បទ​​យក​ការណ៍​៖​ ការ​​ជ្រោម​ជ្រែង​​ពី​​គ្រួសារ ​និង​​ជំនឿ​​ចិត្ត​​លើ​​ខ្លួន​ឯង ​ជួយ​​ឱ្យ​​ស្រ្តី​​មាន​​ពិការ​ភាព​​ម្នាក់​​ក្លាយ​ជា​​ប្រធាន​​អង្គការ​​មួយ​​

​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា ​ដែល​ហៅ​កាត់​ថា CDPO អ្នកស្រី​ ម៉ាក់ ម៉ូ​នី​កា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទាក់ទងនឹងដំណើរជីវិតរបស់អ្នកស្រីដែលមានពិការភាព។ (ហ៊ុន សិរីវឌ្ឍន៍)

«ធម្មតា​បើ​យើង​និយាយ​ពី​សម័យ​មុន​ៗ គឺ​គាត់​កូន​ច្រើនណាស់​! អ៊ីចឹង​គឺ​គាត់​ថែរក្សា​កូន​មាន​សិទ្ធិ​ស្មើគ្នា​បាន​ចូលរៀន​អី​អ៊ីចឹង។ តែ​ដោយឡែក​ សម្រាប់​ខ្ញុំ​ គឺ​យើង​មិន​និយាយ​ជា​លក្ខណៈ​ពិសេស​ទេ តែ​ដោយសារ​ឃើញ​យើង​ស្ត្រី​អ៊ីចឹង​អី​អ៊ីចឹង​ហើយ​ ឃើញ​ពិការ​ទៀត បែបនេះ​ហើយដែល​ជា​មោទនភាព​ដែល​គាត់​ជំរុញ​ឱ្យ​យើង​បាន​រៀន។ ហើយ​នេះ​ក៏​ជា​ការ​កោតសរសើរ​សម្រាប់​គាត់​ផង​ដែរ»។ 

អ្នកស្រី​ ម៉ាក់ ម៉ូ​នី​កា កើត​ក្នុង​ឆ្នាំ១៩៨៣ ក្នុង​គ្រួសារ​ធូរ​ធា​រមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ឪពុក​ជាម​ន្ត្រី​រាជការ និង​ម្ដាយ​ជាជាង​កាត់ដេរ និង​មាន​បងប្អូន ៨នាក់ ទោះជាយ៉ាងណា​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង​ បាន​ធ្វើ​ឱ្យ​អ្នកស្រី​ធ្លាក់ខ្លួន​ពិការ​ជើង​ខាងឆ្វេង​តាំងពី​នៅក្មេង​មក​ម៉្លេះ។ 

«តាមពិត​ ខ្ញុំ​កើតមក​គឺ​ធម្មតា​ទេ មិនមែន​ពិការ​ពី​កំណើត​ទេ តែ​ដោយសារតែ​បន្ទាប់មក​ខ្ញុំ​ឈឺ​ក្ដៅខ្លួន ហើយ​នៅ​ជំនាន់​នោះ​មិនទាន់​មាន​វ៉ាក់សាំង​ការពារ ខណៈ​ដែល​ខ្ញុំ​កើតជំងឺ​ហ្នឹង​ដែល​ហៅ​ថា​ប៉ូ​រី​យ៉ូ​គ្រុន​ស្វិតដៃជើង ដោយសារ​យើង​អត់មាន​វ៉ាក់សាំង​ផង អត់មាន​អី​ផង ​ពេល​ហ្នឹង​អ៊ីចឹង​ ធ្វើ​ឱ្យ​យើង​ក្ដៅខ្លួន ដល់​ក្ដៅខ្លួន​ទៅ​ធ្វើ​ឱ្យ​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​តាំងពី​ពេល​ហ្នឹង​មក។ ហើយ​ប្រវត្តិ​នៃ​ការ​ពិការ​របស់ខ្ញុំ​ហ្នឹង ​ពី​ដំបូង ​គឺ​ខ្ញុំ​ដើរ​អត់​កើត​ទេ ​គឺ​ខ្ញុំ​វា​រនៅនឹង​ដី តែ​ដោយសារ​ការ​ខិតខំ​ជួយ​ពី​អាណាព្យាបាល​មក​ ធ្វើ​ឱ្យ​ខ្ញុំ​អាច​ដើរ​ខ្លួនឯង​បាន»។ 

