បទ​​យក​ការណ៍​៖ ក្រសួង​​អប់រំ​​រៀប​ចំ​​មជ្ឈ​មណ្ឌល​​អប់រំ​​ឌីជីថល ​ដើម្បី​​ពង្រឹង​គុណ​ភាព​​តាម​​អន​​ឡាញ​​

រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​អ្នកស្រី គឹម សេដ្ឋា​នី រៀបរាប់ និងណែនាំ​​ដោយ​ផ្ទាល់​នៅ​ក្នុង​ផ្ទះ​វីឡា​កម្ពស់ពីរ​ជាន់​ដែល​ជា​អតីត​ផ្ទះ​សម្រាប់​នាយក​សាលា និង​នាយករង​ក្នុង​សម័យ​អាណានិគម​បារាំង​ ដែល​នឹង​ត្រូវ​រៀបចំ​ជា​មជ្ឈមណ្ឌល​សិក្សា​អន​ឡា​ញ។ (ហ៊ុន សិរីវឌ្ឍន៍/ ២២ មិថុនា ២០២០)

«ស្ថានភាព​កូ​វី​ដនេះ​បាន​បង្ខំ​ឱ្យ​យើង​ធ្វើ១០ឆ្នាំមុន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន» នេះ​ជា​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួន​ណា​រ៉ុន ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​អាគារ «មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ» កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

អាគារ​នេះ​ស្ថិត​ក្នុង​បរិ​វេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្ថិតតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​ព្រះសុគន្ធ​មានបុណ្យ។ 

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​អាគារ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោ​ក ហង់ ជួន​ណា​រ៉ុន មានប្រសាសន៍​ថា ការបង្កើត​មជ្ឈមណ្ឌល​នេះ​គឺ​ចេញពី​ការ​ស្ម័គ្រចិត្ត​របស់​មន្ត្រី ដោយមាន​ថវិកា​របស់​ក្រសួង និង​ម្ចាស់​ជំនួយ​មួយចំនួន ដែល​លោក​ចាត់ទុកថា ​ជា​ការ​ផ្ដើម​ឡើង​ដោយ​បាតដៃ​ទទេ​សុទ្ធសាធ។

លោក​បន្ថែម​ថា៖ «ដូច្នេះ​ ការរៀបចំ​នេះ​ គឺ​យើង​រៀបចំ​ពី​បាតដៃ​ទទេ​ពី​ដំបូង​ ហើយ​បន្ទាប់មក​ទៀត​ មានការ​ជួយ​គាំទ្រ​ខ្លះ​ពី​ដៃ​គូ។ អ៊ីចឹង​ដៃ​គូមួយចំនួន​គឺ​គាត់​ជួយ​គាំទ្រ​តាម​លទ្ធភាព​របស់​គាត់​ព្រោះថា​ អត់មាន​អ្នកណា​គេ​គ្រោង​ថា​មាន​កូ​វី​ដនេះ​ទេ អត់មាន​បាន​គ្រោង​ថវិកា​ជាមុន​ទេ»។ 

រដ្ឋមន្ត្រី​អប់រំ​បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​អប់រំ​ឌីជីថល​នេះ​ចែកចេញជា ៤ផ្នែក ដោយមាន​កន្លែង​ថត​ (ស្ទូឌីយោ​) ២កន្លែង ​សម្រាប់​ថត​វីដេអូ​បង្រៀន សាល​វេទិកា​ពិភាក្សា​ការអប់រំ​ឌីជីថល ថ្នាក់​ឆ្លាតវៃ និង​កន្លែង​ស្ដុក​ទិន្នន័យ។ លោក​បន្ថែម​ថា ​ក្រោយ​បញ្ចប់​កូ​វីដ១៩ ក្រសួង​នឹង​បន្ថែម​ការអប់រំ​តាម​ឌីជីថល​នេះ​ក្នុង​កម្មវិធី​សិក្សា​ផង​ដែរ។

