បទ​​យក​ការណ៍​៖​ ស្រ្តី​២​រូប​​នៅ​​ខេត្ត​កំពត​​ពុះពារ​​ការពារ​​សហ​គមន៍​​នេសាទ​​ខ្លួន​​ពី​​ការ​​អភិវឌ្ឍ​​ដោយ​ក្រុម​ហ៊ុន​​

អ្នកស្រី ឡោះ សា​ឌះ និងអ្នកស្រី ប៉ុន ញូង ប្រជាសហគមន៍​នេសាទ​ត្រពាំង​រពៅស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ផ្ដល់បទសម្ភាសនទាក់ទងនឹងបញ្ហាផ្សេងៗរបស់សហគមន៍ អំឡុងខែកក្កដា ឆ្នាំ២០២០។

សហគមន៍​នេសាទ​ត្រពាំង​រពៅ ជា​សហគមន៍​មួយ​ក្នុងចំណោមសហគមន៍​ចំនួន៥ ស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែធ្នូ ឆ្នាំ២០០១ និង​បាន​ចុះបញ្ជី​នៅក្នុង​ឆ្នាំ២០០៧ នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ មានផ្ទៃ​ក្រឡា​សរុប១២៥១ហិក​តា (មាន​ដែន​អភិរក្ស៥៥០ហិ​កតា ក្នុង​នោះ​មាន​ព្រៃកោងកាង​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ដាំ​ប្រមាណ​ជាង៥០ហិ​កតា​)។ សហគមន៍​នេះមាន​សមាជិក​ចំនួន៥៣៨គ្រួសារ ដោយមាន​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ត្រពាំង​រពៅ និង​ភូមិ​ព្រែក​ក្រែង។ 

ទោះជាយ៉ាងណា ​ប្រជា​សហគមន៍​នៃ​តំបន់​នេះ​កំពុងតែ​បង្ហាញ​ពី​ការ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​តំបន់​អភិរក្ស​នេះ បន្ទាប់ពី​ទទួល​ដំណឹង​ថា ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទទួល​សិទ្ធិ​មក​អភិវឌ្ឍ​នៅ​តំបន់​របស់​ពួក​គេ​រស់នៅ។

ប្រជា​សហគមន៍​តំបន់​នេះ លើកឡើងថា ​ប្រសិនជា​មាន​ក្រុមហ៊ុន​មក​អភិវឌ្ឍ​ពិតមែន វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ជីវៈ​ចម្រុះ និង​មុខរបរ​នេសាទ​របស់​ពួក​គាត់ ខណៈ​ដែល​ខាង​តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​បាន​យ៉ាង​ត្រឹមត្រូវ​ស្របច្បាប់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា និង​រាជរដ្ឋាភិបាល ដោយ​នឹង​ត្រូវ​ចាប់ផ្តើម​អភិវឌ្ឍ​ក្នុង​ពេល​ឆាប់​ៗនេះ​ហើយ។

ដោយសារតែ​មាន​បញ្ហា​នេះ ស្រ្តី​ពីរ​នាក់​បាន​ចេញមុខ​ការពារ​សហគមន៍​របស់​ខ្លួន ​ទោះបី​ត្រូវ​លះបង់​ពេលវេលា ថវិកា និង​ប្រឈមមុខនឹង​ការ​គំរាមកំហែង​ក៏ដោយ។ 

ស្ថិតនៅ​ក្នុង​វ័យជាង៥០ឆ្នាំ អ្នកស្រី ប៉ុន ញូង ជា​អនុប្រធាន​សហគមន៍​នេសាទ​ត្រពាំង​រពៅ និង​ជា​ស្រ្តី​ដែល​មាន​វ័យ​ចំណាស់​ជាងគេក្នុងចំណោម​សមាជិក​ជា​ស្រ្តី​នៅក្នុង​សហគមន៍​មួយ​នេះ។ ថ្វីត្បិតតែវ័យ​រាង​ជ្រេបន្តិច​មែន តែ​អ្នកស្រី​មើលទៅហាក់ដូចជា​រឹងមាំ ម៉ឺងម៉ាត់ និង​មាន​ភាព​ក្លាហាន ជាពិសេស​នៅពេល​ដែល​រំលឹក​ដល់ពេល​ដែល​គាត់​បាន​ពុះពារ​ទៅ​ជួប​នាយក​រដ្ឋមន្រ្តី​កម្ពុជា នៅ​អំឡុង​ពេល​បុណ្យ​សមុទ្រ កាលពី​ឆ្នាំ២០១៩កន្លងទៅ។

