បទ​យកការណ៍៖ សមាគម​​សំដែង​​ល្ខោន​ខោល​​វ័យ​២៦​ឆ្នាំ​បិទ​ទ្វារ​​ ព្រោះ​​ខ្វះ​​ការ​​គាំ​ទ្រ​ និង​​វិបត្តិ​​កូ​វីដ​១៩​​

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឡានដឹកសម្ភារចេញពីសមាគមសុវណ្ណភូមិ ក្រោយពេលសមាគមប្រកាសបិទទ្វារ។ (ហ៊ុន សិរីវឌ្ឍន៍)

«លាហើយ​រោងល្ខោន​ដ៏​កំសត់» គឺជា​សារ​ចុងក្រោយ​ដែល​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ករបស់​ខ្លួន​ នៅ​រសៀល​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ 

បន្ទាប់ពី​តស៊ូ​ដោយខ្លួនឯង​រយៈពេល ២៦ឆ្នាំ​មក ស​មា​គម​សិល្បៈ​សុវណ្ណភូមិ​ ដែល​ជាស​មា​គម​សិល្បៈ​សំដែង និង​បង្រៀន​ល្ខោនខោល ល្ខោនស្បែក​តូច និង​ធំ បាន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​របស់​ខ្លួន ពុំ​អាច​បន្ត​ទ្រទ្រង់​ការងារ​តទៅទៀត ដោយសារ​ខ្វះខាត​ថវិកាទ្រទ្រង់ ព្រោះ​គ្មាន​ការ​ចេញ​សំដែង និង​គ្មាន​ភ្ញៀវ។ 

ក្នុងទឹក​មុខមាំ​ដែល​ហាក់បីដូចជា​លាក់បាំង​អារម្មណ៍​ក្នុងចិត្ត ប្រធាន​សមាគម​នេះ ​លោក ម៉ាន់ កុសល អាយុ ៦០ឆ្នាំ​ បាន​លើកឡើង​ថា អ្វី​ដែល​ធ្វើ​ឱ្យ​សមាគម​បិទ​នៅ​ថ្ងៃនេះ ​គឺ​ដោយសារ​គ្មាន​លទ្ធភាព​នឹង​បន្ត​ ដោយសារ​សមាគម​បាន​បាត់បង់​ចំណូល​ជាបន្តបន្ទាប់​ ក្រោយពី​ពិភពលោក​មាន​ផ្ទុះ​វិបត្តិ​កូ​វីដ១៩មក។ 

ប្រធានស​មា​គម​សិល្បៈ​សុវណ្ណភូមិ លោក ម៉ាន់ កុសល ថ្លែងប្រាប់ពីហេតុផលនៃការបិទរោងល្ខោនសមាគមសុវណ្ណភូមិ ថ្ងៃទី១២ ខែឧសភា ឆ្នា២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

លោក ​ម៉ាន់ កុសល មានប្រសាសន៍​ថា៖ «យើង​នៅ​មាន​សមត្ថភាព តែ​កាលណា​យើង​អត់មាន​លទ្ធភាព​ទេ ​គឺ​មានតែ​អ៊ីចឹង​ហើយ។ ទីមួយ​ សមាគម​យើង​ពីមុន ​គឺ​យើង​រស់​បាន​ពី​ការសំដែង​យក​ថវិកា​ពី​ភ្ញៀវ​ទេសចរ​មក ហើយ​ការសំដែង​របស់​យើង​គឺ​រក​ចំណេញ​មិនឃើញ​ទេ យើង​អត់មាន​ជំនួយ​ទេ។ សមាគម​យើង​គឺ​ធ្វើការ​ដោយស្ម័គ្រចិត្ត បាន​លុយ​មក ​យក​ទៅ​ជួយ​សិល្បករ គឺ​យើង​មានការ​រៀបចំ​ច្បាស់លាស់​នៅ​ទីនេះ​ ប៉ុន្ដែ​ គ្រាន់តែ​ថា ​ក្រោយពេល​ដែល​បិទ​ភ្ញៀវ​គ្រឹប​អ៊ីចឹង​ទៅ វា​ហាក់បីដូចជា​យក​អ្វីទៅ​ឃាំង​ទឹក​ឱ្យ​ដាច់​ង៉ក់​តែម្ដង អ៊ីចឹង​ធ្វើ​ឱ្យ​យើង​អស់​លទ្ធភាព»។ 

