វិភាគ៖ តើ​​កម្ពុជា​​ត្រូវ​​រៀប​ចំ​ខ្លួន​​បែប​​ណា​​ដើម្បី​​កុំ​ឱ្យ​​សេដ្ឋ​កិច្ច​​វិល​​ទៅ​​រក​​ភាព​អាក្រក់​​ជាង​​ទសវត្ស​​ទី​៩០​នោះ​​?​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

ធនាគារពិភពលោក​ បាន​វាយតម្លៃ​ថា វិស័យ​សំ​ខាន់​ៗដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុងតែ​រង​ផល​ប៉ះពាល់​កើត​ចេញពី​វិបត្តិ​សុខភាព​សកល ដែល​កំពុង​វាយប្រហារ​ទៅលើ​វិស័យ​ការងារ​របស់​ប្រទេស​នេះ។

វិស័យ​សំ​ខាន់​ៗទាំងនោះ ​រួមមាន ​វិស័យ​ទេសចរណ៍ ការនាំចេញ​ឧស្សាហកម្ម និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​បី​នេះ បាន​រួមចំណែក​ដល់ទៅ​ជាង ៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​បញ្ហា​ប្រឈម​លើ​វិស័យ​ទាំងនោះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការងារ​ដល់ទៅ​ជិត ៤០ភាគរយ​នៃ​ការងារ​សរុប​ទូទាំង​ប្រទេស។

ធនាគារពិភពលោក ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ នឹង​មាន​ភាពយឺត​យ៉ាវ​បំផុត​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ១៩៩៤មក ពោល​គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ថិតនៅ​ចន្លោះ ដក១ភាគរយ ទៅដល់​ជិត​ ដក៣ភាគរយ ​(២.៩​%) នៅ​ឆ្នាំនេះ ហើយ​កាន់តែ​អាក្រក់​ជាង​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​ថ្ងៃទី៥​ និងទី៦ ខែកក្កដា​ ឆ្នាំ១៩៩៧ ថែមទៀត​ផង។

តើ​កម្ពុជា​គប្បី​រៀបចំខ្លួន​បែប​ណា​ដើម្បី​បញ្ចៀស​គ្រោះអាសន្ន​សេដ្ឋកិច្ច​ដូច​ការ​ព្យាករ​របស់​ធនាគារពិភពលោក​នេះ​?

ក្រុម​អ្នកវិភាគ​មើលឃើញ​ថា កម្ពុជា​បាន​ជួប​គ្រោះអាសន្ន​សេដ្ឋ​កិ​ច្ច​ផ្ទួន​ៗគ្នា ដោយ​រាប់​តាំងពី​ការសម្រេច​ព្យួរ ២០ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ» (EBA​) ពីសំណាក់​សហភាព​អឺរ៉ុប​កាលពី​ខែកុម្ភៈ។ ការ​ជួប​បញ្ហា​នៃ​វិបត្តិ​ជំងឺឆ្លង​ជាស​កល​កូ​វីដ១៩ ព្រមទាំង​បញ្ហា​អឺរ៉ុប​ដាក់​កម្ពុជា​ក្នុងចំណោម​ប្រទេស១២ ដែល​ត្រូវ​រឹត​បន្តឹង​តាមដាន​ករណី​ហិរញ្ញវត្ថុ​ខុសច្បាប់​ជាដើម។ 

ពាក់ព័ន្ធ​វិបត្តិ​កូ​វីដ១៩នេះ កាលពី​ខែឧសភា ​ធនាគារពិភពលោក​បាន​ចេញ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា “Cambodia in the Time of COVID​-19​” ឬមានន័យ​ជា​ភាសាខ្មែរ​ថា «កម្ពុជា​ក្នុង​ពេល​កូ​វីដ១៩» ដោយ​បាន​ព្យាករ​ថា ជំងឺ​ជាស​កល​នេះ​បាន​វាយប្រហារ​លើ​វិស័យ​ទេសចរណ៍ ការនាំចេញ​ឧស្សាហកម្ម និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​បី​នេះ រួមចំណែក​ដល់ទៅ​ជាង ៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ធនាគារពិភពលោក ​បាន​ប៉ាន់ប្រមាណ​ថា ការងារ​យ៉ាងតិច​ជិត ២លាន​កន្លែង​ (១.៧៦លាន​​) បាន​ទទួលរង​ផល​ប៉ះពាល់ ដោយសារតែ​ការ​ដួល​រលំ​នៃ​វិស័យ​សំ​ខាន់​ៗដែល​ជា​កម្លាំង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