ក្នុង​ពេល​ដែល​អង្គុយ​ជជែកគ្នា​ជាមួយ​អ្នកសារព័ត៌មាន សមាជិក​សហគមន៍​នេសាទ​ផ្សេងទៀត នៅក្នុង​កញ្ចុះ​មួយ​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃកោងកាង មាន​ខ្យល់​ត្រជាក់​បក់​មក​ពី​សមុទ្រ លាយឡំ​ជាមួយនឹង​សំឡេង​រលក​នៃ​សមុទ្រ​កំពត អ្នកស្រី ប៉ុន ញូង បាន​ប្រដូច​ជីវៈ​ចម្រុះ​នៃ​ព្រៃកោងកាង ទៅ​នឹង​ជីវិត​របស់​គាត់ និង​ប្រជា​នេសាទ​ដទៃទៀត​នៅក្នុង​សហគមន៍​ត្រពាំង​រពៅ​នេះ ដូច្នេះហើយ​ការ​ការពារ​សហគមន៍​នេះ​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន គឺ​ដូចជា​ការ​ការពារ​ជីវិត​របស់​ប្រជា​សហគមន៍​ដូចគ្នា​ដែរ។

អ្នកស្រី ប៉ុន ញូង អនុប្រធានសហគមន៍ត្រពាំងរពៅ ស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហាផ្សេងៗរបស់សហគមន៍ អំឡុងខែកក្កដា ឆ្នាំ២០២០។

អ្នកស្រី​បាន​រៀបរាប់​ថា៖ «កាលពី​ថ្ងៃបុណ្យ​សមុទ្រ​ហ្នឹង ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ផ្ទាំង​ឱ្យចៅ​អ្នក​សរសេរ ខ្ញុំ​អ្នក​ប្រាប់ ហើយ​ទៅ​ដោយ​សម្ងាត់​តែ២នាក់​ទេ [២នាក់​បងស្រី ឡោះ សា​ឌះ ជនជាតិ​ខ្មែរឥស្លាម និង​ជាស​មា​ជិ​កសហគមន៍ ]។ ដល់ពេល​ទៅដល់ មានទាន់​បាន​ជួប​ឯណា ចូល​ដល់​មាត់ច្រក​ចូល ប៉ូលិ​សស្រី​ម្នាក់គេ​ឆែក​សុំ​មើល ដល់ហើយ​គេ​ឃើញ​ក្រដាស គេ​សួរ​ខ្ញុំ​ថា ក្រដាស​អី? ខ្ញុំ​ថាក្រដាស​នេះ​ទុក​ទៅ​ជួប​សម្តេច ខ្ញុំ​និយាយត្រង់​អញ្ចឹង​តែម្តង»។

បន្ទាប់ពី​សួរនាំ​រឿង​ក្រដាស​ដែល​គ្រោង​យក​ទៅ​ឱ្យ​នាយក​រដ្ឋមន្ត្រី​នេះ ប៉ូលិ​សបាន​ឃាត់ខ្លួន​អ្នកស្រី ​និង​នាំ​អ្នកស្រី​ទៅ​ស្នងការ​ខេត្ត​ដើម្បី​សួរនាំ។ 

