ​ដូចជា ​ខេ​ត្ដ​ឈុ​នបុ​រី ខេត្ត​សា​មុត​សា​ខន និង​ទីក្រុង​បាងកក​ ជាដើម។

កាលពី​ថ្ងៃទី២២ ខែមេសា ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់​ថា ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ថៃមុន​ពេល​បុណ្យចូលឆ្នាំ មាន​ចំនួន​ជិត ១០ម៉ឺន​នាក់ (៨៥០០០​)។

លោក​អះអាង​ថា ក្នុងចំណោម​ពលករ​ជិត ១០ម៉ឺន​នាក់​នោះ ភាគច្រើន​ពួក​គេ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានតែ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ពួក​គេ​រំពឹង​ត្រឡប់ទៅ​ធ្វើការងារ​នៅ​ស្រុក​ថៃ​វិញ ក្រោយ​ចប់​បុណ្យចូលឆ្នាំ។ ប៉ុន្តែ​ ប្រទេស​ទាំងពីរ​បន្ត​រឹត​បន្តឹង​ការ​ឆ្លងកាត់​តាម​ព្រំដែន​នៅឡើយ ដោយ​មិនទាន់​កំណត់ពេល​បើក​វិញ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