លោក​បាន​រំលឹក​ពី​ការងារ​ជិត៣០ឆ្នាំនៃ​សមាគម​ថា សមាគម​បាន​ចូលរួម​ជួយ​ដល់​ការអប់រំ​ទាំង​ផ្នែក​សិល្បៈ សុខភាព និង​ការរស់នៅ​របស់​ពលរដ្ឋ​ជាច្រើន ​តាមរយៈ​ការ​ចុះ​សំដែង​តាម​ភូមិស្រុក​នានា។

ជាង​នេះ​ទៅទៀត​ អ្វី​ដែល​គាត់​មិន​អាច​បំភ្លេច​បាន ​គឺ​ការ​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​មើល​សិល្បៈ​របស់​សមាគម​លោក​ដ៏​ច្រើន​កុះករ​នៅ​តាម​ទី​ជនបទ។ ទោះជាយ៉ាងណា​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា និង​ការ​វាយលុក​នៃ​វិបត្តិ​កូ​វីដ១៩ បាន​បញ្ចប់​ការងារ​របស់​សមាគម​ទាំងស្រុង​ហើយ​នៅពេល​នេះ។

លោក ​ម៉ាន់ កុសល បន្ថែម​ថា៖ «ពីមុន​ មនុស្ស​ដែល​ចូលរួម​ទស្សនាការ​សំដែង​លើ​ឆាក​របស់​យើង​មិន​ក្រោម ៤ពាន់​នាក់​ទេ ក្រោយមក​យើង​ធ្លាក់​រហូត​នៅសល់​តែ​រោង កន្លែង​ខ្លះ​សល់​តែមួយ​រយ​នាក់​អីហ្នឹង​ គឺ​បច្ចេកវិទ្យា​កាន់តែ​ខ្ពស់​ គឺ​ការងារ​យើង​មិនសូវ​មាន​មនុស្ស​ចូល​មើល»។

បុគ្គលិកនៃសមាគមសុវណ្ណភូមិ ចាប់ផ្ដើមរុះរើរោងល្ខោនរបស់ខ្លួននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរីវឌ្ឍន៍)

ក្នុង​ថ្ងៃ​រុះរើ​រោងល្ខោន សមាជិក​មួយចំនួន​បាន​ចូលរួម​ជួយគ្នា​ដើម្បី​ឆាប់​បង្ហើយការ​ងារ​ឱ្យ​ឆាប់​ចប់ ក្នុងចំណោម​អ្នក​ដែល​ចូលរួម​មើល​ទិដ្ឋភាព​ចុងក្រោយ​នៃ​រោងល្ខោន​ខ្លួន​ត្រូវ​រុះរើ​នោះ មាន​ស្ត្រី​តែម្នាក់​គត់​ដែល​ចូលរួម គឺ​អ្នកស្រី ហេង វន្ថា ដែល​ជា​បុគ្គលិក ជា​គ្រូ និង​ជា​អ្នក​ដាប​ស្បែក​នៅក្នុង​សមាគម​សិល្បៈ​សុវណ្ណភូមិ​នេះ ១២ឆ្នាំ​មក​ហើយ។

អ្នកស្រី ហេង វន្ថា បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ​មុន​ឈាន​ដល់​ថ្ងៃនេះ ​សមាជិកសមាគម​មាន​ទាំង​អនុស្សាវរីយ៍​ទាំង​ល្អ និង​អាក្រក់​ជាមួយគ្នា ហើយ​ភាព​លំបាក​ចុងក្រោយ​ដោយសារ​គ្មាន​ចំណូល​ដើម្បី​ទ្រទ្រង់ និង​មិន​អាច​បង់ថ្លៃ​ជួល​ដី​តទៅ​ទៀ​តបាន ​ធ្វើ​ឱ្យ​សមាជិកសមាគម​សម្រេចចិត្ត​ថា​បែក​តែម្ដង។ 

