ជម្លោះនយោបាយ កំពុងជំរុញឱ្យអ្នកវិនិយោគព្រួយបារម្ភពីហានិភ័យមុខជំនួញរបស់ពួកគេ និងជោគវាសនាពលរដ្ឋខ្មែរច្រើនលាននាក់ ពាក់ព័ន្ធវិធានការរបស់សហភាពអឺរ៉ុបដែលជំរុញឱ្យបក្សកាន់អំណាចស្តារប្រជាធិបតេយ្យឡើងវិញ។
នៅសប្តាហ៍មុននេះ តំណាងអ្នកវិនិយោគធំៗចំនួន៣ រួមមាន សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានដាក់លិខិតទៅសហភាពអឺរ៉ុប សុំពន្យារពេលអនុវត្តវិធានការដក EBA ២០ភាគរយពីកម្ពុជា។
សហភាពអឺរ៉ុបប្រកាសរួចហើយកាលពីខែកុម្ភៈថា នៅថ្ងៃទី១២ ខែសីហា គឺនៅសល់តែ ២ខែទៀតនេះ ខ្លួននឹងសម្រេចជាផ្លូវការលើវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ បើខ្លួនមើលឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនត្រូវបានស្តារឡើងវិញ តាមលក្ខខណ្ឌរបស់ខ្លួនទេនោះ។
សំណើដែលដាក់ទៅកាលពីថ្ងៃទី២ ខែមិថុនានោះ តំណាងក្រុមអ្នកវិនិយោគទាំង ៣ក្រុម បានស្នើអឺរ៉ុបពន្យារពេល ១២ខែ ដើម្បីទុកពេលស្តារសង្វាក់ផលិតកម្មរបស់ខ្លួន ក្រោយពីរងផលប៉ះពាល់ដោយកូវីដ១៩។ ប៉ុន្តែ រហូតដល់ថ្ងៃទី១០ ខែមិថុនានេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីអឺរ៉ុបនៅឡើយទេ។
ទំហំ ២០ភាគរយដែលអឺរ៉ុបនឹងកាត់នេះ ធ្វើឱ្យអ្នកវិនិយោគកម្ពុជាខាតបង់អស់ជាង ១ពាន់លានដុល្លារក្នុងឆ្នាំ។ លើសពីទំហំលុយដែលខាតបង់នេះ អ្នកឃ្លាំមើលមួយចំនួនបារម្ភពីកិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិ នឹងរងផលប៉ះពាល់ ហើយជះឥទ្ធិពលដល់ការវិនិយោគផងដែរ។
ក្រុមអ្នកវិនិយោគ បញ្ជាក់ពីមូលហេតុថា គិតត្រឹមថ្ងៃទី២ ខែមិថុនា ដែលខ្លួនផ្ញើលិខិតទៅសហភាពអឺរ៉ុបនេះ មានរោងចក្រប្រមាណ ២៥០ បានបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាកូវីដ១៩។
ក្រុមអ្នកវិនិយោគ អះអាងទៀតថា បញ្ហានេះ កម្មករប្រមាណជាង ១៣ម៉ឺននាក់ បានបាត់បង់ការងារ និងថា ចំនួននេះវានឹងកើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
អគ្គលេខាធិការសមាគមស្បែកជើងកម្ពុជា លោក បិន កែវ លើកឡើងក្នុងលិខិតនោះថា បើសហភាពអឺរ៉ុបដក EBA ដូចការគ្រោងទុក ចំពេលដែលវិស័យមួយនេះកំពុងរងផលប៉ះពាល់ពីកូវីដ១៩ លោកថា៖
«គ្រួសារកម្ពុជារាប់សែន កំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រជាថ្មី ប្រសិនបើគ្មានដំណោះស្រាយណាមួយទេនោះ»។