ពិការភាព​មិនមែន​ជា​ឧបសគ្គ​សម្រាប់​អ្នកស្រី​នោះ​ទេ នៅពេល​ដែល​មានគ្រួសារ​យកចិត្ត​ទុកដាក់ និង​ជ្រោមជ្រែង រហូតដល់​អ្នកស្រី​រៀនចប់​មហាវិទ្យាល័យ​ផ្នែក​គ្រប់គ្រង ហើយ​បច្ចុប្បន្ន​ អ្នកស្រី​បាន​ក្លាយជា​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា ​ដែល​ហៅ​កាត់​ថា CDPO ទៀតផង លើស​ពីនេះ​ គាត់​ក៏​ជា​ស្ត្រី​ដំបូង​គេ​ដែល​ដឹកនាំ​ស្ថាប័ន​ធ្វើការ​លើ​បញ្ហា​ពិការភាព​នៅ​កម្ពុជា​ផង​ដែរ។ 

ស្ថិត​ក្នុង​ការិយាល័យ​អង្គការ​ជន​ពិការ​កម្ពុជា ក្នុង​វត្ត​នួន​មុ​ណី​រាម ហៅ​វត្ត​ថាន់ ដែល​មាន​ទីតាំងនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នកស្រី ម៉ាក់ ម៉ូ​នី​កា បានឱ្យ​អ្នកយកព័ត៌មានVOD ដឹង​ថា អ្នកស្រី​ទើបតែ​ឡើង​កាន់​តួនាទី​ជា​ប្រធាន​អង្គការ​នេះ​តែ​ជិត ៤ខែ​ប៉ុណ្ណោះ។

អ្នកស្រី ម៉ាក់ មូ​នី​កា មានប្រសាសន៍​ថា៖ «ដោយសារ​លោកនាយក​ខ្ញុំ​ពីមុន ​គាត់​បាន​លាលែង​អ៊ីចឹង​ទៅ គេ​ក៏​រើស​នាយក​ប្រតិបត្តិ។ ហើយ​កាល​ហ្នឹង​អាច​ថា​ជា​កត្តា​ជុំវិញ​ខ្លួន​ ដែលទីមួយ ​ក្រុម​គ្រួសារ ទីពីរ​ ឱកាស ហើយ​ទីបី​ ខ្ញុំ​ជា​ស្រ្តី​ពិការ ហើយ​ទី​បួន ​ខ្ញុំ​គិតថា​ យើង​ធ្វើ​អី​មិន​ប្រាកដ​ថា ១០០ភាគរយ​ថា ​យើង​ធ្វើល្អ​ប្រាកដ​ទាំងអស់​ទេ ពេលខ្លះ​ការងារ​ខ្លះ​ក៏​ត្រូវ​បង្រៀន​យើង​ដែរ។ អ៊ីចឹង​ហើយ ​ខ្ញុំ​ក៏​សាកល្បង​ដោយមាន​ការជំរុញ​ច្រើន​ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ ធ្វើ​ឱ្យ​ខ្ញុំ​បាន​ប្រលង​បាន​អី​ជាប់​អ៊ីចឹង​ទៅ ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​រហូតមកដល់​បច្ចុប្បន្ន​នេះ​ អ៊ីចឹង​បើ​និយាយ​ជា​រួម ​ខ្ញុំ​ធ្វើជា​នាយក​ប្រតិបត្តិ​នេះ​ ទើប​រយៈពេល​ជិត ៤ខែ​ទេ។ បើ​និយាយ​ពី​ចុងខែ៥ គឺ៤ខែពេញ​តែម្ដង»។

អ្នកស្រី​រៀបរាប់​ថា មុននឹង​មកដល់​ថ្ងៃនេះ ​អ្នកស្រី​ធ្លាប់ធ្វើ​ការ​លើ​វិស័យ​ពិការភាព​ជាង ២០ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថា ចាប់តាំងពី​តូច​មក ​ឪពុកម្ដាយ​អ្នកស្រី តែង​ជ្រោមជ្រែង​អ្នកស្រី​ជានិច្ច​ឱ្យ​ខំធ្វើការ​សិក្សា។