អ្នកស្រី ប៉ុន ញូង បាន​អះអាង​ថា៖ «គេ​បាន​សួរ​ខ្ញុំ​ថា បើ​អ៊ុំឯង​មាន​បញ្ហា ម៉េច​ក៏​អ៊ុំ​ឯងមិន​ធ្វើ​ពី​ថ្នាក់ក្រោម​ឡើង ខ្ញុំ​ថាខ្ញុំ​ធ្វើ​ហើយ​ក្មួយ តាំងពី២០១៥នោះ រឿង​នេះ​មិនមែន​តែ​កើតឡើង​ថ្ងៃនេះ​ទេ ឥលូវ​ខ្ញុំ​លែងទុកចិត្ត​ហើយ។ ខ្ញុំ​លែង​ជឿ​ហើយ ព្រោះ​លិខិត​ខ្ញុំ មេដៃ​ខ្ញុំ​ទាំងប៉ុន្មាន វា​គ្មាន​ប្រសិទ្ធភាព ដោះ​មិន​ចេញ រុញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ដល់​អ៊ីចឹង​យើង​មានការ​ព្រួយបារម្ភ ក៏​សុំ​ប្រថុយ​ចូល​ទៅ​ជួប​សម្តេច​ឱ្យលោក​ជួយ ប៉ុន្តែ​ថ្ងៃ​នោះ​អត់​បាន​ជួប​ផ្ទាល់»។

អ្នកស្រី​បាន​រំលឹក​ថា​ ព្រឹត្តិ​ការណ៍​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក។ អ្នកស្រី​បានឱ្យ​ដឹង​ថា ​ពេលនោះ​សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ​រហូតដល់​ល្ងាច​ទើប​គេ​ដោះលែង​ឱ្យមក​ផ្ទះ​វិញ ដោយ​រង់ចាំ​រហូត​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ចេញ​ពី​កម្មវិធី​បុណ្យ​សមុទ្រ។ 

ក្រោយ​ការ​តស៊ូ​ជួប​លោក​ ហ៊ុន សែន មិនបាន​សម្រេច ​អ្នកស្រី​ ប៉ុន ញូង និងអ្នកស្រី ឡោះ សា​ឌះ បាន​ព្យាយាម​រក​កិច្ចការពារ​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង វិញ​ម្ដង​ តាមរយៈ​វេទិកា​ថ្នាក់​ជាតិ​មួយ​ដែល​ធ្វើ​នៅ​ក្រសួងមហាផ្ទៃ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។ 

អ្នកស្រី ឡោះ សា​ឌះ សមាជិកសហគមន៍​នេសាទ​ត្រពាំង​រពៅស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហាផ្សេងៗរបស់សហគមន៍ អំឡុងខែកក្កដា ឆ្នាំ២០២០។

អ្នកស្រី ឡោះ សា​ឌះ អាយុ​ជាង៤០ឆ្នាំ បាន​បញ្ជាក់​ថា៖ «គេ​បាន​ធ្វើ​វេ​ទិ​កាថ្នាក់​ជាតិ​ហ្នឹង ក្រោយ​បុណ្យ​សមុទ្រ គឺ​ចំ​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដល់ពេល​ខ្ញុំ​ទៅពីរនាក់​អ៊ុំ និង​បាន​ជួប​ប្រាប់​ឯកឧត្តម សក់ សេដ្ឋា តំណាង​សម្តេច ស ខេង ពី​បញ្ហា​សហគមន៍​ខ្ញុំ។ ហើយ​គាត់​ថា គាត់​មិនមែន​ធ្វើការ​ខាង​ហ្នឹង​ទេ គាត់​ខាង​ក្រសួងមហាផ្ទៃ​ទេ​! តែ​គាត់​នឹង​យក​សំណើ​របស់​ខ្ញុំនិង​អ៊ុំហ្នឹង គាត់​នឹង​យក​ទៅ​ដោះស្រាយ​ឱ្យ គាត់​ថា​អញ្ចឹង»។

