វិភាគ៖ តើ​​ធ្វើ​​យ៉ាង​ណា​​ដើម្បី​​ឱ្យ​​វិធាន​ការ​​ទប់​ស្កាត់​​ការ​​លុប​​បឹង​ ស្ទឹង​ ព្រែក​ សមុទ្រ​ មាន​ប្រសិទ្ធ​ភាព​​?​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

បឹង​ធម្មជាតិ​មួយចំនួន ពិសេស​នៅ​ក្រុងភ្នំពេញ​ បាន​លុប​បាត់ស្រមោល ហើយ​ខ្លះទៀត​ត្រូវ​បាន​លុប​ដោយ​ផ្នែក ក្រោម​គម្រោង​អភិវឌ្ឍន៍ចេញ​ជា​ក្រុមហ៊ុន​អាជីវកម្ម សំណង់​បុរី វីឡា ឬផ្ទះ​ល្វែង​ស្អេកស្កះ។

រី​ឯចំណី​ព្រែក ស្ទឹង ប្រឡាយ និង​ទន្លេ​ជាច្រើន​ទៀត ពិសេស​ស្ថិតនៅ​ទីប្រជុំជន ឬទីក្រុង ក៏​ត្រូវ​បាន​គេ​ចាក់​ដី ឬខ្សាច់​លុប​ជា​ហូរហែ ដែល​ធ្វើ​ឱ្យ​ទីតាំង​ស្តុក​ទុក​ទឹក និង​ជា​ផ្លូវ​រំដោះ​ទឹក​ទាំងនោះ​ប្រែជា​រួម​តូច ឬក៏​បាត់​ទាំងស្រុង​តែម្តង។ 

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

ដោយ​បារម្ភ​ពី​បញ្ហា​នេះ កាលពី​ថ្ងៃទី៨ ខែឧសភា ក្រសួងធនធានទឹក និងឧតុនិយម​បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើ​ទៅ​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ឱ្យ​ជួយ​ទប់ស្កាត់​ការរំលោភបឹង​ធម្មជាតិ ចំ​ណី​ច្រាំ​ងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដែល​ខុសច្បាប់។ ប៉ុន្តែ​ ក្រុម​អ្នកឃ្លាំមើល​យល់ថា​ សំ​ណើនោះ​នឹង​មិន​មានប្រសិទ្ធភាព​នោះ​ឡើយ។ 

បញ្ហា​នេះ​បង្កើត​ជា​សំណួរថា​ តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​វិធានការ​ទប់ស្កាត់​ការរំលោភ​បំពាន​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​ទាំងនោះ​មានប្រសិទ្ធភាព​?

យោង​តាមច្បាប់​ភូមិបាល ​បាន​ចែងថា ទ្រព្យសម្បត្តិ​សាធា​រណៈ​របស់​រដ្ឋ គឺ​បាន​រាប់បញ្ចូល​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ណា​ដែល​កើត​ចេញពី​ធម្មជាតិ​ផង​ដែរ ​ដូចជា ​ព្រៃឈើ ផ្លូវទឹក​ដែល​នាវា ​ក្បូន​ចេញចូល​បាន បឹង​ធម្មជាតិ ច្រាំងទន្លេ ប្រឡាយ ស្ទឹង សមុទ្រ ជាដើម។ 

ច្បាប់​ដដែល​ មាត្រា១៦ បាន​ចែង​ទៀត​ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ យក​ធ្វើជា​កម្មសិទ្ធិ​បាន​ឡើយ ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ​ក៏​មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ដែរ។ 

បន្ថែម​ពីនេះ ទ្រព្យសាធារណៈ​ទាំងនោះ​អាច​ក្លាយជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដោយ​រដ្ឋ​អាច​ចាត់ចែង​ទៅ​ឱ្យ​ឯកជន​បន្ត​បាន ដរាបណា​វា​លែង​បម្រើ​ប្រយោជន៍​សាធារណៈ​តទៅទៀត។ ប៉ុន្តែ​ត្រូវ​ធ្វើឡើង​តាមរយៈ​ច្បាប់​អនុបយោគ ខណៈ​បច្ចុប្បន្ន​ ច្បាប់​អនុបយោគ​នេះ កម្ពុជា​នៅ​មិនទាន់​មាន​នោះ​ឡើយ។ 

