កម្ពុជារកឃើញមនុស្សម្នាក់ទៀតឆ្លងវីរុសកូរ៉ូណា ក្រោយធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយមនុស្សជាង ១០០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយបុរសម្នាក់នោះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដានសុខភាពបន្ត។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញករណីកូវីដ១៩ លើបុរសជនជាតិខ្មែរអាមេរិកាំងម្នាក់ ក្រោយពីលោកបានចាកចេញពីសហរដ្ឋអាមេរិក មកដល់កម្ពុជាកាលពីថ្ងៃ២១ ខែមិថុនា ដើមសប្ដាហ៍នេះ។
ក្រៅពីរកឃើញករណីនេះ មនុស្សចំនួន ១១១នាក់ផ្សេងទៀត ក្នុងនោះស្រី ៤១នាក់ ដែលធ្វើតេស្តពុំឃើញវិជ្ជមានកូវីដ១៩ ក៏ត្រូវដាក់បន្តតាមដានសុខភាព ១៤ថ្ងៃផងដែរ។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន បុរសជនជាតិខ្មែរអាមេរិករូបនោះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតរហូតមកដល់ថ្ងៃទី២៣ ខែមិថុនានេះ កម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣០នាក់ ក្នុងនោះស្រី ៣៩នាក់ ព្យាបាលជា ១២៧នាក់ នៅសល់ ៣ករណីទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ១៧ ខែមិថុនា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសម្រេចឱ្យពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេស ឬប្រើប្រាស់ទិដ្ឋាការពិសេស អាចធ្វើដំណើរចូលមកកម្ពុជាដោយមិនចាំបាច់តម្រូវឱ្យតម្កល់ប្រាក់ ៣ ០០០ដុល្លារ សម្រាប់ចំណាយលើសេវាសុខាភិបាលទាក់ទងនឹងវិធានការត្រួតពិនិត្យ និងព្យាបាលវីរុសកូរ៉ូណានោះឡើយ៕