ក្រោយ​ការ​ពុះពារ​របស់​ស្រ្តី​ទាំងពីរ​ជាច្រើន​ថ្ងៃ​ដើម្បី​ជួប​ថ្នាក់ដឹកនាំ​ប្រទេស​រក​កិច្ចការពារ​សហគមន៍​របស់​គាត់ ស្រ្តី​ទាំង២នាក់ត្រូវ​បាន​ប្រជា​សហគមន៍​ឧទ្ទេសនាម​អ្នក​ទាំងពីរ​ថា​ជា«ស្រ្តី​ឆ្នើម​ប្រចាំ​សហគមន៍​ត្រពាំង​រពៅ»។ 

ប្រធាន​សហគមន៍​ត្រពាំង​រពៅ លោក ទិត រីន ដែល​ត្រូវជា​កូនបង្កើត​របស់​អ្នកស្រី ប៉ុន ញូង ផង​នោះ បាន​កោតសរសើរនិង​គោរពចំពោះ​ទង្វើ​របស់​ម្តាយ​ខ្លួននិង​សមាជិក​ស្រ្តី​ឯទៀតដែល​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ដើម្បី​ការពារ​សហគមន៍​នេះ​ឱ្យ​នៅ​សភាព​ដើម​បែបនេះ។

លោក ទិត រីន ប្រធានសហគមន៍នេសាទត្រពាំងរពៅ ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហាផ្សេងៗរបស់សហគមន៍ អំឡុងខែកក្កដា ឆ្នាំ២០២០។

លោក​មានប្រសាសន៍​ថា៖ «គាត់​មាន​ឆន្ទៈ​ខ្ពស់​ជួយ​តវ៉ាពី​បញ្ហា​ក្នុង​មូលដ្ឋាន​របស់​គាត់ ហើយ​មិនថា​ប្រជុំ​នៅ​តាម​ឃុំ វេ​ទិ​កាសាធារណៈឬក៏​ប្រជុំ​ទៅដល់​ថ្នាក់​ជាតិ​ទេ និយាយរួម​គាត់​ការពារ គាត់​ព្យាយាម​តស៊ូ​មតិ ដើម្បីឱ្យសហគមន៍​ហ្នឹង​វា​នៅ​គង់វង្ស មិន​ចង់ឱ្យ​ក្រុមហ៊ុន​ណាម​កអភិវឌ្ឍទេ​ ព្រោះអីគាត់​គិតឃើញ​ថា កន្លែង​ហ្នឹងជា​ឆ្នាំងបាយ​របស់​សមាជិក​របស់​ពួក​គាត់​ទាំងអស់គ្នា។ ហើយក៏​គាត់​ចង់​ទុក​សហគមន៍​ហ្នឹង​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ជួយ​អភិវឌ្ឍឬក៏​ជួយ​អភិរក្ស​អី​ទៅទៀត​អញ្ចឹង ព្រោះអី​សហគមន៍​នេសាទ​រាល់ថ្ងៃ​ហ្នឹងវា​មាន​សក្តា​នុព​លខ្លាំង​សម្រាប់​សមាជិក​ក្នុង​ឃុំ​ព្រែកត្នោត​ហ្នឹង អាច​រក​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ស្រួល»។

បើ​ទោះបីជាក្រោយ​ការ​តវ៉ា​នៅ​វេ​ទិ​កា​ថ្នាក់​ជាតិកាលពី​ពេល​កន្លងទៅហាក់បី​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ស្ងប់ចិត្ត​បន្តិច​មែន តែ​ក្ដី​បារម្ភ​របស់​ពួក​គាត់​នៅតែ​មាន​មិន​ដាច់។

ក្រុមហ៊ុន ជីង គ័រ គឺជា​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍ​ន៍នៅក្នុង​សហគមន៍​នេះនៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង៦៤០ហិ​កតា។ ក្រុមហ៊ុន​នេះ​អះអាង​ថា​ ការ​ចូល​មក​របស់​ក្រុមហ៊ុន​នឹង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​មាន​ភាពល្អ​ប្រសើរ ហើយ​ខ្លួន​ក៏​មិន​ធ្វើអ្វី​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ចម្រុះ​នៃ​តំបន់​នេះ​ដែរ។