ទោះបីជា​ច្បាប់​ចែង​នៅ​លើ​ក្រដាស​យ៉ាងនេះ​ក្តី ប៉ុន្តែ​ សកម្មភាព​លុប​បឹង​ធម្មជាតិ ច្រាំងទន្លេ ព្រែក ប្រឡាយ​ទឹក ស្ទឹង រហូតដល់​ឆ្នេរសមុទ្រ​ផង​នោះ ក៏​កើតមាន​ឥត​ឈប់ឈរ​ទាំង​ក្នុង​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត មាន​ទាំង​ការ​លុប​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល និង​ការ​លុប​រំលោភ​ពីសំណាក់​បុគ្គល​ផង​ដែរ។ 

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា មានក​ត្តា​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំងនេះ ​រង​ការ​ចាក់​ដី​លុប ឬរំលោភបំពាន។ លោក​ថា​ កត្តា​ទី១ ការ​ចាក់​លុប​ពីសំណាក់​ក្រុម​អ្នកមាន​ប្រាក់​ ឬមានអំណាច​មួយចំនួន ត្បិត​ពួក​គេ​តែង​បានដឹង​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ​ជាមុន ហើយ​ពេលខ្លះ​ក៏​បង្វែរ​ដី​ទាំងនោះ​ទៅកាន់​អ្នកមាន​ឥទ្ធិពល​បន្ទាប់​ក្នុង​រូបភាព​ជំនួញ។ 

ក្រៅពី​នេះ បញ្ហា​រដ្ឋាភិបាល​ខ្លួនឯង ដែល​មិនបាន​បង្ហាញ​ពី​គំរូភាព​នៃ​ការ​ស្រឡាញ់​ ឬការពារ​បឹង​ធម្មជាតិទាំងនោះ តាមរយៈ​ការ​កាត់​ផ្ទៃ​បឹង​មួយ​ផ្នែក ឬទាំងមូល​ទៅ​ឱ្យ​ឯកជន ឬរដ្ឋ ក្រោម​ស្លាក​នៃ​ការអភិវឌ្ឍជាបន្តបន្ទាប់។ 

លោក​បណ្ឌិត មាស នី បន្ត​ថា៖ «រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង​ក៏​មិនបាន​បំពេញ​ភាពជា​គំរូក្នុង​ការ​ការពារ​ដែរ គឺ​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ការ​កាត់ ដូច​បឹង​តា​មោក​បឹង​អីហ្នឹង សុទ្ធតែ​ជា​រឿង​ដែល​កើត​ចេញពី​រដ្ឋាភិបាល​ហើយ​ បាទ។ អីចឹង ​បើសិន​រដ្ឋាភិបាល​មិនបាន​បំពេញ​តួនាទី​ជា​គំរូ​ទេ ដោយដៃ​ម្ខាង​យើង​ស៊ី​ញ៉េ​ឱ្យ​គេ​កាត់​ខ្លួន ប៉ុន្តែ​ ដៃ​ម្ខាងទៀត​ឱ្យទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ការពារ​ហ្នឹង។ អាហ្នឹង​វា​អត់មាន​ប្រសិទ្ធភាព​ទេ​ បាទ។ ទាំង​ការអនុវត្ត​​ច្បាប់​ ក៏​មិន​មានប្រសិទ្ធភាព ហើយ​ទាំង​ការ​ការពារ​ ក៏​មិន​មានប្រសិទ្ធភាព​ទេ ​បាទ»។ 

ដោយ​មិនទាន់​រាប់​ពី​បឹង​ធម្មជាតិ​ផ្សេងទៀត ដែល​ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ​និង​លុប​ដោយ​ផ្នែក​នៅ​ក្រុងភ្នំពេញ​នោះ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៨មក គ្រាន់តែ​ផ្ទៃ​បឹង​តា​មោក​ ឬបឹង​ទំ​នប់​កប់​ស្រូវ​មួយ​ប៉ុណ្ណោះ រដ្ឋាភិបាល​លោក ​ហ៊ុន សែន បាន​យល់ព្រម​កាត់​ផ្ទៃ​បឹង​មួយ​នេះ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ ក្រោម​គម្រោង​អភិវឌ្ឍន៍​ចំនួន ៣លើក​រួចមក​ហើយ។

ការ​កាត់​ផ្ទៃ​បឹង​តា​មោក​ទាំង ៣លើក​នោះ មាន​ទំហំ​ប្រមាណ ១៣០ហិ​កតា ខណៈ​បឹង​ធម្មជាតិ​មួយ​នេះ​ដែល​មាន​ទំហំ​ជាង ៣ពាន់​ហិ​កតា ត្រូវ​បាន​រដ្ឋាភិបាល​ខ្លួនឯង​កំណត់​ថា ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​តាំងពី​ឆ្នាំ២០១៦យ៉ាងណា​ក្តី។ 

លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះឱ្យ​មានប្រសិទ្ធភាព​ ទាល់តែ​រដ្ឋាភិបាល​បង្ហាញ​ភាពជា​គំរូ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំងនោះ​មុនគេ ដោយ​មិនមែន​ចេះតែ​កាត់​បឹង​ធម្មជាតិ​ជាបន្តបន្ទាប់​ទៅ​ឱ្យ​វិស័យ​ឯកជន​នោះ​ឡើយ និង​ត្រូវ​ពង្រឹង​ការអនុវត្ត​​ច្បាប់​បន្ថែម​ទៀត​ជាដើម។ 

លោក​មានប្រសាសន៍​បន្ត​ថា៖ «ទាមទារ​ឱ្យ​មានការ​អនុវត្ត​ច្បាប់ ដែល​វា​មិនមែន​ជា​រឿង​ថ្មី​ទេ​បាទ ជា​រឿង​ចាស់​ដដែល​ទេ រឿង​អនុវត្ត​ច្បាប់​នៅ​ស្រុក​យើង ដែល​វា​អត់​បាន​ស្មើភាព ​ឬក៏​មិន​មានប្រសិទ្ធភាព។ ហើយ​កាលណា​យើង​ធ្វើ​គម្រោង​អភិវឌ្ឍ​ន៍នានា​ វា​ត្រូវតែ​មាន​ជា​គម្រោង​មេ ជា​ផែនការមេ ហើយ​ផែនការមេ​ហ្នឹង ​បើសិនជា​មាន​ជួប​បឹង​ជួប​អី កុំ​យកពាក្យ​ថា​លុបអាហ្នឹង​ចោល ហើយ​សង់​អគារ។ យើង​មើល​ផង​ថា ​តើ​បឹង​ហ្នឹង​ប្រសិនបើជា​ទុក​ថ្ងៃក្រោយ​ទៅ​ យើង​អាច​ធ្វើអ្វី​បាន។» 

កាលពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩ សមាគម​ធាងត្នោត​ បាន​ចេញ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា​«បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ»។ 

របាយការណ៍​នេះ​រក​ឃើញថា ក្នុងចំណោម​បឹង​ចំនួន ២៦ នៅក្នុង​រាជធានី​ភ្នំពេញ ​តាំងពី​ឆ្នាំ១៩៩០ គឺ​គ្មាន​បឹង​មួយ​ណា​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ចាក់​ដី​លុប​នោះ​ទេ។ ក្នុង​នោះ​បឹង​ចំនួន ១៦ ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង និង​រលាយ​បាត់បង់​រូបរាង​ពី​ភូមិ​សា​ស្ដ្ររាជធានី​ភ្នំពេញ ខណៈ​បឹង​ចំនួន ១០ទៀត​ ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ជា​បណ្ដើរ​ៗ។ 

ចំណែក​តំបន់​វាលទំនាប​ដែល​មាន​ដក់​ទឹក ឬហៅ​ថា តំបន់ដីសើម ក៏បាន​បាត់បង់​យ៉ាង​គំហុក​ផង​ដែរ ក្នុង​អត្រា​ប៉ាន់ស្មាន ៤០ភាគរយ ឬស្មើនឹង​ប្រមាណ ៤១គីឡូម៉ែត្រ​ការ៉េ ក្នុងរយៈពេល ១៦ឆ្នាំ​ចុងក្រោយ ពោល​គឺ​ចាប់ពី​ឆ្នាំ២០០៣ ដល់​ឆ្នាំ២០១៩។

របាយការណ៍​របស់​សមាគម​ធាងត្នោត រក​ឃើញ​ទៀត​ថា មូលហេតុ​ចម្បង​នៃ​ការ​ចាក់​ដី​លុប​បឹង និង​តំបន់ដីសើម​ទាំងនោះ គឺ​ដោយសារ​តម្រូវការ​ផ្នែក​អចលនវត្ថុ​របស់​គម្រោង​សាងសង់​បុរី តំបន់​លំនៅឋាន និង​ទីក្រុង​រណប ទីលាន​វា​យកូនហ្គោល និង​សាងសង់​ផ្សារ​ ជាដើម។