លោក​ថា៖ «យើង​នឹង​បង្រៀន​តាម​បែប​ចម្រុះ ទាំង​អន​ឡាញ ទាំង​នៅក្នុង​ថ្នាក់រៀន។ ហើយ​ដើម្បី​យើង​វាយតម្លៃ​ហើយ​ នៅពេល​ដែល​យើង​ឃើញថា​ ស្ថានភាព​អាច​ធម្មតា​ហើយ​ ទើប​យើង​ឱ្យ​បង្រៀន​ក្នុង​ថ្នាក់រៀន​កាន់តែ​ច្រើន ​ប៉ុន្ដែ​ អន​ឡា​ញនៅ​តែ​បន្ត​ក្នុង​កម្រិត​មួយ​ដែល​ជាផ្នែក​មួយ​នៃ​ការ​បង្រៀន​តាម​បែប​ទំនើប»។ 

អាគារ​នេះ​នៅ​មិនទាន់​បំពាក់​ឧបករណ៍​គាំទ្រ​ដល់​ការ​បង្រៀន​តាម​អន​ឡា​ញនៅ​ឡើយ​ទេ ដោយ​ក្រសួង​នៅ​ត្រូវការ​ពេល​រៀបចំ​ពី ៣ ទៅ ៤ខែ​ទៀត។ តែ​ទោះជាយ៉ាងណា​ លោក​ថា ​ការរៀបចំ​បន្ទប់​ថត​ នឹង​រៀបចំ​ឱ្យ​បាន​លឿន។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​អ្នកស្រី គឹម សេដ្ឋា​នី ជា​អ្នកនាំ​ផ្លូវ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ផ្ទះ​វីឡា​កម្ពស់ពីរ​ជាន់​ដែល​ជា​អតីត​ផ្ទះ​សម្រាប់​នាយក​សាលា និង​នាយករង​ក្នុង​សម័យ​អាណានិគម​បារាំង​ ដែល​នឹង​ត្រូវ​រៀបចំ​ជា​មជ្ឈមណ្ឌល​សិក្សា​អន​ឡា​ញនេះ។

បើ​តាម​អ្នក​ស្រី ​គឹម សេដ្ឋា​នី អាគារ​នេះ​ត្រូវ​រក្សា​រចនាប័ទ្ម​ដើម​ទាំងស្រុង​ពី​ខាងក្រៅ តែ​ខាងក្នុង​នឹង​មានការ​បំពាក់​នូវ​បច្ចេកវិទ្យាទំនើប ដែល​បង្ហាញ​អត្ថន័យ​ពី​ការ​ផ្សារភ្ជាប់​ការអប់រំ​បែប​ប្រពៃណី ជាមួយនឹង​ការអប់រំ​បែប​ឌីជីថល។

អ្នកស្រី​មានប្រសាសន៍​ថា៖ «ហេតុ​អី​បាន​ជា​យើង​ជ្រើសរើស​សាលា​ស៊ីសុវត្ថិ​? ព្រោះ​សាលា​ស៊ីសុវត្ថិ​ ជា​សាលា​វិទ្យាល័យ​ដំបូង​គេ​នៅ​ស្រុកខ្មែរ។ ស៊ីសុវត្ថិ​ គឺជា​សាលា​ដែល​យើង​បាន​ជ្រើសរើស​ដំបូង​គេ​នៅ​ស្រុកខ្មែរ​ ជា​សាលារៀន​ជំនាន់​ថ្មី សម្រាប់​អនុវត្តន៍​នូវ​កម្មវិធី​ថ្មី​សម្រាប់​ការអនុវត្ត​​ក្នុង​សតវត្ស​ទី២១។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ជ្រើសរើស​ស៊ីសុវត្ថិ។ ហើយ​ដូច​ខ្ញុំ​ជម្រាបអ៊ី​ចឹង​ គោលគំនិត​ គឺ​ការ​ផ្សារភ្ជាប់​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​ពី​សម័យ​បុរាណ​មក ​ទៅ​យុគសម័យ​នៃ​ការអប់រំ​បច្ចេកវិទ្យា»។

