អភិបាលខេត្តកំពង់ធំ អះអាងថា គម្រោងជម្លៀសពលរដ្ឋរស់នៅលើទឹកក្នុងឃុំចំនួនពីរលើផ្ទៃបឹងទន្លេសាបឱ្យមករស់នៅលើគោក នៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ ដោយថា អាជ្ញាធរត្រូវស្រង់ទិន្នន័យពលរដ្ឋដែលចង់មករស់នៅលើគោកជាមុនសិន ដើម្បីងាយស្រួលសុំគោលការណ៍រដ្ឋាភិបាល រកទីតាំងដីសម្បទានសង្គមកិច្ចជូនពួកគាត់។
ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា លោកនឹងឱ្យអាជ្ញាធរមូលដ្ឋានចុះសិក្សា ឬស្រង់ទិន្នន័យពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ដែលមានបំណងចង់មករស់នៅលើគោកវិញ ហើយអាជ្ញាធរខេត្តនឹងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីរកទីតាំងដីសម្បទានសង្គមកិច្ចផ្តល់ជូនពួកគាត់។
លោក សុខ លូ ថ្លែងថា៖ «តែទោះបីជាយ៉ាងណា រដ្ឋបាលខេត្តនឹងជំរុញទៅអាជ្ញាធរស្រុក ដើម្បីសិក្សាមើលថា តើបងប្អូនណាខ្លះលោកចង់មករស់នៅលើគោក ហើយយើងនឹងពិនិត្យលទ្ធភាព។ ដោយសិក្សាលម្អិតច្បាស់លាស់ ព្រោះជាធម្មតា ការយកបងប្អូនប្រជាពលរដ្ឋមករស់នៅលើគោក គឺជារឿងធំណាស់ ដែលជារឿងត្រូវការស្នើសុំគោលការណ៍រដ្ឋាភិបាល ហើយត្រូវការការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ទើបយើងអាចដំណើរការទៅបាន»។
លោក សុខ លូ បន្តថា ដោយសារករណីនេះស្ថិតនៅជាគម្រោងនៅឡើយ មិនទាន់អនុវត្តជាផ្លូវការនោះទេ ហើយក៏ជារឿងធំមិនអាចធ្វើឡើងដោយបង្ខំបាននោះ ដែលទាមទារឱ្យមានការសិក្សាលម្អិតជាមុន។ លោកថា អាជ្ញាធរបានចុះធ្វើការងារជាមួយពលរដ្ឋបានខ្លះដែរ ប៉ុន្តែ មិនទាន់បានស៊ីជម្រៅ ហើយការងារនេះក៏មិនអាចកំណត់ពេលបញ្ចប់ជាក់លាក់បាននោះឡើយ។
អភិបាលខេត្តដដែល បញ្ជាក់ថា ពលរដ្ឋទាំងនៅឃុំផាត់សណ្តាយ និងឃុំពាមបាង ដែលរស់នៅលើបឹងទន្លេសាប មានចំនួនជាង ២ពាន់គ្រួសារ ដោយភាគច្រើនលើសលុបជាពលរដ្ឋខ្មែរ ហើយមុខរបររបស់ពួកគាត់បច្ចុប្បន្ន រស់ពឹងអាស្រ័យលើមុខរបរនេសាទតែប៉ុណ្ណោះ។
ពលរដ្ឋមួយរូបនៅឃុំពាមបាង ស្ថិតចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមស្រុកស្ទោង លោក គុំ ខុម បានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋរស់នៅលើទឹកក្នុងឃុំនេះ កាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារផ្ទៃបឹងរីងរាក់កាន់តែខ្លាំង សូម្បីតែទឹកប្រើប្រាស់ក៏ពិបាកផង ហើយត្រីក៏កាន់តែថយចុះជាលំដាប់។
លោកបន្តថា មានពលរដ្ឋមួយចំនួនបានទន្ទឹងរង់ចាំការផ្តល់ដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលដល់ពួកគាត់ ដើម្បីបានមករស់នៅលើគោកវិញ ហើយលោកយល់ថា បើបានមករស់នៅលើគោក គឺជារឿងល្អប្រសើរ ត្បិតការទ្រាំរស់នៅលើទឹកបឹងបច្ចុប្បន្ន ដោយសារគ្មានជម្រើសផ្សេងប៉ុណ្ណោះ។