អ្នកស្រី​ ហេង វន្ថា មានប្រសាសន៍​ថា ៖ «ធម្មតា​ យើង​ចូល​សង្គម​សិល្បៈ ​វា​មាន​សប្បាយ​ខ្លះ វា​មានទុក្ខ​សោក​ខ្លះ​ វា​មាន។ ទុក្ខសោក​ហ្នឹង​មានអី​ មានតែ​ថា​ ពេល​ដែល​យើង​នៅ​នេះ​ពេលខ្លះ​យើង​ក៏​ខ្វះ​លុយ​បង់ថ្លៃ​ផ្ទះ ខ្វះ​លុយ​បង់​ភ្លើង បង់​ទឹក​អី​អ៊ីចឹង​ យើង​ចេះតែ​រក​នេះ​រក​នោះ​មក​បំពេញ​ទៅណា។ តែ​ដល់ពេល​ដែល​យើង​ដល់​ដំណាក់កាល​នេះ​ហើយ​ យើង​គិតថា ​យើង​មិន​អាច​នៅ​តទៅទៀត​បានទេ»។ 

ជា​សិស្ស​នៅ​សមាគម​សុវណ្ណភូមិ​ និង​បាន​រស់នៅ​សមាគម​នេះ ១២ឆ្នាំ​ហើយនោះ​ លោក ចំរើន ធានី អាយុ ២០ឆ្នាំ ថា​លោក​មានការ​សោកស្ដាយ​ចំពោះ​ការបោះបង់​កន្លែង​ដែល​ខ្លួន​ធ្លាប់​នៅ ធ្លាប់​រៀន ធ្លាប់​សម្ដែង​នេះ ដោយ​ថា ​លោក​មាន​អនុស្សាវរីយ៍​ជាច្រើន​នៅនឹង​កន្លែង​នេះ។ 

លោក​ថា៖ «ពីរ​ឆ្នាំ​ហ្នឹង​ដូចជា​វេទនា​ខ្លាំង ដោយសារ​ចំណូល​វា​មិនសូវ​មាន ហើយ​ដូចជា​បាត់បង់​កម្លាំងចិត្ត​ផង។ លោកគ្រូ​គាត់​ហត់​ដែរ។ […] ខ្ញុំ​មាន​អារម្មណ៍​រអាក់រអួល​ក្នុងចិត្ត​ដែរ​ នៅពេល​ដែល​កន្លែង​បិទ ​ហើយ​ចំ​ពេល​ដែល​មាន​អាសន្ន​ជំងឺ​កូ​វីដ​ហ្នឹង​ឡើង​មក​ទៀត អត់​ដឹង​ជួយ​គាត់​យ៉ាង​ម៉េច​បាន បាន​ត្រឹម​ជួយ​តាមអ្វី​ដែល​គាត់​ពឹង​ បាន​ត្រឹម​ជួយ​គាត់​អ៊ីចឹង»។ 

កាលពី​ថ្ងៃទី៣០ ខែមេសា សមាគម​សុវណ្ណភូមិ ​បាន​ប្រកាស​លើ​ទំព័រ​ហ្វេ​សបុ​ករបស់​ខ្លួន​ថា វិបត្តិ​កូ​វីដ១៩ ធ្វើ​ឱ្យ​សមាគម​ពិបាក​បន្តដំណើរ​ទៅទៀត​ណាស់ ហើយ​នៅ​ថ្ងៃទី៤ ខែឧសភា​ សមាគម​នេះ​បាន​បង្ហោះ​រូបភាព ដោយ​អម​ជាមួយនឹង​សំណេរ​យ៉ាង​ខ្លី​ថា៖

«ពេលនេះ ​រោងល្ខោន​សុវណ្ណភូមិ​បិទ​ហើយ​!!! សមាគម​សិល្បៈ​សុវណ្ណភូមិ កើត​ក្នុង​ឆ្នាំ១៩៩៤ រហូតដល់​ឆ្នាំ២០២០ អស់​រយៈពេល ២៦ឆ្នាំ​ ដោយ​ស្រលាញ់​ និង​ថែរក្សា​វប្បធម៌​ដូនតា តែ​ឥលូវ​មិន​មានលទ្ធភាព​ថែ​បន្ត​ទៀត​បានទេ សមាគម​សិល្បៈ​សុវណ្ណភូមិ​នឹង​បិទ​រោងល្ខោន​ក្នុង​ពេល​ឆាប់ៗ»។ 

