អាជ្ញាធរខេត្តកំពង់ធំ បានអំពាវនាវឱ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិចាប់អារម្មណ៍បោះទុនបង្កើតជារោងចក្រកែច្នៃវត្ថុធាតុដើមដំណាំកសិកម្ម និងកសិឧស្សាហកម្មទៅជាផលិតផលសម្រេច ត្បិតខេត្តនេះ បច្ចុប្បន្ន កំពុងមានសក្តានុពលខ្លាំង ពិសេសលើដំណាំកៅស៊ូ ស្វាយចន្ទី និងស្រូវជាដើម។
ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ទៅជាផលិតផលសម្រេច គឺជាការរួមចំណែកជួយបង្កើតការងារធ្វើដល់ពលរដ្ឋកាន់តែច្រើនបន្ថែមទៀត និងកាត់បន្ថយការចំណាកស្រុក។
លោកបញ្ជាក់ថា ខេត្តនេះបច្ចុប្បន្នក្លាយជាខេត្តដែលមានដំណាំកៅស៊ូនាំមុខគេទូទាំងប្រទេសដែលមានផ្ទៃដីដាំដុះជាង ៧ម៉ឺនហិកតា ហើយផ្ទៃដីដាំស្វាយចន្ទីមានជាង ៨ម៉ឺនហិកតា ដែលមានផ្ទៃដីផ្តល់ផលប្រមាណ ៤ម៉ឺនហិកតា។
ប៉ុន្តែ លោកថា បញ្ហាត្រង់ថា ខេត្តនេះមិនទាន់មានអ្នកវិនិយោគទុនចាប់អារម្មណ៍ដោយបង្កើតជារោងចក្រកែច្នៃវត្ថុធាតុដើមទៅជាផលិតសម្រេច សម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។
លោកមានប្រសាសន៍ថា៖ «អីចឹង ចំណុចនេះ ក៏សូមអំពាវនាវដល់អ្នកវិនិយោគទុនចាប់អារម្មណ៍ខេត្តកំពង់ធំលើវិស័យកៅស៊ូនេះ។ សក្តានុពលធំណាស់ ប៉ុន្តែ មិនទាន់មានរោងចក្រកែច្នៃទៅជាផលិតផលសម្រេចនៅឡើយទេ។ ហើយខ្ញុំសូមធ្វើការចាប់អារម្មណ៍មួយទៀតទៅលើដំណាំចន្ទី។ ស្វាយចន្ទីនេះ នៅខេត្តកំពង់ធំ គឺសព្វថ្ងៃនេះបានដាំដុះច្រើនមែនទែន រហូតដល់ជាង ៨ម៉ឺនហិកតា។ ចន្ទីជាង ៨ម៉ឺនហិកតាដែលយើងយកផល ៣ ទៅ ៤ម៉ឺនហិកតានេះ គឺច្រើនណាស់។ ក្នុងនោះក៏យើងនៅមិនទាន់មានរោងចក្រកែច្នៃផលិតផលចន្ទីសម្រេចនេះនៅឡើយទេ»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា អ្វីដែលជាតម្រូវការសម្រាប់អភិវឌ្ឍន៍ថ្នាក់ខេត្ត អភិបាលខេត្តអាចធ្វើជាផែនការ ឬសំណើបញ្ជូនមករដ្ឋាភិបាលនៅពេលធ្វើរបាយការណ៍ប្រចាំឆ្នាំតែម្តង។
លើសពីនេះ លោកថា យន្តការគាំទ្រលើវិស័យកសិកម្មនៅពេលបច្ចុប្បន្ន រដ្ឋាភិបាលត្រូវគិតគូរជាអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមលើវិស័យនេះទាំងមូលតែម្តង។
លោកបន្តថា មានបញ្ហាមួយចំនួនដែលធ្វើឱ្យអ្នកវិនិយោគពិបាកសម្រេចចិត្តបោះទុន ដើម្បីបង្កើតជារោងចក្រកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេច ដោយក្នុងនោះក៏មានបញ្ហាទីផ្សារនាំចេញ ព្រមទាំងស្ថានភាពនយោបាយផងដែរ។
លោកមានប្រសាសន៍បន្តថា៖ «បញ្ហាទីពីរហ្នឹង គឺធនធាន ទាំងធនធានមនុស្ស និងធនធានបច្ចេកទេស ជារឿងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពក្នុងការផលិតផលិតផលកែច្នៃហ្នឹង។ ហើយទីបី បរិយាកាសក្នុងការវិនិយោគ ក៏ដូចជាជំនឿទុកចិត្តក្នុងការវិនិយោគក្នុងវិស័យហ្នឹងដែរ ហើយនិងការគាំទ្ររបស់រដ្ឋ។ បើទោះបីជារដ្ឋប្រកាសពីការគាំទ្រ ប៉ុន្តែ បរិយាកាសនៃការវិនិយោគមួយទៀត ដែលត្រូវតែផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ពិសេសបរិយាកាសក្នុងវិស័យនយោបាយផងដែរ»។
លោក ថេង សាវឿន មើលឃើញថា នៅពេលកម្ពុជាមានរោងចក្រកែច្នៃវត្ថុធាតុដើមកាន់តែច្រើន នឹងជួយឱ្យពលរដ្ឋមានការងារធ្វើ មានចំណូលដោយមិនចាំបាច់ចំណាកស្រុក ហើយជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ បន្ថែមពីនេះ ជួយឱ្យកម្ពុជាមានស្ថិរភាពស្បៀងអាហារ ឬរបស់របរប្រើប្រាស់ក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផលសម្រេចពីក្រៅប្រទេសជាដើម។
របាយការណ៍របស់អាជ្ញាធរខេត្តកំពង់ធំ បញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនដែលទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ២៧ក្រុមហ៊ុន ដែលមានផ្ទៃដីសរុបចំនួន ១១ម៉ឺនហិកតា។ ក្នុងចំណោម ២៧ក្រុមហ៊ុន មានក្រុមហ៊ុនបរទេសចំនួន ៧ កំពុងវិនិយោគដំណាំកៅស៊ូភាគច្រើន ហើយមានកម្មករបម្រើការងារប្រមាណ ៧ពាន់នាក់ ដោយនៅខ្វះកម្លាំងពលកម្មជាង ១ពាន់នាក់ទៀតលើវិស័យដំណាំកៅស៊ូនេះ។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ លើកឡើងទៀតថា ខេត្តនេះក្រៅពីសក្តានុពលដំណាំទាំងពីរនេះ ក៏មានដំណាំសំខាន់ៗជាច្រើនទៀត ពិសេសដំណាំស្រូវ ដោយរាប់ទាំងស្រូវវស្សា និងស្រូវប្រាំង មានផ្ទៃដីប្រមាណ ៣០ម៉ឺនហិកតា ដែលផ្តល់ផលក្នុងមួយឆ្នាំៗ ប្រមាណ ៩០ម៉ឺនតោន៕