តំណាង​ក្រុម​ហ៊ុន ​ជីង​ គ័រ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ក្រុមហ៊ុន​បាន​ធ្វើ​ត្រឹមត្រូវ​ស្របច្បាប់​គ្រប់បែបយ៉ាងចំពោះ​ការ​ស្នើសុំ​វិនិយោគ​នៅក្នុង​សហគមន៍​ត្រពាំង​រពៅ​នេះ។ លោក​បាន​បន្ត​ថា រោងចក្រ​រណប​ផ្សេងទៀត​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ជីង ​គ័រ ដូចជា​ រោងចក្រ​ផលិត​ម្សៅ​អង្ករនិង​រោងម៉ាស៊ីន​កិនស្រូវជាដើម សុទ្ធតែ​បាន​ផ្តល់​ការងារ​និង​មុខរបរ ដោយ​បាន​ផ្លាស់​ប្តូរ​ជីវភាព​ពលរដ្ឋ​នៅ​សហគមន៍​នេះ​បាន​ច្រើន មិន​ដូច​អ្វី​ដែលជា​ការ​លើកឡើង​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​នោះ​ទេ។

ដោយ​បាន​អះអាង​ថាខ្លួន​បាន​រស់នៅ​តំបន់​ក្បែរ​សហគមន៍​ជិត១០ឆ្នាំ និង​ស្ទើរតែ​ក្លាយជា​ពលរដ្ឋ​ដែល​រស់នៅ​ជាអចិន្ត្រៃយ៍​នៅ​ខេត្តកំពត​ហើយ តំណាង​ក្រុមហ៊ុន ជីង គ័រ រូប​នេះ​បាន​ប្រាប់​ថា៖

«ដូច​បង​ប្រាប់​អញ្ចឹង អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ វា​អត់មាន​បំពានច្បាប់​ទេ ហើយ​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​ក៏​អត់មាន​បំពាន​គាត់​ដែរ»។

នៅពេល​អ្នកសារព័ត៌មាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋអំពី​​ការ​ចាក់​ដី​លុប​ក្នុង​សហគមន៍ដែល​អាច​មានការ​កាប់​បំផ្លាញ​ព្រៃកោងកាង​ជាដើម តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​កាត់​ថា តាំងពី​ក្រុមហ៊ុន​មក​ធ្វើការងារ​នៅ​តំបន់​នេះ​ជិត១០ឆ្នាំ​ មិនទាន់​បាន​កាប់ព្រៃ​កោងកាង​សូម្បី​មួយ​ដើម​នោះ​ទេ។

តំណាង​ក្រុមហ៊ុន​បាន​លើកឡើង​ថា៖ «មាន​អ្នក​ទៅ​លុប​ព្រៃកោងកាង អូន​ទៅ​មើល​ខាង​ផែ​ផ្សេងទៀត បង​មិនបាច់​បញ្ចេញ​ឈ្មោះ​ទេ មើល​នៅ​ជិ​តៗ​ហ្នឹង តើមាន​ព្រៃកោងកាង​ដូច​កន្លែង​បង​អត់​? កន្លែង​បង​ធ្វើ​មក​ជិត១០ឆ្នាំ ​អត់​ទាន់​ប៉ះ​ពាល់​មួយ​ដើម»។ 

បើ​តាម​តំណាង​ក្រុម​ហ៊ុន ​ជីង គ័រ ក្រុមហ៊ុន​អាច​នឹង​អភិវឌ្ឍ​តំបន់​ត្រពាំង​រពៅទៅជា​កន្លែង​កម្សាន្តកែច្នៃសម្រាប់​ឱ្យភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត ដែល​ប្រជា​សហគមន៍​ក៏​នឹង​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នេះ​ផង​ដែរ។

មេឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត លោក គង់ ប៊ុ​នរា បាន​ឱ្យដឹង​ថា លោក​មិន​មានការ​ជំទាស់​ចំពោះ​ការ​អភិវឌ្ឍ​នោះ​ទេ គ្រាន់តែ​ស្នើសុំ​ឱ្យមានការ​គិតគូរ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ត្រឹមត្រូវ។ 

