ស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយទាំងនៅកម្ពុជា ក៏ដូចនៅបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចសង្គម ដូចជាខ្សែចង្វាក់ផលិតកម្មខ្លះផ្អាកដំណើរការ ពលរដ្ឋជាច្រើនម៉ឺននាក់បាត់បង់ការងារធ្វើ គ្មានប្រាក់ចំណូល ហើយត្រូវប្រឈមបញ្ហាប្រាក់បំណុលជាដើម។
យ៉ាងនេះក្តី សម្រាប់បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន រដ្ឋាភិបាលរបស់គេបានចេញវិធានការភ្លាមៗ ដោយប្រទេសខ្លះបានទម្លាក់កញ្ចប់ថវិការដ្ឋរហូតដល់រាប់សិបពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ច និងពលរដ្ឋគេក្នុងស្ថានភាពជំងឺកូវីដ១៩។
លើសពីនេះ ពួកគេមានទាំងកម្មវិធីពិសេសជាក់លាក់ផ្សេងៗទៀត ដើម្បីជួយដល់ពលរដ្ឋបាត់បង់ការងារធ្វើ ឬគ្មានប្រាក់ចំណូល ដូចជា ផ្តល់ប្រាក់ឧបត្ថម្ភឱ្យពួកគេនៅតែមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ មិនយកថ្លៃភ្លើង ឬថ្លៃទឹកក្នុងអំឡុងពេលវិបត្តិជាសកលនេះ។
ងាកមកកម្ពុជាវិញ រយៈពេលប្រមាណ ៥ខែមកហើយ ចាប់តាំងពីជំងឺនេះបានរកឃើញឆ្លងមកដល់កម្ពុជា ប៉ុន្តែ រដ្ឋាភិបាលនៅមិនទាន់បានបង្ហាញភាពជាក់លាក់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅឡើយ ខណៈរដ្ឋាភិបាលធ្លាប់បានប្រកាសពីការត្រៀមកញ្ចប់ថវិកា រហូត ២ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ចសង្គម និងពលរដ្ឋអំឡុងពេលជំងឺកូវីដ១៩ក្តី។
តើមានកត្តាអ្វីខ្លះដែលរដ្ឋាភិបាលមិនអាចបញ្ចេញកញ្ចប់ថវិកាជាតិច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋដូចបណ្តាប្រទេសជិតខាង?
ក្រុមអ្នកតាមដានសង្គមមើលឃើញថា កម្ពុជាបានជួបគ្រោះអាសន្នផ្ទួនៗគ្នា ដូចជា គ្រោះអាសន្ននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅថា EBA ២០ភាគរយ ពីសំណាក់សហភាពអឺរ៉ុប។
ការជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យរោងចក្រ សហគ្រាស និងអាជីវកម្មខ្នាតតូចមធ្យមជាច្រើនផ្អាកដំណើរការ ហើយកម្មករបុគ្គលិករាប់សិបម៉ឺននាក់ បានបាត់បង់ការងារធ្វើ និងគ្មានប្រាក់ចំណូល។
ជាងនេះទៀត ថ្មីៗនេះ កម្ពុជាត្រូវបានសហភាពអឺរ៉ុបដាក់ក្នុងប្រទេសចំនួន១២ ដែលត្រូវរឹតបន្តឹងការតាមដានពាក់ព័ន្ធបញ្ហាលាងលុយកខ្វក់ ដោយអ្នកវិភាគយល់ថា ប្រសិនបើវិធានការនេះចេញជាផ្លូវការ កម្ពុជានឹងមានវាសនាកាន់តែអាក្រក់ថែមទៀត។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា មានហេតុផលមួយចំនួនដែលរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចចាត់វិធានការ ឬបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ អំឡុងពេលវិបត្តិកូវីដ១៩នេះភ្លាមៗ ដោយសាររដ្ឋមានលុយបម្រុងទុកតិចតួចពេក ហើយមិនហ៊ានបញ្ចេញលុយទាំងនោះជួយជាតិដែរ។
