អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ប្រើគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក មិនដូចការចោទប្រកាន់របស់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលមួយចំនួនទេ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ» អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលមិនដែលបែរខ្នងដាក់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលតែងតែជួយប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ គ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេនៅអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «ឃើញអង្គការ ប្រតិកម្មរបស់គណបក្សខ្មោចមួយចំនួន ឬក៏គណបក្សមួយចំនួន បានលើកឡើងថា រដ្ឋាភិបាលគួរតែបញ្ចេញនូវថវិកាចែកជូន [កូនបំណុល] អ្នកទាំងអស់ហ្នឹងកំពុងជំពាក់ធនាគារ ក៏ប៉ុន្តែ សូមជម្រាបជូនថា រាជរដ្ឋាភិបាលអត់បែរខ្នងដាក់ប្រជាជនទេ យើងដឹងហើយសព្វថ្ងៃដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក ភ្លូកទឹកភ្លូកដី យើងក៏បានបម្រើផ្តល់ទៅវិញនូវអ្វីដែលជាសេចក្តីត្រូវការរបស់មហាជន»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា លោកគាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលកន្លងមក ដែលឱ្យធនាគារជួយសម្រួលឡើងវិញដល់កូនបំណុល ឱ្យផ្អាកបង់សងប្រាក់ដើម និងការប្រាក់សម្រាប់រយៈពេលយ៉ាងតិច ៣ខែ។
ទោះជាបែបនេះក្តី លោក វន់ ពៅ ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលជំរុញទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អនុវត្តវិធានការរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងបង្កើតក្រុមអធិការកិច្ចធ្វើការងារនេះបន្ថែមទៀត ទើបទទួលបានផលវិជ្ជមាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបង្កើតក្រុមអធិការកិច្ចតាមអង្កេតខ្លួនឯងទៅលើធនាគារឯកជនទាំងអស់ ថាតើគាត់បានធ្វើទៅតាមសេចក្តីអំពាវនាវរបស់ធនាគារជាតិបានប៉ុន្មានភាគរយ ឬក៏អាចទទួលយកបាន មានប្រសិទ្ធភាព ដូចការអំពាវនាវរបស់គាត់ដែរឬអត់ ហើយរដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការអធិការកិច្ចអង្កេតខ្លួនឯងទៅលើបញ្ហាព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ទើបជាដំណោះស្រាយល្អ»។
បើតាមអង្គការលីកាដូ ពលរដ្ឋកម្ពុជាជាង ២លាន ៥សែននាក់ មានជាប់បំណុលមីក្រូហិរញ្ញវត្ថុទំហំដល់ទៅជាង ១០ពាន់លានដុល្លារ។ អង្គការលីកាដូ និងអង្គការដៃគូជាង ១០០ផ្សេងទៀត សម្តែងការព្រួយបារម្ភថា បញ្ហាបំណុលនេះនឹងអាចធ្វើឱ្យពលរដ្ឋចំណាកស្រុកដោយបង្ខំ ប្រឈមគ្រោះថ្នាក់ ហើយអាចឈានដល់វិបត្តិផ្សេងៗទៀតក្នុងសង្គម៕