អ្នកស្រី​បន្ថែម​ថា៖ «កាលពីមុន​ ធ្លាប់​គិតថា ​ចង់​បោះបង់ ​[ការរៀនសូត្រ​] ដែរ ដោយសារតែ​កាលពីមុន​អ្វី​ដែល​ខ្ញុំ​ចាំ​បាន​គឺថា ​កាល​ហ្នឹង​ខ្ញុំ​ពិការ​ ហើយ​បើ​និយាយ​ពី​ទ្រនុង​នៃ​ការ​ទ្រ ​[ខ្លួន​] របស់​យើង​ហ្នឹង មិនសូវ​ជា​មានសាច់​ដល់​ឥលូវ។ កាលមុន​ វា​រាង​តូច​ដែរ​ តែ​បញ្ហា​សំខាន់​គឺ​យើង​ត្រូវ​ឡើង​កាំជណ្ដើរ។ ឥលូវនេះ​ នៅ​តាម​សាកល​ គេ​មាន​ជណ្ដើរយន្ត​មានអី តែ​ពីមុន​ឡើយ​គឺ​មិនទាន់​មាន​ទេ។ អ៊ីចឹង​ ពេល​ឡើង​ម្ដង​ៗមាន​អារម្មណ៍​ថា ​វា​ហត់​វា​នឿយ តែ​ត្រង់​អ្វី​ដែល​សំខាន់​គឺ​ការជំរុញ​ពី​ក្រុម​គ្រួសារ ​មិត្ត​ភក្តិអី​ផ្សេង​ៗ បាន​យើង​នៅ​បន្ត​រហូត​មក»។ 

អាច​ថា​ជា​រឿង​ចៃដន្យ​ក៏​ថា​បាន ក្នុង​ពេល​ដែល​អ្នកស្រី​កំពុង​រៀន​វិទ្យាល័យ ក្នុង​ឆ្នាំ១៩៩៨ មាន​មនុស្ស​ស្រី​ម្នាក់​បាន​ណែនាំ​ឱ្យ​អ្នកស្រី​មក​ចុះឈ្មោះ​រៀន​នៅ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រាប់​ជន​ពិការ នៅ​សាលា​បណ្ដុះបណ្ដាល​នៅ​វត្ត​ថាន់​នេះ ហើយ​អ្នក​ដែល​ជូន​មក​រៀន​រាល់ថ្ងៃ​នោះ​គឺ​លោកឪពុក​របស់​អ្នកស្រី​តែម្ដង។ 

អ្នកស្រី​ថា៖ «តាមខ្ញុំ​ចាំ​បាន​ គឺ​នៅ​ម្ដុំ​ផ្ទះ​ខ្ញុំ​ គឺ​នៅ​សាលា​ឬស្សី​កែវ​ គឺ​ខ្ញុំ​បាន​ជួប​បងស្រី​ម្នាក់ ដល់​អ៊ីចឹង​ដូច​ថា ​របៀប​ថា ​យើង​អត់​សូវ​បាន​ដើរ​ឆ្ងាយ​ដូច​គេ​ទេ។ តែ​គ្រាន់តែ​ថា ​អ្វី​ដែល​សំខាន់​ពេល​ដែល​ខ្ញុំ​ទៅ​ផ្សារ​ទៅ​អីហ្នឹង​ ខ្ញុំ​ជួប​គាត់​ ហើយ​គាត់​បាន​ណែនាំ​ថា បើសិនជា​ប្អូន​ជា​ស្រី​អ៊ីចឹង​ហើយ​ពិការ​ទៀត បង​ឮសូរ​ថា​នៅ​ម្ដុំ​វត្ត​ថាន់ […] កាល​ហ្នឹង​អត់​សូវ​ស្គាល់​ទេ ​ព្រោះ​កាល​ហ្នឹង​គេ​ហៅថា ​វត្ត​នួន​មុ​ណី​រាម ហៅ​វត្ត​ថាន់។ ខ្ញុំ​ចាំ​ជាងគេ​គឺ​វត្ត​ថាន់​តែម្ដង​ គឺ​កាលនោះ​គេ​មាន​បង្រៀន​សិស្ស​ដែល​មាន​ពិការភាព​ រៀន​ជំនាញ​អី​ផ្សេង​ៗ ហើយ​អ៊ីចឹង​ពេល​ហ្នឹង​យើង​អត់​ទាន់​ចេះ​ជិះ​ម៉ូតូ​ជិះឡាន​បាន​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​ពឹងពាក់​ឱ្យលោកពុក​ខ្ញុំ​គាត់​ជូន ហើយ​ចាប់តាំងពី​ពេល​ហ្នឹង​មក ​គឺ​ខ្ញុំ​បាន​ចុះឈ្មោះ​រៀន​នៅ​​ហ្នឹង​តែម្ដង»។