បន្ថែមពីនេះ កម្ពុជាមានវិបត្តិនយោបាយជាតិធំមិនទាន់ដោះស្រាយចេញ ខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានខ្លះមានបញ្ហាផ្ទៃក្នុងដែរ ប៉ុន្តែ បញ្ហាទាំងនោះមិនដល់កម្រិតរើខ្លួនមិនរួចដូចកម្ពុជានោះឡើយ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលលោក ហ៊ុន សែន មានលុយបម្រុងតិចតួចពេក។ វិបត្តិកូវីដ១៩ មិនដឹងប្រាកដថា នឹងចប់នៅពេលណា ហើយសេដ្ឋកិច្ចកម្ពុជាទាំងមូលខ្ចីច្រមុះគេដក ហើយមិនទាន់ដឹងច្បាស់ថា ដកតាមច្រកណាទៅទៀត។ ច្រកចិន ពេលនេះក៏មិនទំនង ច្រកអាមេរិកាំង អឺរ៉ុប ជប៉ុន ដូចជាលោក ហ៊ុន សែន ខ្លាចរបូតអំណាច ព្រោះជាប់លក្ខខណ្ឌវិលទៅរកប្រជាធិបតេយ្យ។ ដូច្នេះ លុយបម្រុងបន្តិចបន្តួចដែលលោក ហ៊ុន សែន មាននៅក្នុងដៃ គាត់មិនហ៊ានបញ្ចេញជួយប្រជាពលរដ្ឋទេ»។
ស្រដៀងគ្នានេះ សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃសាកលវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល មើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនមានលុយច្រើនដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ជាតិអំឡុងវិបត្តិជាសកលនេះទេ។
លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន ជាការពិត ពួកគេមានលុយ វាគ្រាន់តែសម្រាប់ជួយបក្ខពួកខ្លួនតែប៉ុណ្ណោះ វាមិនមែនសម្រាប់ជួយពលរដ្ឋដែលបាត់បង់ការងារនោះទេ។
លោក អៀ សុផល មើលឃើញអំពីគ្រោះមហន្តរាយសេដ្ឋកិច្ចកម្ពុជានៅថ្ងៃអនាគត ដោយលោកលើកឡើងពីរបាយការណ៍របស់ធនាគារពិភពលោក ដែលថា កម្ពុជានឹងវិលទៅរកភាពអាក្រក់ជាងចុងទសវត្សទី៩០ទៅទៀត។
លោក អៀ សុផល៖ «អ្នកមិនចាំបាច់ជឿខ្ញុំទេ គ្រាន់តែអានរបាយការណ៍ធនាគារពិភពលោកទៅ។ ធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ថា នឹងមានបញ្ហាធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ១៩៩៤ ហើយធ្ងន់ធ្ងរជាងក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ ខែកក្កដាឆ្នាំ១៩៩៧ទៅទៀត! កំណើនសេដ្ឋកិច្ចកម្ពុជានឹងដាំក្បាលចុះដល់ពី -១ភាគរយ ទៅ-២.៩ភាគរយ ដែលនេះប្រហែលអាចឱ្យយើងទទួលស្គាល់ពីគ្រោះមហន្តរាយសេដ្ឋកិច្ចកម្ពុជាបានហើយ»។
សាស្ត្រាចារ្យដដែលបន្តថា ការពិតគឺ គ្រប់កំណែទម្រង់ដែលរដ្ឋាភិបាលក្រុងភ្នំពេញបានធ្វើនាឆ្នាំកន្លងមក នៅតែមិនត្រូវបានយកទៅអនុវត្ត។ ប្រសិនបើកំណែទម្រង់ទាំងនោះបានយកទៅអនុវត្តឱ្យប្រសើរនោះ នឹងបានជួយសេដ្ឋកិច្ចកម្ពុជានៅពេលនេះ។ ប៉ុន្តែ ពីព្រោះតែកំណែទម្រង់ទាំងនោះមិនត្រូវបានលើកយកទៅអនុវត្ត ដូច្នេះហើយទើបសេដ្ឋកិច្ចកម្ពុជាឋិតក្នុងស្ថានការណ៍ដាំក្បាលចុះបែបនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងកាលពីសប្តាហ៍មុនថា រាជរដ្ឋាភិបាលតែងតែជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ គ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេនៅអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ។