លើស​ពីនេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​វិល​ទៅ​រក​ភាពអាក្រក់ ហើយ​អាក្រក់​ជាង​ទសវត្ស​ឆ្នាំ១៩៩០ទៅទៀត ហើយ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២០នេះ អាច​កើនឡើង​លើស​ពី​បន្ទាត់​ភាព​ក្រក្រី​ចន្លោះ​ពី ៣ ទៅ ១១ភាគរយ នៅក្នុងចំណោម​គ្រួសារ​ពលរដ្ឋ​កម្ពុជា ដែល​ជាប់ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្ម​កាត់ដេរ​ ជាដើម។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា មានក​ត្តា​មួយចំនួន​ដែល​ធនាគារពិភពលោក​បាន​ព្យាករ​ដូចនេះ ដោយសារ​តែគេ​បានដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​ជា​ប្រភេទ​សេដ្ឋកិច្ច​ដែល​ពឹង​ដង្ហើម​ប្រទេស​ដទៃ។

ជាក់ស្តែង​ លោក​ថា ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា​សំ​ខាន់​ៗចំនួន៣ រួមមាន ​វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម និង​វិស័យ​សេវាកម្ម ប៉ុន្តែ​ វិស័យ​ដែល​ជា​ក្បាលម៉ាស៊ីន​ចំនួន២ គឺ​វិស័យ​ឧស្សាហកម្ម​ ពឹងផ្អែក​លើ​ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​នេះ​ទៅក្រៅ​ប្រទេស និង​វិស័យ​សេវាកម្ម​ ដែល​ពឹងផ្អែក​លើ​ចំណូល​ពី​ភ្ញៀវ​ទេសចរ ពិសេស​ទេសចរ​ណ៍អន្តរជាតិ ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ យល់ឃើញ​ថា ការ​បញ្ចៀស​នូវ​ហានិភ័យ​នេះ រដ្ឋាភិបាល​គប្បី​មាន​ផែនការ​រយៈពេល​ខ្លី ដោយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ចំពោះមុខ និង​ត្រូវ​មាន​ផែនការ​រយៈពេល​វែង ដូចជា​ រៀបចំ​យុទ្ធសាស្ត្រ​ជំរុញ​ឱ្យ​មានដំណើរ​ការ​ទេសចរណ៍​ក្នុង​ស្រុក ដើម្បី​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ដំណើរការ ព្រមទាំង​ត្រៀម​ឆ្លើយតប​នឹង​ការ​ចង់បាន​របស់​អឺរ៉ុប ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រឡប់មកវិញ។

លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា៖ «បើ​យើង​មើលក្នុង​វិស័យ​ឧស្សាហកម្ម ដំណោះស្រាយ​ហ្នឹង រដ្ឋាភិបាល​ហ្នឹង​ត្រូវតែ​ងាក​មក​ពិចារណា​ទៅលើ​សំណូមពររបស់​សហគមន៍​អឺរ៉ុប​ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ដើម្បី​យក EBA មកវិញ។ អ្វី​ដែល​ខ្ញុំ​តាមដាន​ សហគមន៍​អឺរ៉ុប​ដូចជា​មិន​ចង់​ដក EBA ពី​យើង​ទេ ​[កម្ពុជា​] ហើយ​ជា​ប្រទេស​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដក EBA។» 

ដោយឡែក ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន សម្តែង​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការវាយតម្លៃ​ពី​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​កម្ពុជា​ពេលនេះ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មានការ​ឆ្លើយតប​ជាបន្ទាន់ និង​ជាក់លាក់ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​បង្កើត​បរិយាកាស​នយោបាយ​ប្រសើរ​ឡើងវិញ ដើម្បី​បញ្ចៀស​នូវ​គ្រោះ​ហានិភ័យ​ទាំងនេះ។