មុខ​វិជ្ជាជីវៈ​ដែល​អ្នកស្រី​រៀន​នៅ​សាលា​បណ្ដុះបណ្ដាល ​គឺ​ផ្នែក​កុំព្យូទ័រ និង​ភាសាអង់គ្លេស ដែល​ត្រូវ​សិក្សា​ប្រហែល​មួយឆ្នាំ​ ពីឆ្នាំ១៩៩៨ ដល់​ឆ្នាំ១៩៩៩ ហើយ​ក្រោយពី​នោះ ​អ្នកស្រី​បាន​ក្លាយជា​អ្នកសម្របសម្រួល​នាំចេញ​នាំចូល​អីវ៉ាន់​សម្រាប់​លក់​ជូន​ភ្ញៀវ​បរទេស​នៅ​ហាង​មួយ​ដែល​ជា​ដៃគូ​របស់​សាលា​នោះ​ផង​ដែរ។ 

ក្នុង​ឆ្នាំ២០០២ អ្នកស្រី​បាន​ចូល​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការ មាន​តួនាទី​ជាម​ន្ត្រី​សម្របសម្រួល​កម្មវិធី​ក្នុង​មជ្ឈមណ្ឌល​នោះ ដែល​មាន​នាទី​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​ជន​មាន​ពិការភាព ការងារ ការ​បណ្ដុះបណ្ដាល និង​ជំរុញ​ជន​ពិការ​ឱ្យ​មានឱកាស​ចូលរួម​ការងារ​សង្គម​ផ្សេង​ៗ។ 

អ្នកស្រី​រៀប​អាពាហ៍​ពិពាហ៍​នៅ​ឆ្នាំ២០០៣ ដែល​មានកូន ២នាក់​ជា​ចំ​ណង​អា​ពាហ៍​ពិពាហ៍​នេះ​កូនប្រុស​អាយុ ១៥ឆ្នាំ និង​កូនស្រី​អាយុ ១២ឆ្នាំ។ 

ក្នុង​ឆ្នាំ២០១៥ អ្នកស្រី​បាន​ដាក់ពាក្យ​ធ្វើជា​មន្ត្រី​ស្វែងរក​មតិគាំទ្រ និង​បាន​ដាក់ពាក្យ​ធ្វើ​ប្រធាន​កម្មវិធី​នៅ​ឆ្នាំ២០១៧ ហើយ​នៅ​ចុងឆ្នាំ២០១៩ ស្រប​ពេល​ដែល​អតីតប្រធាន​អង្គការ​ជន​ពិការ​លោក ងិន សៅ​រ័ត្ន បាន​ប្រកាស​លាឈប់ អ្នកស្រី​ក៏បាន​ដាក់ពាក្យ​ក្នុង​តួនាទី​នេះ ហើយក៏​បាន​ទទួល​តំណែង​នេះ​នៅ​ចុងខែ​កុម្ភៈ​កន្លងទៅ។

អ្នកស្រី​ថា៖ «ខាងនេះ ​[អង្គការ​ជន​ពិការ​] គេ​រើស​ទៅ ក៏​ខ្ញុំ​ដាក់ apply ​[ដាក់ពាក្យ​] ជាទូទៅ​ចង់​ដឹង​ថា ​បរិបទ ​តើ​យើង​បាន​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​អី​យ៉ាង​មិច​អ៊ីចឹង​ណា​! ហើយ​ត្រូវ​ប្រលង​[សមត្ថភាព​] រហូត ហើយ​ជាទូទៅ​ គោលការណ៍​នៅ​ទីនេះ ​ឬក៏​នៅកន្លែង​ចាស់​យើង​ អត់មាន​លើកទឹកចិត្ត​ ឬក៏​អី​ទេ តែ​សំខាន់​គឺ​យើង​ប្រលង​ដូចគេដូចឯង​អ៊ីចឹង។ គឺ​កន្លែង​ធ្វើការ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជា​សាធារណៈ​តែម្ដង»។ 