នៅ​ថ្ងៃទី៨ ខែឧសភា ក្នុង​ពេល​ដែល​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​ប្រគល់​រាល់​សម្ភារ​ស្បែក​ធំ តូច ភ្លើង​សំឡេងទាំងអស់ ​ដល់​សាលា​មធ្យម​វិចិត្រ​សិល្បៈ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ លោកស្រី ភឿន សកុណា បាន​ប្រកាស​នៅនឹង​មុខ​លោក ម៉ាន់ កុសល ថាស​មា​គម​សុវណ្ណភូមិ​នឹង​មិន​បិទទ្វារ​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងវប្បធម៌​ លោក ហាប់ ទូច មានប្រសាសន៍​ប្រាប់ VOD ថា ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានសម្រេច​ឱ្យ​សមាគម​រើ​ទីតាំង​របស់​ខ្លួន​ទៅកាន់​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ដែល​មាន​ទីតាំងនៅ​តំបន់​បឹង​បាយ៉ា​ប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ស្ថាន​ការ​ណ៍ជំងឺ​កូ​វីដ១៩ ធូរស្រាល និង​មាន​អ្នក​ទេសចរ​ឡើងវិញ​ ក្រសួង​នឹង​ជំរុញ​បន្ថែម​ទៅ​សមាគម​កាន់តែ​ខ្លាំង។

លោក ហាប់ ទូច និយាយ​ថា៖ «ធ្វើ​យ៉ាងម៉េច​ឱ្យ​សិល្ប​ករ គាត់​នៅ​ដំណើរការ​ងារ​របស់​គាត់​នៅក្នុង​សាលា​អ៊ីចឹង​ទៅ។ អ្វី​ជា​លទ្ធភាព​ដែល​អាច​ជួយ​គាត់​បាន​ប៉ុ​ណ្ណឹងសិន បញ្ហា​កើតឡើង​ហើយ​មិនដឹង​ធ្វើ​យ៉ាង​ម៉េចទេ មានតែ​ខំ​ទាំងអស់គ្នា តែ​ពេល​មាន​ភ្ញៀវ​មក​ហើយអី​ហើយ​ អ៊ីចឹង​គាត់​អាច​ចាប់ផ្ដើម​សំដែង​បាន​ យើង​នឹង​ជួយគិត​គូរ​តទៅទៀត ថា​តើ​ត្រូវ​រក​លទ្ធភាព​យ៉ាង​ម៉េច​ឱ្យ​សិល្បករ​របស់​គាត់​បន្តការងារ​របស់​គាត់។ រឿង​ហ្នឹង​សំខាន់ ​ពីព្រោះ​អ្នក​ដែល​គាត់​ខំ​បង្ហាត់​ខំ​បង្រៀន​អី​ឱ្យ​ចេះ​មាន​ជំនាញ​ហើយ ​គឺ​យើង​អត់​ចង់ឱ្យ​គាត់​ទៅណា​ទេ​! គាត់​អាច​ប្រើប្រាស់​អាជីព​របស់​គាត់​ដើម្បី​បន្ដការងារ​អភិរក្ស និង​លើកស្ទួយ​ទម្រង់​សិល្បៈ​ល្ខោនស្បែក​ហ្នឹង​តទៅទៀត​ ហើយនិង​បណ្ដុះ​បណ្ដា​លក្មេងៗ​តទៅទៀត»។ 

បើ​តាម​លោក ហាប់ ទូច លើស​ពីនេះ​ ក្រសួង​ក៏​បា​នប​ញ្ចូលលោ​ក ម៉ាន់ កុសល មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង និង​បុ​គ្គ​លិក​ផ្សេងទៀត​នៃ​សមាគម​ ក៏​ត្រូវ​បាន​ក្រសួង​បញ្ចូល​ជា​គ្រូបង្រៀន​សិល្បៈ​នៅ​សាលា​សិល្បៈ​របស់​រដ្ឋ​ផង​ដែរ។ 

