អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​​ថា ​សំណង់​​អគារ​​ខុស​ច្បាប់​​ចំនួន​១៦​បាន​​រុះ​រើ​​ចេញ​​ជា​​បណ្តើរ​ៗ

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ថ្លែងក្នុងសន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នា២០២០។ (សូត សុខប្រាថ្នា)

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ថា ​ពួក​គេ​បាន​បង្ខំ​ឱ្យ​ម្ចាស់​សំណង់​អគារ​ខុសច្បាប់​ចំនួន ១៦កន្លែង ផ្អាក​ការសាងសង់ ​និង​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ហើយ​ម្ចាស់​សំណង់​ទាំងនោះ​មួយចំនួន​ក៏បាន​រុះរើ​ចេញ​បន្តបន្ទាប់​ហើយ​ដែរ។ 

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ នៅ​ព្រឹក​ថ្ងៃទី៩ ខែមិថុនា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍​ថា ​សំណង់​អគារ​តូច​ធំ​នៅ​ខេត្ត​នេះ មាន​ចំនួន​ជាង ១ពាន់កន្លែង ដែល​កំពុង​សាងសង់។ 

លោក​បន្ត​ថា ដោយឡែក​ សំណង់​អគារ​មាន​កម្ពស់​ចាប់ពី ៥ជាន់ឡើង​ មាន​ចំនួន​ជាង ៥រយគម្រោង​ ឬ ៥រយ​អគារ ដោយ​ក្នុង​នោះ​សំណង់​អគារ​ខុសច្បាប់​ចំនួន ១៦កន្លែង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចុះទៅ​ផ្អាក​ការសាងសង់ និង​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​ទាំងនោះ​រុះរើ​ចេញ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ណាមួយ​កើតមានឡើង។ 

លោក គួច ចំរើន មានប្រសាសន៍​បន្តថា៖ «យើង​បាន​បង្ខំ​ឱ្យ​ម្ចាស់​អគារ​ [ខុសច្បាប់​] ហ្នឹង​ ត្រូវតែ​ធ្វើការ​រុះរើ​ចេញ​វិញ ដោយសារ​សំណង់​អគារ​ទាំងអស់​នោះ ​វា​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស។ អីចឹង ​មកដល់ពេលនេះ បើ​ទោះបីជា​អគារ​ទាំងនោះ​មិនទាន់​រើ​អស់​ទេ ប៉ុន្តែ​ ចាប់ផ្តើម​រើ និង​ចាប់ផ្តើម​សម្រាលបន្ទុកដែល​នៅ​លើ​អគារ​ហ្នឹង​ចេញ​អស់ហើយ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ ឬហានិភ័យ។ មាន​អគារ​មួយចំនួន​បាន​រុះរើ​អស់រលីង​ដែរ ព្រោះ​វា​មានការ​ពាក់ព័ន្ធ​គ្នា​ ដោយ​យើង​ទុក​ឱកាស​ឱ្យ​ម្ចាស់​អគារ និង​ម្ចាស់ដី គាត់​ចរចា​គ្នា។»

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​នេះ​ដែរ ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់​និង​សុរិយោដីខេត្ត​ព្រះសីហនុ លោ​ក ចេង ស្រុង លើកឡើង​ថា ការ​រីក​លូតលាស់​នូវ​វិស័យ​សំណង់​លឿន​ហួសកំណត់​នេះ ខណៈ​ការសាងសង់​របស់​អ្នក​វិនិយោគ​ចិន​មាន​ភាព​ប្រញាប់​ប្រញាល់ និង​លឿន​ផង ដែល​ធ្វើ​ឱ្យ​ការ​ត្រួតពិនិត្យ​ ឬគ្រប់គ្រង​របស់​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​កន្លងមក​ នៅ​មាន​ភាព​ខ្វះចន្លោះ រហូត​ធ្វើ​ឱ្យ​កើតមាន​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំមុន បណ្តាល​ឱ្យ​ពលរដ្ឋ​ចំនួន ២៨នាក់​ស្លាប់ និង​រង​របួស​ចំនួន ២៦នាក់។ ប៉ុន្តែ​ មកដល់ពេលនេះ​ បញ្ហា​សំណង់​អគារ​ខុសច្បាប់ ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទៀត​ឡើយ។ 