ក្រៅពី​បឹង​នៅ​ភ្នំពេញ ក៏​មាន​បឹង​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​ត្រូវ​បាន​លុប​ទាំងស្រុង​ផង​ដែរ ដូចជា​បឹង​ស្នាយ​នៅ​ខេត្ត​កំពង់ចាម ​ត្រូវ​បាន​លុប​ទាំងស្រុង ដោយ​ជំនួស​មកវិញ​នូវ​ផ្ទះល្វែង សំណង់​អគារ​រដ្ឋ ក្រុមហ៊ុន​ និង​ផ្ទះ​ពលរដ្ឋ។ បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ផ្តល់​ប្រភព​ផ្គត់ផ្គង់​ទឹកសាប និង​ជា​ផ្ទៃ​បឹង​រងទឹក​ភ្លៀង​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ​ ក៏​ត្រូវ​បាន​លុប​ស្ទើរតែ​ទាំងស្រុង។ 

រី​ឯច្រាំង​សមុទ្រ​ ឬឆ្នេរសមុទ្រ​វិញ ក៏​មាន​សេចក្តី​រាយការណ៍​ពី​ការរំលោភ​បំពាន ដោយ​កន្លែង​ខ្លះ​ចាក់​ដី​លុប ហើយ​កន្លែង​ខ្លះទៀត​មាន​ជា​ការ​បោះបង្គោល​របង​យក​ធ្វើជា​កម្មសិទ្ធិ ដូចជា​នៅ​ខេត្តកំពត ខេត្ត​កែប។ 

អ្នក​ដែល​បោះបង្គោល​រំលោភ​ផ្ទៃសមុទ្រ​ទាំងនោះ​ អាជ្ញាធរ​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ហើយក៏​មិនបាន​ចាត់វិធានការ​ច្បាប់​នោះ​ដែរ។ 

តំបន់ឆ្នេរ​ខ្លះទៀត គឺ​កើតមាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​តែម្តង ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​ ចំណុច​ឆ្នេរ​ព្រែក​ត្រែង​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៨ ពីសំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​ឧកញ៉ា ឡៅ ម៉េ​ងឃីន សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្សប្រជាជន​កម្ពុជា។

នៅ​ចុងឆ្នាំ២០១៨ដដែល អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ស្នើ​ទៅ​ឧកញ៉ា​ម្នាក់ទៀត​ឱ្យបញ្ឈប់​សកម្មភាព​ចាក់​ដី​បំពេញ​តាម​ដងព្រែក​កោះ​ខ្យង ក្នុង​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ «រាម» ស្ថិតនៅ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ជាបន្ទាន់ ដោយ​ថា ការ​ចាក់​ដី​នោះ ធ្វើឱ្យខូច​ទី​ជម្រាល ប៉ះពាល់​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ឆ្នេរ ប៉ុន្តែ​ អតីត​អភិបាលខេត្ត​រូប​នោះ ​និង​អភិបាលខេត្ត​បច្ចុប្បន្ន​ មិនទាន់​ឃើញ​មាន​វិធានការ​ច្បាប់​ដល់​ពួក​គេ​ទាំងនោះ​ទេ។

ដោយឡែក​ នៅដើម​ឆ្នាំ២០២០នេះ សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នៅ​ខេត្តកោះកុង ​ក៏​កើតមាន​ដែរ រហូតដល់លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ករណីនេះ ដោយ​លោក​បង្ហើប​ថា​ អ្នក​លុប​ឆ្នេរសមុទ្រ​ជាម​ន្ត្រី​យោធា​ក្នុង​ខេត្ត​នេះ​ទៀតផង ។ 

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​(ADHOC​) លោក ប៉ែន ប៊ុ​ណ្ណា​រ៍ មើលឃើញ​ថា វប្បធម៌​និ​ណ្ឌ​ភាព ​ឬភាព​គ្មាន​ទោស​ពៃរ៍ អំពើពុករលួយ ក៏បាន​ជំរុញ​ឱ្យ​មាន​សកម្មភាព​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំងនេះ​កើតឡើង​ឥត​ឈប់ឈរ​ផង​ដែរ។ 

លោក​មានប្រសាសន៍​បន្ថែម៖ «វា​ជា​ចំណុច​ធំ​ហើយ ដែល​បទល្មើស​កន្លងមក បទល្មើស​ព្រៃឈើ​ដែល​យើង​ឃើញថា​ ឱ្យ​តែ​អ្នកមាន​លុយ មានអំណាច ឧកញ៉ា​ហ្នឹង​ មិន​មានទោស​ទណ្ឌ​ទេ គឺ​ទោះបីជា​មានការ​បញ្ជូន​សំណុំរឿង​ទៅដល់​ដៃ​តុលាការ​ក៏ដោយ ប៉ុន្តែ​ រាប់​ឆ្នាំ​មក​ហើយ​ មិនឃើញ​មានការ​ចាត់វិធានការ​កាត់ទោស​ទេ។ អីចឹង​ វា​ជា​និទណ្ឌភាព​ធ្ងន់ធ្ងរ​ណាស់ ដែល​ជា​គំរូដល់​បទ​ល្មើស​ផ្សេង​ៗទៀត ដូចជា​ បទល្មើស​ចាក់​លុប​ដី​បឹង​ដី​អីហ្នឹង ដែល​ធ្វើ​ឱ្យ​មន្ត្រី​ទាំងអស់​ហ្នឹង​លែង​ខ្លាច លែង​ញញើត​ច្បាប់»។ 

