តុលាការ​​ថា​ សកម្ម​ភាព​​ជួប​​ជាមួយ​​ប្រជា​ពលរដ្ឋ​​ពី​សំណាក់​​លោក​ កឹម​ សុខា​ អាច​​ជា​​ការ​​ដើរ​​ហួស​​ព្រំដែន​​

លោក កឹម សុខា ចុះជួបសំណេះសំណាលប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក កឹម សុខា)

តុលាការក្រើន​រំលឹក​ដល់​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច ដែល​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​កន្លងមក ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​រួចផុត​ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ។

ការ​រំលឹកនេះ ក្រោយពី​លោក កឹម សុខា បាន​ធ្វើដំណើរ​ជួប​ជាមួយ​មនុស្ស​មួយចំនួន​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​នៅក្នុង​ខែកក្កដា​នេះ។ 

កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា​ឆ្នាំមុន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បានសម្រេច​ចេញដីកា​កែប្រែ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ទៅលើ​ជនជាប់ចោទ​ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ច្រើនជាង​មុន បន្ទាប់ពី​លោក​ជាប់ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល​ប្រមាណ ១ឆ្នាំ។ 

ត្បិត​តែ​ដីកាសម្រេច​នោះ​ផ្តល់​សេរី​ភាពដល់​លោក កឹម សុខា ច្រើនជាង​មុន​ក្តី ប៉ុន្តែ ក្នុង​ដីកា​បញ្ជាក់​ថា អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​អាច​ចេញទៅ​ក្រៅប្រទេស និងមិន​អាច​ធ្វើសកម្មភាព​នយោបាយ​បាន​ឡើយ ព្រមទាំង​ត្រូវ​ឆ្លើយតបទៅនឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​ផង​ដែរ។ 

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី២០ ខែកក្កដា ដោយ​បញ្ជាក់​ថា នា​ពេល​ថ្មី​ៗនេះ ជនជាប់ចោទ​ លោ​ក កឹម សុខា បាន​ធ្វើសកម្មភាព​មួយចំនួន​ ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត ដែល​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ការ​ប្រមូល​ផ្តុំ ឬការ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​ក្រោម​រូប​ភាព​ផ្សេង​ៗ។ 

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា សកម្មភាព​ទាំងនោះអាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬនាំទៅ​ដល់​ការបំពាន​លើ​កាតព្វកិច្ច​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការដែល​តម្រូវ​ទៅលើ​ជនជាប់ចោទ។

លិខិត​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ត​ថា៖ «ក្រុមប្រឹក្សា​ជំនុំជម្រះធ្វើការ​ក្រើនរំលឹក​ជនជាប់ចោទត្រូវ​មានស្មារតី​គោរព​ឱ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់លើ​ជនជាប់ចោទ ដូច​មាននៅ​ក្នុង​ដីកាសម្រេច​ខាងលើ​នេះ ហើយដែល​មាន​អានុភាព​រហូតដល់​ពេល​សាលក្រម​ត្រូវ​បាន​ប្រកាស​ស្របតាម​បញ្ញត្តិ​មាត្រា៣៥២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ»។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ មិន​មានប្រសាសន៍​បន្ថែម​លើ​បញ្ហា​នេះ​ឡើយ ដោយ​រុញ​ទៅសួរ​អ្នកនាំពាក្យ ហើយ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​មិន​មាន​អ្វី​បន្ថែម​លើ​លិខិត​នេះ​ដែរ។ 

លោក អ៊ី រិន្ទ លើកឡើង​ថា៖ «ក្នុង​លិខិត​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ហ្នឹង​បាន​បរិយាយ​លម្អិត​អស់ហើយ​បាទ»។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា មួយ​រូប គឺ​អ្នកស្រី ម៉េ​ង សុភារី អះអាង​ថា កូនក្ដី​របស់​អ្នកស្រី​មិនបាន​ធ្វើសកម្មភាព​ល្មើស​នឹង​បម្រាម​របស់​តុលាការ​នោះ​ឡើយ ហើយ​អ្នកស្រី​ចាត់ទុក​លិខិត​របស់​តុលាការ​ថា គ្រាន់តែ​ជា​ការ​ក្រើន​រំលឹក​ប៉ុណ្ណោះ។

អ្នកស្រី ម៉េ​ង សុភារី ប្រាប់​ថា៖ «គាត់​[កឹម សុខា​]មាន​សិទ្ធិ​ជួប​អ្នកនយោបាយ ជួប​អតីត​សហការី ជួប​ប្រជាពលរដ្ឋ ដើម្បី​សម្តែង​នូវ​ការ​នឹករលឹក ក៏ដូចជា​ការ​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក​បាន។ គាត់​មាន​សិទ្ធិ​ធ្វើដំណើរ​កម្សាន្ត គាត់​មាន​សិទ្ធិ​ធ្វើបុណ្យ​ធ្វើទាន​ជាដើម។ល។»

សហ​មេធាវី​ការពារ​ក្តី​អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត លោក ចាន់ ចេន បញ្ជាក់​ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​វ៉ា​តអាប់​(WhatApp​)ថា បម្រាម​របស់​តុលាការ​មាន​ពីរ​គឺ​ មិន​ឱ្យ​កូន​ក្តី​ខ្លួន​ចេញក្រៅ​ប្រទេស និង​ធ្វើសកម្មភាព​នយោបាយ។

