រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា មូលហេតុក្រុមការងារអន្តរក្រសួងចុះវាស់វែងកំណត់ដីរដ្ឋនៅខេត្តមណ្ឌលគិរីមុនគេ ដោយសារខេត្តនេះផ្ទុះឡើងនូវជម្លោះដីធ្លី ពិសេសការរំលោភបំពានដីរបស់រដ្ឋកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជនកាន់តែច្រើន ប៉ុន្តែលោកមិនបានបង្ហាញទិន្នន័យលម្អិតនោះឡើយ។
ការអះអាងនេះ ក្រោយពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសជាសាធារណៈកាលពីដើមខែកក្កដានេះថា មានអ្នកធំៗច្រើននាក់នាំគ្នាសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី។
ថ្លែងប្រាប់វីអូឌីនៅថ្ងៃពុធនេះ លោក វេង សាខុន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាដីធ្លីដែលកំពុងរីករាលដាលកាន់តែធំឡើងនៅខេត្តមួយនេះ ជាដំបូងក្រុមការងារមកពីក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ចាប់ផ្តើមចុះវាស់វែងកំណត់ដីរដ្ឋដោយចាប់ផ្តើមពីថ្ងៃនេះតែម្ដង។
លោកបញ្ជាក់ថា ការចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តភាគឦសាននេះមុនគេ ដោយសារវិវាទដីធ្លីកើតឡើងកាន់តែច្រើននៅខេត្តនេះ ពិសេសការសម្រុកចូលកាន់កាប់ដីរដ្ឋ ដីតំបន់ការពារ ព្រមទាំងដីចម្ការស្រស់ដែលជាទីតាំងអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រធ្លាប់ទៅដាំដើមស្រស់ទៀតផង។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នរណាខ្លះបានរំលោភយកដីរបស់រដ្ឋទាំងនោះឡើយ ដោយថា កំពុងស្រាវជ្រាវបញ្ហានេះ។
លោក វេង សាខុន មានប្រសាសន៍ថា៖ «យើងជាការចាប់ផ្តើមមុនគេ[ចុះបញ្ជីដីនិងដោះស្រាយបញ្ហាដីធ្លី]ចំពោះខេត្តមណ្ឌលគិរី ហើយយើងនឹងធ្វើនៅខេត្តដទៃទៀត ដូចជាខេត្តកោះកុង។ ខេត្តណាយើងមានបញ្ហា[ដីធ្លី]ច្រើនជាងគេ យើងធ្វើមុនគេ»។
ក្រសួងរៀបចំដែនដីបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញថា ក្រុមការងារអន្តរក្រសួងមានចំនួន៥៥០នាក់ នឹងចុះធ្វើការងារនេះរួមគ្នាដោយប្រើឧបករណ៍បច្ចេកទេសម្យ៉ាងឈ្មោះ T300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែងដីធ្លីតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។
ប្រភពដដែលបន្តថា ក្រុមការងារក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីរដ្ឋដែលសេសសល់តាមការចង្អុលបង្ហាញព្រំដីពីក្រសួងកសិកម្មនិងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ។
លើសពីនេះ ក្រសួងនឹងចុះវាស់វែងនិងប្រមូលទិន្នន័យដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែងនៅលើទីតាំងដីរបស់រដ្ឋ ព្រមទាំងចុះបញ្ជីដីរបស់ពលរដ្ឋដែលកាន់កាប់និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់តាមភូមិនិងដីសហគមន៍ជនជាតិដើមភាគតិច រួមទាំងដោះស្រាយវិវាទដីធ្លីជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បញ្ជាក់ថា ការងារនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រមាណ១ខែ ហើយក្រុមការងារអន្តរក្រសួងនឹងធ្វើការងារនេះដោយតម្លាភាព បើមិនដូច្នេះទេ លោកថានឹងមានរឿងធំមិនខាន។
