រដ្ឋាភិបាលកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើពិធីសារក្នុងការនាំស្វាយស្រស់ដែលមានគុណភាពទៅកាន់ទីផ្សារប្រទេសចិន ដោយរដ្ឋាភិបាលកម្ពុជាអះអាងពីអត្ថប្រយោជន៍ជាច្រើនបានពីកិច្ចព្រមព្រៀងនេះ សម្រាប់កសិករ ម្ចាស់ចម្ការ និងអាជីវករ។
ការលើកឡើងនេះ បន្ទាប់ពីមានការចុះហត្ថលេខាលើពិធីសារស្តីពី«លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» រវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentain នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃម្សិលមិញ។
នាយករងខុទ្ទកាល័យក្រសួងកសិកម្ម លោក ចាន់ ហេង មានប្រសាសន៍ថា តាមរយៈពិធីសារនេះ នឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរជាទូទៅ ពិសេសប្រជាកសិករដែលដាំដំណាំស្វាយនេះ។
មន្ត្រីក្រសួងកសិកម្មរូបនេះ ប្រាប់បន្តថា កិច្ចព្រមព្រៀងនេះ មិនបានកំណត់ស្វាយអ្វីនោះទេ តែជាប្រភេទស្វាយទូទៅ ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌស្តង់ដារគុណភាពរបស់គេ ហើយខាងក្រសួងកសិកម្មនឹងចុះផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរអំពីវិធីដាំដុះ ថែរក្សាផ្លែផ្កា និងរបៀបវេចខ្ចប់ ដើម្បីនាំចេញទៅប្រទេសចិន។
លោក ចាន់ ហេង មានប្រសាសន៍ថា៖ «ជាផលប្រយោជន៍ទូទៅទាំងអស់ សំខាន់ប្រជាពលរដ្ឋយើងដែលមានចម្ការមានអី ដែលគាត់ចង់ចូលរួម គឺគាត់ត្រូវរៀបចំជាបណ្តុំកសិករ ជាបណ្តុំអ្នកដាំស្វាយ ហើយខាងជំនាញយើង ខាងអគ្គនាយកដ្ឋានកសិកម្ម នឹងចុះទៅជួយការងារហ្នឹង រួមទាំងខាងមន្ទីរកសិកម្មតាមខេត្ត គាត់នឹងចុះទៅជួយការងារហ្នឹង។ រហូតដល់យើងដាំដុះ ស្របតាមលក្ខខណ្ឌតម្រូវរបស់គេហើយ យើងនឹងបញ្ចូលពួកគាត់ ហើយដើម្បីជំរុញការនាំចេញ»។
ក្រសួងកសិកម្ម អះអាងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន២០ ដែលមានផ្ទៃដីទំហំជាង ២ម៉ឺនហិកតា(២១ ២៨៦)។
ក្រសួងកសិកម្មថា បន្ទាប់ពីពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់ រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃបញ្ចប់នីតិវិធី មុនឈានដល់ការនាំចេញស្វាយស្រស់ទៅកាន់ចិនជាផ្លូវការ។
លោក ចាន់ ហេង បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនឹងនាំស្វាយស្រស់មានគុណភាពទៅកាន់ប្រទេសចិនប្រមាណ ៥០ម៉ឺនតោន ក្នុង១ឆ្នាំៗ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាដំណឹងល្អសម្រាប់ប្រជាកសិករ ម្ចាស់ចម្ការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយ ហើយដែលកំពុងមានក្តីកង្វល់ ដោយសារមានចម្ការជាច្រើនមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយធ្លាក់ចុះយ៉ាងខ្លាំង។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បន្ថែមថា៖ «តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩»។