លោក ថេង សាវឿ​ន បន្ត​ថា៖ «ខណៈ​ហ្នឹង​ដែរ ដើម្បី​ឱ្យ​មានការ​គាំពារ​ដំណើរការ​នៃ​ការចូលរួម​លើកកម្ពស់​ល្អ​ប្រសើរ រដ្ឋាភិបាល​ក៏​ត្រូវ​គិត​អំពី​បរិយាកាស​នយោបាយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែរ។ ខ្ញុំ​គិតថា បរិ​យាកាសនយោបាយគឺ​ដើរតួ​នាទី​សំខាន់ ធ្វើ​យ៉ាងម៉េច​ប្រមូល​ផ្តុំ​នូវ​ពហុ​គំនិត​រួមគ្នា​ក្នុង​ការ​ដោះស្រាយ។ ប៉ុន្តែ ប្រសិនបើ​បរិយាកាស​នយោបាយ​មិន​មាន​ភាព​ប្រសើរ ខ្ញុំ​គិតថា ដំណើរការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ពិតជា​ពិបាក​ក្នុង​ការ​រក​ច្រកចេញ​ណាស់»។

ទោះបីជា​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃទី៤ ខែមិថុនា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ដោយ​អះអាង​ថា នៅ​រយៈពេល ៤ខែ​ដើមឆ្នាំ២០២០ ចំណូល​រដ្ឋបាល​ថ្នាក់​ជាតិ​របស់​កម្ពុជា សម្រេច​បាន​ចំនួន​ប្រមាណ ២ពាន់​លាន​ដុល្លារ។ ចំនួន​នេះ បង្ហាញថា មានការ​កើនឡើង​ជាង ១០ភាគរយ ​(១០.២៩​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

របាយការណ៍​របស់ក្រ​សួង​សេដ្ឋកិច្ច បញ្ជាក់​ទៀត​ថា ចំណូល​ទាំងនោះ បាន​មក​ពី​ប្រភព​សំខាន់៣ គឺ​ចំណូល​ពន្ធ​ សម្រេច​បាន​ជាង ១ពាន់ ៧រយ​លាន​ដុល្លារ (១៧០០លាន​ដុល្លារ​) ចំ​ណូល​ផ្សេង​ៗជាង ២៣០លាន​ដុល្លារ និង​អំណោយ​ជាង ៨០លាន​ដុល្លារ។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល មើលឃើញ​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ ត្រូវ​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​ស៊ីជម្រៅ ដើម្បី​រួច​ផុត​ពី​គ្រោះមហន្តរាយ​ដូច​អ្វី​ដែល​ធនាគារពិភពលោក​បាន​ព្យាករ។

លោក​បញ្ជាក់​ថា កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ស៊ីជម្រៅ និង​ពិតប្រាកដ​នោះ គឺ​កាត់បន្ថយ​អំពើពុករលួយ គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ និង​បើក​លំ​ហសិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឡើងវិញ។

សាស្ត្រា​ចារ្យ​ដដែល​បន្ថែម​ថា ជាអកុសល ពលរដ្ឋ​កម្ពុជា តែងតែ​ត្រូវ​បាន​ទុក​ឱ្យ​រងទុក្ខ​វេទនា​ក្រោម​ភាព​អយុត្តិធម៌ និង​បណ្តែតបណ្តោយ​ឱ្យ​រស់នៅ​ក្នុង​គ្រោះថ្នាក់​បែបនេះ​ពីសំណាក់​អ្នកដឹកនាំ ដោយ​បញ្ហា​នេះ​កើតឡើង​តាំងពី​សម័យ​ខ្មែរក្រហម​មក​ម៉្លេះ។ ប៉ុន្តែ​ លោក​ថា បើ​ពលរដ្ឋ​រួមគ្នា នោះ​ភាព​បរាជ័យ​ទាំងនេះ​នឹង​មិនកើត​ឡើង​ទេ។

