លោក ហ៊ុន សែន ចាត់​ទុក​​ថ្ងៃ​៧​កក្កដា​​ជា​​ប្រវត្តិ​សាស្ត្រ​​ថ្មី​​ក្រោយ​​ប្រាសាទ​ព្រះ​វិហារ​​ចុះ​បញ្ជី​​នៅ​​យូ​ណេស្កូ​​

ប្រាសាទព្រះវិហារដែល​ស្ថិត​លើកំពូល​ភ្នំដងរែក​ជាប់​តំបន់​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ខេត្តព្រះវិហារ។

គិត​មកដល់​ថ្ងៃនេះ វា​ជា​ខួប១២ឆ្នាំ​ហើយ​នៃ​ការ​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ (UNESCO​) បន្ទាប់ពី​មានការ​ជំទាស់​ពី​ប្រទេស​ថៃ។

លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ឡើងវិញ​អំពី​ការ​ដាក់បញ្ចូល​ប្រាសាទបុរាណ​កម្ពុជា​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​នោះ ដោយ​លោក​ចាត់ទុក​ថ្ងៃនេះ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ថ្មី បន្ទាប់ពី​កម្ពុជា​បាន​ឈ្នះក្ដី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ប្រាសាទព្រះវិហារដែល​ស្ថិត​លើកំពូល​ភ្នំដងរែក​ជាប់​តំបន់​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ខេត្តព្រះវិហារ ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិមនុស្ស​ជាតិ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុង​សេចក្ដីសម្រេច​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​កេ​បិច ប្រទេស​កាណាដា។​

ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា៖ «ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡា​អេ​នា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២»។

ឯកសារ​របស់​បណ្ឌិត​សាស្ត្រា​ចារ្យ មី​សែល ត្រា​ណេ បោះពុម្ព​ឆ្នាំ២០០៨ បានឱ្យ​ដឹង​ថា ប្រាសាទព្រះវិហារ​ត្រូវ​បាន​ផ្ដើមកសាង​ឡើង​ដោយ​ព្រះរាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី១ ដែល​គ្រងរាជ្យ​ពីឆ្នាំ៨៨៩ ដល់​ឆ្នាំ៩០០ នៃ​គ្រិស្តសករាជ។ 

ឯកសារ​ដដែល​បន្ត​ថា ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​បន្ត​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យ​វរ្ម័ន​ទី១ ដែល​សោយរាជ្យ​ពីឆ្នាំ១០០២ ដល់​ឆ្នាំ១០៥០ នៃ​គ្រិស្តសករាជ។ ដោយឡែក ​ព្រះបាទ សូរ្យ​វរ្ម័ន​ទី២ ដែល​បាន​សោយរាជ្យ​ពីឆ្នាំ១១១៣ ដល់​ក្រោយ​ឆ្នាំ១១៤៥ នៃ​គ្រិស្តសករាជ ព្រះអង្គ​ក៏បាន​សាងសង់​បន្ថែម​ផង​ដែរ។

កាលពី​ថ្ងៃទី១៦ ខែមិថុនា នៅក្នុង​ឆ្នាំ១៩៦២ តុលាការ​អន្តរជាតិ​ទីក្រុង​ឡា​អេ​បាន​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុងទឹក​ដី​កម្ពុជា ប៉ុន្តែ ជម្លោះទឹកដី​នៅ​ជុំវិញ​ប្រាសាទ​នោះនៅតែ​បន្ត និង​ឈាន​ដល់​ការ​ប្រឈម​ផ្នែក​យោធា​ដាក់គ្នា​រវាង​កម្ពុជា និង​ថៃ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ២០០៨។

កាលពី​ឆ្នាំ២០១៣ តុលាការ​អន្តរជាតិ​ក្រុង​ឡា​អេ បាន​កំណត់​ថា ប្រទេស​កម្ពុជា​មាន​អធិបតេយ្យ​ភាព​ទឹកដី​ដែល​នៅ​ជុំវិញ​ទីតាំង​ប្រាសាទ ហើយ​តុលាការ​អន្តរជាតិ​មួយ​នេះ​ក៏បាន​បង្គាប់​ឱ្យ​ទាហាន​ថៃ​ត្រូវ​ដកទ័ព​ចេញពី​ទីតាំង​ជុំវិញ​ប្រាសាទ​នោះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