លោក វេង សាខុន បន្ថែមថា៖ «យើងចែកជាពីរ មានករណីមួយដែលសម្តេចតេជោបញ្ជាទៅក្រសួងមហាផ្ទៃឱ្យត្រួតពិនិត្យមួយក្រុមនោះ ដែលក្រសួងបរិស្ថានបានស្នើទៅសម្តេចតេជោ ដើម្បីត្រួតពិនិត្យមើលអ្នកដែលរំលោភដីរដ្ឋ។ ប៉ុន្តែនីតិវិធីរបស់ក្រសួងកសិកម្មមិនធ្វើអ៊ីចឹងទេ គឺខុសពីហ្នឹង គឺយើងត្រូវធ្វើការពិនិត្យពិចារណាគ្រប់ជ្រុងជ្រោយ ជាពិសេសចុះវាស់វែងដីរដ្ឋ ហើយយើងត្រួតពិនិត្យមើលតើនរណាកាន់កាប់? ហើយនរណាដែលចេញប្លង់កម្មសិទ្ធិឱ្យរួចទៅហើយ? ហើយយើងយកមកត្រួតពិនិត្យមើល ហើយនឹងដាក់ស្នើទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេច»។
អ្នកសម្របសម្រួលក្រុមការងារបណ្តាញជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក ក្រើង តុលា មើលឃើញថា ការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិនៅខេត្តនេះ កើតឡើងជាប្រព័ន្ធដោយក្រុមអ្នកមានប្រាក់និងមានអំណាចរំលោភដីរដ្ឋ ប្រើដៃពលរដ្ឋតូចតាចមួយចំនួនចូលទៅរុករាននិងកាន់កាប់ឱ្យខ្លួន។
លោក តុលា បន្តថា វិបត្តិដីធ្លីខេត្តនេះកើតឡើងកាន់តែច្រើន ក្រោយពេលតម្លៃដីហក់ឡើងខ្ពស់ ម្យ៉ាងតម្រូវការដីកសិកម្មកាន់តែកើនឡើងផងដែរ។ ប៉ុន្តែយុទ្ធនាការដោះស្រាយនិងចុះបញ្ជីដីនៅពេលនេះ លោកសង្ឃឹមថា នឹងមិនដូចយុទ្ធនាការដោះស្រាយបញ្ហាដីធ្លីមុនៗនោះឡើយ។
លោក ក្រើង តុលា បន្តថា៖ «ខ្ញុំមានបទពិសោធន៍មួយដូចជាសារាចរ០១ កាលពីឆ្នាំ២០១២ ឬ២០១៣ យើងឃើញថា អ្នកមានលុយ គេចេញប្លង់ឱ្យ ហើយអ្នកដែលអត់មានលុយ ទៅមិនរួចទេ បើតាមឃើញ។ ប៉ុន្តែខ្ញុំសង្ឃឹមថា យុទ្ធនាការលើកទី២នេះ មិនដូចយុទ្ធនាការសារាចរ០១ទេ។ ខ្ញុំសង្ឃឹមថា បើសិនតម្លាភាពពិតប្រាកដ គណៈកម្មការនេះនឹងតម្លាភាព ដោយសារយើងឃើញថា មានអ្នកជាប់ទោសជាច្រើននាក់ហើយពាក់ព័ន្ធបញ្ហាដីធ្លីហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ប្រាប់ថា ដើម្បីធានាប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាដីធ្លីក្នុងខេត្តភាគឦសានមួយនេះ រដ្ឋាភិបាលត្រូវចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តទាំងនោះដោយគ្មានការយោគយល់។
លោក អ៊ាង ម៉េងលី បន្ថែមថា៖ «ចំពោះខ្ញុំៗយល់ថា វាត្រូវអនុវត្តចំពោះបុគ្គលដែលមានពាក់ព័ន្ធទៅនឹងបទល្មើស[រំលោភដីរដ្ឋ]រាប់ចាប់តាំងពីអ្នកតូចតាចរហូតដល់អ្នកដែលធំ យកមកអនុវត្តច្បាប់។ អាហ្នឹងទើបមានប្រសិទ្ធភាព ហើយដកហូតដីទាំងអស់ហ្នឹងទុកជាសម្បត្តិរដ្ឋ ហើយយើងចុះបញ្ជីដីតាមលក្ខណៈធម្មតាទៅ។ អាហ្នឹងខ្ញុំគិតថាមានប្រសិទ្ធភាពជាង»។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងទាំងបីខាងលើ ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។ លោក ហ៊ុន សែន ក៏ព្រមានចាត់វិធានការណ៍ច្បាប់ចំពោះមន្ត្រីទាំងឡាយណាដែលឆ្លៀតកេងចំណេញពីការបែងចែកដីធ្លីជូនពលរដ្ឋផងដែរ។
តួលេខលើទំព័រហ្វេសប៊ុករបស់លោក វេង សាខុន កាលពីថ្ងៃម្សិលមិញ បង្ហាញថា ខេត្តមណ្ឌលគិរីមានផ្ទៃដីសរុបទំហំជាង១លាន៣៦ម៉ឺនហិកតា(១ ៣៦៦ ៨៩៧) ក្នុងនោះផ្ទៃដីព្រៃឈើមានទំហំជាង២៥ម៉ឺនហិកតា(២៥៣ ៨០០) គ្រប់គ្រងដោយក្រសួងកសិកម្ម ដោយក្នុងនោះក្រសួងបានបែងចែកជាដីសម្បទានសេដ្ឋកិច្ចមានចំនួន២៥គម្រោង លើផ្ទៃដីតាមកិច្ចសន្យាទំហំជាង១៥ម៉ឺនហិកតា(១៥៤ ៦៨៧)។
ប្រភពដដែលបន្តថា ដីស្ថានីយផ្សព្វផ្សាយនិងដីស្តារព្រៃឈើឡើងវិញមានចំនួន៦ទីតាំង មានផ្ទៃដីសរុបជាង៤ម៉ឺនហិកតា(៤០ ៥៩៦)។ បន្ថែមពីនេះ ចម្ការឈើស្រស់ដាំដោយរដ្ឋនិងចម្ការរុក្ខទិវាថ្នាក់ជាតិ មានទំហំសរុបជាង៣០០ហិកតា(៣៦១) ហើយដីសហគមន៍ព្រៃឈើមានចំនួន៨កន្លែង ដោយមានទំហំជិត១ម៉ឺនហិកតា(៩ ៧៩៩)៕