លោក​បណ្ឌិត អៀ សុផល បន្ថែម​ថា៖ «ជាអកុសល ពលរដ្ឋ​កម្ពុជា​តែងតែ​ត្រូវ​បាន​ទុក​ឱ្យ​រងទុក្ខ​វេទនា​ក្រោម​ភាព​អយុត្តិធម៌ និង​បណ្តែតបណ្តោយ​ឱ្យ​រស់នៅ​ក្នុង​គ្រោះថ្នាក់​បែបនេះ។ មេដឹកនាំ​កម្ពុជា​បាន​ធ្វើ​រឿង​អកុសល​បែបនេះ​ចំពោះ​ពលរដ្ឋ​តាំងពី​សម័យ​ខ្មែរក្រហម​មក​ម៉្លេះ។ ទោះ​យ៉ាងណា ការ​រួមគ្នា​របស់​ប្រជាជន មិន​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួលរង​នូវ​បរាជ័យ​បាន​ឡើយ»។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មើលឃើញ​ថា មកទល់​ពេលនេះ ​រដ្ឋាភិបាល​នៅ​មិនទាន់​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ណាមួយ ​ដើម្បី​ឆ្លើយតបទៅនឹង​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ​លោកសេរី ពិសេស​អឺរ៉ុប​ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ។

ក្រៅពី​មិនបាន​ឆ្លើយតប​ចំពោះ​អ្វី​ដែល​លោក​អឺរ៉ុប​ទាមទារ កាលពី​ថ្ងៃទី១ ខែមិថុនា ថ្លែង​ពី​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ប្រើ​យុទ្ធសាស្ត្រ​ផ្តាច់​ក្បាល​បំបែក​ដងខ្លួន​ទៅលើ​ក្រុម​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បន្ថែម​ទៀត ប្រសិនបើ​ក្រុមប្រឆាំង​យក​បញ្ហា​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

លើស​ពីនេះ លោក​បញ្ជាក់​ថា លោក​អាច​ធ្វើការ​ជាមួយ​ខ្មែរក្រហម​បាន ប៉ុន្តែ លោក​ថា មិន​អាច​ធ្វើការ​ជាមួយ​អ្នកនយោបាយ​ក្រុមប្រឆាំង​ដែល​មានគំនិត​បំផុស​ឱ្យ​មាន​ចលាចល​សង្គម​ផ្សេង​ៗនោះ​បាន​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយ​ខ្ញុំ​សូម​ព្រមាន សូមកុំ​ឆ្លៀតឱកាស​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាលបំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់ ឱ្យ​ច្បាស់»។

សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ធ្លាប់​មានប្រសាសន៍​ថា យុទ្ធសាស្ត្រ​តា​មក​ម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​មានប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ ប៉ុន្តែ វា​ជា​ការបំផ្លាញ​គោលការណ៍​រួមរស់​នៅ​ប្រកបដោយ​សុខដុម​រមនា​ក្រោម​ដំបូល​ប្រទេស​តែមួយ​ទៅវិញ​តែប៉ុណ្ណោះ។ 

បើ​គ្មានអ្វី​ប្រែប្រួល​ទេ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​របស់​អឺរ៉ុប នឹង​ត្រូវ​អនុវត្ត​នីតិវិធី​ជា​ផ្លូវការ​ចាប់ពី​ខែសីហា​ខាងមុខនេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ខាត​ប្រាក់បង់​ពន្ធ ប្រមាណ ១រយ​លាន​ដុល្លារ​ ក្នុង១ឆ្នាំ​ លើ​ទំនិញ ៤០ប្រភេទ។ 

ទាំង​អ្នក​តាមដាន​សង្គម និង​សង្គម​ស៊ីវិល មើលឃើញ​ថា ​ប្រសិនបើ​កម្ពុជា​ត្រូវ​ជួប​គ្រោះអាសន្ន​សេដ្ឋកិច្ច​ដូច​អ្វី​ដែល​ធនាគារពិភពលោក​ព្យាករមែន កម្ពុជា​នឹង​កើតមាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​ពិបាក​ប៉ាន់ស្មាន​ត្រូវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