លោក ចេង ស្រុង បន្ថែម​ថា៖ «អីចឹង ​ទាំង​ការអនុវត្ត​ផ្លូវច្បាប់ ទាំង​ការ​ពន្យល់​ណែនាំ​ដល់​ម្ចាស់ការ​ដ្ឋាន​សំណង់​ទាំងអស់​នោះ ឥលូ​វយើង​ឃើញថា យើង​គ្រប់គ្រង​បាន​ ដោយ​ពួក​គាត់​មានការ​យល់ដឹង​ច្រើន។ ឥលូ​វនេះ​ យើង​ឃើញថា ​គុណភាព​នៃ​ការសាងសង់​សំណង់​យើង មានការ​រីក​លូតលាស់ ហើយនិង​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​បាន​ច្រើន និង​មិន​មាន​បញ្ហា​អី​ទៀត​ទេ»។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន កត់សម្គាល់​ថា​ក្រោយ​ព្រឹត្តិ​ការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់ ​កាលពី​ពាក់កណ្តាល​ឆ្នាំមុន ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ច្រើន​នោះ រដ្ឋាភិបាល ​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ មានការ​រឹត​បន្តឹង​ច្បាប់​សំណង់​ខ្លាំង​ជាង​ពេលមុន។ 

យ៉ាងនេះ​ក្តី លោក​ថា ​ដើម្បី​ជា​ប្រយោជន៍​ទាំង​និយោជក និង​កម្មករ​និយោជិត អាជ្ញាធរ​គប្បី​បន្ត​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ពិសេស​តម្រូវ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ត្រូវ​ចុះបញ្ជី​អាជីវកម្ម ព្រមទាំង​ជំរុញ​ឱ្យ​ពួក​គេ​អនុវត្ត​ច្បាប់​ជាដើម។ 

លោក​បន្ថែម​ថា៖ «ទីមួយ ​ប្រសិនបើ​ក្រុមហ៊ុន​ហ្នឹង​មានការ​ចុះបញ្ជី​អាជីវកម្ម នឹងអាច​មានផល​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​កម្មករ ចំណេញ​ទាំង​រដ្ឋ ចំណេញ​ទាំង​ក្រុមហ៊ុន​ខ្លួនឯង។ ទីមួយ [ទៀត] ​ប្រសិនបើ​ក្រុមហ៊ុន​ចុះបញ្ជី​ត្រឹមត្រូវ​ ក្រុមហ៊ុន​នោះ​ត្រូវការ​បង់ពន្ធ​ជូន​រដ្ឋ អីចឹង​រដ្ឋ​មាន​ប្រាក់ចំណូល​ពី​ក្រុមហ៊ុន ហើយ​កម្មករ​ក៏​ពួក​គាត់​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗដែល​ធ្លាប់​ទទួល​បាន​ពីរ​ដ្ឋ​ដែរ»។

លោក គួច ចំរើន បញ្ជាក់​ថា ​ព្រឹត្តិ​ការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ​បណ្តាល​ឱ្យ​ពលរដ្ឋខ្មែរ​ស្លាប់ ​និង​របួស​ជាង ៥០នាក់ ​កាលពី​ខែមិថុនា​ ឆ្នាំ២០១៩ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​បញ្ហា​នេះ ​ចំនួន ៦នាក់ ​មាន​ទាំង​ជនជាតិ​ចិន​ និង​ខ្មែរ ហើយ​សំណុំរឿង​នេះ​កំពុង​ស្ថិតនៅ​ដៃ​តុលាការ។ 

យ៉ាងនេះ​ក្តី លោក​ សុខ គីន យល់ថា ​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​ ជាផ្នែក​មួយ​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ប៉ុន្តែ​ មិនទាន់​ពេញលេញ​នៅឡើយ​ទេ។ លោក​ថា​យុត្តិធម៌​ពេញលេញ​ទៅ​បាន លុះត្រា​មានការ​ផ្តន្ទា​ទោស​អ្នក​ពាក់ព័ន្ធ​រឿង​នេះ​ទៅតាម​ផ្លូវច្បាប់ ហើយ​ក្រុម​ជនរងគ្រោះ​ត្រូវ​ទទួល​បាន​សំណង​រដ្ឋប្បវេណី ទើប​អាច​ធ្វើ​ឱ្យ​ជនរងគ្រោះ​ស្ងប់ចិត្ត​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