លោកបន្តថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ក៏តែងយកចិត្តទុកដាក់ប្រើគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ពិសេសបញ្ហាបំណុលដែលពលរដ្ឋកំពុងជួបការលំបាក ប៉ុន្តែ មិនបានបញ្ជាក់ពីគម្រោងថវិការដ្ឋដែលប្រើប្រាស់ជួយពលរដ្ឋជាក់លាក់នោះឡើយ។
កាលពីថ្ងៃទី១៨ ខែឧសភា ទិន្នន័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជារំពឹងថា ប្រើប្រាស់ថវិកាពីចំណូលពន្ធប្រមាណ ៦០លានដុល្លារ សម្រាប់វិធានការបន្ធូរបន្ថយ និងពន្យារការយកពន្ធ ទ្រទ្រង់ការចំណាយផ្សេងៗ និងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្របាត់បង់ការងារ។ លើសពីនេះ ប្រាក់ជាង ៣៦លានដុល្លារទៀត ខ្ចីពីធនាគារអន្តរជាតិ សម្រាប់ចំណាយលើការព្យាបាល បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងប្រទេស។
បើតាម ADB សិង្ហបុរីបានអនុម័តកញ្ចប់ថវិកា ១០៥ពាន់លានដុល្លារ ដើម្បីទប់លំនឹងសេដ្ឋកិច្ច និងវិបត្តិសុខភាពសង្គម កើតចេញពីជំងឺកូវីដ១៩ ក្នុងនោះ ៦០ពាន់លានដុល្លារ បានពីកម្ចីធនាគារបរទេស និង ៤៥ពាន់លានដុល្លារ ជាថវិកាសន្សំរបស់រដ្ឋ និងបានពីចំណូលពន្ធជាតិ។
រដ្ឋអាស៊ានដែលចំណាយធំលំដាប់ទី២ គឺថៃ ដោយរដ្ឋាភិបាលប្រទេសនេះ បានបញ្ចេញកញ្ចប់ថវិកាជាបន្តបន្ទាប់ សរុបចំនួន ៨៤ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩នេះ ព្រមទាំងជួយដល់ពលរដ្ឋក្រីក្រ អ្នកអត់ការងារធ្វើ ហើយមានទាំងកម្មវិធីមិនយកថ្លៃទឹក ភ្លើង ជាដើម។ បន្ទាប់មក គឺឥណ្ឌូនេស៊ី ៦៤ពាន់លានដុល្លារ ម៉ាឡេស៊ី ជាង ៣៥ពាន់លានដុល្លារ វៀតណាម ជាង ២៦ពាន់លានដុល្លារ ហ្វីលីពីន ជាង ១៩ពាន់លានដុល្លារ ប្រ៊ុយណេ ៣១៨លានដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៩៩លានដុល្លារ។
យ៉ាងនេះក្តី ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាមិនបានប៉ុន្មានថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្តែងៗថា រដ្ឋាភិបាលលោកបានត្រៀមកញ្ចប់ថវិការដ្ឋជួយដល់សេដ្ឋកិច្ចជាតិអំឡុងវិបត្តិសកលនេះចន្លោះពី ៨០០លានដុល្លារ ដល់ ២០០០លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់លោក គឹម សុខ យល់ថា កញ្ចប់ថវិកាដែលលោក ហ៊ុន សែន ប្រកាស គឺជាការប្រកាសយកមុខមាត់ប៉ុណ្ណោះ ដោយលោកមើលឃើញថា រយៈពេលយ៉ាងយូរ ៥ឆ្នាំទៅមុខទៀត ពលរដ្ឋកម្ពុជាត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយខ្លួនឯងទាំងត្រដាបត្រដួស ត្បិតរដ្ឋមិនមានលទ្ធភាពជួយឡើយ ហើយរដ្ឋក៏កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីដោះសារផងដែរ។
