តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ងើប​ឡើង​វិញ​ក្រោយ​ពេល​អ្នក​ជំងឺ​កូវីដ១៩​ជា​សះ​ស្បើយ​អស់

បុគ្គលិកស្ថានីយប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងម៉ូតូដល់ភ្ញៀវ។ (បណ្ដាញសង្គម)

តម្លៃ​សាំង​បាន​ហក់​ឡើង​មក​វិញ​ ក្រោយ​ពី​កម្ពុជាបាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ១៩​ចុង​ក្រោយ​បាន​ជា​សះ​ស្បើយ​ ហើយ​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈ​ពេល​ជាង​១​ខែ​ហើយ​នោះ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ស្ត្រី​ម្នាក់​វ័យ ៣៦​ឆ្នាំ​ដែល​ជា​អ្នក​ជំងឺ​កូវីដ១៩​ចុង​ចុង​ក្រោយ បាន​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ ជា​ទី​ដែល​គាត់​ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ មក​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​។

បច្ចុប្បន្នភាព​តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា តម្លៃ​លក់​រាយ​នៃ​ប្រេង​សាំង​ធម្មតា​ បាន​កើន​ឡើងខ្ទង់ ១១​ភាគរយ​ ពី​តម្លៃ ២,២៥០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​សាំង​ធម្មតា​ពាក់​កណ្ដាល​ទី​១​នៃ​ខែ​ឧសភា​នេះ ឡើង​មក​ដល់​តម្លៃ ២,៥០០​រៀល​ចាប់​ពី​ពាក់កណ្ដាល​ទី​២​នៃ​ខែ​នេះ។ ចំណែក​ឯ​ប្រេង​ម៉ាសូត​វិញ​ បាន​កើន​ឡើង​ពី​តម្លៃ ២,១៥០​រៀល​នៅ​កន្លះ​ខែ​ដំបូង មក​ដល់​តម្លៃ ២,៣០០​រៀល​នៅពាក់​កណ្ដាល​ទី​២​ក្នុង​ខែ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា តម្លៃ​ប្រេង​ឥន្ធនៈ​ចុះ​ធ្លាក់​​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​ខែ​នេះ ដោយសារ​តែ​តម្លៃ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​តម្លៃ​ ហើយ​​តម្លៃ​នេះ​បាន​កើន​ឡើង​មក​វិញ ដោយសារ​ទីផ្សារ​អន្តរជាតិ បាន​ឡើង​ថ្លៃ​ផង​ដែរ។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ផ្សាយ​ថា តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ហក់​ឡើង​មក​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយសារ​តែ​ក្ដី​សង្ឃឹម​អំពី​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ និង​ការ​កាត់​បន្ថយ​​ផលិតកម្ម​ប្រេង​របស់​បណ្ដា​ប្រទេស​ផលិត​ប្រេង​ធំៗ។

រ៉យទ័រ​រាយការណ៍​បន្ថែម​ថា តម្លៃ​ប្រេង​នៅ​ទីផ្សារ​អាមេរិក បាន​កើន​ឡើង ៣.៣៥​ដុល្លារ ឬ​ស្មើ​នឹង​កំណើន​ជិត ១១.៤​ភាគរយ ឬ​កើន​ឡើង​មក​ដល់ ៣២.៧៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ពាក់​ណ្ដាល​ខែ​មីនា​មក។

តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​បាន​ងើប​មក​ឡើង​ថ្លៃ​វិញ​​ចំ​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​ជា​សះ​ស្បើយ​អស់​ហើយ បន្ទាប់​ពី​ស្ត្រី​ម្នាក់ ៣៦​ឆ្នាំ​ដែល​ជា​អ្នក​ជំងឺ​កូវីដ១៩​ចុង​ក្រោយ ត្រូវ​បាន​ប្រកាស​ថា ជា​សះ​ស្បើយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​ត្រូវ​បាន​ដាក់​លក់​រាយ​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា បាន​ធ្លាក់​ចុះ​ពី​តម្លៃ ៣,​៤៥០​រៀល​ក្នុង​មួយ​លីត្រ​កាល​ពី​ដើម​ខែ​មីនា មក​នៅ​ត្រឹម​តម្លៃ ២,២៥០​លីត្រ​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​ខែ​ឧសភា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