រដ្ឋា​ភិបាល​​ដាក់​​ដំណើរ​ការ​​ប្រព័ន្ធ​​ចុះ​បញ្ជី​​អាជីវ​កម្ម​​តាម​​អន​​ឡាញ​​

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុ​នីរ័ត្ន ថ្លែងក្នុង “ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​លើ​អន​ឡាញ​ ដោយ​ថា​ ដើម្បី​លើកកម្ពស់​ការប្រកួត​ប្រជែង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។ 

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​រួម​សម្រាប់​ការចុះបញ្ជី​អាជីវកម្ម​នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ លោក ផាន់ ផល្លា មានប្រសាសន៍​ថា តាម​រយៈ​ប្រព័ន្ធ​ថ្មីនេះ អ្នក​ចុះបញ្ជី​នឹង​ចុះបញ្ជី​តែមួយ​លើក​គត់​ក្នុង​ការ​ស្នើសុំ​បើក​អាជីវកម្ម​ខ្លួន​នៅ​កម្ពុជា ដែល​ទិន្នន័យ​ដែល​បាន​ចុះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុម័ត​យល់ព្រម។ 

លោក​បន្ថែម​ថា៖ «និយាយ​ជា​រួម​ ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ធុរជន​អាច​ធ្វើការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ធ្វើ​សេចក្តី​ប្រកាស​ជូន​ព័ត៌មាន​ពី​ការ​បើក​សហគ្រាស​ទៅ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈក្នុង​ពេល​តែមួយ និង​ត្រូវការ​ពេលវេលា​យ៉ាង​យូរ​ត្រឹម៨ថ្ងៃ​នៃ​ថ្ងៃធ្វើការ​តែប៉ុណ្ណោះ»។ 

បើ​តាម​លោ​ក ផាន់ ផល្លា ការចុះបញ្ជី​តាម​អន​ឡា​ញថ្មីនេះ​ បាន​ជួយ​កាត់បន្ថយ​ចំណាយ​ជាច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ចង់បើ​កអាជីវ​កម្ម។ 

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុ​នីរ័ត្ន មានប្រសាសន៍​ថា​ កន្លងមក ​វិស័យ​ឯកជន​បាន​បង្ហាញ​ពី​កង្វល់ និង​លើកឡើង​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើ​ការចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា ​ដែល​ត្រូវ​ប្រើ​ពេល​យូរ ចំណាយ​ថវិកា​ច្រើន ឆ្លងកាត់​នីតិវិធី​ច្រើន និង​ស្មុគស្មាញ នៅ​តាម​ក្រសួង​ស្ថាប័ន​ជាច្រើន​ដាច់ដោយឡែក​ពីគ្នា ដែល​តម្រូវ​ឱ្យ​មានការ​ផ្ដល់​ព័ត៌មាន​ច្រើនដង និង​ច្រំដែល។ លោក​ជឿ​ថា តាម​រយៈ​ការបង្កើត​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ថ្មីនេះ​ នឹង​ជួយ​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​របស់​វិនិយោគិន ក៏ដូចជា​លើកទឹកចិត្ត​ដល់​អាជីវ​កម្ម​ថ្មី​ៗផង​ដែរ។ 

លោក ​អូន ព័ន្ធ​មុ​នីរ័ត្ន មានប្រសាសន៍​ថា៖ «គឺជា​ការកែទម្រង់​ដ៏​ធំ​មួយ​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ ជាពិសេស​គឺ​ការកែទម្រង់​ផ្នត់គំនិត និង​របៀប​ធ្វើការ​របស់​មន្ត្រី ទាំង​ការ​ប្រែក្លាយ​ពី​ការពិនិត្យ​ឯកសារ​ជា​ទម្រង់​រូបី​ទៅជា​ទម្រង់​អេ​ឡិច​ត្រូ​និច ការ​ពង្រឹង​កិច្ចសហការ​រវាង​ស្ថាប័ន និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​សា​ធា​រណៈ ព្រមទាំង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ តាមរយៈ​ការ​លុបបំបាត់​នូវ​ការ​តម្រូវ​ឱ្យ​មានការ​ជួបគ្នា​រវាង​មន្ត្រី និង​អតិថិជន​ដែល​ត្រូវការ​សេវា​របស់​ស្ថាប័នរដ្ឋ»។

ធុរជន​ដែល​ចង់​ធ្វើការ​ចុះបញ្ជី​អាជីវកម្ម​ អាច​ចូល​ទៅ​ធ្វើការ​ចុះបញ្ជី​បាន​តាមរយៈ​គេហទំព័រ www.registrationservices.gov.kh។ 

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ប៉ិច ពិសី មានប្រសាសន៍​ថា ​ការចុះបញ្ជី​អាជីវកម្ម​កាលពី​ពេលកន្លងមក​ បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ និង​ភាព​មិន​ប្រក្រតី​ច្រើន ជាពិសេស​គឺ​អំពើពុករលួយ​តែម្ដង។ លោក​បន្ថែម​ថា​ ការចុះបញ្ជី​តាម​អន​ឡា​ញ ​នឹង​លុបបំបាត់​នូវ​បញ្ហា​ទាំងនេះ ដែល​នឹង​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យ​រីក​ចម្រើន​ផង​ដែរ។

លោក​បន្ថែម​ថា៖ «វា​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ដែល​យើង​ស្វាគមន៍​ ហើយ​សុំ​ឱ្យ​មានការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ព្រោះ​ប្រសិនជា​យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន​មានប្រសិទ្ធភាព យើង​អាច​ជួយ​ក្រុមហ៊ុន​ឯកជន​ទទួល​សេវា​បាន​លឿន​ ហើយ​សម្រួលកិច្ច​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​គាត់»។ 

កាលពី​ឆ្នាំ២០១៩ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​សរសេរ​ក្នុង​សៀវភៅ​«ស» របស់​ខ្លួន​ថា គម្រោង​វិនិយោគ​របស់​អ្នក​វិនិយោគ​មួយចំនួន​ បាន​ជួបប្រទះ​ឧបសគ្គ ឬមានការ​យឺតយ៉ាវ​ខ្លាំង​ដោយសារ​នីតិវិធី​ស្មុគស្មាញ​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តែម្ដង ដែល​អឺរ៉ុប​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ពី​បញ្ហា​នេះ និង​ជំរុញ​ដល់​កម្ពុជា​ឱ្យ​បង្កើត​តុលាការ​រដ្ឋបាល​មួយ​ផង​ដែរ។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ ក្រសួងសេដ្ឋកិច្ច​បញ្ជាក់​ថា ក្រោម​ប្រព័ន្ធ​ចុះបញ្ជី​ថ្មីនេះ ​អ្នក​ចុះបញ្ជី​គឺ​ធ្វើការ​ចុះ​តែម្ដង​គត់ ហើយ​ទិន្នន័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​ពិនិត្យ និងអនុម័ត ដោយ​ថា ​នឹង​លែង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការចុះបញ្ជី ក៏ដូចជា​ការប្រើ​ប្រាស់​ក្រដាស​ច្រើន​ដូច​ពីមុន​ទៀត​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