លោក​មេឃុំ​ថា៖ «ធម្មតា​ការ​អភិវឌ្ឍ​យើង​ត្រូវតែ​មានការ​គាំទ្រ​ហើយ ប៉ុន្តែ​គ្រាន់តែ​ថា ការ​គាំទ្រ​របស់​យើង​ហ្នឹង យើង​ពិនិត្យមើល​ពាក់ព័ន្ធ​នឹង​ផល​ប៉ះ​ពាល់​ដែរ គឺថាអ្វី​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ យើង​សំណូមពរ​ឱ្យ​អ្នក​វិនិយោគ​គាត់​ជួយ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​របស់​យើង វា​មានតែ​ចូលរួម​ទាំងអស់គ្នា​អញ្ចឹង​ទេ ទើប​ប្រសើរ»។

ភាព​ចម្រូងចម្រាស​រវាង​ពលរដ្ឋ​ក្នុង​សហគមន៍​ត្រពាំង​រពៅនិង​ក្រុមហ៊ុន ជីង​គ័រ ត្រូវ​បានខាង​សង្គម​ស៊ីវិល​មើលឃើញ​ថា មិនមែន​ជា​បញ្ហា​ដែល​ទើបតែ​កើត​ឡើង​ថ្មី​ៗនោះ​ទេ។

អ្នកសម្របសម្រួល​នៅ​អង្គ​កា​រអា​ដហុក​ប្រចាំ​ខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍​ថា លោក​គាំទ្រ​ការ​អភិវឌ្ឍ តែ​ទោះជាយ៉ាងណា​ប្រសិន​ការ​អភិវឌ្ឍ​នោះ​ប៉ះពាល់​ដល់​ធម្មជាតិនិង​ពលរដ្ឋ​ច្រើន​នោះ ការ​អភិវឌ្ឍ​បែបនេះ​មិន​គួរ​កើតមាន​នោះ​ទេ។

លោក យន់ ផល្លី មន្រ្តីអង្គការអាដហុកប្រចាំខេត្តកំពត ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហាផ្សេងៗរបស់សហគមន៍ អំឡុងខែកក្កដា ឆ្នាំ២០២០។

លោក​បាន​បន្ថែម​ថា៖ «យើង​ឃើញថា ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ​គាត់​ធ្វើការ​តស៊ូ​មតិ​ដើម្បី​រក្សា​តំបន់ឆ្នេរ​នេះ មិន​ដើម្បី​តែ​បុគ្គលនិង​គ្រួសារ​តំបន់​គាត់​នោះ​ទេ សម្រាប់​ការពារ​ដី​សម្បត្តិ​រដ្ឋ»។

ក្នុងនាម​ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប លោក យន់ ផល្លី ចង់​ឱ្យមានការ​រក្សាទុក​សហគមន៍​ត្រពាំង​រពៅ​នេះ​នៅ​ដដែល និង​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ចូលរួម​ជាមួយ​ពលរដ្ឋ​ការពារ និង​អភិរក្ស​នូវ​ព្រៃ​សហគមន៍ និង​ជីវៈ​ចម្រុះ​ក្នុង​តំបន់​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ផង​ដែរ។

បែបនេះ​ក្តី យើង​មិនទាន់​ដឹង​ថា វាសនា​របស់​សហគមន៍​ត្រពាំង​រពៅ​នឹង​ក្លាយទៅជា​យ៉ាងណា​នោះ​ទេ​ ខណៈ​គម្រោង​អភិវឌ្ឍ​ន៍របស់​ក្រុមហ៊ុន ជីង គ័រ នៅ​មាន​សភាព​ស្ងប់ស្ងាត់​នៅឡើយ តែ​ប្រជា​សហគមន៍​បាន​អះអាង​ថា បាន​ត្រៀមខ្លួន​រួចជាស្រេចដើម្បី​តវ៉ា​និង​ប្រឆាំង​ចំពោះ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ​ឱ្យខាន​តែ​បាន​៕


អត្ថបទ៖ ឯម សុជាតា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