ជា​ប្រធាន​អង្គការ​មួយ​គឺ​មាន​ទំនួល​ខុសត្រូវ​ច្រើនណាស់ ហើយ​ជាពិសេស​ជា​ស្ត្រី​ដែល​មាន​ពិការភាព​ដូច​អ្នកស្រី​ថែមទៀត​នោះ។ ក្រោយពី​ទទួល​តំណែង​នេះ ​អ្នកស្រី​ប្ដេជ្ញា​ថា​ នឹង​ជំរុញ​ឱ្យ​មានការ​បង្កើន​នូវ​សិទ្ធិ សមត្ថភាព ការងារ និង​ឱកាស​ចូលរួម​ក្នុង​សង្គម​ដល់​ជន​ពិការ​គ្រប់រូប​តាមរយៈ​ការ​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​ដល់​ជន​ពិការ​គ្រប់រូប​នៅ​កម្ពុជា​ផង​ដែរ។

ក្នុងនាម​ជា​ស្ត្រី​ដែល​មាន​ពិការភាព​ម្នាក់ និង​ជា​ប្រធាន​អង្គការ​ជន​ពិការ​ផង​នោះ ​អ្នកស្រី ម៉ាក់ ម៉ូ​នីកា ជំរុញ​ដល់​ជន​ពិការ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​មាន​ពិការភាព​ កុំឱ្យ​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ត្រូវ​តស៊ូ​ជម្នះលើ​ឧបសគ្គ ដោយ​ត្រូវ​ចាត់ទុក​ឧបសគ្គ​ទាំងនោះ​ជា​មេរៀន​ដែល​ហាត់ពត់​លត់ដំ​ដល់​ជីវិត​របស់​ខ្លួន។ 

អ្នកស្រី​បន្ថែម​ថា៖ «ភាគច្រើន​បរិបទ​សង្គម​របស់​យើង​ហ្នឹង ​គឺ​ស្ត្រី ជាពិសេស​ស្ត្រី​ពិការ​ មិនសូវ​បាន​ដើរចេញ​ពី​ផ្ទះ​ទេ​ គាត់​ត្រូវ​បាន​ក្រុម​គ្រួសារ​បារម្ភ​ពេក មិនមែន​ក្រុម​គ្រួសារ​បិទ​សិទ្ធិ​ទេ​ណា! គឺ​គាត់​បារម្ភ​ពេក អ៊ីចឹង​លក្ខណៈ​បារម្ភ​ពេក​ធ្វើ​ឱ្យ​គាត់​បាត់​ឱកាស។ គាត់​ទៅណា​ គាត់​អត់​ឯករាជ្យ ពេល​គាត់​ទៅណា​ តិច​ថា​កូន​ខ្ញុំ​ដើរ​ដួល​ទៅ! តិច​ថា​កូន​ខ្ញុំ​ដើរទៅ​ពេល​មានរឿង​អី​គេ​រត់ចោល​អស់។ អ៊ីចឹង​ ការ​លើកទឹកចិត្ត​នេះ ​គឺ​ខ្ញុំ​ជំរុញ​ ទីមួយ សុំ​ឱ្យ​ក្រុម​គ្រួសារ​ទាំងអស់​ដែល​មាន​សមាជិក​ដែល​មាន​ពិការភាព​ ជាពិសេស​ស្ត្រី​សូម​លើកទឹកចិត្ត​ឱ្យ​គាត់​បាន​ចូលរួម​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន ឱ្យ​បាន​ចូលរួម​ប្រលូក​ចូលក្នុង​វិស័យ​ការងារ​ ថា​តើ​គេ​ដើរ​ដល់កម្រិត​ណា​ហើយ​ អ៊ីចឹង​បើសិន​យើង​នៅតែ​ផ្ទះ​ យើង​បាត់​ព័ត៌មាន ​គឺ​យើង​បាត់​ព័ត៌មាន​ទាំងអស់​តែម្ដង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