យ៉ាងនេះក្តី មានវ័យ ៥៧ឆ្នាំ ជាកសិករដាំស្វាយកែវរមៀត នៅស្រុកស្អាង ខេត្តកណ្តាល មួយរូប លោក ហេង លី មានប្រសាសន៍ថា កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅកាន់ទីផ្សារចិនជារឿងល្អ ត្បិតកន្លងមក ទីផ្សារស្វាយនៅខាងលោក ពឹងអាស្រ័យតែទៅលើទីផ្សារប្រទេសវៀតណាម ហើយកន្លងមក តម្លៃស្វាយកែវរមៀត ក៏បានធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក។
ប៉ុន្តែ កសិកររូបនេះនៅតែព្រួយបារម្ភថា កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅកាន់ទីផ្សារចិននេះ នឹងផ្តល់ប្រយោជន៍តែចំពោះម្ចាស់អាជីវកម្ម ឬម្ចាស់ចម្ការធំៗ ពិសេសចម្ការស្វាយនៅតំបន់ដីសម្បទានសេដ្ឋកិច្ចជាដើម។
លោក ហេង លី ប្រាប់ថា៖ «អាហ្នឹងបើវាអីចឹងមែន [កិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅចិន] ជាការល្អសម្រាប់កសិករ បានតិច ឬច្រើនអី លក់ទៅ [លក់ស្វាយ] វាបានថ្លៃ ហើយវាសមាមាត្រជាមួយកម្លាំងពលកម្មយើង។ ប៉ុន្តែ ខ្ញុំវិភាគមើលទៅប្រហែលជាខ្លាចតែមិនបាន [ប្រយោជន៍] ធ្លាក់មកដល់យើង គេទិញស្វាយតែចម្ការគេធំៗ នៅប៉ែកខាងរតនគិរី មណ្ឌលគិរី និយាយចំ ខាងដីសម្បទាន គេដាំស្វាយដែរហ្នឹង»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ដើម្បីធានាបាននូវការផ្តល់ប្រយោជន៍ដល់ពលរដ្ឋជាទូទៅពិតប្រាកដ ពិសេសកសិករតូចតាចផងនោះ រដ្ឋាភិបាលត្រូវមានយន្តការជាក់លាក់ ដោយចុះណែនាំដល់កសិករដោយផ្ទាល់ពីរបៀបផលិតស្វាយប្រកបដោយគុណភាព។
លើសពីនេះ រដ្ឋត្រូវមានការសម្របសម្រួលរវាងអ្នកទិញ និងកសិករផ្ទាល់ ចៀសវាងប្រើយន្តការឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករទទួលបានប្រយោជន៍មិនពេញលេញពីកិច្ចព្រមព្រៀងនេះ។
លោក ថេង សាវឿន បន្តថា៖ «យើងចង់ឱ្យមានការណែនាំ នីតិវិធី ឬរបៀបនៃការដាំដុះ សម្រាប់ការនាំចេញហ្នឹង ឱ្យមានភាពសមរម្យមួយ ដែលកសិករអាចធ្វើបានទៅតាមលក្ខខណ្ឌតម្រូវហ្នឹងឱ្យបានច្បាស់លាស់។ អីចឹង ទាមទារឱ្យក្រសួងហ្នឹង ចុះធ្វើការសម្របសម្រួល និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់ ពិសេសអាចរៀបចំជាសិក្ខាសាលា ឬក៏បង្កើតក្រុមសហគមន៍នៃការផលិតស្វាយ ឬផលិតផលអ្វីៗដែលនៅជិតៗគ្នា ក្នុងតំបន់នៃប្រទេសកម្ពុជា» ។
ក្នុងពេលចុះហត្ថលេខាលើពិធីសារកាលពីថ្ងៃម្សិលមិញនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានលើកឡើងពីស្ថិតិចុងក្រោយឆ្នាំ២០១៩ បង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួនជាង ១២ម៉ឺនហិកតា (១២៤ ៣១៩) ហើយផ្ទៃដីដែលអាចប្រមូលផលមានចំនួនជិត ១០ម៉ឺនហិកតា (៩១៣៩៨)។
ប្រភពដដែលបញ្ជាក់ថា ទិន្នផលស្វាយជាមធ្យមទទួលបានជាង ១៥តោនក្នុងមួយហិកតានៅរដូវប្រមូលផលម្តង ហើយជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ជាង ១លាន ៤៤ម៉ឺនតោន (១ ៤៤៨ ៦៧៧) ក្នុងមួយរដូវផងដែរ៕