មន្ត្រី​​កសិកម្ម​​អះ​អាង​​ថា​ កម្ពុជា​​នាំ​ចេញ​​អង្ករ​​ទៅ​​ទីផ្សារ​​អន្តរ​ជាតិ​​កើន​ឡើង​​ជិត​៥០​ភាគ​រយ​៥​ខែ​​ដើម​ឆ្នាំ​​នេះ​

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ (ណាត សុភាព/ មករា ២០១៩)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម បាន​អះអាង​ថា រយៈពេល ៥ខែ​ដើមឆ្នាំ២០២០ ការ​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ទីផ្សារ​អន្តរជាតិមានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​មានការ​កើនឡើង​ជាង ៤២ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃម្សិលមិញ​នេះ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ មានប្រសាសន៍​ថា បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងរយៈពេល ៥ខែ​ឆ្នាំ២០២០នេះ មាន​ចំនួន​ជាង ៣សែន ៥ម៉ឺន​តោន​ (៣៥៦ ០៩៧​)។

លោក​ថា ចំនួន​នេះ​មានការ​កើនឡើង​ជាង ១សែន​តោន​ (១០៥ ៩២៥​) ឬមាន​កំណើន ៤២,៣៤ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល ៥ខែ​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ដែល​អង្ករ​កម្ពុជា​នាំចេញ​ មាន​ចំនួន​ត្រឹមតែ​ជាង ២៥ម៉ឺន​តោន ​(២៥០ ១៧២)។

លោក​ថា ទិន្នន័យ​អង្ករ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​ទាំងនោះ រួមមាន សហភាព​អឺរុប​ មានការ​កើនឡើង ៥១,១០ភាគរយ ប្រទេស​ចិន​កើនឡើង ២៥,២៦ភាគរយ បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​កើនឡើង ៤៥,៣៩ភាគរយ និង​ទីផ្សារ​ប្រទេស​ដទៃទៀត​កើន​ចំនួន ៧៩,៤០ភាគរយ។

លោក​បន្ត​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ហើយក៏​ប្រហែល​ដោយសារ​បញ្ហា​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដែល​ធ្វើ​ឱ្យ​តម្រូវការ​ស្បៀង ​ពិសេស​អង្ករ​ មានការ​កើនឡើង។

លោក ងិន ឆាយ មានប្រសាសន៍​ថា៖ «៥ខែ​ដើមឆ្នាំ​នេះ ការនាំចេញ​អង្ករ​របស់​យើង​មានការ​កើនឡើង រហូតដល់ ៤២,៣៤ភាគរយ។ នេះគឺជា​សញ្ញា​មួយ​ល្អ ហើយ​ប្រហែលជា​ដោយសារ​ជំងឺ​កូ​វីដ១៩ ក៏​មិនដឹង ឬក៏​ដោយសារ​បញ្ហា​ផ្សេង​ៗ។ បាទ​! យើង​សង្កេតឃើញ​ថា នៅ​បណ្តា​ប្រទេស​មួយចំនួន គឺ​គេ​បាន​កុម្ម៉ង់​អង្ករ ពិសេស​អង្ករ​ក្រអូប​ទៅកាន់​សហគមន៍​អឺរ៉ុប​ហ្នឹង​មានការ​កើនឡើង»។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម​ដដែល បង្ហាញ​ក្តី​រំពឹង​ថា ក្នុង​ឆ្នាំ២០២០ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ អាច​នឹង​ឈាន​ទៅដល់​ជិត ១លាន​តោន ឬ១លាន​តោន។

របាយការណ៍​របស់ក្រ​សួង​កសិកម្ម ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​ជាង ៦២ម៉ឺន​តោន ​(៦២០ ១០៦​) ប៉ុន្តែ ចំ​នួនេះ​មានការ​ថយ​ចុះ​ចំនួន​ជិត ១ភាគរយ​(០.៩០ភាគរយ​) បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨ ដែល​មាន​ចំនួន ៦២៦,២២៥តោន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