ជ្រុងមួយនៃបញ្ហានេះ សហភាពអឺរ៉ុបធ្លាប់ទាមទារទៅរដ្ឋាភិបាល ឱ្យបញ្ឈប់ការយាយីក្រុមអ្នកនយោបាយប្រឆាំង ស្នើឱ្យដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងឱ្យគណបក្សប្រឆាំងបានដំណើរឡើងវិញជាដើម នូវអ្វីដែលប្លុកលោកសេរីមួយនេះថា ដើម្បីធានាយន្តការប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ពោលគឺមុន១ថ្ងៃ សហភាពអឺរ៉ុបសម្រេចលើវិធានការព្យួរ EBA ២០ភារយពីកម្ពុជា។ មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ជំហរពេលនោះថា កម្ពុជាមិនយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរនឹងជំនួយណាមួយពីបរទេសឡើយ ហើយថា កង្វល់របស់អន្តរជាតិមិនមែនជាបន្ទាត់នយោបាយកម្ពុជាទេ។
លោកថា៖ «កម្ពុជាសុខចិត្តទទួលទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយពីប្រទេសក្រៅ កម្ពុជាហ៊ានលេង លើកនេះរឿងអីមិនហ៊ានលេង មិនមែនជាសារនយោបាយផ្ចាញ់ផ្ចាលទេ ក៏ប៉ុន្តែ អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង កុំមានការតក់ស្លុតឱ្យសោះ។ ប្រទេសរបស់យើង យើងជាម្ចាស់ប្រទេសនេះ យើងត្រូវតែមានសមត្ថភាពដោះស្រាយបញ្ហារបស់យើង»។
សំណួរត្រង់ថា ហេតុអ្វីអ្នកវិនិយោគចេញមុខផ្ទាល់សុំពន្យារពេលដកEBA?
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា វិស័យឯកជន ទំាងនោះអាចជួបរដ្ឋាភិបាលជាសម្ងាត់ មុនចេញលិខិតស្នើសុំសហភាពអឺរ៉ុបពន្យារពេលដកEBAនេះ ។
លោកសំអាងថា កន្លងទៅ រដ្ឋាភិបាល និងវិស័យឯកជន ធ្លាប់ជួបគ្នាជាចំហ និងសម្ងាត់តាមរយៈសភាពាណិជ្ជកម្មកម្ពុជា។
លោក មឿន តុលា និយាយទៀតថា បើគ្មានការជួបរដ្ឋាភិបាលជាមុនទេ វាជារឿងចម្លែក ព្រោះថា បញ្ហាដែលអឺរ៉ុបព្យួរផ្នែកខ្លះនៃEBA ជាបណ្តោះអាសន្នកន្លងទៅ អឺរ៉ុបបានដាក់បន្ទុកឱ្យរដ្ឋាភិបាល ដោះស្រាយនៃការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ ។
លោកថា៖ «វិស័យឯកជន និងភាគីពាក់ព័ន្ធ ត្រូវតែជំរុញទៅរដ្ឋាភិបាលកម្ពុជាហ្នឹង ដោះស្រាយបញ្ហាដែលសភាអឺរ៉ុបបានរកឃើញ ដោះស្រាយលក្ខខណ្ឌដែលសភាអឺរ៉ុបដក ឬព្យួរ ២០ភាគរយហ្នឹង អាហ្នឹងទើបត្រូវ ព្រោះកូនសោនៃដំណោះស្រាយស្ថិតក្នុងដៃរដ្ឋាភិបាលកម្ពុជា»។