លោក គុំ ខុម ប្រាប់ថា៖ «បើចំណែកពូវិញ បើបានទៅនៅលើគោក វាប្រសើរជាង ព្រោះត្រីក៏វាអស់ បាត់បង់អស់រលីងទៅណា។ អើ! ដូចក្មួយឯងមកលើកមុនៗដឹងហើយថា ត្រីនៅទន្លេនេះចេះតែបាត់បង់ៗទៅណា។ ពិបាកៗ ទៅហើយណា មិនដូចមុនទេណា។ មុនគ្រាន់ ដល់ឥលូវនេះ វាចេះតែលំបាកទៅៗ ព្រោះត្រីវាបាត់បង់ទៅណាក្មួយ។ និយាយរួមទៅ វាបាត់ទាំងអស់ហ្នឹងក្មួយអើយ ហើយបឹងឆ្នាំនេះគោកនោះគោក អស់រលីង ហើយរកតែទឹកបើកកាណូតមិនបានទេ បើកសុទ្ធតែផុកហើយ»។
គេហទំព័ររបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខេត្ត និងក្រុមការងារអង្គការ GIZ ព្រមទាំងតំណាងស្ថានទូតអាល្លឺម៉ង់ បានចុះជួបប្រជាពលរដ្ឋដែលរស់នៅលើទឹកស្ថិតនៅក្នុងឃុំទាំងពីរនេះ។
ប្រភពដដែលថា ជំនួបជាមួយពលរដ្ឋពេលនោះ អាជ្ញាធរខេត្តបានសន្យាផ្តល់ដីសម្បទានសង្គមកិច្ច ជូនពលរដ្ឋទាំងពីរឃុំ ដែលមានទីតាំងនៅឃុំពពក ស្រុកស្ទោង ហើយទីតំាងដីសម្បទានសង្គមកិច្ចថ្មីនោះ នឹងសហការជាមួយអង្គការ GIZ ដែលមានការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។
គម្រោងនេះនឹងផ្តល់ជូនគ្រួសារនីមួយៗនូវដីលំនៅដ្ឋាន ដីកសិកម្ម ជម្រកសម្រាប់ស្នាក់នៅ ម្យ៉ាងក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំឱ្យពលរដ្ឋមានមុខរបរទៀតផង ប៉ុន្តែ មកទល់ពេលបច្ចុប្បន្ន គម្រោងនេះមិនបានដំណើរការសោះឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ធំ (ADHOC) លោក សុក រដ្ឋា មានប្រសាសន៍ថា តាមលទ្ធភាពអាជ្ញាធរខេត្តនេះ អាចស្វែងរកទីតាំងដីសម្បទានសង្គមកិច្ចជូនពលរដ្ឋរស់នៅលើបឹងទន្លេសាបទាំងនោះបាន ប្រសិនបើអាជ្ញាធរខេត្តធ្វើការងារនេះប្រកបដោយឆន្ទៈ ត្បិតលោកថា ដីសឹករេចរឹល ឬដីព្រៃរបោះ ដែលគ្រប់គ្រងដោយរដ្ឋនៅខេត្តនេះនៅមានសល់ច្រើន។
លោក សុក រដ្ឋា ប្រាប់ថា៖ «ខ្ញុំជឿថា ទីតាំងដីសម្រាប់ផ្តល់ឱ្យពួកគាត់ មិនអត់ទេ។ អ៊ីចឹង វាអាស្រ័យលើឆន្ទៈរបស់អាជ្ញាធរខេត្តថា តើគាត់មានឆន្ទៈពិតប្រាកដថា នឹងឱ្យពួកគាត់ [ពលរដ្ឋរស់នៅលើទឹក] មករស់នៅលើគោកទេ ឬក៏បណ្តែតបណ្តោយឱ្យពួកគាត់ចេះតែរស់នៅលើទឹកអ៊ីចឹងទៅ ចេះតែខូចបរិស្ថានទៅ ធ្វើឱ្យបញ្ហាហ្នឹងកាន់តែមាន។ ពលរដ្ឋរស់នៅលើទឹកកាន់តែច្រើនទៅ អនាគតទៅវាជារឿងលំបាកមួយសម្រាប់អាជ្ញាធរទៅវិញទេ»។
មន្ត្រីសង្គមស៊ីវិលដដែល មើលឃើញថា ការរក្សាទុកពលរដ្ឋឱ្យរស់នៅបឹងទន្លេសាបបន្តទៀត នឹងផ្តល់ផលប៉ះពាល់ច្រើនទាំងសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ បន្ថែមពីនេះ ជីវភាពពលរដ្ឋរស់នៅលើទឹកទាំងនោះនឹងគ្មានភាពប្រសើរឡើយ ដោយសារទិន្នផលត្រីកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ មិនអាចផ្គត់ផ្គង់ដល់ការរស់នៅរបស់ពួកគាត់បាន។ បញ្ហាសុខភាពគឺជារឿងសំខាន់សម្រាប់ពួកគាត់ទាំងនោះ ព្រមទាំងបញ្ហាអប់រំ ឬការបោះបង់ចោលការសិក្សារបស់កុមារនឹងមានកាន់តែច្រើនផងដែរ៕