លោក​មានប្រសាសន៍​បន្ថែម​ថា៖ «គឺ​ដើម្បី​ឱ្យ​គាត់​មាន​ថវិកា​មួយចំនួន​មក​ទ្រទ្រង់​ជីវភាព​របស់​គាត់​ផង ហើយ​គាត់​អាច​មាន​ពេលវេលា​ក្នុង​ការ​ធ្វើសកម្មភាព​ក្នុង​ការ​អភិរក្ស ក្នុង​ការសំដែង ​ក្នុង​ការផ្ទេរ​ចំណេះដឹង​ទៅ​ឱ្យ​សិល្បករ​វ័យក្មេង​ថែមទៀត​ផង»។ 

យោង​តាម​ហ្វេ​សប៊ុករបស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ ចុះផ្សាយ​កាលពី​ថ្ងៃទី៨ ខែឧសភា ចាប់ពី​ពេលនេះ​តទៅ ​សមាគម​សិល្បៈ​សុវណ្ណភូមិ​ជាផ្នែក​មួយ​នៃ​កិច្ចសហការ​ជាមួយ​សាលា ដែល​នឹង​ជួយ​សមាគម​នេះ​ឱ្យ​នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​ល្ខោនស្បែក​ធំ​តទៅមុខ​ទៀត ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​ជួល​ទីតាំង និង​ចំណាយ​អ្វី​ផ្សេង​ៗដូចជា​ទឹក​ភ្លើង​ជាដើម។ 

ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ​ លោក ម៉ាន់ កុសល បាន​ថ្លែងប្រាប់ VOD ថា៖ «មុននឹង​ទទួល​បាន​អនុសាសន៍​ពី​លោកជំទាវ ​[ភឿង សកុណា​] គឺ​យើង​មានការ​សោកស្ដាយ​មែនទែន​រហូត​យើង៣នាក់​ គឺ​ស្រក់​ទឹកភ្នែក​តែម្ដង​! តែ​ដល់ក្រោយមក ​យើង​ទទួល​អនុសាសន៍​ពី​គាត់​អ៊ីចឹង​ទៅ យើង​ហាក់បីដូចជា​ធូរ​មួយ​កម្រិត​ធំ។ យើង​មិន​មានការ​សោកស្ដាយ​អី​ទៀត​ទេ តែ​យើង​មាន​កា​រអា​ល័យ អាល័យកន្លែង​ដែល​យើង​ធ្លាប់ធ្វើ មានកូន​សិស្ស​ហាត់រៀន​ពេលថ្ងៃ​ពេលយប់​អី​អ៊ីចឹង​ណា គឺជា​សេចក្តី​អា​ឡោះអាល័យ​មួយ​ប៉ុណ្ណឹង» ។

លោក​ ម៉ាន់ កុសល ជឿ​ថា ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​បែបនេះ ​សមាគម​សិល្បៈ​សុវណ្ណភូមិ​នៅតែ​អាច​មាន​សង្ឃឹម​បន្ត​ទៅមុខ​ទៀត​ ដើម្បី​ជួយ​ថែរក្សា​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ តែ​លោក​ក៏​ជំរុញ​ដល់​មហាជន​ផង​ដែរ​ក្នុង​ការចូលរួម​ក្នុង​ការ​ថែរក្សា​នេះ។ 

លោក​ ម៉ាន់ កុសល និយាយ​ថា៖ «ប៉ុន្ដែ​ ទៅ​ថ្ងៃខាងមុខ​ វារី​កចម្រើន​បាន ឬរីក​ចម្រើនមិនបាន វា​អាស្រ័យ​លើ​យុវជន​យើង​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ជា​អ្នក​ជំនាន់​ក្រោយ​ស្នង​មរតក​ពី​អ្នក​ជំនាន់​មុន ហើយដែល​ត្រូវតែ​ស្នង ​ព្រោះនេះ​ជា​សម្បត្តិ​វប្បធម៌ ជាស​ញ្ញាណ​មួយ​របស់​ជាតិ ​អ៊ីចឹង​ត្រូវតែ​ថែរក្សា ទោះបីជា​វារី​កចម្រើនមិន​រីក​ចម្រើន​យ៉ាងណាក៏ដោយ ​គឺ​ត្រូវតែ​ថែរក្សា​កុំឱ្យ​បាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