លោក មឿន តុលា បង្ហាញការយល់ឃើញថា បើវិស័យឯកជនទាំងនោះមិនបានជួបរដ្ឋាភិបាលទេ ការចេញលិខិតស្នើទៅសហភាពអឺរ៉ុបឱ្យពន្យារពេលនេះ វាស្មើនឹងបន្លំភ្នែកប្រជាពលរដ្ឋខ្លួនឯង ។
អ្នកឃ្លាំមើលរូបនេះ និយាយទៀតថា ល្បែងបន្លំភ្នែកយកបញ្ហាកូវីដ១៩ជាធំ ហើយមិនបានជំរុញរដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ ទំនងជាមិនជោគជ័យក្នុងការជំរុញសហភាពអឺរ៉ុបឱ្យប្តូរចិត្តបានទេ។
លោក មឿន តុលា បង្ហាញការព្រួយបារម្ភថា វិបត្តិសង្គមវានឹងកាន់តែធ្ងន់ធ្ងរ បើរដ្ឋាភិបាលលេងល្បែងនេះ ហើយគេចវេះមិនស្តារស្ថានភាពសិទ្ធិមនុស្ស ដោយថា អឺរ៉ុបទំនងជាមិនលែងដៃក្នុងការជំរុញកម្ពុជាឱ្យវិលទៅគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អ្នកវិភាគនយោបាយដែលមានអសយដ្ឋាននៅក្រៅប្រទេស គឺលោក គឹម សុខ និយាយថា ការដែលវិស័យឯកជនចេញមុខរកការយោគយល់ពីសហភាពអឺរ៉ុបសុំពន្យារពេលដកEBAនេះ វាឆ្លុះបញ្ជាំងឱ្យឃើញបញ្ហាធំ ៣ នៅពីក្រោយ។
លោកថា អាចមកពីអ្នកចូលមកបណ្តាក់ទុនមួយចំនួននៅកម្ពុជា រកស៊ីចែកប្រយោជន៍គ្នាជាមួយអ្នកមានអំណាច ដូចនេះ ពួកគេត្រូវតែបង្ខំចិត្តចេញមុខនិយាយផ្ទាល់ជាមួយសហភាពអឺរ៉ុប និងមួយទៀត រក្សាមុខមាត់រដ្ឋាភិបាលផង។
អ្នកវិភាគរូបនេះ និយាយទៀតថា បញ្ហាទី៣ ទំនងជាអ្នករកស៊ីសុចរិតមួយចំនួន ដឹងថា មិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យវិលទៅរកគន្លងប្រជាធិបតេយ្យវិញបាន ទើបចេញមុខខ្លួនឯង។
លោកថា៖ «ពីព្រោះលោក ហ៊ុន សែន បានដាក់គោលដៅការពារអំណាចត្រកូលជាអាទិភាពជាជាងស្តារសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជាទៅហើយ ម្យ៉ាងទៀត ក្រុមអ្នកវិនិយោគិនផ្សេងនិយាយជាមួយអឺរ៉ុប បើទោះបីដឹងថា វាបញ្ច្រាសទិសពីការចង់បានរបស់អឺរ៉ុប និងក៏នៅលួចសង្ឃឹមដែរនោះគឺ ដោយសារពួកគេផ្អែកលើហេតុផលដែលអឺរ៉ុបផ្តោតលើគោលការណ៍យកចិត្តទុកដាក់លើជីវភាពកម្មករដ៏ក្រីក្រនៅកម្ពុជា»។
លោក គឹម សុខ បង្ហាញការព្រួយបារម្ភថា បើស្ថានការណ៍នយោបាយមិនអាចរកការផ្សះផ្សាជាតិទាន់ពេលទេ ប្រជាពលរដ្ឋដ៏ច្រើនលើសលុបនឹងជួបវិបត្តិអត់ការងារធ្វើ ពេលនោះវិបត្តិសង្គមនឹងចូលមកដល់។