នៅ​ផ្នែក​ខាងលើ​នៃ​អាគារ​ នឹង​ត្រូវ​រៀបចំ​ជា​បន្ទប់​ស្ទូឌីយោ​ចំនួន​ពីរ ដែល​មាន​មួយ​ជា​បន្ទប់​ធំ ដោយមាន​បន្ទប់​គ្រប់គ្រង​មួយ។ នៅ​ផ្នែក​ខាងក្រោម ​នឹង​ត្រូវ​រៀបចំ​ជា​បន្ទប់​កុំព្យូទ័រ បន្ទប់​ឆ្លាត​វៃ និង​សាល​វេ​ទិ​កាឌីជីថល។ 

អ្នក​ស្រី ​គឹម សេដ្ឋា​នី បន្ថែម​ថា៖ «កន្លែង​នេះ ​គឺ​មិនមែន​ជា​របស់​សាលា​ស៊ីសុវត្ថិ​ទេ ​គឺជា​របស់ក្រ​សួង​ ដោយសារតែ​បន្ទប់​កុំព្យូទ័រ ឬបន្ទប់​ឆ្លាត​វ័យ​ជាដើម ​គឺ​ក្រសួង​ជា​អ្នក​រៀបចំ ហើយ​នៅពេល​មានកម្ម​វិធី​អី​ផ្សេង ​ដូចជា Technovation ឬអ្វី​ៗទាក់ទង​នឹង​បច្ចេកវិទ្យា ​គឺ​យើង​នឹង​រៀបចំ​ ហើយ​យើង​នឹង​រៀបចំ​ជា​កម្មវិធី​សម្រាប់​ឱ្យ​សិស្ស​ចូលរួម​បាន។ ឧទាហរណ៍​នៅ Smart Classroom យើង​បំពាក់​នូវ​ឧបករណ៍ Visual Equipment អី​ជាដើម​ អ៊ីចឹង​យើង​អាច​រៀប Tour ដើម្បី​ឱ្យ​សាលា​គាត់​អាចម​កចូលរួម​នូវ​អ្វី​ដែល​ជា​បច្ចេក​វិទ្យា​ថ្មី​ៗពាក់ព័ន្ធ​នឹង​ការអប់រំ​នេះ»។

ក្រោយ​កម្ពុជា​រក​ឃើញ​ជំងឺ​កូ​វីដ១៩ក្នុង​ប្រទេស​កាលពីដើម​ឆ្នាំនេះ ​ក្រសួង​អប់រំ​ ដោយ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ទៅកាន់​សិស្សនិស្សិត នៅ​ថ្ងៃទី១៦ ខែមីនា បានសម្រេច​ឱ្យ​សាលា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បិទទ្វារ និង​ងាក​មក​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ ដោយ​មិនទាន់​កំណត់​​ថ្ងៃ​ចូលរៀនវិញ​នៅឡើយ​ទេ។ 

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ មានប្រសាសន៍​ថា​ ឧបសគ្គ​នៃ​ការសិក្សា​តាម​អន​ឡា​ញនៅ​កម្ពុជា ​គឺ​ទាក់ទង​នឹង​ការគ្រប់គ្រង ការ​តាមដាន​សិស្ស បច្ចេកទេស​បង្រៀន​របស់​គ្រូ​មួយចំនួន​ដែល​មិនទាន់​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ និង​កង្វះ​សម្ភារ​ក្នុង​ការ​គាំទ្រ​ដល់​សិស្ស​នៅ​មូលដ្ឋាន​តែម្ដង។

ទោះជាយ៉ាងណា​ លោក​បាន​ចាត់ទុកថា ​ការរៀបចំ​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​នេះ ​ជា​រឿង​មួយ​វិជ្ជមាន​ដល់​ការអប់រំ​នៅ​កម្ពុជា។ 

