កម្ពុជា​​គ្រោង​​បើក​​សារ​មន្ទីរ​​ទាំង​អស់​​ឡើង​វិញ​​ចាប់​ពី​​ខែ​មិថុនា​ ក្រោយ​​គ្មាន​​ករណី​​ឆ្លង​​ថ្មី​​ជាង​១​ខែ​​

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ រូបសំណាក និងវត្ថុបុរាណដែលបាននាំត្រលប់ពីបរទេសមកកម្ពុជាវិញ ដើម្បីរក្សាទុកនៅសារមន្ទីរជាតិ។ រូបភាព៖ ហ៊ី ឆាយ

កម្ពុជា​គ្រោង​នឹង​បើកទ្វារ​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឡើង​វិញនៅ​ខែក្រោយ​នេះ បន្ទាប់ពី​ប្រទេស​នេះ​ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​ក្រោយពី​អ្នកជំងឺ​កូ​វីដ១៩ទាំងអស់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។

គិត​ចាប់ពី​ចុងខែ​មករា​មក កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​លើ​មនុស្ស​សរុប ១២២នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​បាន​ឆ្លង​លើ​ពលរដ្ឋ​កម្ពុជា ៥១នាក់ និង​ជនបរទេស ៧១នាក់។

ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាំងអស់​នៅ​កម្ពុជា ត្រូវ​បាន​ជាសះស្បើយ​អស់ហើយ បន្ទាប់ពី​ស្ត្រី​វ័យ ៣៦ឆ្នាំ ដែល​ជា​អ្នកជំងឺ​ចុងក្រោយ​គេ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន។

ទន្ទឹមគ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេលជាង ១ខែមក​ហើយ ចាប់តាំងពី​ថ្ងៃទី១២ ខែមេសា​កន្លងមក ជា​ថ្ងៃ​ចុងក្រោយ​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ចុងក្រោយ ដែល​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​សញ្ជាតិ​កាណាដា​ដើមកំណើត​ចិន​ អាយុ ៥០ឆ្នាំ និង​នារី​ជនជាតិ​វៀតណាម ​អាយុ ២៤ឆ្នាំ នៅ​ម្ដុំ​សង្កាត់​បឹងកេងកង ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​លិខិត​ចុះ​ថ្ងៃទី១៩ ខែឧសភា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុ​នហេង បាន​ជម្រាប​ទៅរដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថា សារមន្ទីរ​នានា​នៅ​ទូទាំង​ប្រទេសនឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែមិថុនា។

បើ​តាម​លិខិត​ដដែល​នេះ ការសម្រេច​អនុញ្ញាត​ឱ្យ​សារមន្ទីរ​ទាំងឡាយ​បើក​ដំណើរការ​ឡើងវិញ​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ចំណារ​ឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៣ ខែឧសភា តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ក្រសួងសុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ទាំងអស់ បាន​ជាសះស្បើយ​អស់ហើយ។

រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុ​នហេង ក៏បាន​ប្រាប់​ទៅ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ឱ្យ​អនុវត្ត​តាម​វិធានការ​ការពារ​នានា​នៅ​តាម​បណ្ដា​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ផង​ដែរ។

វិធានការ​ការពារ​ដែល​លោក ម៉ម ប៊ុ​នហេង ណែនាំ​នោះ មានការ​វាស់​កម្ដៅ​ភ្ញៀវ​ទេសចរ​មុន​ចូល​សារមន្ទីរ ការ​រក្សា​គម្លាត​សុវត្ថិភាព ការ​លាងដៃ​នឹង​អាល់កុល ឬជែល និង​ពាក់​ម៉ាស់។

រដ្ឋាភិបាល​បានសម្រេច​ចេញ​បញ្ជា​ឱ្យ​បិទ​សារមន្ទីរ ក្លិប​កម្សាន្ត ហាង​ខារ៉ាអូខេ និង​សាលារៀន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កាលពី​ពាក់កណ្ដាល​ខែមីនា​កន្លងមក ចំ​ពេល​ដែល​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាត្រូវ​បាន​រក​ឃើញ​កាន់តែ​ច្រើន។

បន្ទាប់មក​ទៀត រដ្ឋាភិបាល​បាន​ហាមឃាត់​ការ​ជួបជុំ​បែប​សាសនា កម្មវិធី​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី និង​ដាក់​បម្រាមលើ​ការ​ធ្វើដំណើរ​ឆ្លងកាត់​រវាង​ខេត្ត និង​រាជធានី​ភ្នំពេញ និង​ខេត្ត​ទូទាំង​ប្រទេស​អស់​រយៈពេល ១សប្ដាហ៍​កាលពី​ខែមេសា​កន្លងមក។

ករណី​ឆ្លង​វីរុស ត្រូវ​បាន​រក​ឃើញ​តែមួយ​ករណី​ប៉ុណ្ណោះ​នៅចន្លោះ​ចុងខែ​មករា​រហូតដល់​ដើមខែ​មីនា។ ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​នៅ​កម្ពុជា បាន​ស្ទុះ​ពី ២ករណី​ឡើង​រហូតដល់ ១២២ករណី​នៅចន្លោះ​ថ្ងៃទី២ ខែមីនា និង​ថ្ងៃទី១២ ខែមេសា​កន្លងមក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