ថ្លែងក្នុងវេទិកាតុមូល VOD កាលពីថ្ងៃទី២៩ ខែឧសភា អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា សម្រាប់រដ្ឋាភិបាលកម្ពុជា ការចាត់វិធានការជួយពលរដ្ឋអំឡុងវិបត្តិកូវីដ១៩ នៅមានភាពមិនច្បាស់លាស់ ខណៈពលរដ្ឋ ពិសេសកម្មករដែលបាត់បង់ការងារធ្វើ កាន់តែកើនឡើងជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖ «កម្ពុជាក៏មិនខុសពីប្រទេសដទៃនៅលើពិភពលោកដែរ គឺការរារាំងមិនឱ្យមានការធ្វើដំណើរចុះឡើង ហើយវិបត្តិសេដ្ឋកិច្ចដោយសារកូវីដនេះ បានធ្វើឱ្យមនុស្សប្រមាណ ៤ភាគ៥ បានន័យថា ក្នុងចំណោម ៥នាក់គឺមាន៤នាក់ បានទទួលរងនូវការបាត់បង់ប្រាក់ចំណូល។ ដូច្នេះ រឿងដែលងាយយល់ហ្នឹង គឺការប៉ះពាល់សេដ្ឋកិច្ច គឺធ្ងន់មែនទែន។ ហើយសម្រាប់ប្រទេសកម្ពុជាមកដល់ពេលនេះ ខ្ញុំមិនទាន់ឃើញមានចំណាត់ការយ៉ាងណានៅឡើយទេ គ្រាន់តែឮថា ចាប់ផ្តើមចុះស្រង់ចំនួនអ្នកក្រដែលទទួលរងផលប៉ះពាល់ដោយកូវីដ»។
អ្នកឃ្លាំមើលសង្គមរូបនេះ យល់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ កម្ពុជាត្រូវមានគោលនយោបាយច្បាស់លាស់ ដោយបែងចែកជាបីកម្រិត ពោលគឺកម្រិតអាសន្នដែលត្រូវការដោះស្រាយបន្ទាន់ ករណីកម្រិតមធ្យម និងការត្រៀមដោះស្រាយបញ្ហាអាសន្នរយៈពេលវែងទៅមុខទៀត ព្រមទាំងទាមទារឱ្យមានការរួមគ្នាពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាជាតិចំពោះមុខនេះ។
លោកបន្ថែមថា៖ «បើសិនជាស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺននេះ ប្រសិនបើរដ្ឋាភិបាលកុំប្រឈមជាមួយសត្រូវច្រើនពេកក្នុងពេលជាមួយគ្នា ណាមួយដៃម្ខាង យើងកំពុងទប់ទល់ទៅនឹងវិបត្តិដែលកំពុងកើតមានរឿងកូវីដ ហើយដៃម្ខាងទៀត យើងខ្លាចគណបក្សប្រឆាំងមកយកប្រជាប្រិយភាពក្នុងពេលជាមួយគ្នា គឺមានការពិបាក។ ដល់មានការពិបាក គឺអត់មាននរណាទេ គឺរដ្ឋាភិបាលជាអ្នកពិបាកខ្លួនឯង។ នេះខ្ញុំចង់និយាយអំពីស្ថិរភាពនយោបាយពេលហ្នឹង»។
ដោយឡែក សម្រាប់លោក គឹម សុខ ក៏បានលើកឡើងក្នុងវេទិកាតុមូលពេលនោះ ដោយយល់ថា មកទល់ពេលនេះ កម្ពុជាត្រូវនិយាយអំពីលទ្ធភាពរកលុយបន្ទាន់ ដើម្បីស្តារសេដ្ឋកិច្ចជាតិ មុននិយាយអំពីការទម្លាក់ថវិកាជាតិ។ លោកបន្តថា វិធីរកលុយតាមរយៈការស្តារស្ថានភាពនយោបាយឱ្យវិលទៅរកភាពប្រសើរឡើងវិញ ដើម្បីឱ្យម្ចាស់ជំនួយសហគមន៍លោកសេរី និងពលរដ្ឋទុកចិត្ត។
លោកបន្តថា ជំហរស្តារស្ថានភាពនយោបាយឡើងវិញ ក៏អាចធ្វើឡើងតាមរយៈការងាកទៅរកផ្លូវត្រូវគ្នាជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឆ្លើយតបតាមការទាមទាររបស់ពួកគេកន្លងមក ត្បិតលោកមើលឃើញថា ចុងក្រោយនេះ អាមេរិកតាមជួយកម្ពុជា ហើយសម្ព័ន្ធមិត្តអាមេរិកក៏អាចជួយកម្ពុជាដែរ ដោយគ្រាន់តែចាំស្តាប់ខ្យល់របស់អាមេរិកជាមុនសិនប៉ុណ្ណោះ។ ដោយឡែកការស្រមៃពឹងចិនជួយវិញនោះ លោក គឹម សុខ មើលឃើញថា នឹងមិនអាចទៅរួចឡើយ៕