លោក​បន្ថែម​ថា ការ​ចាត់វិធានការ​ពីសំណាក់​មន្ត្រី​ជំនាញ គ្មាន​ប្រសិទ្ធភាព​ឡើយ​ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ ត្បិត​បញ្ហា​នេះ​កើតឡើង​ជា​ប្រព័ន្ធ ដោយ​ការ​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​អ្នក​រំលោភច្បាប់ និង​អ្នក​អនុវត្ត​ច្បាប់។ 

បើ​តាមច្បាប់​ភូមិបាល​ឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ប្រាំ​លាន​រៀល (៥,០០០,០០០​) ដល់ ហាសិប​លាន​រៀល ​(៥០​, ០០០,០០០​) និង​ផ្ដន្ទាទោស​ពី ១ឆ្នាំ ​ដល់ ៥ឆ្នាំ។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឆឺយ ឧត្តម​រស្មី មើលឃើញ​ថា ស​កម្ម​ភាព​រំលោភ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំងនោះ កម្រមាន​ពលរដ្ឋ​តូចតាច ​ឬអ្នក​ក្រីក្រ​ណាស់ ពោល​គឺ​ភាគច្រើន​ជាម​ន្ត្រី ឧកញ៉ា និង​អ្នកមាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ការអនុវត្ត​​ច្បាប់​មានប្រសិទ្ធភាព​ទៅ​បាន ​លុះត្រាតែ​ប្រព័ន្ធ​យុត្តិធម៌ ពិសេស​តុលាការ​ត្រូវតែ​ឯករាជ្យតែម្តង។

លោក ឆឺយ ឧត្តម​រស្មី បន្ថែម​ថា៖ «ខ្ញុំ​គិតថា​ ប្រសិន​ចង់ឱ្យ​មានប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ច្បាប់​ទាល់តែ​ទី១ តុលាការ​ហ្នឹង មាន​ភាព​ឯករាជ្យ។ ទី២ ទាល់តែ​កុំឱ្យ​អ្នកធំ​ទាំងអស់​ហ្នឹង​ធ្វើការ​ទិញ​ដី ​ឬទិញ​ទន្លេ​ ដើម្បី​ចាក់​ដី​លុប ឬទៅ​បោះបង្គោល​អីហ្នឹង។ យើង​គិត​មើលទៅ ​ទាំងអស់​ហ្នឹង​ជា​រឿង​ខុសច្បាប់​ទាំងស្រុង ព្រោះ​ស្ទឹង បឹង​បួរ ទន្លេ ហ្នឹង ជា​ស្ទឹង​បឹង​បួរតាំងពី​កេរដូនតា​យើង​មក ហើយ​បើ​លុបបំបាត់​ហ្នឹង ​ខ្ញុំ​គិតថា ​ប៉ះពាល់​ច្រើន»។ 

គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project​) បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩ វាយតម្លៃ​ថា ប្រទេស​កម្ពុជា​មាន​នីតិរដ្ឋ​ទាប ប្រព័ន្ធ​យុត្តិធម៌​ស្ថិតនៅ​ជិត​បាត​តារាង ដោយ​ក្នុងចំណោម ១១៣ប្រទេស កម្ពុជា​ស្ថិតនៅ​លំដាប់ ១១២។

យ៉ាងនេះ​ក្តី​ គេ​នៅ​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បន្ត​ទៀត ត្បិត​អាជ្ញាយុកាល​នៃ​បទល្មើស​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំងនេះ​មាន​រយៈពេល ១៥ឆ្នាំ។ លើស​ពីនេះ ​ក្រោយ​ទទួល​បាន​តំណែង​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​ លោក កើត រិទ្ធ កាលពី​ថ្ងៃទី១ ខែមេសា បាន​ប្តេជ្ញា​ថា នឹង​សហការ​ជាមួយ​មន្ត្រី​ខ្លួន ដើម្បី​បន្ត​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ធានា​ដល់​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