លោកថា៖ «ពលរដ្ឋខ្មែរនឹងប្រឈមគ្រោះអត់ឃ្លានខ្លាំង ហើយប្រទេសនឹងអាចរត់ប្រណាំងនឹងវិបត្តិសង្គម វិបត្តិសន្តិសុខសង្គមពេញផ្ទៃក្នុងជាតិដែរ។ តាមពិត ក្រុមលោក ហ៊ុន សែន ក៏បានព្យាករទុកអំពីលទ្ធភាពប្រយុទ្ធនឹងវិបត្តិដ៏ធំនេះហើយដែរ ទើបក្រុមនេះខំប្រឹងធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទុកជាឧបករណ៍ប្រើកម្លាំងអាជ្ញាទប់ទល់ការជ្រួលច្របល់»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយថា តាមលក្ខខណ្ឌរបស់អឺរ៉ុប ការដោះស្រាយបញ្ហានៅលើដៃមេដឹកនាំបក្សកាន់អំណាច ហើយថា ការចង់ឱ្យសហភាពអឺរ៉ុបប្តូរចិត្ត ទាំងមិនបានធានាពីប្រព័ន្ធប្រជាធិបតេយ្យ នឹងមិនជោគជ័យទេ។
លោកថា៖ «លក្ខខណ្ឌដែលគេដាក់មកហ្នឹង ភាគច្រើនជាបន្ទុកររបស់រដ្ឋាភិបាល បើសិនជាវិស័យឯកជនចូលរួមតស៊ូមតិឱ្យមានការចូលរួមកែប្រែសិទ្ធិ [មនុស្ស] អីជាដើម ខ្ញុំគិតថា ជារឿងមួយល្អ […]។ ការតស៊ូមតិដោយមិនតម្រូវឱ្យមានការកែប្រែលក្ខខណ្ឌដែលគេដាក់ជូន ខ្ញុំគិតថានឹងមិនធ្វើឱ្យសហភាពអឺរ៉ុបប្តូរចិត្តទេ»។
លោក ប៉ិច ពិសី និយាយទៀតថា ការចេញមុខស្វែងរកការយោគយល់ពីសហគមន៍អឺរ៉ុបពីសំណាក់ក្រុមអ្នកវិនិយោគ អាចឆ្លុះបញ្ចាំងឱ្យឃើញបញ្ហាធំពីរនៅពីក្រោយ។
បើតាមលោក ពិសី បញ្ហាទី១ អាចថា អ្នកវិនិយោគទាំងនោះ បារម្ភពីហានិភ័យមុខជំនួញរបស់ពួកគេ ខណៈមិនទាន់រើខ្លួនរួចពីកូវីដ១៩ ត្រូវបង់ពន្ធ ២០ភាគរយលើទំនិញនាំចេញ បើគ្មានការពន្យារពេល និងទី២ អាចជាសញ្ញាប្រាប់ថា ពួកគេកំពុងត្រៀមចេញពីកម្ពុជា បើសិនជាមានហានិភ័យលើមុខជំនួញរបស់ពួកគេមែននោះ។
លោកថា៖ «បើសិនជាយើងមានហានិភ័យច្រើនហើយ យើងគួតែដោះបញ្ហាមួយទៅធ្វើការឆ្លើយតបទៅនឹងអនុសាសន៍របស់សហភាពអឺរ៉ុប ដើម្បីធ្វើម៉េចកុំឱ្យគេដាក់ទណ្ឌកម្មទៅលើអីវ៉ាន់នាំចូលទៅអឺរ៉ុប ជាការជួយមួយដ៏ប្រសើរដែរក្នុងការជួយស្តារសេដ្ឋកិច្ចរបស់យើង ព្រោះអាចឱ្យក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនដែលទ្រទ្រង់សេដ្ឋកិច្ចសង្គម ពិសេសកម្មករ និងវិស័យផ្សេងៗទៀត មានម្ហូបអាហារ ផ្ទះសំណាក់អី គាត់អាចដើរចរន្តសង្គមធម្មតាទៅ អាចជួយបានដែរ»។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ផ្តល់ជាយោបល់ថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហាសង្គមក្នុងកាលៈទេសៈនៃវិបត្តកូវីដ១៩ និងសម្ពាធអន្តរជាតិនេះបាន ដោយគ្រាន់តែរៀបចំខ្លួនវិលទៅស្តារស្ថានភាពសិទ្ធិមនុស្ស ជំរុញដំណើរការប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