លោក​បន្ត​ថា សកម្មភាព​នយោបាយ​នោះ តុលាការ​ក៏​មិនបាន​កំណត់​និយមន័យ​ថា សកម្មភាព​បែប​ណា​ដែល​ចាត់ទុកថា ជាសកម្ម​ភាព​នយោបាយ ​ឬមិន​នយោបាយ​នោះ​ឡើយ ហើយ​សកម្មភាព​កូន​ក្តី​ខ្លួន​កន្លងមក​នេះ​ ក៏​មិនបាន​ស្ថិតនៅ​ក្នុង​សកម្មភាព​ជាប់​បម្រាម​តុលាការ​នោះ​ដែរ។ 

លោក ចាន់ ចេន បន្ត​ថា៖ «ទៅ​ធ្វើ​បូជនីយកិច្ច​ចំពោះ​មហា​វីរក្សត្រ​កសាង​អង្គ​រវត្ត អង្គ​រធំ ​វីរបុរសស្នេហាជាតិ​ លោក​ឧកញ៉ា ឃ្លាំង មឿង និង​អុជ​ធូប​សុំ​សេចក្តី​សុខ​ដល់​ប្រទេស និង​ពលរដ្ឋ ឬជួប​សួរសុខទុក្ខ​អ្នកជំងឺ ជួប​មនុស្សដែល​ស្រឡាញ់​រាប់អាន​គាត់ ឬដោយ​ចៃដន្យ​បួនដប់​នាក់។ ឈរ អង្គុយ វា​មិនមែន​ជាសកម្ម​ភាព​នយោបាយ​ទេ​ ដោយ​មិន​ស្ថិត​ក្នុង​បម្រាម​របស់​តុលាការ​ឡើយ»។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ​ឬត្រូវរ៉ូវ​ជាមួយ​បរទេស។

មួយឆ្នាំ​ក្រោយមក លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ឃុំខ្លួន​នៅផ្ទះ​របស់​លោក​វិញ​រយៈពេល​ប្រមាណ ១ឆ្នាំ​ទៀត ក្រោយពី​មានការ​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​លោក​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា ក្រោយពេល​លោក កឹម សុខា ចេញ​ដើរហើរ​ជា​សាធារណៈកន្លងមក​នេះ មានការ​ជជែកគ្នា​ច្រើន​ថា ​ជា​ការ​ផ្តល់​សេរីភាព​ពី​រដ្ឋាភិបាល​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ» EBA ២០ភាគរយ​ពី​សហភាព​អឺរ៉ុប​មកវិញ។

លោក​បន្ត​ថា ទោះបីជា​ការ​លើកឡើង​នេះ​ពិត​ក្តី ប៉ុន្តែ សម្រាប់​សហភាព​អឺរ៉ុប​នឹង​មិន​ល្ងង់​នោះ​ទេ ត្បិត​សេរីភាព​ដែល​ស្ថិតនៅ​ក្រោម​បម្រាម​តុលាការ​នេះ​ពុំមែន​ជា​សេរីភាព​ពិតប្រាកដ​ឡើយ។

លោក​បន្ត​ថា៖ «EU បាន​កំណត់​ច្បាស់​ហើយ​ថា សេរីភាព​របស់​លោ​ក កឹម សុខា វា​ជា​ចំណុច​មួយ​ហើយ ប៉ុន្តែ យុត្តិធម៌​នៅក្នុង​រឿង​នេះគឺជា​រឿង​សំខាន់ ដែល​លោកស្រី រ៉ូ​ណា ស្មី​ត ហ្នឹង​ធ្លាប់​ស្នើ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​លោ​ក កឹម សុខា។ អីចឹង​ការ​ចេញ​ដើរហើរ​ដោយមាន​ជាប់​បម្រាម​របៀប​នេះ វា​មិនបាន​បង្ហាញ​ពី​សេរីភាព​ពិតប្រាកដ ហើយក៏​មិនបាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​យុត្តិធម៌​នៅក្នុង​ការ​កាត់ទោស​គាត់​ដែរ ​បាទ»។

បើ​គ្មានអ្វី​ប្រែប្រួល​ទេ អឺរ៉ុប​នឹង​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១២ ខែសីហា​ខាងមុខ។ 

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅថា GMAC បាន​ចេញ​លិខិតចំនួន៣លើក​រួចមក​ហើយ​គិត​ត្រឹម​ថ្ងៃទី៨ ខែកក្កដា​កន្លងមក ដោយ​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ឱ្យ​ពន្យារពេល​ក្នុង​ការអនុវត្ត​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​នោះ។ 

GMACថា ប្រសិនបើ​នីតិវិធី​នេះ​ត្រូវ​បាន​អនុវត្ត នឹង​នាំ​ឱ្យ​រោងចក្រ​ជាច្រើន​ទៀត​បិទទ្វារ​បន្ថែម​ទៀត ហើយ​កម្មករ​យ៉ាងច្រើន​នឹង​បាត់បង់​ការងារ​ធ្វើ​បន្ថែម​ទៀត ខណៈ GMAC បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី៨ ខែកក្កដា មាន​រោងចក្រ​ប្រមាណ៤០០រោងចក្រ​ បាន​ព្យួរការងារ និង​កម្មករ​ជាង១៥ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​រួច​ទៅ​ហើយ។

លោក សេង សារី នៅតែ​លើកឡើង​ថា​ គន្លឹះ​សំខាន់​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​នេះ គឺ​នៅក្នុង​ដៃ​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បាត់បង់ ទំហំ​ផល​ប៉ះពាល់​សម្រាប់​កម្ពុជា​នឹង​កើតមាន​ធ្ងន់ធ្ងរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