លោក​មានប្រសាសន៍​ថា៖ «អ៊ីចឹង​ បើ​ពួក​គេ​ទៅ​មួយ​ជំហាន​ទៀត​នៅក្នុង​ការ​បន្សាំការប្រើ​ប្រាស់​ស្មា​តហ្វូ​នឱ្យ​ចំ​គោលដៅ យក​ទៅ​ប្រើ​សម្រាប់​ការរៀនសូត្រ សម្រាប់​ការចែក​រំលែក​ព័ត៌មាន​ដែល​មានប្រយោជន៍​សម្រាប់​ការសិក្សា ​នេះ​ជា​រឿង​មួយ​ល្អ។ ខណៈ​ពេលនេះ​ យើង​ឃើញ​មានការ​ប្រើប្រាស់​ផុលផុស​នូវ Facebook និង YouTube រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ឥលូវនេះ ​គេ​កំពុងតែ​ផ្ដោត​តែ​លើ​ការ​កម្សាន្តទេ។ ប៉ុន្ដែ​ គួរតែ​ចេញ​មួយ​ជំហាន​ទៀត​ពី​ការកម្សាន្ត​ទៅជា​ការរៀនសូត្រ ខ្ញុំ​គិតថា​អាច​ទៅរួច​ ហើយ​នេះ​ជា​ដំណើរ​វិវត្តន៍​មួយ​ដែល​មិនមែន​តែ​កើត​នៅ​កម្ពុជា វា​ជា​និន្នាការ​សកល​ទៅ​ហើយ»។ 

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​ប៉ាន់ប្រមាណ​ថា សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​បឋម​ដល់​វិទ្យាល័យ​មាន​ជាង ៣លាន​នាក់ ក្នុង​នោះ ៣០ភាគរយ​នៃ​សិស្ស​ទាំងនោះ​ ពុំ​ទទួល​បានការ​សិក្សា​តាម​អន​ឡាញ និង​ការសិក្សា​ពី​ចម្ងាយ​បាន​ពេញលេញ​នោះ​ទេ ដោយ​លោក​ថា ​ក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​នៅពេល​ដែល​សាលា​បើក​ឡើងវិញ​ក្រោយ​ចប់​វិបត្តិ​កូ​វីដ១៩។ 

ទោះជាយ៉ាងណា ​លោក​បាន​ចាត់ទុក​ឧបសគ្គ​នៃ​វិបត្តិ​កូ​វីដ១៩ គឺជា​បទពិសោធន៍ និង​ជា​ការ​ពង្រឹង​នូវ​សមត្ថភាព​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា។ 

លោក​មានប្រសាសន៍​ថា៖ «យើង​អត់​អរគុណ​កូ​វី​ដទេ​! តែ​យើង​បាន​ប្រែក្លាយ​វិបត្តិ​កូ​វី​ដនេះ​ជា​ឱកាស អ៊ីចឹង​បើសិនជា​យើង​មិនបាន​ខិតខំ​ប្រឹងប្រែង​កែប្រែ​ទេ ​យើង​ក៏​អត់​បាន​បង្រៀន​តាម​អន​ឡាញ​ដែរ។ យើង​មិន​អរគុណ​កូ​វី​ដទេ​! ព្រោះ​វា​បាន​បង្កើត​បញ្ហា​ទូទាំង​មនុស្សជាតិ មាន​កូ​វី​ដនេះ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ក៏​ធ្លាក់ចុះ បច្ចេកវិទ្យា​ក៏​ធ្លាក់ចុះ ស្អី​ៗក៏​ធ្លាក់ចុះ​ទាំងអស់​ តែ​យើង​ត្រូវ​ជម្នះ​កូ​វីដ​នេះ ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ ហើយ​តាមរយៈ​ការ​ពន្លឿន​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការអប់រំ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